យុទ្ធសាស្រ្តសំខាន់ៗចំនួន៦ ដើម្បីក្លាយជាមេដឹកនាំមានឥទ្ឋិពល

មនុស្សដែលមានឥទ្ឋិពល ហាក់ដូចជាមានដែនម៉ាញ៉េទិចដែលអាចទាក់ទាញអ្នកដទៃ ដោយភាពទាក់ទាញរបស់ពួកគេ។ មនុស្សខ្លះមានបញ្ហានៅត្រង់ចំណុចនេះ ខណៈអ្នកផ្សេងទៀតកំពុងរៀនពីវា ហើយអ្នកខ្លះទៀតមិនដែលខ្វល់ខ្វាយសូម្បីតែម្តង។ ការទាក់​ទាញ​ដែលប្រៀបដូចជាដែនម៉ាញ៉េទិចនេះ ពិតជាជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់ឱកាសរបស់អ្នកដទៃដើម្បីទទួលបានជោគជ័យ។ ជាធម្មតា មនុស្សមានឥទ្ឋិពល ត្រូវបានគេគ្រប់គ្នាចាត់ទុកថា ជាមនុស្សដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយវត្តមានរបស់ពួកគេ គឺជាអ្វីដែលអ្នកដទៃចង់បាន។ តាមការស្រាវជ្រាវត្រូវបានបង្ហាញបុគ្គលទាំងនេះថា ច្រើនតែជាមនុស្សដែលគេត្រូវការខ្លាំងបំផុត នៅពេលនិយាយទៅដល់ការលើកទឹកចិត្ត។

សមត្ថភាពដើម្បីបង្កើតឥទ្ធិពល និងប្រើមនុស្ស ជាលក្ខណៈចាំបាច់ណាស់សម្រាប់អ្នកច្នៃប្រតិដ្ឋ និងមេដឹកនាំ។ មេដឹកនាំ ត្រូវតែពូកែខាងជំរុញទឹកចិត្តក្រុមការងារដើម្បីប្រឹងប្រែងធ្វើការជាមួយគ្នា និងសម្រេចបានគោលដៅរួម។ ដូច្នេះហើយ តើមេដឹកនាំអាចបង្កើតឥទ្ធិពលរបស់គេដោយរបៀបណា? ខាងក្រោមនេះជាយុទ្ធសាស្រ្តមួយចំនួនដែលមេដឹកនាំខ្លាំងពូកែតែងតែអនុវត្ត៖

១. ស្តាប់មុននឹងនិយាយ

ការលួងគេប្រើមិនមែនជាយុទ្ធសាស្រ្តឯកទិសទេ។ ជំនួសឱ្យការនិយាយទៅកាន់មនុស្ស អ្នកត្រូវតែពូកែស្តាប់ជាមុន។ តាមរយៈការស្តាប់ មេដឹកនាំអាចយល់ដឹងពីអ្នកដទៃបានកាន់តែច្បាស់។ មនុស្សគ្រប់គ្នាចង់ឱ្យគេស្តាប់ខ្លួននិយាយណាស់ ហើយនៅពេលគេដឹងថាមានមនុស្សដទៃយល់ពីគេ គេងាយនឹងចូលរួមជាមួយនឹងអ្នកណាស់ក្នុងគំនិតឬគម្រោងថ្មីអ្វីមួយ។  

២. សម្លឹងរកចំណុចដូចគ្នា

បើអ្នកចង់បានអ្វីមួយពីនរណាម្នាក់ អ្នកត្រូវតែរកប្រយោជន៍ឱ្យច្បាស់ដើម្បីផ្តល់ឱ្យគេវិញ។ ហេតុដូច្នេះហើយបានជាចាំបាច់ត្រូវពិចារណារកតំណភ្ជាប់រវាងអ្វីដែលអ្នកចង់បាននិងអ្វីដែលគេត្រូវការ។ គន្លឹះគឺស្ថិតនៅត្រង់ទំនាក់ទំនងបើកចំហ និងការប្រឹងប្រែងពិតប្រាកដដើម្បីជួយអ្នកដទៃ។ នៅពេលអ្នករកឃើញចំណុចរួមនិងប្រយោជន៍ទៅវិញទៅមកហើយ អ្នកនឹងងាយបង្កើតឥទ្ធិពលលើមនុស្សដទៃណាស់។

