ភាពជាអ្នកដឹកនាំ ៥ កម្រិត

ភាពជាអ្នកដឹកនាំ ៥ កម្រិត ត្រូវបានសរសេរឡើងដោយលោក ចនស៊ី ម៉ាក់ស្វែល ហើយសៀវភៅនេះជួយអ្នកឆ្លើយនូវសំណួរមូលដ្ឋានគ្រឹះមួយចំនួន អំពីភាពជាអ្នកដឹកនាំ។

តើអ្នកស្ថិតនៅកន្លែង ក្នុងនាមជាអ្នកដឹកនាំនាពេលបច្ចុប្បន្ននេះ តើអ្នកឈានដល់កម្រិតបន្ទាប់ដោយរបៀបណា ហើយទីបំផុតអ្នកគួរតែមានបំណងចង់ធ្វើជាមេដឹកនាំម្នាក់នៅកន្លែងណា?

ភាពជាអ្នកដឹកនាំ មិនមែនជាតំណេងដែលអ្នកកាន់នោះទេ តែវាជាដំណើរការ និងដំណើរវែងឆ្ងាយ។ ដោយសារតែអ្នកមានពាក្យថា“ អ្នកគ្រប់គ្រង” នៅក្នុងតួនាទីរបស់អ្នក ជាស្វ័យប្រវត្តិ អ្នកនឹងមិនក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យឡើយ។

ភាពជាអ្នកដឹកនាំ គឺនិយាយអំពីការទំនាក់ទំនងជាមួយមនុស្ស និងភាពស្ទាត់ជំនាញរវាងមនុស្សទាំងនោះ ដែលមានន័យថាអ្នកអាចមានឥទ្ធិពលលើមនុស្សកាន់តែខ្ពស់ សមត្ថភាពដឹកនាំរបស់អ្នកកាន់ក៏តែខ្ពស់។ សៀវភៅនេះផ្តល់នូវផែនទីបង្ហាញផ្លូវ ដើម្បីទទួលបានភាពជាអ្នកដឹកនាំរបស់អ្នក ពីកន្លែងដែលអ្នកនៅពេលនេះ ទៅកន្លែងដែលអ្នកចង់ក្លាយជា។

សាវតា

លោក ចនស៊ី ម៉ាក់ស្វែល គឺជាអ្នកជំនាញខាងភាពជាអ្នកដឹកនាំ វាគ្មិន រដ្ឋមន្រ្តី និងជាអ្នកនិពន្ធដែលបានលក់សៀវភៅរបស់គាត់ជាង ២០លានក្បាល នៅទូទាំងពិភពលោក។

នៅឆ្នាំ ២០១៤ ទស្សនាវដ្តី Inc. បានដាក់ឈ្មោះគាត់ថា ជាអ្នកជំនាញគ្រប់គ្រង និងដឹកនាំ លេខ ១ នៅទូទាំងពិភពលោក។

ភាពជាអ្នកដឹកនាំ ៥ កម្រិត

ភាពជាអ្នកដឹកនាំ ៥ កម្រិត ត្រូវបានបង្ហាញក្នុងដ្យាក្រាមខាងក្រោម៖

នេះគឺជាការសង្ខេបខ្លីៗ នៃកម្រិតនីមួយៗ នៃភាពជាអ្នកដឹកនាំ ៥ កម្រិត៖

  • កម្រិតទី ១ ៖ តំណែង – មនុស្សដើរតាមអ្នក ដោយសារតែពួកគេត្រូវតែធ្វើ។
    កម្រិតទី ២ ៖ ការអនុញ្ញាត – មនុស្សដើរតាមអ្នក ដោយសារតែពួកគេចង់។
    កម្រិតទី ៣ ៖ ផលិតកម្ម – មនុស្សដើរតាមអ្នក ដោយសារតែអ្វីដែលអ្នកបានធ្វើសម្រាប់អង្គភាព។
    កម្រិតទី ៤ ៖ ការអភិវឌ្ឍមនុស្ស – មនុស្សដើរតាមអ្នក ដោយសារតែអ្វីដែលអ្នកបានធ្វើសម្រាប់ពួកគេ។
    កម្រិតទី ៥ ៖ ចំណុចកំពូល – មនុស្សដើរតាមអ្នក ដោយសារតែអ្នកជានរណា ហើយអ្នកតំណាងឲ្យអ្វី។ អ្នកឈានដល់កម្រិតនេះ នៅពេលអ្នកអភិវឌ្ឍអ្នកដឹកនាំថ្មីៗ ដែលខ្លួនគេអាចកសាងអ្នកដឹកនាំផ្សេងៗទៀត។ សៀវភៅនេះប៉ាន់ប្រមាណថា មានអ្នកដឹកនាំតិចជាង ១% ប៉ុណ្ណោះដែលអាចឈានដល់កម្រិតនេះ។

មនុស្សគ្រប់គ្នា ចាប់ផ្តើមដំណើរភាពជាអ្នកដឹកនាំរបស់ពួកគេនៅកម្រិត ទី១។ ភាពជាអ្នកដឹកនាំ ៥ កម្រិត ផ្តល់នូវដំណើរការក្នុងការដើរតាម ដើម្បីរីកចម្រើនក្នុងនាមជាអ្នកដឹកនាំ ដោយមានគោលបំណងចុងក្រោយធ្វើឱ្យវាឈានដល់កម្រិត ទី៥។

