១១ចំណុចដែលសម្គាល់បុគ្គលដែលមានភាពជាអ្នកដឹកនាំ

យើងបានដឹងរួចមកហើយថា អ្នកដឹកនាំ គឹជាបុគ្គលដ៏សំខាន់ក្នុងការចង្អុលបង្ហាញ ផ្លូវ ជាអ្នកអភិវឌ្ឍន៏ អ្នកផ្លាស់ប្តូរ ឬដឹកនាំអ្នកក្រោមបង្គាប់ ឬអ្នកដើរតាម (Follower) ឲ្យត្រងត្រាប់ និងអនុវត្តន៍តាម ឆ្ពោះទៅរកការសម្រេចគោលដៅរួមមួយ។ គាត់ ក៏ជាបុគ្គលដែលបានគេប្រគល់​តួនាទី​ ឬត្រូវបានគេទទួលស្គាល់​ និងតែងតាំង​ឲ្យ​ធ្វើ​ជាមេក្រុម អ្នកបង្គាប់​បញ្ជា អ្នកសម្រេចចិត្ត អ្នកផ្តល់​គំនិតយោបល់​ ឬចាត់​ចែងការងាររបស់​ក្រុម អង្គភាព សហគមន៍ ប្រទេស​ ជាដើម ។ល។ ដែលមានតួនាទីសំខាន់​ក្នុងការបំផុសទឹកចិត្ត ជួយឲ្យមនុស្សធ្វើការកាន់​តែមានប្រសិទ្ធិភាពខ្ពស់ ​ដើម្បីជាប្រយោជន៍រួមរបស់​សមាជិកទាំងអស់​គ្នា។ ខាងក្រោមនេះ​ គឺ១១ចំណុចសំខាន់ៗ ដែលសម្គាល់បុគ្គលដែលមានភាពជាអ្នកដឹកនាំ៖

១. មាន​ភាព​ទទួលខុសត្រូវ

នៅ​ពេល​មាន​កំហុសឆ្គង​កើតឡើង យើង​តែង​សង្កេត​ឃើញ​មនុស្ស​ខ្លះ​ចូល​ចិត្ត​បន្ទោស​ស្ថានភាព​ផ្សេង​ៗ មិត្ត​រួមការ​ងារ និង​បន្ទោស​អ្វី​ផ្សេង​ទៀត ដែល​នឹង​ធ្វើ​ឱ្យ​ខ្លួន​គេច​រួច​ពី​កំហុស ប៉ុន្តែ​បុគ្គល​មាន​ភាព​ជា​អ្នកដឹកនាំ នឹង​បង្ហាញ​ពី​ភាព​ទទួលខុសត្រូវ​ចំពោះ​ទ​ង្វើ​របស់​ខ្លួន។ ពួក​គេ​មិន​ព្រួយបារម្ភ​ថា ការ​ព្រម​ទទួលកំហុស​នឹង​ធ្វើ​ឱ្យ​គេ​មិនល្អ​នោះ​ទេ ព្រោះ​គេ​ដឹង​ថា បើ​គេ​បន្ទោស​អ្វី​នៅ​ក្បែរ​ខ្លួន វា​នឹង​ធ្វើ​ឱ្យ​គេ​មើលទៅ​អាក្រក់​ក្នុង​ក្រសែភ្នែក​អ្នក​ដទៃ។

២. រៀនសូត្រ​ជា​និច្ច

បុគ្គល​មាន​ភាព​ជា​អ្នកដឹកនាំ​នឹង​មាន​ទំនុកចិត្ត ប៉ុន្តែ​គេ​ដឹង​ថា ខ្លួន​គេ​មិនមែន​ជា​វីរបុរស (Hero) ហើយ​ឆ្លាត​លើស​អ្នក​ដទៃ​ឡើយ។ ពួក​គេ​ព្រម​ទទួលស្គាល់​ថា មិន​យល់​ទៅ​លើ​រឿង​អ្វីមួយ និង​ព្រម​រៀនសូត្រ​នៅ​ពេល​មានឱកាស​។ ប៉ុន្តែ​អ្នក​អនុវត្ត​តាម នឹង​ព្យាយាម​ប្រាប់​ខ្លួនឯង​ថា ខ្លួន​រវល់​ខ្លាំង និង​មិន​រៀនសូត្រ​បន្ថែម​នោះ​ទេ។

