ចំណុចសំខាន់ៗទាំង ៧ នៃការប្រាស្រ័យទាក់ទង (7Cs)

ចូរអ្នកសាកគិតទៅមើលថាតើក្នុងមួយថ្ងៃៗ អ្នកត្រូវប្រាស្រ័យទំនាក់ទំនងជាមួយមនុស្សញឹកញាប់កម្រិតណា។

អ្នកត្រូវការសរសេរអ៊ីម៉ែល សម្របសម្រួលការប្រជុំ ចូលរូមការហៅទូរស័ព្ទក្នុងសន្និបាត ធ្វើរបាយការណ៍ រៀបចំបទបង្ហាញ តស៊ូមតិជាមួយអ្នករួមការងារ និងកិច្ចការដទៃច្រើនទៀត។

យើងស្ទើរតែចំណាយពេលវេលាមួយថ្ងៃពេញរបស់យើងក្នុងការប្រាស្រ័យទំនាក់ទំនងគ្នា។ ដូច្នេះតើយើងអាចផ្តល់ការជំរុញដ៏ធំធេងយ៉ាងដូចម្តេច ចំពោះផលិតភាពរបស់យើង? យើងអាចធ្វើឲ្យប្រាកដបានថាយើងនឹងធ្វើការទំនាក់ទំនងតាមវិធីសាស្រ្តដែលមានប្រសិទ្ធិភាពបំផុត និងច្បាស់លាស់តាមដែលយើងអាចធ្វើបាន។

អាស្រ័យហេតុនេះហើយ បានជារបៀបទំនាក់ទំនងទាំង ៧ ចំណុចមានសារៈសំខាន់។ របៀបទំនាក់ទំនងទាំង ៧ ចំណុចផ្តល់ឲ្យអ្នកនូវបញ្ជីត្រួតពិនិត្យមួយសម្រាប់ធ្វើឲ្យប្រាកដថាការប្រជុំរបស់អ្នក អ៊ីម៉ែលរបស់អ្នក ការហៅទូរស័ព្ទក្នុងសន្នីបាត របាយការណ៍ និងបទបង្ហាញរបស់អ្នកនឹងត្រូវបានរៀបចំបានល្អ និងច្បាស់លាស់។ ការធ្វើដូច្នេះធ្វើឲ្យដែលអ្នកទទួលព័ត៌មានពីអ្នក ទទួលបានសារដែលអ្នកចង់បញ្ជូន។

ផ្អែកលើចំណុចទាំង៧ ការប្រាស្រ័យទំនាក់ទំនងត្រូវតែមានលក្ខណៈដូចជា៖

  • ច្បាស់លាស់ (Clear)
  • សង្ខេប (Concise)
  • ជាក់លាក់ (Concrete)
  • ត្រឹមត្រូវ (Correct)
  • សមស្រប (Coherent)
  • ពេញលេញ (Complete)
  • គួរសម (Courteous)

ក្នុងអត្ថបទខាងក្រោមនេះ យើងនឹងពិនិត្យនូវចំណុចនៃការទំនាក់ទំនងទាំង ៧ និងបង្ហាញធាតុនីមួយៗជាមួយនឹងឧទាហរណ៍ល្អ និងឧទាហរណ៍មិនល្អ។

១. ច្បាស់លាស់ (Clear)

នៅពេលដែលអ្នកសរសេរ ឬនិយាយទៅកាន់នរណាម្នាក់ អ្នកត្រូវតែច្បាស់លាស់អំពីគោលបំណង ឬសាររបស់អ្នក។ តើអ្នកមានគោលបំណងអ្វីក្នុងការទំនាក់ទំនងជាមួយម្នាក់នេះ? ប្រសិនបើអ្នកមិនច្បាស់លាស់នោះទេ នោះអ្នកទទួលសាររបស់អ្នកក៏នឹងមិនច្បាស់លាស់អំពីគោលបំណងរបស់អ្នកដែរ។
ដើម្បីឲ្យមានភាពច្បាស់លាស់ អ្នកត្រូវព្យាយាមកាត់បន្ថយចំនួនគំនិតក្នុងប្រយោគនីមួយៗ។ អ្នកត្រូវប្រាកដថា វាងាយស្រួលសម្រាប់អ្នកអានក្នុងការយល់ន័យរបស់អ្នក។ មនុស្សទាំងឡាយមិនចាំបាច់ត្រូវតែ «អានតាមបន្ទាត់» ហើយធ្វើសេចក្តីសន្និដ្ឋានដោយផ្អែកតាមការយល់របស់គេពីអ្វីដែលអ្នកកំពុងព្យាយាមនិយាយនោះទេ