ការយល់ដឹង ១០យ៉ាង

សៀវភៅនេះផ្តល់នូវការយល់ដឹង ១០យ៉ាង ដែលអាចជួយអ្នកឱ្យយល់កាន់តែច្បាស់អំពីការប្រាស្រ័យទាក់ទងគ្នារវាងកម្រិតទាំង៥។

១. នៅពេលអ្នកឡើងទៅកម្រិតមួយបន្ទាប់ អ្នកត្រូវសាងកម្រិតមុនឲ្យប្រសើរឡើង។ អ្នកមិនត្រូវទុកវាចោលឡើយ។

២. ភាពជាអ្នកដឹកនាំ គឺមានភាពស្ទាត់ជំនាញ។ អ្នកអាចប្រើប្រាស់កម្រិតភាពជាអ្នកដឹកនាំខុសៗគ្នា ពីសមាជិកក្រុមមួយម្នាក់ ទៅម្នាក់ទៀត។

៣. អ្នកទៅ​កាន់តែខ្ពស់ វាកាន់តែងាយស្រួលដើម្បីដឹកនាំ។

៤. មិនមានផ្លូវកាត់ណា ដើម្បីឈានដល់កម្រិតបន្ទាប់ទេ។ កម្រិតនីមួយៗ ត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានដល់កម្រិតបន្ទាប់។

៥. ទោះបីជាការឡើងកម្រិតបន្ទាប់ ត្រូវការពេលវេលាច្រើនក៏ដោយ ការរំកិលចុះមួយ ឬច្រើនកម្រិត អាចកើតឡើងយ៉ាងឆាប់រហ័ស។

៦. អ្នកទៅកាន់តែខ្ពស់ អ្នកនឹងទទួលបានផលមកវិញកាន់តែច្រើន។

៧. ការឈានទៅរកកម្រិតបន្ទាប់ តែងតែតម្រូវឱ្យមានការរីកចម្រើន។

៨. ការឈានដល់កម្រិតបន្ទាប់ មិនត្រឹមតែកំណត់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំណត់សមាជិកក្រុមនីមួយៗរបស់អ្នកផងដែរ។

៩. នៅពេលដែលអ្នកផ្លាស់ប្តូរមុខតំណែង ឬស្ថាប័ន អ្នកកម្រនឹងស្ថិតនៅក្នុងកម្រិតដដែល។

១០. អ្នកមិនអាចឡើងកម្រិតបន្តបន្ទាប់តែម្នាក់ឯងបានទេ។

សូមបន្តទៅមុខ និងពិនិត្យមើលភាពជាអ្នកដឹកនាំនីមួយៗនៃកម្រិតទាំង ៥ ឲ្យបានលម្អិតបន្ថែមទៀត។

កម្រិតទី១៖ តំណែង

តំណែង ជាកម្រិតដំបូងនៃភាពជាអ្នកដឹកនាំ ៥ កម្រិត ហើយវាតំណាងឱ្យការចាប់ផ្តើម នៃដំណើរដឹកនាំរបស់មនុស្សគ្រប់គ្នា។ ភាពជាអ្នកដឹកនាំនៅកម្រិតនេះ ត្រូវបានផ្តល់ជូន ពីព្រោះអ្នកទទួលបានតួនាទីការងារ ប៉ុន្តែអ្នកមិនទាន់បានបង្កើតឥទ្ធិពល ដើម្បីបញ្ជាការគោរពពីមិត្តរួមការងារទាំងក្នុង ឬក្រៅក្រុមរបស់អ្នកទេ។

ខណៈពេលដែលអ្នកមានសិទ្ធិអំណាចលើក្រុមរបស់អ្នក នៅកម្រិតទី១ អ្នកមិនមានឥទ្ធិពលលើពួកគេទេ ដូច្នេះវាពិបាកនឹងទទួលបានអត្ថប្រយោជន៍ឲ្យបានបំផុតពីពួកគេ។ ក្រុមរបស់អ្នកធ្វើអ្វីដែលអ្នកប្រាប់ពួកគេ ពីព្រោះពួកគេត្រូវធ្វើ។

នៅកម្រិតទី១ អ្នកប្រហែលជា មេ (Boss) ប៉ុន្តែអ្នកមិនមែនជាអ្នកដឹកនាំនៅឡើយទេ។ ដូច្នេះវាជាការសំខាន់ ដែលមិនត្រូវបានគេផ្តល់ងារជាអ្នកគ្រប់គ្រងដែលជាគោលដៅរបស់អ្នក។ ផ្ទុយទៅវិញ ចូរព្យាយាមមើលវា ជាចំណុចចាប់ផ្តើមរបស់អ្នក។

គុណសម្បត្តិ នៃកម្រិតទី១

គុណសម្បត្តិ ដើម្បីក្លាយជាអ្នកដឹកនាំកម្រិតទី១ រួមមាន៖

  • អ្នកត្រូវបានគេផ្តល់តំណែងជាអ្នកដឹកនាំ ពីព្រោះអ្នកសមនឹងទទួលវា ហើយនេះគឺជាអ្វីដែលត្រូវអបអរ។
  • វាអនុញ្ញាតឱ្យអ្នកគិតអំពីប្រភេទអ្នកដឹកនាំដែលអ្នកចង់ក្លាយទៅជា។ ឧទាហរណ៍៖ តើអ្នកមានស្ទីលអ្វី? តើអ្វីជាគុណតម្លៃរបស់អ្នក? អ្នកស្ថិតនៅចំណុចចាប់ផ្តើម នៃដំណើរភាពជាអ្នកដឹកនាំរបស់អ្នក ដូច្នេះ ពេលឥឡូវនេះ គឺជាចំណុចដ៏ល្អមួយ ដើម្បីគិតអំពីរឿងទាំងនេះ។

