យុទ្ធសាស្ត្រសាមញ្ញចំនួន ៧ សម្រាប់ការ​សម្រេចចិត្ត​ក្រុមឲ្យ​មានប្រសិទ្ធភាព

នៅពេលអ្នកជួប​បញ្ហាពិបាកដោះស្រាយ អ្នកទំនងជានឹងយក​វា​ទៅ​ពិភាក្សាជា​​ក្រុម​។ តើ​មាន​អ្នក​ជួយ​គិត ​ប្រសើរ​ជាង​គិត​ម្នាក់ឯង​ មែនទេ? ​​វាមិន​អញ្ចឹងគ្រប់ពេលនោះ​ទេ​។ហេតុអ្វី? ការ​ប្រមូល​ចំណេះដឹងពី​មនុស្ស​​ច្រើននាក់​ មិនមែន​ធានាបាន​នូវលទ្ធផលល្អប្រសើររហូត​ទេ។ ដោយសារតែមានការពឹងផ្អែកខ្លាំងលើឋានានុក្រម សភាវគតិបង្ការ​ទៅ​នឹង​ការខ្វែង​​គំនិត​គ្នា​ និង​ចេតនាថែរក្សា​ភាព​ចុះ​សម្រុង​គ្នា​ ការធ្វើការក្រុម​ភាគច្រើន ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ Groupthink (គឺជាឈ្មោះទ្រឹស្តីមួយដែលត្រូវបានដាក់​ ដោយលោក អុឺវីង ចេនីស (Irving Janis, ១៩៧២) ដើម្បីពិពណ៌នាអំពីការសម្រេចចិត្តខុសដែលកើតមាន​ក្នុង​ក្រុម ដែលជាលទ្ធផលនៃការ​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​​ក្រុម)។ Shareholder Primacy: Paradigm or Groupthink — Directorship | science | law | economics

ការ​យល់​ឃើញ​ដែល​ភាន់​ច្រឡំ ​អាចនឹង​នាំ​ការ​សម្រេច​ចិត្ត​ក្រុម​ទៅទិសដៅមួយផ្សេងវិញ។​​ ភាព​លម្អៀង​​របស់​បុគ្គល​ អាច​កើតមានឡើង​ហើយ​រាល​ដាល​ពាស​ពេញ​ក្រុម​ ហើយ​នាំ​ឲ្យ​លទ្ធផល​ទទួល​បាន​ មាន​ភាព​ខុស​ឆ្ងាយ​និង​ផ្ទុយពី​ការ​ពេញ​ចិត្ត​របស់បុគ្គល​​​ម្នាក់ៗទៅវិញ។ ហើយភាគច្រើនរឿង​បែប​នេះ​កើតឡើង ដោយមិនដឹងខ្លួននោះ​ទេ​។

វា​មិនមែនមានន័យថា អ្នក​មិន​គួរធ្វើការសម្រេចចិត្តក្រុម​នោះ​ទេ​ ប៉ុន្តែអ្នកត្រូវបង្កើតបែប​ផែន​ការងារ​ត្រឹមត្រូវមួយ​ សម្រាប់ការសម្រេច​ចិត្ត​ក្រុម​។ ផ្អែកលើការស្រាវជ្រាវវិទ្យាសាស្ត្រ អំពីអាកប្បកិរិយា និងការសម្រេចចិត្ត បូក​រួម​​ជាមួយ​បទពិសោធន៍នៃការអនុវត្ត​ជាច្រើនឆ្នាំ យើងបានកំណត់យុទ្ធសាស្ត្រសាមញ្ញចំនួន ៧ សម្រាប់ការ​សម្រេចចិត្ត​ក្រុមឲ្យ​មានប្រសិទ្ធភាព៖

១. ពេល​អ្នក​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់​ អ្នក​គួរ​តែ​ពិភាក្សា​ក្នុង​ក្រុម​តូច