៣. ចាត់​ទុក​ការងារ​សំខាន់

អ្នក​អនុវត្ត​តាម​តែងតែ​ព្រួយបារម្ភ​រឿង​មុខ​តំណែង​របស់​ខ្លួនឯង និង​អ្នកធ្វើការ​ជាមួយ​គ្នា ហើយ​ក្រែង​ចិត្ត​អ្នក​ដែល​មាន​តួនាទី​ខ្ពស់​ជាង ព្រោះ​ពួក​គេ​ខ្វះ​នូវ​ការ​ជំរុញ​ចិត្ត រួម​ទាំង​ខ្វះ​ទំនុកចិត្ត​លើ​ខ្លួនឯង ចំណែកឯ​បុគ្គល​មាន​ភាព​ជា​អ្នកដឹកនាំ ពួក​គេ​តែង​ផ្តោត​លើ​ទិន្នន័យ និង​ចំណុច​លម្អិត​នៃ​ការងារ​ដោយ​យក​មក​ជជែក​គ្នា​លើ​តុ។ រីឯ​ដៃគូ​សន្ទនា​នឹង​មាន​តួនាទី​អ្វី​នោះ ពួក​គេ​មិន​ចាប់អារម្មណ៍​ឡើយ គឺ​គុណភាព​ការងារ​ជា​រឿង​សំខាន់។

៤. ក្លាហាន​ដើម្បី​ផ្លាស់​ប្តូរ

មនុស្ស​មួយ​ចំនួន​ខ្លាច​ក្នុង​ការ​ផ្លាស់​ប្តូរ ព្រោះ​គិត​ថា ជា​រឿង​លំបាក ហើយ​មាន​អារម្មណ៍​ថា ស្ថានភាព​ដើម ការងារ​ដើម វា​ប្រសើរ​ជាង។ ប៉ុន្តែ​បុគ្គល​មាន​ភាព​ជា​អ្នកដឹកនាំ តែងតែ​សម្លឹង​ឃើញ​ឱកាស​ក្នុង​ការ​ផ្លាស់​ប្តូរ​ទៅ​រក​អ្វី​ដែល​ថ្មី។

៥. មិន​ស្ទាក់ស្ទើរ

អ្នក​អនុវត្ត​តាម ជា​មនុស្ស​ដែល​ស្ទាក់ស្ទើរ និង​ខ្លាច​ថា​អាច​នឹង​ធ្វើ​ខុស ប៉ុន្តែ​បុគ្គល​មាន​ភាព​ជា​អ្នកដឹកនាំ​នឹង​មិន​ភ័យ​ខ្លាច​នោះ​ទេ ទោះបីជា​ពេល​ខ្លះ​គេ​មិន​ប្រាកដ​ចិត្ត​ថា អ្វី​ដែល​កំពុង​តែ​ធ្វើ​នោះ​សម​ស្រប​ឬ​អត់​ក្តី ព្រោះ​មនុស្ស​ប្រភេទ​នេះ​គិត​ថា ការ​សម្រេចចិត្ត​ធ្វើ​អ្វី​ម្យ៉ាង គឺ​ល្អ​ជាង​ការ​ស្ទាក់​ស្ទើរចិត្ត និង​ផ្លាស់​ប្តូរ​ចុះឡើង។

៦. ឈាន​ទៅ​មុខ

មនុស្ស​ដែល​មាន​លក្ខណៈ​ជា​អ្នក​អនុវត្ត​តាម ទោះបីជា​ធ្វើការ​ងារ​បាន​ល្អ​យ៉ាងណា​ក្តី ក៏​មិន​អាច​បោះ​ជំហាន​ទៅ​មុខ និង​មិន​អាច​គិត​ទៅ​ឱ្យ​ឆ្ងាយ​ជាង​មុន​ឡើយ។ ផ្ទុយ​ទៅ​វិញ បុគ្គល​មាន​ភាព​ជា​អ្នកដឹកនាំ នឹង​សម្លឹង​ឃើញ​ការងារ​របស់​ខ្លួន គឺ​ត្រូវ​តែ​សម្រេច​ឱ្យ​បាន និង​គិត​អំពី​ភាព​ជោគជ័យ​តាម​ឱកាស និង​ស្ថានការណ៍។

៧. ដាក់ខ្លួន 

ក្រុម​មនុស្ស​អនុវត្ត​តាម តែងតែ​ស្វែងរក​កេរ្តិ៍ឈ្មោះ កិត្តិយស ខណៈ​ដែល​បុគ្គល​មាន​ភាព​ជា​អ្នកដឹកនាំ​តែង​ឱនលំទោន​ដាក់ខ្លួន និង​មិន​ព្យាយាម​ធ្វើ​ឱ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​ថា ខ្លួន​គេ​ឆ្លាត​ជាង​អ្នក​ដទៃ។