គុណវិបត្តិ នៃកម្រិតទី១

  • តំណែងនៃភាពជាអ្នកដឹកនាំទាំងឡាយ មិនទទួលបានអ្វីដែលល្អបំផុតពីក្រុមរបស់ពួកគេនោះទេ។ ពួកគេប្រហែលជាទទួលបានអត្ថប្រយោជន៍តិចតួចបំផុត។
  • តំណែងនៃភាពជាអ្នកដឹកនាំទាំងឡាយ អាចជាការបំភាន់ច្រលំ ពោលគឺគ្រាន់តែថាអ្នកមានមុខតំណែងការងារជាក់លាក់មួយ វាមិនបានធ្វើឲ្យអ្នកក្លាយជាអ្នកដឹកនាំទេ។
  • តំណែងនៃភាពជាអ្នកដឹកនាំទាំងឡាយ អាចផ្តោតលើនយោបាយ និងការទទួលបានតួនាទីការងារបន្ទាប់។

វិធីសាស្រ្តដើម្បីទទួលបានអត្ថប្រយោជន៍ឲ្យបានច្រើនបំផុតពីតំណែងរបស់អ្នក

កុំបង្ខំមនុស្ស ជួយពួកគេ និងចាប់អារម្មណ៍ពីពួកគេ។

កុំរំពឹងទុកថា មនុស្សរបស់អ្នក នឹងមករកអ្នក អ្នកត្រូវតែផ្តួចផ្តើមគំនិត ដើម្បីទទួលបានការគោរពរបស់ពួកគេ។

ច្បាប់នៃភាពជាអ្នកដឹកនាំនៅកម្រិតតំណែង

  • គម្រប ៖ ដើម្បីបញ្ចេញប្រសិទ្ធភាពរបស់អ្នក អ្នកត្រូវតែប្តេជ្ញាអភិវឌ្ឍខ្លួនអ្នក ជាអ្នកដឹកនាំ។
  • ដំណើរការ ៖ ចូរទទួលស្គាល់ថាការអភិវឌ្ឍខ្លួនអ្នកជាអ្នកដឹកនាំ គឺជាដំណើរការមួយដែលមានអាយុកាលយូរអង្វែង។
  • ការស្ទង់មើលទិសដៅ ៖ ចូរទទួលស្គាល់ដែនកំណត់របស់អ្នក។ អ្នកប្រហែលជាអាចកាច់ចង្កូតទូកបាន តែអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីរៀបចំគម្រោងទិសដៅនេះនៅឡើយទេ។

ដើម្បីស្វែងយល់បន្ថែមអំពីច្បាប់ទាំងនេះអ្នកចាំបាច់ត្រូវទិញសៀវភៅនេះ ដែលមានចំណងជើងថា “២១ច្បាប់ដែលមិនអាចខ្វះបាននៃភាពជាអ្នកដឹកនាំ” ដែលត្រូវបានសរសេរដោយ Maxwell ផងដែរ។

ជំនឿដើម្បីឈានដល់កម្រិតបន្ទាប់

មុនពេលអ្នកអាចឈានដល់កម្រិតបន្ទាប់ អ្នកត្រូវតែធ្វើឱ្យប្រសើរឡើងនូវជំនឿរបស់អ្នក៖

  • តួនាទីការងាររបស់អ្នកមិនសំខាន់ទេ។ វាជាការងារដែលអ្នកធ្វើ និងវិធីដែលអ្នកជួយអ្នកដទៃ។
  • តំណែងរបស់អ្នក គឺជាឧបករណ៍ដែលអ្នកអាចប្រើដើម្បីជួយអ្នកដទៃ ប៉ុន្តែមនុស្ស គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់អ្នក។
  • អ្នកដឹកនាំល្អ មិនចាំបាច់មានចម្លើយទេ ពួកគេអាចធ្វើការជាមួយអ្នកដទៃ ដើម្បីស្វែងរកចម្លើយ។
  • មេដឹកនាំល្អ រាប់បញ្ចូលអ្នកដទៃ។

កម្រិតទី២៖ ការអនុញ្ញាត

នៅកម្រិតនេះ ក្រុមរបស់អ្នកដើរតាមអ្នក ដោយសារតែពួកគេចង់ធ្វើ។ អ្នកស្តាប់មនុស្សរបស់អ្នក ហើយពួកគេក៏ត្រឡប់មកស្តាប់អ្នកវិញ។

អ្នកដឹកនាំនៅកម្រិតនេះ ធ្វើឱ្យមនុស្សដឹងថាពួកគេមានតម្លៃ។ ពួកគេធ្វើឱ្យសមាជិកម្នាក់ៗនៃក្រុមរបស់ពួកគេមានអារម្មណ៍ថា ពួកគេមានសារសំខាន់។

