ទម្លាប់ ចំនួន៥ ដែលជួយឲ្យអ្នកក្លាយទៅជាអ្នកទំនាក់ទំនងដ៏ល្អម្នាក់

ការជោគជ័យក្នុងជីវិត ការងារ ឬជំនួញកើតឡើងបានដោយសារការពូកែទំនាក់ទំនងទៅកាន់អ្នកដទៃ។ ពេលខ្លះអ្នកមានគំនិតរកស៊ីដ៏ល្អមួយតែអន់ខាងការទំនាក់ទំនងជាមួយនឹងមនុស្សដែលអាចនឹងចាប់អារម្មណ៍លើគំនិតនោះ ហើយចុងក្រោយទាំងយើងទាំងគេ មិនអាចធ្វើឲ្យវាលេចចេញរូបរាងបានឡើយ។ ដូចនេះដើម្បីឲ្យគេដឹងពីគំនិតនិងការយល់ឃើញរបស់ខ្លួន យើងគួរតែអនុវត្តតាមចំណុច ទាំង៥ ដូចខាងក្រោម៖

១. មានគោលដៅច្បាស់លាស់

ជាទូទៅយើងនិយាយពីរឿងសំខាន់អ្វីមួយទៅកាន់នរណាម្នាក់ព្រោះមានគោលដៅពីរ មួយគឺដើម្បីនិយាយណែនាំអោយគេដឹងពីអ្វីមួយ និងមួយទៀតគឺដើម្បីនិយាយបញ្ចុះបញ្ចូលគេអោយយល់ស្របតាមគំនិតខ្លួន។ ដូចនេះមុននឹងនិយាយទៅកាន់គេអ្នកសួរខ្លួនឯងថាគោលដៅរបស់យើងមួយណា? ឧទាហរណ៍ បើអ្នកចង់និយាយអំពីការលក់ផលិតផលមួយ (និយាយណែនាំគេ) អ្នកត្រូវចេះរៀបពាក្យនិយាយតាមរបៀបអ្នកលក់និងដឹងអោយច្បាស់ពីផលិតផលរបស់ខ្លួនដើម្បីកុំអោយមានភាពស្រពិចស្រពិលក្នុងការនិយាយស្ដី។ មួយទៀតអ្នកមានគំនិតរកស៊ីដ៏ល្អមួយហើយត្រូវនិយាយអូសទាញគេអោយចូលហ៊ុនវិនិយោគជាមួយ (និយាយបញ្ចុះបញ្ចូល) នោះអ្នកត្រូវយល់ដឹងពីចំណុចល្អ និងមិនល្អនៃអាជីវកម្មនោះ ហើយត្រូវដឹងថាធ្វើដូចម្ដេចដើម្បីទាក់ទាញអតិថិជនបានជាដើម..។ ការនិយាយទៅកាន់មនុស្សទាំងពីរក្រុម មានតិចនិចផ្សេងគ្នា ដូចនេះបើអ្នកដឹងថាខ្លួននិយាយទៅកាន់ក្រុមមួយណាដើម្បីរៀបចំខ្លួនឲ្យបានល្អ។

២. ស្ដាប់ឲ្យបានច្រើន

អ្នកពូកែទំនាក់ទំនង មិនមែនចេះតែនិយាយទេ តែថែមទាំងចេះស្ដាប់ដៃគូរបានល្អទៀតផង។ ការស្ដាប់នេះ មិនមែនអត់ប្រយោជន៍ទេ ព្រោះវាធ្វើឲ្យយើងអាចរៀនបាននូវអ្វីដែលមិនធ្លាប់ដឹង និងយល់ច្បាស់ពីគេ ដែលជាហេតុនាំឲ្យយើងកាន់តែមានទំនុកចិត្តពេលនិយាយទៅកាន់គេដោយសារតែយើងដឹងថាគេជាមនុស្សប្រភេទណា ហើយត្រូវនិយាយតាមវិធីសាស្ត្រណាទើបសាកសម។

៣. ប្រើកាយវិការស្របពេលកំពុងនិយាយ

បើអ្នកនិយាយហើបតែមាត់ តែខ្លួនរឹងដូចថ្ម វាធ្វើឲ្យគេមិនទុកចិត្ត ហើយគិតថាអ្នកមិនមានទំនុកចិត្តលើអ្វីដែលខ្លួនកំពុងនិយាយ មួយទៀតការមិនចេញកាយវិការនេះ មិនមែនជាធម្មជាតិរបស់មនុស្សទេ។ អ្នកស្រី Amy Cuddy សាស្ត្រាចារ្យ នៅសាកលវិទ្យាល័យ Harvard បាននិយាយថា បើអ្នកចេះរៀបចំខ្លួន និងកាយវិការក្នុងការនិយាយបានល្អ នោះវាធ្វើអោយយើងមានទំនុកចិត្តជាងមុន ហើយពាក្យដែលយើងនិយាយក៏មានឥទ្ធិពលផងដែរ។

៤. ខ្លីតែខ្លឹម

អ្នកដឹងទេថាមនុស្សភាគច្រើនអាចផ្ដោតអារម្មណ៍បានប្រហែល ១០វិនាទី ប៉ុណ្ណោះមុននឹងចាប់ផ្ដើមគិត ឬផ្ដោតអារម្មណ៍លើអ្វីផ្សេងទៀត។ ដូចនេះបើអ្នកនិយាយអូសបន្លាយមុននឹងចូលសាច់ការនោះ អាចធ្វើអោយគេមិនអាចចាប់បាននូវពាក្យ ឬអត្ថន័យដែលអ្នកចង់និយាយ ហើយវាក៏មិនមានឥទ្ធិពលខ្លាំងទៅលើគេទេ។ ហេតុនេះបើអ្នកដឹងថាខ្លួនឯងចូលចិត្តនិយាយពីនេះពីនោះច្រើន ចូរកាត់បន្ថយដោយមុនពេលនិយាយទៅកាន់គេ កុំទាន់ចាប់ផ្ដើមភ្លាម ត្រូវទុកពេលគិតមួយភ្លែតពីថាចំណុចសំខាន់ដែលត្រូវនិយាយមានប៉ុន្មាន រួចហើយសឹមចាប់ផ្ដើមនិយាយ។

៥. បន្ដអនុវត្ត

ចំណុចទាំងបួនទាំងលើ គឺពិតណាស់ថាយើងគ្រប់រូបមិនអាចអានហើយអនុវត្តបានល្អលើកទីមួយទេ ដូចនេះ ដើម្បីក្លាយខ្លួនជាអ្នកពូកែទំនាក់ទំនងយើងត្រូវអនុវត្តវាម្ដងហើយម្ដងទៀត ពិនិត្យមើលថាមានកន្លែងណាអាចកែប្រែបាន ឬមិនគួរនិយាយនៅពេលក្រោយ…។ វាគឺជាច្បាប់ធម្មជាតិមួយដែលថា ការអនុវត្តកាន់តែច្រើននឹងធ្វើឲ្យយើងកាន់តែពូកែ។


អត្ថបទទាក់ទង

តើអ្វីជាគំនិត KASH ?

Leave a Reply