ឧទាហរណ៍មិនល្អ៖

សួស្តី ចន,
ខ្ញុំចង់សរសេរខ្លីៗឲ្យអ្នកដឹងអំពី ដាន៉្យែលដែលធ្វើការក្នុងនាយកដ្ឋានរបស់អ្នក។ គាត់គឺ ជាទ្រព្យដ៏សំខាន់មួយ ហើយខ្ញុំចង់ពិភាក្សាជាមួយអ្នកបន្ថែមអំពីគាត់ពេលដែលអ្នកមានពេលទំនេរ។
ដោយការគោរព,

តើអ៊ីម៉ែលនេះចង់និយាយពីអ្វី? យើងមិនច្បាស់ទេ។ ជាបឋម ប្រសិនបើនៅក្នុងនាយកដ្ឋានរបស់ ចន មានបុគ្គលិកឈ្មោះ ដាន៉្យែល ច្រើន ចននឹងមិនដឹងថាតើនរណាម្នាក់ដែល ស្គីប កំពុងតែសំដៅលើនោះទេ។

បន្ទាប់មកទៀត តើដាន៉្យែលបានកំពុងធ្វើអ្វី ឲ្យច្បាស់ដែលបានល្អនោះ? យើងក៏មិនដឹងដែរ។ វាមានភាពស្រពិចស្រពិលណាស់ដែល ចន នឹងត្រូវសរសេរអ៊ីម៉ែលឆ្លើយតបទៅវិញដើម្បីផ្តល់ព័ត៌មានបន្ថែម។

ចុងបញ្ចប់ថាតើអ៊ីម៉ែលនេះមានគោលបំណងអ្វី? តើ ស្គីប គ្រាន់តែចង់សំណេះសំណាលអំពី ដាន៉្យែល ឬក៏មានគោលបំណងសំខាន់ជាក់លាក់ណាមួយ? ក្នុងសារដែលផ្ញើរនេះ វាគ្មានអ្វីដែលបង្ហាញអំពីគោលបំណងសោះ ហេតុនេះហើយវាមើលទៅគឺភាន់ច្រឡំបន្តិច។

ឧទាហរណ៍ល្អ៖

សួស្តី ចន,

ខ្ញុំចង់សរសេរខ្លីៗឲ្យអ្នកដឹងអំពី ដាន៉្យែល ខេដារ ដែលធ្វើការក្នុងនាយកដ្ឋានជាមួយអ្នក។

ក្នុងសប្តាហ៍ថ្មីៗនេះ គាត់បានជួយដោះស្រាយការងាររបស់នាយកដ្ឋានព័ត៌មានវិទ្យាឲ្យបានទាន់ពេលវេលាដែលបានកំណត់។

យើងកំពុងតែមានគម្រោងថ្មីមួយទៀតដែលនឹងត្រូវដំណើរការក្នុងរយៈពេល ៣ ខែខាងមុខនេះ ហើយយើងមើលឃើញពីចំណេះដឹងក៏ដូចជាជំនាញដ៏មានតម្លៃរបស់គាត់ដែលគាត់បានបង្ហាញ។ តើយើងអាចសុំឲ្យគាត់ជួយការងាររបស់ពួកយើងបានដែរឬទេ?

ខ្ញុំរីករាយនឹងជួបអ្នកដើម្បីសំណេះសំណាលអំពីបញ្ហានេះ។ តើពេលណាជាវេលាល្អក្នុងការហៅទូរស័ព្ទទៅអ្នកដើម្បីពិភាក្សាបញ្ហានេះបន្ថែម?