៨. ស្រឡាញ់​នូវ​អ្វី​ដែល​កំពុង​ធ្វើ

មនុស្ស​ខ្លះ​អាច​មើល​ថា វា​ជា​រឿង​ធម្មតា ដែល​ត្រូវ​ទៅ​ធ្វើ​ការងារ បំពេញ​តួនាទី​របស់​ខ្លួន​ឱ្យ​ចប់​មួយ​ថ្ងៃ​ៗ រួច​ក៏​ត្រឡប់​មក​ផ្ទះ ហើយ​ស្អែក​ឡើង​ក៏​ធ្វើ​ដដែល​ៗ​ទៀត រហូត​ដល់​ក្លាយជា​ជីវិត​ប្រចាំ​ថ្ងៃ ប៉ុន្តែ​សម្រាប់​បុគ្គល​មាន​ភាព​ជា​អ្នកដឹកនាំ គេ​នឹង​ស្រឡាញ់​នូវ​អ្វី​ដែល​បាន​ធ្វើ និង​គិត​ថា ការងារ​គឺជា​ចំណែក​មួយ​របស់​ជីវិត និង​ជា​ចំណែក​សំខាន់​ផង​ដែរ។

៩. មាន​កម្លាំង​ជំរុញ​ចិត្ត​ពី​ខាងក្នុង

សម្រាប់​អ្នក​អនុវត្ត​តាម​នឹង​មាន​កម្លាំង​ជំរុញ​ចេញពី​ខាងក្រៅ​ជា​ចំណែក​ដ៏​ធំ ដូច​ជា តំណែង កេរ្តិ៍ឈ្មោះ និង​ឋានៈ​ផ្សេង​ៗ ប៉ុន្តែ​បុគ្គល​មាន​ភាព​ជា​អ្នកដឹកនាំ នឹង​មាន​កម្លាំង​ជំរុញ​ចិត្ត​ចេញពី​ខាងក្នុង​វិញ។ ពេល​ខ្លះ​ពួក​គេ​មិន​បាន​ធ្វើការ​ព្រោះតែ​កេរ្តិ៍ឈ្មោះ ឬ​ប្រាក់​នោះ​ទេ ប៉ុន្តែ​ជា​ការ​បន្ត​ឈាន​ទៅ​មុខ ព្រោះ​ដឹង​ថា ខ្លួន​ជា​អ្នក​ណា និង​ធ្វើ​ជា​ប្រយោជន៍​ដល់​អ្នក​ដទៃ​បាន ដោយ​ក៏​មិន​ត្រូវការ​យក​រង្វាន់​សម្រាប់​លើកទឹកចិត្ត​ពួក​គេ​ឡើយ។

១០. សម្លឹង​ឃើញ​ពិភព​ខាងក្រៅ​ក្នុង​ផ្លូវ​ល្អ

ជា​ធម្មតា អ្នក​អនុវត្ត​តាម​សម្លឹង​ឃើញ​ចំណុច​រារាំង ឬ​របាំង​ផ្លូវ​ចំពោះ​ហេតុការណ៍​ផ្សេង​ៗ ប៉ុន្តែ​អ្នកដឹកនាំ​សម្លឹង​ឃើញ​ភាព​អាច​ទៅ​បាន និង​រក​ផ្លូវ​ចេញពី​បញ្ហា។ អ្វី​ដែល​សំខាន់ នៅ​ពេល​មាន​កំហុសឆ្គង អ្នកដឹកនាំ​នឹង​មិន​ព្រម​នៅ​ជាមួយ​បញ្ហា​នោះ​ទេ ប៉ុន្តែ​នឹង​ព្យាយាម​ធ្វើ​ឱ្យ​គ្រប់យ៉ាង​ល្អ​ប្រសើរ​ឡើង។

១១. មាន​ទំនុកចិត្ត

អ្នក​អនុវត្ត​តាម​តែងតែ​សម្លឹង​ឃើញ​ថា សមត្ថភាព និង​ភាព​ជោគជ័យ​របស់​អ្នក​ដទៃ​ទៀត ឬ​មិត្ត​រួមការ​ងារ គឺជា​ក្តី​អន្តរាយ ដែល​អាច​ធ្វើ​ឱ្យ​តួនាទី​របស់​ខ្លួន​មិន​ស្ថិតស្ថេរ។ ប៉ុន្តែ​បុគ្គល​មាន​ភាព​ជា​អ្នកដឹកនាំ នឹង​សម្លឹង​ឃើញ​មនុស្ស​មាន​សមត្ថភាព​ទាំងនេះ​ជា​ទ្រព្យសម្បត្តិ ព្រោះ​អ្នកដឹកនាំ​ត្រូវការ​ផ្លាស់​ប្តូរ​អ្វី​ដដែល​ៗ​ឱ្យ​ល្អ​ប្រសើរ​ជាង​មុន។ ការ​សម្លឹង​ឃើញ​អ្នក​ដែល​មាន​សមត្ថភាព​នៅ​ក្បែរ​ខ្លួន ចាត់ទុកជា​រឿង​គួរ​ឱ្យ​រីករាយ។

 

Leave a Reply