៣. ពន្យល់ឱ្យឃើញតម្លៃនៃការចូលរួម

បុគ្គលិកទាំងអស់ចង់ដឹងថាតួនាទីរបស់គេទោះជាតូចតាចយ៉ាងណា ក៏មានឥទ្ធិពលលើគោលដៅធំរបស់ក្រុមហ៊ុនដែរ។ ដើម្បីសម្រេចគោលដៅនេះ មេដឹកនាំត្រូវបង្ហាញឱ្យឃើញថាកិច្ចការទាំងអស់សុទ្ធតែចូលរួមក្នុងបេសកកម្មរបស់ពាណិជ្ជកម្ម។ នៅពេលមនុស្សយល់ច្បាស់ គេនឹងគាំទ្រហើយពេញចិត្តចូលរួមកិច្ចការរាល់ថ្ងៃ ដោយសារគេដឹងថាមនុស្សគ្រប់គ្នាមានចំណែកចូលរួមនិងតួនាទីរៀងៗខ្លួន។

៤. ប្រឡូកជាមួយនឹងក្រុមការងារ

បុគ្គលិករំពឹងចង់បានមេដឹកនាំល្អដែលចេះចូលរួមធ្វើការគ្រប់យ៉ាងជាមួយគ្នា និងជួយគ្នានៅពេលជួបបញ្ហា។ បើអ្នកចង់ធ្វើជាមេដឹកនាំដែលពូកែប្រើមនុស្ស អ្នកត្រូវតែធ្វើខ្លួនជាមនុស្សសកម្មចេះចូលរួមក្នុងការងារនិងបង្ហាញវត្តមាននៅពេលគេត្រូវការអ្នកខ្លាំងបំផុត។ អ្នកត្រូវតែស្ម័គ្រចិត្តត្រៀមជួយបុគ្គលិកនៅពេលគេត្រូវការ ហើយអ្នកអាចដឹងច្បាស់ថាគេនឹងគាំទ្រអ្នកវិញនៅពេលអ្នកចង់ឱ្យគេជួយសម្រេចគម្រោងអ្វីមួយ។ 

៥. បង្ហាញឱ្យឃើញថាអ្នកយកចិត្តទុកដាក់

ប្រហែលអ្នកគិតថាអ្នកបង្ហាញការយកចិត្តទុកដាក់ក្នុងក្រុមការងារតាមរយៈការនិយាយនិងសាកសួរទាំងរឿងការងារនិងសុខទុក្ខផ្ទាល់ខ្លួន។ ការយកចិត្តទុកដាក់ពិតប្រាកដគឺត្រូវស្តែងចេញឱ្យហួសពីការត្រឹមតែពាក្យសម្តីហើយយល់ទុក្ខធុរៈរបស់គេដែលបង្កប់នៅពីក្រោយពាក្យសម្តីនិងសកម្មភាពរបស់ក្រុមការងារ។ បើមាននរណាម្នាក់ដឹងថាអ្នកខ្វល់ខ្វាយចំពោះគេលើសពីទំនាក់ទំនងការងារ គេនឹងសុខចិត្តជួយអ្នកគ្រប់យ៉ាងវិញ។  

៦. សុំយោបល់ ឬការចូលរួមគំនិត

មេដឹកនាំដែលពូកែប្រើតែងតែដឹងថាបុគ្គលិករបស់គេជាអ្នកផ្តល់ប្រឹក្សាល្អបំផុតរបស់គេ ដោយសារបុគ្គលិកជាមនុស្សដែលមើលឃើញអ្វីៗគ្រប់យ៉ាងកើតឡើងរាល់ថ្ងៃនៅក្នុងពាណិជ្ជកម្មរបស់អ្នក។ នៅពេលបុគ្គលិកទទួលបានឱកាសបញ្ចេញគំនិតយោបល់ ហើយទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ការជឿទុកចិត្តគ្នានឹងកើតឡើងក្នុងទំនាក់ទំនងនោះ។


អត្ថបទទាក់ទង

៣ ចំណុចដែលអ្នកដឹកនាំជំរុញមនុស្សឲ្យធ្វើសកម្មភាព

 

Leave a Reply