ដោយក្តីគោរព,

ស្គីប

សារអ៊ីម៉ែលទីពីរមានលក្ខណៈច្បាស់លាស់ជាង ពីព្រោះអ្នកអានគាត់ទទួលបាននូវព័ត៌មានដែលគាត់ត្រូវការដើម្បីចាប់ផ្តើមធ្វើសកម្មភាព។

២. សង្ខេប (Concise)

នៅពេលដែលអ្នកសង្ខេបខ្លីការទំនាក់ទំនងរបស់អ្នក អ្នកនឹងផ្តោតតែលើចំណុចសំខាន់ៗ និងរក្សាការទំនាក់ទំនងឲ្យមានលក្ខណៈត្រួសៗ។ អ្នកស្តាប់របស់អ្នកមិនចង់អានឃ្លា ៦ប្រយោគ នៅពេលដែលអ្នកអាចនិយាយសាររបស់អ្នកប្រាប់គាត់តែ ៣ប្រយោគនោះទេ។

  • តើមាន«គុណនាម» ឬ«ពាក្យរំខាន»ណាមួយដែលអ្នកអាចលុបចោលបាន? អ្នកអាចធ្វើការលុបចោលនូវពាក្យមួយចំនួនដូចជា «ឧទាហរណ៍ថា» «អ្នកឃើញទេ?» «ដូចជា» «ជាក់ស្តែង» «តាមពិតទៅ» ឬក៏ «ខ្ញុំចង់មានន័យថា»។
  • តើមានឃ្លា ឬប្រយោគណាដែលមិនចាំបាច់ដែរឬទេ?
  • តើអ្នកមាននិយាយចំណុចដដែលៗសារឡើងវិញច្រើនដងដែរឬទេ?

ឧទាហរណ៍មិនល្អ៖

សួស្តី ម៉ាត,

ខ្ញុំចង់សួរនាំអ្នកផ្ទាល់អំពីអ៊ីម៉ែលទាក់ទងនឹងយុទ្ធនាការទីផ្សារដែលយើងបានគ្រោងទុកកាលពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុន។ ខ្ញុំគិតថាទីផ្សារគោលដៅរបស់យើងពិតជានឹងចង់ឃើញការខិតខំប្រឹងប្រែងដ៏សប្បុរសរបស់ក្រុមហ៊ុន។ ខ្ញុំគិតថាវានឹងធ្វើឲ្យមានផលជះយ៉ាងធំមួយ ហើយវាក៏អាចនឹងស្ថិតនៅក្នុងចិត្តរបស់ពួកគេបានយូរជាងចំណុចកំពូលនៃការលក់ទៅទៀត។ ឧទាហរណ៍ ប្រសិនបើយើងនិយាយពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការធ្វើឲ្យមាននិរន្តរភាព ក៏ដូចជាការងារសប្បុរសធម៌ដែលយើងកំពុងធ្វើនៅក្នុងសាលារៀនមួយចំនួន នោះអ្នកដែលយើងចង់ទាក់ទាញប្រាកដជាចងចាំនូវសាររបស់យើងក្នុងរយៈពេលយូរ។ ហើយផលជះនឹងកាន់តែល្អប្រសើរ។

តើអ្នកយល់យ៉ាងណាដែរ?

ពី ចេស៊ីកា

អ៊ីម៉ែលនេះ គឺវែងពេក ហើយវាមានកន្លែងនិយាយជាន់គ្នា និងមានពាក្យបំពេញបង្រ្គប់មួយចំនួនដែលគ្រាន់តែសរសេរយកកន្លែងប៉ុណ្ណោះ។

ឧទាហរណ៍ល្អ៖

សូមពិនិត្យថាមានអ្វីកើតឡើងនៅពេលដែលអ្នកចេះសង្ខេប ហើយលុបចោលនូវពាក្យរំខានចេញ៖

សួស្តី ម៉ាត,

ខ្ញុំចង់ពិភាក្សាជាមួយអ្នកបន្តិចអំពីអ៊ីម៉ែលដែលទាក់ទងនឹងយុទ្ធនាការទីផ្សារដែលយើងបានវិភាគហើយកាលពីថ្ងៃព្រហស្បតិ៍មុន។ ទីផ្សារគោលដៅរបស់យើងនឹងចង់ដឹងអំពីការខិតខំប្រឹងប្រែងផ្នែកសប្បុរសធម៌របស់យើង ជាពិសេសគោលដៅរបស់យើងក្នុងការធ្វើឲ្យមាននិរន្តរភាព និងការជួយដល់សាលារៀន។

វាអាចនឹងធ្វើឲ្យមានផលជះដ៏ប្រសើរមួយ ហើយវានឹងស្ថិតនៅក្នុងចិត្តរបស់ពួកគេបានយូរអង្វែងជាងការលក់បែបបុរាណៗធម្មតា។

តើអ្នកគិតយ៉ាងណាដែរ?