នៅកម្រិតនេះ មនុស្សចង់ធ្វើការឱ្យអ្នក ដោយសារពួកគេមានអារម្មណ៍ថា ទទួលបានការចូលចិត្ត ការរាប់អាន ការរាប់បញ្ចូល និងការទុកចិត្ត។ ដោយសារតែទំនាក់ទំនងរឹងមាំរបស់អ្នកមនុស្សទាំងឡាយ អនុញ្ញាតឱ្យអ្នក ដឹកនាំពួកគេ។

នៅពេលដែលទំនាក់ទំនងរបស់អ្នកកាន់តែរីកចម្រើន ដូចគ្នានោះដែរ ការជឿទុកចិត្ត និងកន្លែងធ្វើការ ក្លាយជាកន្លែងវិជ្ជមានប្រសើរជាងមុន។ ទំនាក់ទំនងយូរអង្វែង បង្កើតបានជាមូលដ្ឋានគ្រឹះនៃកម្រិតទី៣។

បើនិយាយអោយខ្លី កម្រិតនេះ គឺទាក់ទងនឹងទំនាក់ទំនង។

គុណសម្បត្តិ នៃកម្រិតទី២

គុណសម្បត្តិ ដើម្បីក្លាយជាអ្នកដឹកនាំកម្រិត២ រួមមាន៖

  • ការងារកាន់តែរីករាយ នៅពេលដែលអ្នកចូលរួមជាមួយក្រុមរបស់អ្នក ហើយពួកគេមានទំនាក់ទំនងល្អជាមួយអ្នក។
  • ចំណាយពេលវេលាក្នុងចំណោមមនុស្ស ដែលអ្នកចូលចិត្តបង្កើនថាមពលរបស់មនុស្សគ្រប់គ្នា។
  • ទំនាក់ទំនងល្អត្រូវបានបង្កើតឡើង នៅពេលដែលមនុស្សឱ្យតម្លៃ និងគោរពគ្នាទៅវិញទៅមក។
  • ការប្រាស្រ័យទាក់ទងទៅវិញទៅមក កើតឡើងនៅកម្រិតនេះ។ អ្នកស្តាប់មនុស្សរបស់អ្នក ហើយពួកគេស្តាប់អ្នក។ នេះនាំឱ្យមានការសម្រេចចិត្តកាន់តែប្រសើរ។

គុណវិបត្តិ នៃកម្រិតទី២

  • ការផ្តោតអារម្មណ៍ខ្លាំងលើទំនាក់ទំនង អាចធ្វើឱ្យអ្នកហាក់ដូចជាខ្សោយក្នុងនាមជាអ្នកដឹកនាំ។
  • វាអាចធ្វើឲ្យអ្នកមានអារម្មណ៍ធុញថប់ ក្នុងការធ្វើការតាមវិធីនេះ ប្រសិនបើអ្នកមានមហិច្ឆិតា ហើយចង់សម្រេចកិច្ចការ។
  • ដើម្បីឱ្យមានប្រសិទ្ធិភាព អ្នកត្រូវបើកចំហ។
  • អ្នកអាចទុកឱ្យខ្លួនអ្នកបើកចំហ ដើម្បីឱ្យគេទាញយកអត្ថប្រយោជន៍។

វិធីសាស្រ្តដើម្បីទទួលបានការអនុញ្ញាតពីមនុស្ស

  • អ្នកត្រូវតែស្គាល់ខ្លួនអ្នកឱ្យបានច្បាស់ មុនពេលអ្នកអាចស្គាល់អ្នកដទៃដោយបើកចំហ។
  • ចូរបង្កើតរបៀបដឹកនាំ ដែលផ្តោតលើមនុស្ស ជាជាងភារកិច្ច។
  • ចូរប្រព្រឹត្តចំពោះអ្នកដទៃ ឲ្យដូចដែលអ្នកចង់ឲ្យគេប្រព្រឹត្តមកលើអ្នក។
  • ការសរសើរ រួមជាមួយពាក្យលើកទឹកចិត្ត គឺជារឿងសំខាន់។ ចូរធ្វើជាអ្នកលើកទឹកចិត្តក្រុមរបស់អ្នក។
  • វាចាំបាច់ក្នុងការថ្លឹងថ្លែងការយកចិត្តទុកដាក់ចំពោះសមាជិកក្រុមជាមួយនឹងការបើកចំហរ និងស្មោះត្រង់។

ច្បាប់នៃភាពជាអ្នកដឹកនាំនៅកម្រិតការអនុញ្ញាត

  • ឥទ្ធិពល ៖ វិធានការណ៍ពិតនៃការដឹកនាំរបស់អ្នក គឺជាឥទ្ធិពលរបស់អ្នក។
  • ការផ្តល់គុណតម្លៃបន្ថែម ៖ ចូរបន្ថែមគុណតម្លៃដោយជួយ និងបម្រើអ្នកដទៃ។ ចូរផ្តោតលើមនុស្ស មិនមែនប្រព័ន្ធទេ។
  • មូលដ្ឋានរឹងមាំ ៖ ចូរធ្វើជាមនុស្សគួរឱ្យទុកចិត្តបាន។
  • ទំនាញ ៖ ចូរធ្វើជាប្រភេទមនុស្ស ដែលអ្នកចង់ទាក់ទាញ។
  • ការតភ្ជាប់ ៖ ចូរធ្វើការទាក់ទងនឹងមនុស្ស។
  • ការចូលរួម ៖ ចូរធ្វើការដើម្បីឱ្យមនុស្សចូលរួមជាមួយ (ទុកចិត្ត) អ្នក។