ការ​សម្រេច​ចិត្ត​ក្នុង​ក្រុមធំៗ ទំនងមានភាព​​លំអៀងខ្លាំង​​។ ឧទាហរណ៍នៃ​ការស្រាវជ្រាវបាន​បង្ហាញថា ក្រុមដែលមានសមាជិក ៧ នាក់ ឬច្រើនជាងនេះ ងាយនឹងមានភាពលំអៀង confirmation bias ។ ក្រុមកាន់​តែ​ធំ ទំនោរកាន់​តែ​ខ្លាំង ដែល​សមាជិកក្រុមធ្វើ​ការស្រាវជ្រាវ និងវាយតម្លៃព័ត៌មាន តាមរបៀបមួយដែលស្របទៅ​នឹងព័ត៌មាននិងជំនឿដែលពួក​គេ​មានរួច​ជា​ស្រេច​។ ដោយរក្សាក្រុមឱ្យនៅចន្លោះពី ៣ ទៅ ៥ នាក់ អ្នកអាចកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទាំងនេះ ខណៈដែលនៅតែអាច​ទទួលបានអត្ថប្រយោជន៍ពីទស្សនវិស័យផ្សេងៗគ្នា​។

២. ជ្រើសរើសក្រុមវិសមាណ

ការសិក្សាផ្សេងៗបានរកឃើញថា ក្រុមដែលរួម​បញ្ចូល​ដោយ​​បុគ្គលមានគំនិត និងជំនឿដូចគ្នា មានទំនោរខ្លាំង​ទៅរកការសម្រេចចិត្តលំអៀង។ ក្រុមដែលមានបុគ្គល​ទស្សនៈផ្ទុយគ្នា​ អាចមាន​ភាពលំអៀងតិច​ជាង។​ ទោះយ៉ាងណាក៏ដោយ វាក៏​អាស្រ័យទៅ​តាម​​បរិបទផង​ដែរ​​។ នៅពេលដែលព្យាយាមបំពេញភារកិច្ចស្មុគស្មាញ ដែលទាមទារជំនាញ និងទស្សនវិស័យផ្សេងៗ ដូចជាការងារ​ស្រាវជ្រាវ និងបង្កើត​បែប​ផែនជាដើម​ ក្រុមវិសមាណ​​អាចធ្វើ​ការ​បាន​ប្រសើរជាង។ ប៉ុន្តែចំពោះ​កិច្ច​ការ​ដដែលៗ ដូចជាការប្រកាន់ខ្ជាប់នូវនីតិវិធីសុវត្ថិភាពក្នុងការហោះហើរ ឬការថែរក្សាសុខភាព ក្រុមដែលមានភាពដូចគ្នាភាគច្រើនធ្វើបានល្អជាង។ ក្នុងនាមជាអ្នកដឹកនាំ ជាដំបូងអ្នកត្រូវយល់ពីលក្ខណៈនៃការសម្រេចចិត្ត ដែលអ្នកស្នើសុំឱ្យក្រុមធ្វើ មុនពេលអ្នកប្រមូលផ្តុំក្រុមដែលសមរម្យ។

៣. ចាត់​តាំងឲ្យ​មាន​អ្នក​ខ្វែង​យោបល់​ម្នាក់ (ឬពីរនាក់) 

វិធីមួយដើម្បីប្រឆាំងនឹងទំនោរនៃ ​groupthink ​ គឺការចាត់​តាំងអ្នកតស៊ូមតិម្នាក់​ឡើង​មក​។ មនុស្សម្នាក់​នេះ មានភារកិច្ចដើរតួជាអ្នកប្រឆាំងនឹងការឯកភាពគ្នា​របស់ក្រុម។ ការស្រាវជ្រាវបង្ហាញថា ការផ្តល់សិទ្ធិអំណាចដល់មនុស្សយ៉ាងហោចណាស់ម្នាក់ ឲ្យ​មានសិទ្ធិជំទាស់ការ​សម្រេចចិត្តរបស់ក្រុម អាចនាំឱ្យគុណភាព និងលទ្ធផលនៃការសម្រេចចិត្ត ​រីកចម្រើនគួរឱ្យកត់សម្គាល់។ សម្រាប់ក្រុមធំ ដែលមានសមាជិក ៧ នាក់ ឬច្រើនជាងនេះ ការ​ចាត់​តាំងអ្នកតស៊ូមតិយ៉ាងហោចណាស់ពីរនាក់ ដើម្បីប្រាកដថា អ្នកតស៊ូមតិម្នាក់ៗ​​ មិនត្រូវបានសមាជិកផ្សេងទៀតគិត​ថា​ ជា​អ្នក​បង្កបញ្ហារំខាននោះទេ។

