គន្លឹះសំខាន់ៗ ៤ ប្រការ ដើម្បីក្លាយជាអ្នកប្រាស្រ័យទំនាក់ទំនងដ៏ពូកែ

ជាអ្នកដឹកនាំ ដើម្បីសម្រេចកិច្ចធំមួយបាន អ្នកត្រូវមានសមត្ថភាពជម្រុញចិត្ត លើកទឹកចិត្ត ណែនាំតម្រង់ទិស និងស្តាប់អ្នកដទៃ។ ជាពិសេស អ្នកត្រូវមានសមត្ថភាពប្រាស្រ័យទំនាក់ទំនងប្រកបដោយប្រសិទ្ធិភាព។ ខាងក្រោមនេះជាមូលដ្ឋានគ្រឹះសំខាន់ ៤ ប្រការ ដែលជួយអ្នកឱ្យក្លាយជាអ្នកប្រាស្រ័យទំនាក់ទំនងដ៏ចំណាន៖

១. ធ្វើឱ្យសាររបស់អ្នកងាយស្រួលយល់

ការប្រាស្រ័យទំនាក់ទំនង មិនមែនគ្រាន់តែត្រឹមថា តើអ្នកនិយាយអំពីអ្វីទេ? ប៉ុន្តែ តើអ្នកនិយាយរឿងនោះយ៉ាងម៉េច ដើម្បីឱ្យគេងាយយល់។ ផ្ទុយពីគ្រូអប់រំ ឬបណ្តុះបណ្តាលមួយចំនួន ដែលចូលចិត្តប្រើពាក្យបច្ចេកទេសខ្ពស់ៗ ពិបាកយល់ ដើម្បីបង្ហាញអំពីចំណេះដឹងរបស់ខ្លួន គន្លឹះនៃប្រាស្រ័យទំនាក់ទំនងប្រកបដោយប្រសិទ្ធិភាព គឺការប្រើពាក្យដែលងាយយល់។ សូមបោះចោលនូវចេតនាដែលចង់បង្ហាញគេថា អ្នកចេះច្រើនជាមួយការប្រើពាក្យ និងឃ្លាដែលលំបាក និងស្មុគស្មាញ។ ប្រសិនបើអ្នកចង់ប្រាស្រ័យទំនាក់ទំនងទំនងជាមួយមនុស្ស ចូរប្រើភាសាងាយៗ។ ណាប៉ូឡេអុង ប៉ូណាប៉ាត តែងនិយាយទៅកាន់រដ្ឋមន្ត្រីរបស់គាត់ថា “សូមឱ្យច្បាស់ សូមឱ្យច្បាស់ សូមឱ្យច្បាស់”

មានរឿងមួយតំណាលអំពីប្រធានស្ថាប័នដ៏ក្មេងវ័យម្នាក់ ដែលចង់បានរូបមន្តសម្រាប់ប្រាស្រ័យទំនាក់ទំនងប្រកបដោយប្រសិទ្ធិភាព។ ប្រធានវ័យក្មេងនោះ ត្រូវបានអញ្ជើញឱ្យឡើងនិយាយទៅកាន់ក្រុមមនុស្សដ៏ច្រើនជាលើកដំបូង ដូច្នេះហើយគាត់ក៏ទៅរកគ្រូជំនាញ សម្រាប់ផ្តល់យោបល់អំពីការថ្លែងសារដ៏ល្អ។ គ្រូជំនាញ បានឱ្យយោបល់ថា  “ចូរសរសេរអំពីការចាប់ផ្តើមដ៏គួរឱ្យទាក់ទាញមួយ ដែលនឹងទាញចំណាប់អារម្មណ៍គេគ្រប់គ្នាក្នុងចំណោមអ្នកស្តាប់។” បន្ទាប់មក ចូរសរសេរសាច់រឿង​ដ៏រស់រវើកមួយ ហើយចូរបញ្ចប់ដោយជម្រុញទឹកចិត្តមនុស្សទាំងឡាយឱ្យធ្វើសកម្មភាព។ រួចហើយ ចូរតម្រៀបចំណុចទាំងបីនេះឱ្យនៅជាប់គ្នា។