ពី ចេស៊ីកា,

៣. ជាក់លាក់ (Concrete)

នៅពេលដែលសាររបស់អ្នកមានលក្ខណៈជាក់លាក់នោះអ្នកស្តាប់របស់អ្នកនឹងអាចមានរូបភាពច្បាល់លាស់មួយនៃអ្វីដែលអ្នកកំពុងតែប្រាប់គេ។ វាមានសេចក្តីលម្អិត (តែមិនច្រើនពេកទេ) និងការពិតជាក់ស្តែងណាមួយ ហើយនិងការផ្តោតសំខាន់ដ៏មុតមាំមួយ។ នោះសាររបស់អ្នកនឹងមានគ្រឹះរឹងមាំ។

ឧទាហរណ៍មិនល្អ៖

សាកល្បងពិចារណាការផ្សាយពាណិជ្ជកម្មខាងក្រោម៖

The Lunchbox Wizard នឹងសន្សំពេលវេលារបស់អ្នកជារៀងរាល់ថ្ងៃ។

ឃ្លាបែបនេះប្រហែលជានឹងមិនលក់ផលិតផលទាំងនេះបានច្រើនឡើយ។ វាហាក់ដូចជាគ្មានចំណង់ គ្មានព័ត៌មានលម្អិត គ្មានអ្វីដែលធ្វើឲ្យមានមនោសញ្ចេតនា ហើយក៏គ្មានអ្វីដែលប្រាប់អ្នកដែលជាអ្នកស្តាប់ថា ហេតុអ្វីបានជាពួកគេត្រូវខ្វល់។ សារនេះមិនមានលក្ខណៈជាក់លាក់គ្រប់គ្រាន់ដើម្បីធ្វើការផ្លាស់ប្តូរនោះទេ។

ឧទាហរណ៍ល្អ៖

តើជារៀងរាល់ថ្ងៃអ្នកចំណាយពេលវេលាប៉ុន្មានក្នុងការខ្ចប់អាហារថ្ងៃត្រង់ឲ្យកូនរបស់អ្នក? លែងមានបញ្ហាទៀតហើយ! គ្រាន់តែយកឈុត Lunchbox Wizard ពីទូរទឹកកករបស់អ្នករាល់ថ្ងៃដើម្បីឲ្យកូនៗរបស់អ្នកទទួលបាននូវអាហារថ្ងៃត្រង់ប្រកបដោយសុខភាពល្អ។ ហើយអ្នកក៏មានពេលវេលាច្រើនជាងមុនដើម្បីលេង និងអានជាមួយកូនៗរបស់អ្នក។

ការផ្សាយពាណិជ្ជកម្មនេះគឺប្រសើរជាងលើកមុនព្រោះថាវាមានរូបភាពជាក់លាក់។ ទស្សនិកជនអាចស្រមៃឃើញនូវពេលវេលាដ៏មានតម្លៃដែលពួកគេចំណាយជាមួយកូនៗរបស់ពួកគេ។ ដូច្នេះតើមានអ្វីដែលឳពុកម្តាយអាចប្រកែកបានទៀត? លើសពីនេះ ការដែលបញ្ជាក់ថាផលិតផលនឹងត្រូវរក្សាទុកក្នុងទូរទឹកកក ប្រាប់យើងថាគំនិតនេះគឺជាការអនុវត្តជាក់ស្តែង។ សារទាំងនេះហាក់ដូចជារស់រវើកតាមរយៈព័ត៌មានលម្អិតទាំងនេះ។

៤. ត្រឹមត្រូវ (Correct)