៤. ប្រមូលមតិដោយឯករាជ្យ

ការ​ប្រមូល​ចំណេះ​ដឹងជា​ក្រុម គឺមានគុណប្រយោជន៍ ប្រសិនបើអ្នក​​ប្រើប្រាស់​វា​​ត្រឹមត្រូវ។ ដើម្បីទាញ​អត្ថប្រយោជន៍ច្រើនបំផុតពីសមត្ថភាពខុសៗ​គ្នានៃក្រុមរបស់អ្នក យើងសូមផ្តល់យោបល់​ឱ្យប្រមូលផ្តុំគំនិតទាំង​នោះម្តង​ម្នាក់ៗ​ មុននឹង​ដាក់​ឲ្យ​មាន​ការ​ពិភាក្សា​ជាក្រុម​។​ ឧទាហរណ៍ អ្នកអាចស្នើសុំឱ្យសមាជិកក្រុមម្នាក់ៗ​ កត់ត្រាគំនិតរបស់ពួកគេ ដោយឯករាជ្យ និងអនាមិក។ បន្ទាប់មក ឱ្យក្រុមវាយតម្លៃគំនិតទាំងអស់​​នោះ​ ដោយឯករាជ្យនិងអនាមិក ដោយមិនចាំបាច់ផ្តល់យោបល់អ្វី​ដល់សមាជិកក្រុមណាម្នាក់​ឡើយ។ ដោយធ្វើតាមរបៀប​​នេះ ក្រុមអាចទប់ទល់​នឹងភាពលំអៀង និង groupthink ។ បែបផែន​នេះ​ ក៏ធ្វើឱ្យការជះឥទ្ធិពល​ពី​ការ​​យល់​ឃើញរបស់​បុគ្គ​ល​​ដែលបាន​​ធ្វើ​ការ​យូរ​ឆ្នាំ​​ បុគ្គល​​ដែល​មើល​ទៅ​ដូច​អ្នក​ជំនាញ ឬ​បុគ្គល​ដែល​មាន​បំណងអ្វី​​ផ្សេង​​ មិនប៉ះ​ពាល់​អវិជ្ជមាន​ដល់​ការ​សម្រេចចិត្តក្រុមដែរ​​។

៥. បង្កើត​បរិយាកាស​សុវត្ថិភាព​ក្នុង​ការបញ្ចេញ​មតិ

ប្រសិនបើអ្នកចង់​ឲ្យ​សមាជិក​ក្រុម​ ចែករំលែកយោបល់ និងចូលរួមក្នុងតស៊ូ​មតិ​ក្នុង​ន័យស្ថាបនា​​ អ្នក​ត្រូវ​បង្កើត​បរិយាកាស​មួយ​ដែល​ឲ្យ​ពួក​គេ​មាន​អារម្មណ៍ថា ពួកគេអាចនិយាយដោយមិនខ្លាចការសងសឹក។

ចូរ​ជំរុញ និង​លើក​ទឹក​ចិត្ត​​​យ៉ាង​សកម្ម​លើ​ការឆ្លុះបញ្ចាំង​ និង​ពិភាក្សាគំនិត ឬចម្ងល់ ដែល​មាន​ការ​យល់​ឃើញ​ខុសៗគ្នា ដោយ​បង្កើត​បទពិសោធន៍ដែល​ម្នាក់​ៗ​ទទួល​បានការ​គោរព​។ ធាតុសំខាន់​ៗ​មាន​ចំនួន ៣ ដើម្បីអាច​បង្កើតបរិយាកាស​សុវត្ថិភាព និងប្រើប្រាស់ភាពចម្រុះរបស់ក្រុមយ៉ាងមានប្រសិទ្ធិភាពបំផុត។