ជំនឿដើម្បីឈានដល់កម្រិតបន្ទាប់

  • ចូរទទួលស្គាល់ថា មានរឿងជាច្រើនទៀត ដើម្បីភាពជាអ្នកដឹកនាំ មិនមែនត្រឹមតែឥទ្ធិពលនោះទេ ដូច្នេះអ្នកត្រូវនាំមនុស្សនៅកន្លែងណាមួយ។
  • ការដែលខិតកាន់តែជិតដល់គោលដៅ អ្នកត្រូវតែរីកចម្រើនជាមួយគ្នា។
  • ពេលខ្លះ វាគួរតែប្រថុយនឹងទំនាក់ទំនង ដើម្បីសម្រេចបាននូវទស្សនៈវិស័យជាក្រុម។

កម្រិតទី៣៖ ផលិតកម្ម

កម្រិតនេះ និយាយអំពីការផ្តល់លទ្ធផល។ កម្រិតនេះ បំបែកមេដឹកនាំពិត ពីមេដឹកនាំដែលគ្រាន់តែកាន់តំណែង។

មានរឿងជាច្រើន ដើម្បីក្លាយជាអ្នកដឹកនាំ ជាជាងត្រឹមតែការមានទំនាក់ទំនងជាមួយមនុស្ស។ មេដឹកនាំឆ្នើម ទទួលបានលទ្ធផល។ នៅពេលដែលអ្នកដើរតាម ឃើញអ្នកទទួលបានលទ្ធផលល្អ វាផ្តល់ហេតុផលដល់ពួកគេ ដើម្បីធ្វើតាមអ្នក។ នៅពេលអ្នកផ្តល់លទ្ធផលពិសេសអស្ចារ្យ ការដឹកនាំរបស់អ្នកកាន់តែខ្លាំងឡើង។

វាស្ថិតនៅលើកម្រិតទី៣ ដែលការជះឥទ្ធិពលដល់អ្នកដទៃ អាចក្លាយទៅជាភាពសប្បាយរីករាយ។ នេះគឺជាកម្រិតដំបូងដែលអ្នកដឹកនាំអាចក្លាយជាភ្នាក់ងារផ្លាស់ប្តូរ៖ ដោះស្រាយបញ្ហាផ្សេងៗ គម្រោងធំៗ និងនាំអ្នកដើរតាមគេទៅកម្រិតបន្ទាប់។

ប្រវត្តិនៃសមិទ្ធិផល រួមបញ្ចូលគ្នាជាមួយនឹងទំនាក់ទំនងល្អប្រសើរ ជួយឱ្យអ្នកផ្លាស់ប្តូរក្រុមរបស់អ្នកឆ្ពោះទៅរកចក្ខុវិស័យរបស់អង្គភាព។

គុណសម្បត្តិ នៃកម្រិតទី៣

គុណសម្បត្តិ ដើម្បីក្លាយជាមេដឹកនាំកម្រិតទី៣ រួមមាន៖

  • តម្លៃភាពជឿជាក់របស់អ្នកកើនឡើងនៅពេលអ្នកផ្តល់លទ្ធផល។
  • លទ្ធផលរបស់អ្នក កំណត់ស្តង់ដារ សម្រាប់អ្នកដើរតាមអ្នក ហើយលទ្ធផលកាន់តែកើនឡើង។
  • ការផ្តល់លទ្ធផល បង្កើតសន្ទុះ។
  • មនុស្សមើលឃើញលទ្ធផលរបស់អ្នក ហើយចង់ចូលរួមក្នុងក្រុមរបស់អ្នក។

គុណវិបត្តិ នៃកម្រិតទី៣

អ្នកអាចធ្លាក់ក្នុងអន្ទាក់ នៃការគិតថា អ្នកគឺជាអ្នកដឹកនាំដែលល្អប្រសើរ។ អ្នកត្រូវសម្រេចលទ្ធផលសម្រាប់ក្រុមរបស់អ្នកក៏ដូចជាសម្រាប់ខ្លួនឯង។

ទំងន់នៃទំនួលខុសត្រូវ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការសម្រេចបានលទ្ធផលជាប្រចាំ។

ទោះបីជាអ្នកផ្តោតលើលទ្ធផលក៏ដោយ អ្នកមិនត្រូវភ្លេចមើលមនុស្សរបស់អ្នកទេ។ កម្រិតទី២ នៅតែសំខាន់។

វិធីសាស្រ្តដើម្បីផលិតលទ្ឋផលឲ្យបានច្រើនបំផុតនៅក្នុងភាពជាអ្នកដឹកនាំ

  • ចូរស្វែងយល់ពីកន្លែងដែលបង្កប់នូវភាពខ្លាំងរបស់អ្នក ហើយផ្តោតទៅលើផ្នែកទាំងនោះ។
  • ចូរទំនាក់ទំនងជាមួយនឹងចក្ខុវិស័យច្បាស់លាស់។ នេះនឹងជួយដល់ផលិតភាពក្រុម។
  • ចូរលើកទឹកចិត្តមនុស្សរបស់អ្នក ឱ្យធ្វើការជាមួយគ្នា។ នេះគឺជាគ្រឹះនៃការកសាងក្រុម។
  • ចូរផ្តោតលើតំបន់ដែលផ្តល់លទ្ឋផលត្រឡប់មកវិញខ្ពស់បំផុត ហើយកុំភ្លេចមើលទៅលើការពិតដែល លទ្ធផល គឺជាគោលដៅរបស់អ្នក។

