ទម្លាប់សំខាន់ៗចំនួន ៦ របស់មេដឹកនាំដែលមានភាពឆ្លាតវៃផ្នែកអារម្មណ៍ខ្ពស់

ភាពឆ្លាតវៃផ្នែកអារម្មណ៍ គឺជាភាពឆ្លាតវៃក្នុងការយល់អំពីអារម្មណ៍របស់ខ្លួន និងមនុស្សជុំវិញ ព្រមទាំងមានសមត្ថភាពអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួន។ បើយោងតាមលោក ដានីអែល ហ្គោលម៉ែន (Daniel Goleman) ដែលជាអ្នកនិពន្ធសៀវភៅ ភាពឆ្លាតវៃផ្នែកអារម្មណ៍ បានបញ្ចាក់ថា ភាពឆ្លាតផ្នែកអារម្មណ៍ គឺសំខាន់ជាងការវាស់វែងនៃគំនិតប្រាជ្ញាទៅទៀត។ លោកបានបកស្រាយថា ភាពឆ្លាតវៃផ្នែកអារម្មណ៏មានធាតុផ្សុំចំនួនប្រាំ៖

  • ការយល់ដឹងពីខ្លួនឯង
  • ការដាក់កំណត់ខ្លួនឯង
  • ការជំរុញចិត្តខ្លួនឯង
  • ជំនាញខាងសង្គម
  • ការយល់ចិត្ត ឬបង្ហាញនូវអារម្មណ៏អាណិតអាសូរ

តើអ្វីទៅគឺជាភាពវៃឆ្លាតផ្នែកអារម្មណ៍ (Emotional Intelligent ឬ EQ)?

ក្នុងនាមជាមេដឹកនាំ លក្ខណសម្បត្តិសំខាន់បំផុតរបស់អ្នក គឺភាពឆ្លាតវៃផ្នែកអារម្មណ៍។ ភាពឆ្លាតវៃផ្នែកអារម្មណ៍ សំដៅលើសមត្ថភាពចេះដោះស្រាយអារម្មណ៍ទាំងខាងក្នុង និងខាងក្រៅ។ បើអ្នកមានភាពឆ្លាតវៃផ្នែកអារម្មណ៍ខ្ពស់ អ្នកអាចដឹងអារម្មណ៍ខ្លួនឯង និងគ្រប់គ្រងអារម្មណ៍បានល្អ បើទោះបីជាស្ថិតនៅក្នុងស្ថានភាពលំបាកបែបណាក៏ដោយ។ អ្នកក៏អាចមើលដឹងអារម្មណ៍របស់មនុស្សជុំវិញខ្លួន និងចេះឆ្លើយតបក្នុងរបៀបដែលមានប្រសិទ្ធភាពផងដែរ។ 

មេដឹកនាំដែលមានភាពឆ្លាតវៃផ្នែកអារម្មណ៍ខ្ពស់ អាចរក្សាទំនាក់ទំនងល្អជាមួយក្រុមការងារ គិតបានច្បាស់លាស់នៅគ្រប់ស្ថានការណ៍ និងមានគំនិតល្អៗទាក់ទងនឹងបញ្ហាគ្រប់យ៉ាង។ អ្នកប្រហែលយល់ច្រឡំថា ភាពឆ្លាតវៃផ្នែកអារម្មណ៍នេះ ជាទេពកោសល្យពីកំណើត ប៉ុន្តែវាដូចគ្នានឹងជំនាញផ្សេងទៀតដែរ គឺអ្នកអាចរៀន និងបណ្តុះបានតាមរយៈការប្តេជ្ញា និងទម្លាប់ល្អៗមួយចំនួនដូចខាងក្រោម៖

១. តុល្យភាពការងារ និងជីវិត

មេដឹកនាំដែលមានប្រជ្ញាអារម្មណ៍ខ្ពស់ក៏ស្គាល់សារៈសំខាន់នៃតុល្យភាពការងារនិងជីវិតដែរ ហើយតែងតែអនុវត្តជាប្រចាំនិងជួយមនុស្សជុំវិញខ្លួនឱ្យអនុវត្តដូចគ្នា។ ពេលខ្លះគេសុខចិត្តដើរចេញពីការងារឬស្ថានការណ៍ដែលមានសម្ពាធអារម្មណ៍ខ្លាំង ហើយគេក៏មិនខ្លាចនឹងសម្រាកពីការងារដើម្បីដើរកម្សាន្តក្នុងកន្លែងឆ្ងាយៗដែរ។ គេឱ្យផ្តល់អាទិភាពចំពោះទម្លាប់ល្អៗសម្រាប់សុខភាព ដូចជាការគេងគ្រប់គ្រាន់ ការហាត់ប្រាណ និងការទទួលទានត្រឹមត្រូវ។

២. ការធ្វើសមាធិ

មានវិធីច្រើនណាស់ដើម្បីធ្វើសមាធិ ប៉ុន្តែវិធីភាគច្រើនមានគោលដៅដូចគ្នា គឺធ្វើឱ្យអ្នករស់នៅបានកាន់តែច្រើនក្នុងពេលបច្ចុប្បន្ន និងជួយឱ្យអ្នកអាចគ្រប់គ្រងលើគំនិតនិងអារម្មណ៍ខ្លួនឯងបានកាន់តែប្រសើរ។ ការសិក្សាជាច្រើនបានរកឃើញទំនាក់ទំនងរវាងសមាធិនិងការគ្រប់គ្រងអារម្មណ៍ដែលអាចជួយអ្នកឱ្យមានចិត្តស្ងប់គ្រប់ស្ថានការណ៍។ ទោះជាយ៉ាងណា សមាធិមិនមែនជាមធ្យោបាយដែលអាចផ្តល់លទ្ធផលភ្លាមៗទេ គឺអ្នកត្រូវតែចំណាយពេលទៀងទាត់។

