អ្នកដឹកនាំដែលមានគុណសម្បត្តិ ៧ យ៉ាងនេះនឹងធ្វើឲ្យបុគ្គលិក​ចូលចិត្ត

មនុស្សគ្រប់គ្នាបានកំណត់ភាពជាអ្នកដឹកនាំខុសៗគ្នា ប៉ុន្តែលោក ចន ម៉ាក់ស្វែល ដែលជាវាគ្មិននៃភាពអ្នកដឹកនាំដ៏ល្បីល្បាញបានកំណត់និយមន័យនៃភាពជាអ្នកដឹកនាំថាអ្នកដឹកនាំ គឺជាអ្នកដែលស្គាល់ផ្លូវ នឹងបង្ហាញផ្លូវទៅកាន់គោលដៅ។ដោយគាត់បានបញ្ជាក់ទៀតថា អ្នកដឹកនាំ គឺជាអ្នកបង្កើតភាពខុសគ្នារវាងជោគជ័យ និងបរាជ័យ។ អ្នកដឹកនាំល្អមានចក្ខុវិស័យនាពេលអនាគត និងដឹងពីរបៀបដើម្បីបង្វែរគំនិតរបស់គាត់ទៅជារឿងពិតប្រាកដ។

គុណសម្បត្តិរបស់អ្នកដឹកនាំទាំង ខាងក្រោមនេះ មិនត្រឹមតែជួយអាជីវកម្មនោះទេ វាថែមទាំងជួយឲ្យអ្នកដឹកនាំទទួលបានភាពស្មោះត្រង់ពីបុគ្គលិកថែមទៀតផង៖

ភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទង

អ្នកគួធ្វើជាអ្នកដឹកនាំដែលងាយស្រួលចុះសម្រុង អាចឲ្យបុគ្គលិកពិភាក្សាជាមួយ និងស្តាប់ពីអ្វីដែលពួកគេនិយាយបាន

ឲ្យតម្លៃអ្នកដទៃ

អ្នកគួរឲ្យតម្លៃបុគ្គលិកតាមច្រើនរូបភាពដូចជាការនិយាយសរសើរ មិនប៉ះពាល់រឿងផ្ទាល់ខ្លួនរបស់គេ ការផ្តល់រង្វាន់ មិនប្រើពាក្យទ្រគោះបោះបោកជាដើម ការធ្វើបែបនេះធ្វើឲ្យអ្នកទទួលបានការគាំទ្រ និងភាពស្មោះត្រង់ពីពួកគេ។

ភាពស្មោះត្រង់

ដំបូងបង្អស់ បុគ្គលិកជាទូទៅមិនចូលចិត្តធ្វើការជាមួយ ឬឲ្យមនុស្សដែលពួកគេមិនទុកចិត្តនោះទេ ដូចនេះ អ្នកត្រូវចងចាំថាភាពស្មោះត្រង់អាចទទួលមកវិញនូវភាពស្មោះត្រង់ ហើយក្រុមហ៊ុនអ្នកនឹងទទួលបានប្រយោជន៍ពីទំនុកចិត្តនេះ

ភាពវិជ្ជមាន

អ្នកដឹកនាំប្រភេទនេះតែងមានគំនិត និងឥរិយាបថស្របគ្នា។ ពួកគេជាមនុស្សដែលមិនមើលអ្វីមួយតែជ្រុងម្ខាង មិនងាយខ្វល់ពីពាក្យសម្តីរបស់អ្នកដទៃ ជឿជាក់លើខ្លួនឯង និងតែងតែមើលឃើញឱកាសជានិច្ច។ អ្នកគួរតែផ្តោតទៅលើគោលដៅដែលអ្នកង់ទទួលបាន និងសម្លឹងឆ្ពោះទៅមុខប្រកបដោយភាពវិជ្ជមានជានិច្ច

ចាំឈ្មោះបុគ្គលិក

នេះជាអ្វីដែលអ្នកដឹកនាំគួរតែធ្វើ ព្រោះវាជាព័ត៌មានចម្បងអំពីបុគ្គលិក អ្នកគួរហៅឈ្មោះ ត្រកូលពួកគេឲ្យបានច្បាស់ ជួនកាល វាក៏ជាទង្វើមួយដែលធ្វើឲ្យបុគ្គលិកសប្បាយចិត្ត និងចូលចិត្តអ្នកដែរ ព្រោះយ៉ាងហោចណាស់ក៏អ្នកដឹកនាំរបស់គេបានហៅឈ្មោះរបស់គេនៅចំពោះមុខអ្នកដទៃ

ការផ្ទេរអំណាចទៅឲ្យបុគ្គលិកអ្នក

អ្នកត្រូវផ្តល់សិទ្ធិទៅបុគ្គលិកក្រុងការសម្រេចចិត្តលើបញ្ហាណាមួយ អនុញ្ញាតឲ្យគេធ្វើតាមវិធីសាស្រ្តរបស់គេជាដើមដើម្បីឲ្យពួកគេមានអារម្មណ៍ថាពួកគេក៏មានចំណែកក្នុងការកសាងភាពរីកចម្រើនចំពោះក្រុមហ៊ុនរបស់គេដែរ។

ការសួរសំណួរ

អ្នកគួរចំណាយពេលខ្លះស្វែងយល់ពីបុគ្គលិកអ្នក និងដឹងអំពីពួកគេឲ្យបានច្រើនដើម្បីផ្សាភ្ជាប់ទំនាក់ទំនងជាមួយគេ។

ជារួមមក អ្នកដឹកនាំ ទោះមានបទពិសោធន៍យ៉ាងណា មានទំនួលខុសត្រូវច្រើនប៉ុណ្ណា ក៏ត្រូវតែមានគុណសម្បត្តិដើម្បីទទួលបានជោគជ័យនៅក្នុងការងារ ទោះបីវាជាការពិតដែលថាបុគ្គលិកលក្ខណៈរបស់អ្នកមានសារសំខាន់ ក្នុងការទទួលបាននូវឥទ្ធិពលនិងការគោរពពីសំណាក់បុគ្គលិក តែអ្នកក៏អាចកែប្រែអាកប្បកិរិយាដោយការផ្លាស់ប្ដូរក្រមសីលធម៌របស់អ្នក ដើម្បីបង្កើនគុណភាពនៃភាពជាអ្នកដឹកនាំរបស់អ្នកឱ្យបានស្ថិតស្ថេរយូរអង្វែង


អត្ថបទទាក់ទង

អ្នកដឹកនាំ ៥ប្រភេទ ដែលអ្នកត្រូវដឹង

Leave a Reply