នៅពេលដែលការប្រាស្រ័យទំនាក់ទំនងមានលក្ខណៈត្រឹមត្រូវ វាសាកសមនឹងទស្សនិកជនរបស់អ្នក។ ហើយការទំនាក់ទំនងដែលមានលក្ខណៈត្រឹមត្រូវ គឺជាការទំនាក់ទំនងដែលមិនមានកំហុស។

  • តើពាក្យបច្ចេកទេសដែលអ្នកប្រើប្រាស់សាកសមនឹងកម្រិតការអប់រំ ឬចំណេះដឹងរបស់អ្នកស្តាប់ដែរឬទេ?
  • តើអ្នកបានត្រួតពិនិត្យកំហុសវេយ្យាករណ៍ក្នុងការសរសេររបស់អ្នកហើយឬនៅ? អ្នកត្រូវចាំថា អ្នកពិនិត្យការប្រកបនឹងមិនចាប់បានរាល់កំហុសនោះទេ។
  • តើរាល់ឈ្មោះ និងតួនាទីប្រកបត្រូវហើយឬនៅ?

ឧទាហរណ៍មិនល្អ៖

សួស្តី ដាន៉្យែល,

អរគុណដែលយល់ព្រមជួបខ្ញុំនៅម៉ោងបាយកាលពីថ្ងៃត្រង់នេះ។ ខ្ញុំរីករាយណាស់ជាមួយនឹងការសន្ទនារបស់យើង ហើយខ្ញុំសង្ឃឹមថាធ្វើការសហការបន្តជាមួយអ្នកលើគម្រោងបន្ទាប់របស់យើង។ ខ្ញុំជឿថាថ្ងៃកំណត់ក្នុងពេលពីរសប្តាហ៍នឹងមិនមែនជាបញ្ហានោះទេ។

អរគុណម្តងទៀត ហើយខ្ញុំនឹងជួបនិយាយជាមួយអ្នកឆាប់ៗនេះ!

ដោយការគោរព,

ជេក មៀលើ

ប្រសិនបើអ្នកអានឧទាហរណ៍នោះឲ្យលឿន នោះអ្នកប្រហែលជាមិនបានឃើញកំហុសណាមួយឡើយ។ ប៉ុន្តែបើអ្នកមើលឲ្យជាក់ អ្នកនឹងរកឃើញកំហុសពីរ។ តើអ្នកឃើញទេ?

កំហុសទីមួយ​ គឺថាអ្នកវាយអត្ថបទគាត់បានវាយពាក្យ conservation ជំនួសឲ្យពាក្យ conversation។ កំហុសបែបនេះ អាចនឹងកើតឡើងនៅពេលដែលអ្នកវាយអត្ថបទលឿនពេក។ ហើយកំហុសមួយទៀត គឺការប្រើពាក្យ weak ជំនួសឲ្យពាក្យ week ពេលសំដៅលើសប្តាហ៍។

ជាថ្មីម្តងទៀត អ្នកត្រួតពិនិត្យការប្រកបមិនប្រាកដថាអាចមើលឃើញពាក្យដែលសរសេរខុសនោះទេ។ អាស្រ័យហេតុនេះហើយ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការអានអត្ថបទក្រោយសរសេរសារជាថ្មីមុនផ្ញើរចេញ។

៥. សមស្រប (Coherent)

នៅពេលដែលការធ្វើទំនាក់ទនងរបស់អ្នកមានលក្ខណៈសមស្របនោះវានឹងមានលក្ខណៈឡូជីក (សមហេតុផល)។ រាល់ចំណុចទាំងអស់គឺ មានទំនាក់ទំនងគ្នា ហើយវាស្របទៅនឹងប្រធានបទសំខាន់។ លើសពីនេះលំហូរ និងការប្រើប្រាស់ពាក្យក្នុងអត្ថបទគឺសមស្រប ហើយស៊ីសង្វាក់គ្នា។