  • ទីមួយ ត្រូវ​ឲ្យ​មតិ​ឆ្លើយ​តប​ ដោយ​ផ្តោត​លើ​យុទ្ធសាស្ត្រដែល​កំពុង​ពិភាក្សា មិនមែនលើបុគ្គលទេ។
  • ទីពីរ ត្រូវ​បង្ហាញមតិ​យោបល់ក្នុង​ន័យ​ស្នើសុំ​ មិនមែនជាបញ្ជា​ទេ។
  • ទីបី ត្រូវ​បង្ហាញមតិឆ្លើយ​តប​ តាមរបៀបដែលបង្ហាញថា អ្នកយល់ចិត្តនិងអបអរ​ ចំពោះបុគ្គលដែលចូល​រួម​ធ្វើការសហការ​ ​ដើម្បី​ឆ្ពោះទៅរកគោលដៅរួមរបស់អ្នក។

៦. កុំពឹងផ្អែកលើអ្នកជំនាញខ្លាំង​ពេក​

អ្នកជំនាញ អាចជួយក្រុមធ្វើការសម្រេចចិត្តឱ្យកាន់តែច្បាស់។ ទោះជាយ៉ាងណាក៏ដោយ ការជឿទុកចិត្តលើគំនិតយោបល់របស់អ្នកជំនាញ អាចធ្វើឱ្យក្រុមងាយនឹងលំអៀង និងបង្ខូចលទ្ធផល។ ការស្រាវជ្រាវបង្ហាញថា ការឲ្យ​អ្នក​ជំនាញ​ចូល​រួម​ក្នុង​ការសម្រេចចិត្ត អាចធ្វើឱ្យក្រុមសម្របគំនិតរបស់ពួកគេ ទៅតាមអ្នកជំនាញ។ ដូច្នេះការ​អញ្ជើញអ្នកជំនាញ គួ​រ​តែ​ធ្វើ​ឡើង​លើ​ប្រធានបទ​ជាក់​លាក់​ ហើយ​កំណត់យ៉ាងច្បាស់ថា ​ពួកគេជាភ្ញៀវ​តែប៉ុណ្ណោះ​។​

៧. ចែករំលែកទំនួលខុសត្រូវរួម

នៅទីបំផុត លទ្ធផលនៃការសម្រេចចិត្ត អាចត្រូវបានជះឥទ្ធិពលដោយធាតុដែលសាមញ្ញ ដូចជាការ​ជ្រើស​រើស​អ្នកនាំសាររបស់ក្រុម។ ជាញឹកញាប់ យើងសង្កេតឃើញថា បុគ្គលតែម្នាក់ទទួលខុសត្រូវចំពោះការជ្រើសរើសសមាជិកក្រុម រៀបចំរបៀបវារៈ និងការទំនាក់ទំនងលទ្ធផល។ ក្នុង​ករណី​នេះ​ ភាពលំអៀងរបស់​បុគ្គល អាចមានឥទ្ធិពលយ៉ាង​ងាយ​លើការសម្រេចចិត្តរបស់ក្រុមទាំងមូល​។ ការស្រាវជ្រាវបង្ហាញថា ទំនោរអវិជ្ជមានបែបនេះ អាចត្រូវបានទប់ទល់​យ៉ាងមានប្រសិទ្ធភាព ប្រសិនបើតួនាទីខុសគ្នា ត្រូវបានផ្តល់ទៅឱ្យសមាជិកក្រុមផ្សេងៗគ្នា ដោយផ្អែកលើជំនាញរបស់ពួកគេ។ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​ សមាជិកទាំងអស់ គួរតែមានគណនេយ្យភាព ចំពោះដំណើរការនៃការសម្រេចចិត្តរបស់ក្រុម និងលទ្ធផលចុងក្រោយ។ វិធីមួយដែល​យើង​អាច​ធ្វើ​ គឺស្នើសុំឱ្យក្រុមការងារចុះហត្ថលេខាលើសេចក្តីថ្លែងការទទួលខុសត្រូវរួមគ្នានៅដើមដំបូង ដែលនឹង​នាំឱ្យមានការចែកចាយថាមពលកាន់តែមានតុល្យភាព និងការផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមក។

សម្រួលពី៖ 7 Strategies for Better Group Decision-Making by Torben Emmerling and Duncan Rooders on Havard Business Review (www.hbr.org) 


អត្ថបទទាក់ទង

មេរៀនភាពជាអ្នកដឹកនាំចំនួន ៦ ដែលយើងអាចរៀនសូត្រពីសត្វស្រមោច

Leave a Reply