ច្បាប់នៃភាពជាអ្នកដឹកនាំនៅកម្រិតផលិតកម្ម

  • ការគោរព ៖ មនុស្សនឹងចង់ធ្វើតាមអ្នកដឹកនាំដែលពួកគេមើលឃើញថាខ្លាំងជាងខ្លួន។
  • ភាពទាក់ទាញ ៖ អ្នកជានរណា គឺជាមនុស្សដែលអ្នកទាក់ទាញ។
  • រូបភាព ៖ អាកប្បកិរិយារបស់មនុស្ស ឆ្លុះបញ្ចោញអ្វីដែលពួកគេឃើញជារៀងរាល់ថ្ងៃ។
  • ជ័យជំនះ ៖ ចូរស្វែងរកមធ្យោបាយ ដើម្បីឱ្យក្រុមរបស់អ្នកឈ្នះ។
  • សន្ទុះធំ ៖ សន្ទុះគឺជាមិត្តថ្មីល្អបំផុតរបស់អ្នក។
  • អាទិភាព ៖ ចូរផ្តោតលើលទ្ធផល មិនមែនសកម្មភាពនោះទេ។
  • ការលះបង់ ៖ ចូរលះបង់នូវអ្វីដែលមិនចាំបាច់។
  • ការចូលរួម ៖ មនុស្សនឹងចូលរួមនឹងអ្នក ក្នុងនាមអ្នក គឺជាអ្នកដឹកនាំ មុនពេលពួកគេចូលរួមក្នុងចក្ខុវិស័យរបស់អ្នក។

ជំនឿដើម្បីឈានទៅដល់កម្រិតបន្ទាប់

  • ផលិតកម្ម គឺមិនគ្រប់គ្រាន់ទេ។ ចូរគិតអំពីវិធីដែលអ្នកអាចជួយមនុស្សឱ្យឈានដល់កម្រិតបន្ទាប់នៅក្នុងជីវិត និងអាជីពរបស់ពួកគេ។
  • ចូរផ្តល់គុណតម្លៃ ប្រកួតប្រជែង និងអភិវឌ្ឍអ្នកដើរតាមអ្នក។
  • ការបណ្តុះអ្នកដឹកនាំ គឺជាមធ្យោបាយលឿនបំផុត ដើម្បីសម្រេចបាននូវចក្ខុវិស័យ។
  • ការអភិវឌ្ឍន៍មនុស្សរបស់អ្នក ផ្តល់ឱ្យអ្នកនូវការសម្រេចលទ្ឋផលដ៏អស្ចារ្យ។

កម្រិតទី៤ ៖ ការអភិវឌ្ឍន៍មនុស្ស

កម្រិតនេះ អ្នកដឹកនាំផ្លាស់ប្តូរពីការផ្តោតលើការផ្តល់លទ្ធផល ទៅជាការអភិវឌ្ឍន៍មនុស្ស។ អ្នកដឹកនាំនៅកម្រិតនេះ ផលិតខ្លួនឯងឡើងវិញ។

អ្នកដឹកនាំនៅកម្រិតនេះ បង្កើតឡើងវិញ និងបង្កើនឥទ្ធិពលរបស់ពួកគេ នៅពេលពួកគេផ្លាស់ប្តូរអ្នកដើរតាម ឲ្យទៅជាអ្នកដឹកនាំក្នុងសិទ្ធិរបស់ពួកគេ។ នៅពេលដែលចំណុចខ្លាំងប្លែកៗរបស់អ្នកដឹកនាំថ្មីនីមួយៗ ត្រូវបានបញ្ចេញ អង្គភាពទាំងមូលនឹងឈានដល់កម្រិតខ្ពស់ជាងមុន។

កម្រិតនេះ គឺនិយាយអំពីការបង្កើតឡើងវិញ។

គុណសម្បត្តិ នៃកម្រិតទី៤

គុណសម្បត្តិ ដើម្បីក្លាយជាមេដឹកនាំកម្រិត ៤ រួមមាន៖

  • នៅកម្រិតទី៣ អ្នកផ្តោតលើលទ្ធផល ប៉ុន្តែនៅកម្រិតទី៤ អ្នកផ្តល់លទ្ធផលកាន់តែប្រសើរ ដោយផ្តោតលើមនុស្សរបស់អ្នក និងផ្តល់អំណាចដល់ពួកគេដើម្បីសម្រេចកិច្ចការ។
  • មានតែតាមរយៈការរីកបណ្តុះមនុស្សប៉ុណ្ណោះ ទើបអាចទទួលបានជោគជ័យប្រកបដោយនិរន្តភាព។
  • ប្រសិនបើអ្នកបណ្តុះអ្នកដទៃ វាផ្តល់ឱ្យអ្នកនូវពេលវេលា ដើម្បីធ្វើការលើកិច្ចការធំៗ។
  • វាពិតជាការរង្វាន់ធំធេងណាស់ ដែលឃើញអ្នកដទៃមានការរីកចម្រើន។