ឧទាហរណ៍មិនល្អ៖

សួស្តី ត្រាស៊ី,

ខ្ញុំចង់សរសេរប្រាប់អ្នកអំពីរបាយការណ៍ដែលអ្នកបានបញ្ចប់កាលពីសប្តាហ៍មុន។ ខ្ញុំបានឲ្យវាទៅ មីឆែល ដើម្បីអានឡើងវិញ ហើយនាងចង់បញ្ជាក់ជាមួយអ្នកថាអ្នកបានដឹងអំពីអាគារប្រជុំដែលយើងនឹងរៀបចំការប្រជុំនៅថ្ងៃសុក្រខាងមុខនេះ។ យើងនឹងមានរៀបចំធ្វើគម្រោងមួយទៀតសម្រាប់សៀវភៅកាត់ត្រាបុគ្គលិកថ្មី។

អរគុណ,

មីឆេល

ដូចដែលអ្នកបានឃើញថាក្នុងអ៊ីម៉ែលនេះមិនបានប្រាប់ពីចំណុចសំខាន់របស់វាបានល្អនោះទេ។ តើមតិត្រឡប់របស់មីឆេលអំពីរបាយការណ៍របស់ត្រាស៊ីនៅឯណា? គាត់បានលើកវាយកមកនិយាយដំបូង ប៉ុន្តែបន្ទាប់មកទៀតគាត់បានផ្លាស់ប្តូរប្រធានបទទៅនិយាយអំពីការប្រជុំនៅថ្ងៃសុក្រវិញ។

ឧទាហរណ៍ល្អ៖

សួស្តី ត្រាស៊ី,

ខ្ញុំចង់សរសេរប្រាប់អ្នកអំពីរបាយការណ៍ដែលអ្នកបានបញ្ចប់កាលពីសប្តាហ៍មុន។ ខ្ញុំបានឲ្យវាទៅ មីឆេល ដើម្បីអាន និងត្រួតពិនិត្យឡើងវិញ ហើយគាត់បានប្រាប់ខ្ញុំថាវាមានកន្លែងខ្លះដែលអ្នកត្រូវធ្វើការផ្លាស់ប្តូរ។ គាត់នឹងផ្ញើរអ៊ីម៉ែលទៅអ្នកអំពីយោបល់លម្អិតរបស់គាត់នៅរសៀលនេះ។

អរគុណ,

ពីមីឆេល

ចំណាំថាក្នុងឧទារណ៍ខាងលើ មីឆេល មិនបាននិយាយពីការប្រជុំនៅថ្ងៃសុក្រនោះទេ។ នេះមកពីការរំលឹកការប្រជុំគួរតែផ្ញើរចេញក្នុងអ៊ីម៉ែលដាច់ដោយឡែក។ ការធ្វើបែបនេះ ត្រាស៊ីអាចលុបអ៊ីម៉ែលអំពីមតិត្រឡប់លើរបាយការណ៍បានបន្ទាប់ពីគាត់ធ្វើការផ្លាស់ប្តូរហើយ។ យ៉ាងណាមិញគាត់អាចរក្សាអ៊ីម៉ែលអំពីការប្រជុំទុកជាការរំលឹកសម្រាប់គាត់ឲ្យចូលរួម។ រាល់អ៊ីម៉ែលគួរតែមានប្រធានបទ ឬចំណងជើងតែមួយគត់។

៦. ពេញលេញ (Complete)

នៅក្នុងសារពេញលេញមួយ អ្នកស្តាប់មានព័ត៌មានគ្រប់យ៉ាងដែលគាត់ត្រូវដឹង ហើយប្រសិនបើអាចគាត់នឹងមានចាត់សកម្មភាព។

  • តើសាររបស់អ្នកបានបញ្ចូលការ «ធ្វើសកម្មភាព» ឬទេ នោះអ្នកទទួលសាររបស់អ្នកនឹងដឹងច្បាស់ថាអ្នកចង់ឲ្យពួកគាត់ធ្វើអ្វីបន្ទាប់?
  • តើអ្នកបានរួមបញ្ចូលនូវព័ត៌មានសំខាន់ៗដូចជាឈ្មោះអ្នកទំនាក់ទំនង កាលបរិច្ឆេទ ពេលវេលា ទីតាំង និងព័ត៌មានផ្សេងៗទៀតហើយឬនៅ?