២. សម្លឹងមើលមុខបុគ្គល

អ្នកពូកែទំនាក់ទំនង ផ្តោតអារម្មណ៍ទៅលើមនុស្សដែលគេកំពុងទំនាក់ទំនងជាមួយ។ គេដឹងថា ដើម្បីឱ្យទំនាក់ទំនងគេមានប្រសិទ្ធិភាព គេត្រូវតែស្គាល់អំពីមហាជនដែលគេនិយាយជាមួយ។

នៅពេលដែលអ្នកទំនាក់ទំនងជាមួយមនុស្សជាលក្ខណៈបុគ្គល ឬជាក្រុម អ្នកត្រូវសួរសំណួរទាំងនេះមកខ្លួនឯង៖ តើមហាជនដែលស្តាប់អ្នកជានរណា? តើគេចង់ដឹងអំពីអ្វីខ្លះ? តើយើងចង់ឱ្យ គេសម្រេចអ្វីខ្លះ? ហើយសំណួរចុងក្រោយ តើអ្នកមានពេលប៉ុន្មាន? ប្រសិនបើអ្នកចង់ក្លាយជា អ្នកទំនាក់ទំនងដ៏ពូកែ សូមយកចិត្តទុកដាក់ទៅលើមហាជនដែលអ្នកនិយាយជាមួយ។ មហាជននឹងមានជំនឿទៅលើអ្នកទំនាក់ទំនងដ៏ពូកែ ពីព្រោះអ្នកទំនាក់ទំនងក៏ពូកែស្គាល់ និងជឿជាក់លើមហាជន។

៣. បង្ហាញអំពីការពិត

ភាពជឿជាក់ ស្ថិតនៅជាមួយអ្នកប្រាស្រ័យទំនាក់ទំនងដ៏ពូកែ។ មានផ្លូវពីរ ក្នុងការបង្កើតភាពជឿជាក់ជាមួយមហាជន ដែលអ្នកទំនាក់ទំនងជាមួយ។៖

ទី១. អ្នកត្រូវជឿជាក់ជាមុននូ​វអ្វីដែលអ្នកនិយាយ។ មនុស្សធម្មតា អាចក្លាយជាអ្នកប្រាស្រ័យទំនាក់ទំនងដ៏ពូកែអស្ចារ្យ នៅពេលគេមានភាពជឿជាក់កាន់តែខ្លាំង។ អគ្គបញ្ជាការ Ferdinance Foch បានសង្កេតឃើញថា “អាវុធដែលមានឥទ្ធិពលខ្លាំងបំផុត នៅលើលោកនេះ គឺស្មារតីរបស់មនុស្សដែលមានភាពជឿជាក់”

ទី២. ប្រតិបត្តិនូវអ្វីដែលអ្នកបាននិយាយ។ គ្មានអ្វីដែលអាចបង្កើនភាពជឿជាក់ ជាងសកម្មភាពដែលស្របជាមួយនឹងសំដីទេ។

៤. ស្វែងរកការឆ្លើយតប

នៅពេលដែលអ្នកធ្វើការប្រាស្រ័យទំនាក់ទំនង សូមកុំភ្លេចឱ្យសោះថា រាល់គោលដៅនៃប្រាស្រ័យទំនាក់ទំនង គឺជម្រុញសកម្មភាព។ នៅពេលអ្នកផ្ញើសារជាមួយព័ត៌មានច្រើនហួសហេតុ គឺអ្នកមិនអាចទំនាក់ទំនងបានល្អទេ។ គ្រប់ពេលដែលអ្នកនិយាយទៅកាន់មនុស្ស សូមផ្តល់អ្វីមួយដែលធ្វើឱ្យអ្នកស្តាប់មាន អារម្មណ៍អ្វីមួយ ដែលធ្វើឱ្យគេចងចាំ អ្វីមួយដែលជំរុញឱ្យគេធ្វើសកម្មភាព។ បើអ្នកមានជោគជ័យ ដោយប្រតិបត្តិប្រការទាំងនេះ នោះសមត្ថភាពរបស់អ្នកក្នុងការដឹកនាំអ្នកដទៃនឹងឈានដល់កម្រិត មួយថ្មី។

ដកស្រង់ពីសៀវភៅ “The 21 Indispensable Qualities of a Leader” ដោយ John Maxwell 


អត្ថបទទាក់ទង

៤ចំណុចសំខាន់ៗ ពីលោក John C. Maxwell សម្រាប់អភិវឌ្ឍន៏ខ្លួនអ្នក

Leave a Reply