គុណវិបត្តិ នៃកម្រិតទី៤

  • ប្រសិនបើអ្នកមានអសន្តិសុខសុវត្ថិភាព អ្នកអាចមានអារម្មណ៍ថា មានការគំរាមកំហែងដោយសារការវិវត្តរបស់អ្នកដទៃ។
  • អ្នកត្រូវតែមានឆន្ទៈ ផ្តោតលើរយៈពេលវែង។ ប្រសិនបើអ្នកនៅតែផ្តោតការយកចិត្តទុកដាក់ក្នុងរយៈពេលខ្លី វាពិបាកនឹងមើលឃើញយុត្តិកម្ម សម្រាប់ការអភិវឌ្ឍន៍មនុស្សរបស់អ្នក។

វិធីអភិវឌ្ឍមនុស្ស

  • ចូរជ្រើសរើសតែមនុស្សល្អបំផុត ដែលអ្នកអាចធ្វើបាន។
  • ចូរដាក់មនុស្ស ឱ្យស្ថិតក្នុងតំណែងត្រឹមត្រូវ។
  • ចូរយកគំរូតាមអាកប្បកិរិយាភាពជាអ្នកដឹកនាំរបស់អ្នកដទៃ ដែលអ្នករំពឹងទុកពីពួកគេ។
  • ចូរបង្វឹកអ្នកដទៃឱ្យរស់នៅបានល្អ និងអនុវត្តបានល្អ។
  • ចូរផ្តល់អំណាចដល់អ្នកដទៃ ដូច្នេះពួកគេអាចទទួលបានជោគជ័យ។

ច្បាប់នៃភាពជាអ្នកដឹកនាំនៅកម្រិតអភិវឌ្ឍន៍មនុស្ស

  • ដំណើរការ ៖ ភាពជាអ្នកដឹកនាំគឺជាដំណើរការមួយ។ វាមិនកើតឡើងពេញមួយយប់ទេ។
  • ការបំពេញបន្ថែម ៖ អ្នកត្រូវបន្ថែមគុណតម្លៃ នៅពេលអ្នកបម្រើអ្នកដទៃ។
  • រង្វង់ខាងក្នុង ៖ អ្នកដែលនៅក្នុងរង្វង់ខាងក្នុងរបស់អ្នក កំណត់សក្តានុពលរបស់អ្នក។
  • ការផ្តល់អំណាច ៖ មានតែអ្នកដឹកនាំដែលមានសុវត្ថិភាពម្នាក់ប៉ុណ្ណោះ ដែលមានឆន្ទៈផ្តល់អំណាចដល់អ្នកដទៃ។
  • ការរីកលូតលាស់យ៉ាងឆាប់រហ័ស ៖ ការអភិវឌ្ឍអ្នកដឹកនាំថ្មី គឺជាមធ្យោបាយតែមួយគត់ ដើម្បីអភិវឌ្ឍអង្គភាពឱ្យរីកលូតលាស់ឆាប់រហ័ស តាមរបៀបដែលអ្នកមិនអាចសម្រេចបានដោយខ្លួនឯង។
  • ការចូលរួម ៖ មនុស្សនឹងចូលរួមជាមួយអ្នក ក្នុងនាមអ្នក ជាអ្នកដឹកនាំ មុនពេលពួកគេចូលរួមក្នុងចក្ខុវិស័យរបស់អ្នក។

ជំនឿដើម្បីឈានដល់កម្រិតបន្ទាប់

  • គោលដៅធំបំផុតរបស់អ្នក ក្នុងនាមជាអ្នកដឹកនាំ គឺបង្កើតអ្នកដឹកនាំឱ្យបានច្រើន។
  • ចូរជឿជាក់លើការអភិវឌ្ឍន៍វប្បធម៌ភាពជាអ្នកដឹកនាំ៖ ចូរបង្រៀន អនុវត្ត បង្វឹក និងផ្តល់រង្វាន់ដល់ភាពជាអ្នកដឹកនាំ។

កម្រិតទី៥ ៖ ចំណុចកំពូល

កម្រិតខ្ពស់បំផុតនៃភាពជាអ្នកដឹកនាំ ៥ កម្រិត គឺកម្រិតទី៥។ លោក ម៉ាក់ស្វែល បានជំទាស់ថា មិនមានមនុស្សច្រើនទេ ដែលអាចធ្វើឱ្យវាឈានដល់កម្រិតនេះ ហើយអ្នកដែលអាចធ្វើបាន គឺអ្នកដែលមានអំណោយទានពីធម្មជាតិ។

អ្នកដឹកនាំកម្រិតទី៥ អភិវឌ្ឍអ្នកដើរតាមពួកគេ ទៅជាអ្នកដឹកនាំកម្រិតទី៤។

ការអភិវឌ្ឍន៍អ្នកដឹកនាំ ដែលអាចដឹកនាំ និងមិនត្រឹមតែធ្វើតាម គឺពិបាក។ វាត្រូវការជំនាញ ការវិនិច្ឆ័យ និងការប្តេជ្ញាចិត្តខ្ពស់។ ប៉ុន្តែប្រសិនបើអ្នកទទួលបានជោគជ័យ អ្នកនឹងបង្កើតបានអង្គភាពកម្រិតទី៥៖ អង្គភាពដែលកំពុងដំណើរការមុខងារ នៅកម្រិតខ្ពស់ដ៏អស្ចារ្យ។

