រឿងខ្លី៖ គួររៀនយកតម្រាប់តាមមាន់ ផ្តល់អត្ថន័យដ៏ជ្រាលជ្រៅ អំពីការស្តាប់និងនិយាយ

មានរឿងមួយនៅស្រុកចិនបានដំណាលថា លោកព្រឹទ្ធាចារ្យ អ៊ូយ៉ាង មានសិស្ស ពីរ នាក់។ ម្នាក់ឈ្មោះ ស៊ិយិងគុយ ជាមនុស្សស្ងប់ស្ងៀមមិនសូវនិយាយស្តី ឈ្ងោកមុខប្រឹងប្រែងហាត់វិទ្យាយុទ្ធ ព្យាយាមសរសេរអាន ចំណែក ស៊ីហ្វើយ ជាសិស្សម្នាក់ទៀតនោះពូកែចរចា តែក៏ឧស្សាហ៍ព្យាយាមហ្វឹកហាត់មិនចាញ់គ្នាដែរ។ កម្លោះទាំងពីរនាក់ដែលមានបុគ្គលិកលក្ខណ:ផ្សេងពីគ្នា តែក៏ជាសិស្សសំណព្វរបស់ព្រឹទ្ធាចារ្យ អ៊ូយ៉ាង ទាំងគូ ព្រោះថ្វីដៃខ្លាំងមិនខុសគ្នាឡើយ។

ថ្ងៃមួយមានហេតុឲ្យព្រឹទ្ធាចារ្យ អ៊ូយ៉ាង ត្រូវចូលទៅជួយចរចាជម្លោះនៅក្នុងភូមិ តែព្រឹទ្ធាចារ្យមានធុរៈ ទើបបញ្ជូនឲ្យ ស៊ិយិងគុយ ទៅជួយចរចាជំនួសខ្លួន។ រឿងនេះធ្វើឲ្យ ស៊ីហ្វើយ អន់ចិត្តព្រមទាំងឆ្ងល់លោកគ្រូថាហេតុអីបានមិនបញ្ជូនអ្នកដែលពូកែនិយាយដូចជាគេទៅ ក៏បានតែចង្អៀតចង្អល់ក្នុងចិត្តម្នាក់ឯង។

“អន្ទិតនោះឬ នឹងអាចចរចាសេចក្តីអ្វីឲ្យនរណាយល់បានទៅ មួយថ្ងៃៗនិយាយមិនប៉ុន្មានមាត់ផង នឹងដឹងវិធីចរចាអ្វីបានទៅ”? ដូច្នេះពេលបានឳកាស ក្រោយពេលដែលលោកព្រឹទ្ធាចារ្យរួចរាល់ធុរៈហើយ ស៊ីហ្វើយ ក៏ចូលទៅរក។

លោកព្រឹទ្ធាចារ្យញញឹមដោយគាត់ដឹងពីគំនិតរបស់គេ “ឯងសង្ស័យមែនទេថា ហេតុអ្វីបានជាយើងបញ្ជូនមនុស្សនិយាយតិចដូចជា ស៊ិយិងគុយ ទៅមិនបញ្ជូនមនុស្សពូកែចរចាដូចជាឯងទៅដូច្នេះ?”

“ពិតមែនហើយ លោកគ្រូ រឿងនេះវាសមគួរជាមួយនឹងខ្ញុំច្រើនជាង ស៊ិយិងគុយ ណា៎លោកគ្រូ…។” ព្រឹទ្ធាចារ្យ អ៊ូយ៉ាង តបថា “ឯងឃើញកង្កែប​ កូនក្អាត់ តាមបឹងអូឬទេ ស៊ីហ្វើយ? ពួកវាចំកោងស្រែកច្រៀងរងំទាំងយប់ទាំងថ្ងៃ ក៏រកនរណាចាប់អារម្មណ៍ខ្វល់ខ្វាយនឹងវាម្នាក់ក៏គ្មាន ផ្សេងអំពីមាន់ដែលវារងាវត្រឹម ពីរ បី ដងប៉ុណ្ណោះ​ មនុស្សម្នាក៏បានដឹងថា ខណៈនោះគឺពេលមេឃជិតភ្លឺហើយ ដល់ពេលក្រោកហើយ។ ករណីរបស់ឯងក៏ដូចគ្នាដែរ! យើងមិនមែនកំពុងប្រាប់ថា ការជាមនុស្សពូកែនិយាយមិនល្អនោះទេ តែឯងជាមនុស្សពូកែនិយាយចរចា លលេង លេងសើចជាមួយអ្នកស្រុកអ្នកភូមិគ្រប់គ្នា ហើយម្នាក់ៗស៊ាំនឹងភាពពូកែលេងសើចរបស់ឯង អាចជាហេតុធ្វើឲ្យអស់ភាពជឿជាក់ ផ្សេងពី ស៊ិយិងគុយ ដែលយូរៗ និយាយម្តងតែចាប់ចិត្ត គួរឲ្យជឿជាក់របស់អ្នកភូមិរាល់លើករហូតមក។”

រឿងនេះបង្រៀនឲ្យដឹងថា៖

អ្នកប្រាជ្ញគួរស្តាប់ឲ្យបានច្រើនជាងនិយាយ ហើយគួរនិយាយកាលបើមានគោលដៅ ព្រោះនិយាយកាន់ច្រើនប៉ុណ្ណា មនុស្សម្នាកាន់តែចងចាំបានតិចចុះប៉ុណ្ណោះ ផ្ទុយទៅវិញកាន់តែនិយាយតិចប៉ុណ្ណា មនុស្សម្នា ក៏រឹតតែចាំបាន និងមានប្រយោជន៍ច្រើនឡើងប៉ុណ្ណោះដែរ។


អត្ថបទទាក់ទង

Leave a Reply