ឧទាហរណ៍មិនល្អ៖

សួស្តីអ្នកទាំងអស់គ្នា,

ខ្ញុំចង់ផ្ញើរអ៊ីម៉ែលដើម្បីរំលឹកអ្នកទាំងអស់គ្នាអំពីការប្រជុំនៅថ្ងៃស្អែក។

ជួបគ្នាស្អែក,

គ្រីស

ជាក់ស្តែង សារនេះគឹមិនមានលក្ខណៈពេញលេញនោះទេ។ ការប្រជុំអី? នៅពេលណា? នៅកន្លែងណា? គ្រីសមិនបានផ្តល់ព័ត៌មានចាំបាច់ដល់ក្រុមការងាររបស់គាត់ទេ។

ឧទាហរណ៍ល្អ៖

សួស្តី អ្នកទាំងអស់គ្នា,

ខ្ញុំគ្រាន់តែចង់រំលឹកអ្នកទាំងអស់គ្នាអំពីការប្រជុំនៅថ្ងៃស្អែកអំពីគោលការណ៍ទូរគមនាគមន៍ថ្មី។ ការប្រជុំនឹងធ្វើឡើងនៅម៉ោង ១០ ព្រឹក នៅសាលប្រជុំជាន់ទី ២។ សូមប្រាប់ខ្ញុំឲ្យបានដឹងមុនប្រសិនបអ្នកមិនអាចចូលរួមបាន។

ជួបគ្នាស្អែក,

គ្រីស

៧. គួរសម (Courteous)

ការទំនាក់ទំនងដែលគួរសមគឺ មានលក្ខណៈរាក់ទាក់ បើកចំហ និងស្មោះត្រង់។ វាគ្មានការប្រមាថ ឬស្តីបន្ទោសនៅពីក្រោយខ្នង ឬការប្រើប្រាស់សម្តី ឬពាក្យពេចន៍ធ្ងន់ធ្ងរដាក់គ្នានោះទេ។ អ្នករក្សាការយល់ឃើញរបស់អ្នកអានទុកក្នុងចិត្ត ហើយអ្នកត្រូវស្វែងយល់ពីតម្រូវការរបស់ពួកគេ។

ឧទាហរណ៍មិនល្អ៖

ចេហ្វ,

ខ្ញុំចង់ប្រាប់ឲ្យអ្នកដឹងថាខ្ញុំមិនសូវជាពេញចិត្តនឹងរបៀបដែលក្រុមការងាររបស់អ្នកតែងតែនិយាយផ្តាច់មុខក្នុងការពិភាក្សាក្នុងអង្គប្រជុំប្រចាំសប្តាហ៍។ ខ្ញុំមានគម្រោងជាច្រើន ហើយខ្ញុំត្រូវការពេលវេលាដើម្បីពិភាក្សាពីដំណើរការវឌ្ឍនភាពរបស់ក្រុមការងាររបស់ខ្ញុំផងដែរ។ កន្លងមក ខ្ញុំអរគុណចំពោះនាយកដ្ឋានរបស់អ្នក ហើយខ្ញុំមិនទាន់បានធ្វើដូចក្រុមអ្នកនោះទេ។ តើអ្នកអាចធានាថាពួកគេនឹងទុកពេលសម្រាប់ខ្ញុំ និងក្រុមការងាររបស់ខ្ញុំនៅសប្តាហ៍ក្រោយបានដែរឬទេ?

អរគុណ,

ហ្វីល

សារបែបនេះពិបាកនឹងថាគួរសមណាស់។ សារប្រភេទនេះអាចនឹងបង្កឲ្យមានការឈ្លោះប្រកែកគ្នាខ្លាំងក្នុងការិយាល័យ។ ហើយអ៊ីម៉ែលនេះមិនមានផ្តល់ប្រយោជន៍អ្វីទេក្រៅពីការធ្វើឲ្យមានអារម្មណ៍មិនល្អចំពោះគ្នា និងធ្វើឲ្យការជឿជាក់គ្នា និងផលិតភាពចុះទាប។ ទោះបីជានៅក្នុងកាលៈទេសៈពិបាកបន្តិច បើសិនជាមានការនិយាយស្តីមានការគួរសមតែបន្តិចនោះក៏អាចជួយសម្រួលការទំនាក់ទំនងបានដែរ។