គុណសម្បត្តិ នៃកម្រិតទី៥

គុណសម្បត្តិ ដើម្បីក្លាយជាអ្នកដឹកនាំកម្រិតទី៥ រួមមាន៖

  • វាផ្តល់នូវភាពជាអ្នកដឹកនាំរបស់អ្នក ជាមួយនឹងការសម្រេចគោលដៅ។ មនុស្សនឹងស្វែងរកអ្នក ដើម្បីទទួលបានដំបូន្មាន។
  • វាបង្កើតអង្គភាពកម្រិតទី៥។
  • អ្នកនឹងបង្កើតកេរ្តិ៍តំណែលនៅក្នុងអង្គភាព។

គុណវិបត្តិ នៃកម្រិតទី៥

  • អ្នកអាចភ្លេចថា វាតែងតែរឿងរ៉ាវជាច្រើនទៀតដើម្បីសិក្សារៀនសូត្រ និងកន្លែងជាច្រើនទៀតដើម្បីរីកចម្រើន។
  • អ្នកអាចចាប់ផ្តើមជឿព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។
  • អ្នកត្រូវតែខិតខំប្រឹងប្រែងឲ្យខ្លាំង ដើម្បីរក្សាការផ្តោតអារម្មណ៍ទៅលើចក្ខុវិស័យ។

វិធីប្រើ ចំណុចកំពូល ជាវេទិកា ដើម្បីធ្វើអ្វីដែលអស្ចារ្យជាងខ្លួនអ្នក

  • រក្សាភាពសុភាពរាបសារ និងបើកចំហរ ដើម្បីការសិក្សារៀនសូត្រ។
  • ចូរបង្កើតរង្វង់ខាងក្នុង ដើម្បីជួយឱ្យអ្នកឈរជើងបានរឹងមាំ។
  • ចូរបង្កើតកន្លែង នៅចំណុចកំពូល។
  • ចូរផ្តោតលើអ្វី ដែលអ្នកអាចធ្វើបាន (កម្លាំងស្នូលរបស់អ្នក)។
  • ចូររៀបចំផែនការបន្តវេន និងកេរ្ត៍ដំណែលរបស់អ្នក។

ច្បាប់នៃភាពជាអ្នកដឹកនាំនៅកម្រិតតំណែង

  • ការគោរព ៖ មនុស្សយើង ជាធម្មជាតិ បង្ហាញភាពស្មោះត្រង់ ចំពោះអ្នកដឹកនាំដែលខ្លាំងជាងខ្លួនឯង។
  • វិចារណញាណ ៖ អ្នកនឹងអាចដឹងថា តើវិធានការអ្វីខ្លះ ដែលនាំឱ្យមានលទ្ធផល។
  • ការកំណត់ពេលវេលា ៖ អ្នកនឹងបានរៀនពីរបៀបធ្វើសកម្មភាពត្រឹមត្រូវ នៅពេលត្រឹមត្រូវ។
  • កេរ្តិ៍ដំណែល ៖ កេរ្តិ៍ដំណែលរបស់អ្នក នឹងត្រូវបានវាស់ដោយអ្នកបន្តវេនរបស់អ្នក។
  • ការរីកលូតលាស់យ៉ាងឆាប់រហ័ស ៖ ការអភិវឌ្ឍអ្នកដឹកនាំថ្មី គឺជាមធ្យោបាយតែមួយគត់ដើម្បីបង្កើនអង្គភាពឱ្យរីកលូតលាស់តាមរបៀបដែលអ្នកមិនអាចសម្រេចបានដោយខ្លួនឯង។

សេចក្តីសង្ខេប ភាពជាអ្នកដឹកនាំ ៥ កម្រិត

ពេលខ្លះសៀវភៅភាពជាអ្នកដឹកនាំ អាចអានដូចជារូបមន្តយក្ស ដោយរាយនូវអ្វីៗជាច្រើន ដែលអ្នកត្រូវធ្វើ ហើយជឿជាក់ ដើម្បីចាត់ទុកខ្លួនឯង ជាអ្នកដឹកនាំដ៏អស្ចារ្យម្នាក់។

សរុបសេចក្តី នៃភាពជាអ្នកដឹកនាំ ៥ កម្រិត ភាពជាអ្នកដឹកនាំ គឺនិយាយអំពីការរីកចម្រើនលើអ្វីគ្រប់យ៉ាងដែលអ្នកធ្វើនិងមនុស្សគ្រប់គ្នាដែលអ្នកមានទំនាក់ទំនងជាមួយ។ វាជាដំណើរដែលមានការប្រកួតប្រជែងអស់មួយជីវិត ដែលអាចផ្តល់ផលចំណេញយ៉ាងធំសម្បើម។ សៀវភៅនេះ ផ្តល់នូវផែនទីបង្ហាញផ្លូវជាក់ស្តែង នៃវិធីដើម្បីទទួលបានពីកន្លែងដែលអ្នកជាអ្នកដឹកនាំបច្ចុប្បន្ន ទៅកន្លែងដែលអ្នកចង់ក្លាយជា។ អ្នកគ្រាន់តែត្រូវការភាពក្លាហាន ដើម្បីចាប់យកវា។

ប្រភព៖ John C. Maxwell, The 5 Levels of Leadership


អត្ថបទទាក់ទង

គុណសម្បត្តិ ២១ប្រការ ដែលមិនអាចខ្វះបានរបស់អ្នកដឹកនាំ

One thought on “ភាពជាអ្នកដឹកនាំ ៥ កម្រិត

Leave a Reply