ទោះបីអ្នកជាអ្នកគ្រប់គ្រង តែអ្នកក៏ត្រូវមានភាពជាអ្នកដឹកនាំដែរ

អ្នកគ្រប់គ្រង ដែលគ្មានភាពជាអ្នកដឹកនាំ មានចំណុចខ្សោយមួយ គឺពិបាកធ្វើឲ្យអ្នកដទៃទុកចិត្ត។ ខ្ញុំគិតថា វាពិបាកនឹងបន្ទោសពួកគាត់ដែរ ព្រោះគាត់មានតួនាទីសម្រេចការងារឲ្យទាន់ពេលវេលា។ បើពួកគាត់រវល់តែជាមួយបុគ្គលិក ធ្វើយ៉ាងណាអាចមើលពេលសម្រេចការងារបាន។

ប៉ុន្តែហេតុអ្វីបានជាអ្នកគ្រប់គ្រង មិនធ្វើខ្លួនឲ្យដូចជាអ្នកដឹកនាំខ្លះ?

អ្នកគ្រប់គ្រង ភាគច្រើនយល់ច្បាស់ពីភាពជាអ្នកដឹកនាំ។ ទោះមិនបានរៀនក្នុងសាលា ក៏មានឱកាសធ្វើការជាមួយថ្នាក់លើច្រើនដែរ។ ពួកគាត់ គួរតែអាចយកតម្រាប់តាមបាន។

ភាពជាអ្នកដឹកនាំ ធំខ្លាំងណាស់។ អ្នកគ្រប់គ្រងមិនចាំបាច់ធ្វើទាំងអស់ ដើម្បីធ្វើការបានល្អទេ ហេតុនេះ ខ្ញុំសូមលើកយក ៣ចំណុចដែលអាចជួយអ្នកគ្រប់គ្រង ឲ្យមានភាពជាអ្នកដឹកនាំបាន។

ចំណុចទី១ ៖ ផ្តោតទៅលើបុគ្គលិក

អ្នកគ្រប់គ្រង ត្រូវចាំថា បុគ្គលិកជាមនុស្ស ហេតុនេះពួកគេនៅតែប្រើប្រាស់អារម្មណ៍ដើម្បីធ្វើការ។ បើអ្នកចង់ស្តីបន្ទោស ត្រូវវិធីបន្ទោសណាដែលមិនប៉ះពាល់ដល់អារម្មណ៍របស់ពូកគេ។ ការនិយាយត្រង់ៗ ជារឿងល្អ និងចំណេញពេល ប៉ុន្តែ ពេលខ្លះវាប៉ះពាល់ដល់បុគ្គលិក។

បើមានបុគ្គលិកណាម្នាក់មកនិយាយប្រាប់អ្នកពីបញ្ហា អ្នកត្រូវឈប់ធ្វើកិច្ចការរបស់អ្នក ហើយស្តាប់ពួកគេដោយយកចិត្តទុកដាក់។

អ្នកត្រូវដឹងកាន់តែច្រើនពីបុគ្គលិករបស់អ្នក ទាំងក្នុងការងារ និង​ក្រៅការងារ។ នេះជាអ្វីដែលអ្នកដឹកនាំធ្វើគ្រប់គ្នា។

ចំណុចទី២ ៖ ជះឥទ្ធិពល

ជាទូទៅ អ្នកគ្រប់គ្រងមិនសូវជះឥទ្ធិពលទៅលើបុគ្គលិកទេ។ មានតែអ្នកដឹកនាំទេ ដែលអាចធ្វើអ្វីមួយឲ្យបុគ្គលិកធ្វើតាមបាន។ លក្ខណៈខុសគ្នានេះហើយ ដែលធ្វើឲ្យគេសរសើរអ្នកដឹកនាំ តែមិនសរសើរអ្នកគ្រប់គ្រង។

សៀវភៅ Influence របស់បណ្ឌិត Robert B. Cialdini អាចបង្រៀនអ្នកឲ្យក្លាយជាមនុស្សមានឥទ្ធិពលម្នាក់ក្នុងស្ថាប័នរបស់អ្នកបាន។ សៀវភៅ ជួយបង្រៀនអ្នកជំនាញជាច្រើនដូចជា​ ក្នុងផ្នែកលក់ ផ្នែកអប់រំ និងវេជ្ជសាស្ត្រ។ អ្នកនឹងដឹងពីគោលការណ៍ទាំង៦ដើម្បីធ្វើឲ្យអ្នកដទៃយល់ស្របជាមួយអ្នក។

ចំណុចទី​៣ ៖ បង្ហាញឲ្យឃើញថា ធ្វើយ៉ាងម៉េច

អ្នកគ្រប់គ្រង ជាទូទៅដឹងពីថាអ្វីដែលត្រូវធ្វើ ប៉ុន្តែមិនធ្វើឲ្យបុគ្គលិកមើលទេ ព្រោះវាជាភារកិច្ចរបស់បុគ្គលិកដែលត្រូវរៀនធ្វើដោយខ្លួនឯង។ អ្នកដឹកនាំ នឹងចំណាយពេលធ្វើឲ្យមើលជាមុនសិន។

សកម្មភាព​បែបនេះ កសាងទំនុកចិត្ត និង​ការគោរពពីបុគ្គលិក។ បុគ្គលិកអាចនឹងសង្ស័យថា អ្នកគ្រប់គ្រងរបស់ពួកគេ និយាយបានតែមាត់ ប៉ុន្តែបើអ្នកធ្វើឲ្យពួកគេឃើញ ការសង្ស័យទាំងនោះ នឹងក្លាយជារឿងកំប្លែងវិញ។

អ្នកអាចធ្វើជាអ្នកដឹកនាំបាន ព្រោះភាពជាអ្នកដឹកនាំមិនប្រកាន់ឋានៈដែលអ្នកមានទេ។

Leave a Reply