៣. ការស្តាប់ដោយយកចិត្តទុកដាក់

ឧបករណ៍សំខាន់បំផុតដើម្បីបណ្តុះប្រាជ្ញាអារម្មណ៍គឺការស្តាប់ដោយយកចិត្តទុកដាក់។ ការស្តាប់គេនិយាយដោយយកចិត្តទុកដាក់ គឺអ្នកមិនត្រូវប្រើប្រាស់ទូរសព្ទឬឧបករណ៍រំខាន់ផ្សេងទៀត ហើយក៏មិនស្តាប់ដើម្បីរង់ចាំឆ្លើយតបវិញដែរ។ ជំនួសមកវិញ អ្នកត្រូវផ្តោតចិត្តឱ្យបានពេញលេញក្នុងការស្តាប់នោះ។ ការធ្វើបែបនេះនឹងជួយអ្នកឱ្យយល់មូលហេតុនិងអារម្មណ៍របស់អ្នកនិយាយបានច្បាស់តាមរយៈពាក្យសម្តី ការលើកដាក់សំឡេង ទឹកមុខ និងកាយវិការ។  

៤. ការសរសេរកំណត់ហេតុផ្ទាល់ខ្លួន

មេដឹកនាំដែលមានប្រាជ្ញាអារម្មណ៍ខ្ពស់ក៏មានទម្លាប់កត់ត្រាកំណត់ហេតុផ្ទាល់ខ្លួនរាល់ថ្ងៃដែរ។ ទម្លាប់មួយនេះអាចជួយអ្នកឱ្យហានប្រឈមនិងចេះបែងចែកគំនិតនិងអារម្មណ៍ខ្លួនឯងបានល្អ។ ចំណុចនេះសំខាន់ណាស់ចំពោះការទទួលស្គាល់និងគ្រប់គ្រងអារម្មណ៍ ហើយក៏អាចជួយអ្នកចេះសង្កេតអារម្មណ៍មនុស្សជុំវិញខ្លួនដែរ។ ទម្លាប់មួយនេះអាចនាំអ្នកឱ្យចេះដោះស្រាយបញ្ហាទំនាក់ទំនងជាច្រើន។

៥. ការចេះអត់ធ្មត់

មេដឹកនាំដែលមានប្រាជ្ញាអារម្មណ៍ខ្ពស់ក៏មានទម្លាប់បណ្តុះភាពអត់ធ្មត់ដែរ។ មានមេដឹកនាំច្រើនណាស់ដែលគិតលើសកម្មភាព និងឆ្លើយតបសំណួរយ៉ាងរហ័ស។ ប៉ុន្តែមេដឹកនាំដែលមានប្រាជ្ញាអារម្មណ៍ខ្ពស់តែងតែមានភាពអត់ធ្មត់ និងចេះបណ្តោយឱ្យមានពេលវេលាខ្លះនៅចន្លោះស្ថានការណ៍និងការឆ្លើយតបរបស់គេ ដោយធ្វើឱ្យគេមានអារម្មណ៍កាន់តែស្ងប់និងគិតរកហេតុផលបានកាន់តែច្រើន។ ទម្លាប់បែបនេះក៏ជួយបង្កើតបរិស្ថានមិនច្របូលច្របល់សម្រាប់បុគ្គលិកនិងមនុស្សជុំវិញខ្លួនគេដែរ។  

៦. ការចេះយល់ចិត្ត

សម្រាប់មនុស្សភាគច្រើន ការចេះយល់ចិត្តកើតឡើងដោយធម្មជាតិ។ ទោះជាអ្នកមានធម្មជាតិបែបនេះឬមិនមាន ក៏អ្នកអាចបង្កើតជាទម្លាប់បានដែរតាមរយៈការអនុវត្តប្រចាំថ្ងៃ។ ចំណាយពេលខ្លះស្រមៃគិតដល់អារម្មណ៍អ្នកដទៃដែលស្ថិតនៅក្នុងស្ថានការណ៍ខុសពីអ្នក។ បើនិយាយឱ្យចំគឺការរៀនយកចិត្តគេដាក់ក្នុងចិត្តខ្លួនឯង។ បើអ្នកអនុវត្តបែបនេះបានកាន់តែញឹកញាប់ អ្នកនឹងកាន់តែងាយស្រួលយល់អារម្មណ៍អ្នកដទៃ។

ជារួមមក ដើម្បីក្លាយជាមេដឹកនាំដែលមានភាពឆ្លាតវៃផ្នែកអារម្មណ៍ខ្ពស់ អ្នកត្រូវសាងនូវទម្លាប់សំខាន់ៗមួយចំនួនខាងលើនេះ។ ហើយជាលទ្ឋផល អ្នកនឹងអាចបងកើននូវប្រសិទ្ឋភាពនៃការប្រាស្រ័យទាក់ទងល្អជាមួយនឹងក្រុមការងាររបស់អ្នក វិភាគស្ថានការណ៍ផ្សេងៗបានច្បាស់លាស់ ក៏ដូចជាគំនិតដំណោះស្រាយល្អៗជាច្រើនទៅនឹងបញ្ហាផ្សេងៗ។


អត្ថបទទាក់ទង

អំណាចចំនួន ៥ ដែលអ្នកដឹកនាំត្រូវកសាងឡើង

 

Leave a Reply