ឧទាហរណ៍ល្អ៖

សួស្តី ចេហ្វ,

ខ្ញុំសរសេរអ៊ីម៉ែលនេះដើម្បីស្នើរសុំការជួយពីអ្នក។ ក្នុងកំឡុងពេលប្រជុំប្រចាំសប្តាហ៍ ក្រុមការងាររបស់អ្នកធ្វើកិច្ចការបានល្អណាស់ក្នុងការលើកឡើងនូវដំណើរវឌ្ឍនភាពរបស់ពួកគេ។ យ៉ាងណាមិញ ការលើកបង្ហាញនេះហាក់ដូចជាប្រើពេលវេលាដែលមានសម្រាប់ក្រុមការងាររបស់ខ្ញុំក្នុងការលើកឡើងចំណុចដំណើរការរបស់ពួកគេ។ ខ្ញុំពិតជាត្រេកអរ ប្រសិនបើអ្នកអាចទុកពេលវេលាបន្ថែមខ្លះ សម្រាប់ក្រុមការងាររបស់ខ្ញុំរៀងរាល់សប្តាហ៍ ដើម្បីបង្ហាញដំណើរការវឌ្ឍនភាពការងាររបាយការណ៍របស់ពួកគេឲ្យចប់សព្វគ្រប់។

អរគុណខ្លាំងណាស់ ហើយសូមជួយប្រាប់ខ្ញុំឲ្យដឹងប្រសិនបើមានការអ្វីដែលខ្ញុំអាចជួយអ្នកបាន។

ហ្វីល,

អ្វីដែលជាភាពខុសគ្នា។ អ៊ីម៉ែលនេះ គឺមានលក្ខណៈគួរសម និងរាក់ទាក់ ហើយវាមានឱកាសតិចក្នុងការនាំឲ្យមានអារម្មណ៍មិនល្អនៅក្នុងការិយាល័យ។

ចំណាំ៖

វាមានការផ្លាស់ប្តូរមួយចំនួនក្នុងចំណុចទាំង ៧ នៃការទំនាក់ទំនង៖

  • ទំនុកចិត្ត៖ តើសាររបស់អ្នកបានបង្ហាញពីទំនុកចិត្តរបស់អ្នកដែរឬទេ? វាពិតជាមានសារៈសំខាន់ជាពិសេសនៅពេលដែលអ្នកមានប្រាស្រ័យទាក់ទងជាមួយអ្នកស្តាប់ដែលមិនសូវស្គាល់អ្នកច្បាស់។
  • ការច្នៃប្រតិដ្ឋ៖ តើសាររបស់អ្នកមានការប្រាស្រ័យទាក់ទងប្រកបដោយភាពច្នៃប្រឌិតដែរឬទេ? ការទំនាក់ទំនងដែលមានលក្ខណៈច្នៃប្រឌិតជួយរក្សាគោលដៅរបស់អ្នកឲ្យចូលរួមបានច្រើន។

ចំណុចគន្លឹះ

ពួកយើងទាំងអស់គ្នាត្រូវការប្រាស្រ័យទាក់ទងជារៀងរាល់ថ្ងៃ។ កាលណាយើងមានទំនាក់ទំនងល្អប្រសើរ យើងកាន់តែទទួលបានភាពទុកចិត្តពីអតិថិជន ចាហ្វាយនាយ និងមិត្តរួមការងាររបស់យើង។

ត្រូវប្រើចំណុចសំខាន់ទាំង ៧ ក្នុងការទំនាក់ទំនងជាបញ្ជីត្រួតពិនិត្យមួយសម្រាប់រាល់ការទំនាក់ទំនងរបស់អ្នក។ ការទំនាក់ទំនងបែបនេះ ធ្វើឲ្យអ្នកមានភាពច្បាស់លាស់ សង្ខេប ជាក់លាក់ ត្រឹមត្រូវ ពេញលេញ និង គួរសម។

សម្រួលពី៖ MindTools, The 7 Cs of Communication (https://www.mindtools.com/)


អត្ថបទទាក់ទង

តើការប្រាស្រ័យទាក់ទងពិតជាកើតឡើងដោយការនិយាយមែនឬ?

Leave a Reply