គុណសម្បត្តិចំនួន ៥ ដើម្បីអភិវឌ្ឍភាពជាអ្នកដឹកនាំឆ្ពោះទៅរកវឌ្ឍនភាព

មនុស្ស​គ្រប់គ្នា​ សុទ្ធតែជា​មេដឹកនាំ គ្រាន់តែ​អ្នកខ្លះ​ ជា​អ្នកដឹកនាំ​ខ្លួនឯង​ ដើម្បី​ឆ្ពោះទៅរក​គោលដៅ​មួយ រីឯ​អ្នកខ្លះ​ ជា​អ្នកដឹកនាំ​ក្រុម​ដែលមាន​មនុស្ស​ច្រើន​នាក់ ដើម្បី​ធ្វើ​កិច្ចការ​អ្វីមួយ​ឲ្យ​ទទួលបាន​លិទ្ធ​ផល​អ្វីមួយ​ដែល​ពួកគេ​ពេញចិត្ត។ យ៉ាងណា អ្នកដឹកនាំល្អ ហើយអាចវិវត្ដន៍ខ្លួនទៅរកភាពជោគជ័យបាន គឺដាច់ខាតមិនដែលដើររំលងចំណុចសំខាន់ទាំង ៥ ខាងក្រោមនេះឡើយ៖ 

១. មានគណនេយ្យភាព

នេះសំដៅដល់កាតព្វកិច្ចរបស់បុគ្គលដែលមាននាទីទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន ទទួលយកអ្វីត្រូវ អ្វីខុស និងបង្ហាញលទ្ធផលប្រកបដោយតម្លាភាព។ ដូច្នេះប្រសិនបើមេដឹកនាំទទួលខុសត្រូវលើអ្វីមួយ (ឧទាហរណ៍គម្រោងធំមួយ) វាមានន័យថា ពួកគេកំពុងកាន់កាប់ភាពជាម្ចាស់របស់វាទាំងស្រុង ពួកគេទទួលខុសត្រូវដោយខ្លួនឯងចំពោះភាពជោគជ័យ ឬបរាជ័យនៃការងារមួយនោះ។ ប្រសិនបើគម្រោងនោះខកខានថ្ងៃផុតកំណត់ ពីព្រោះមនុស្សម្នាក់នៅក្នុងក្រុមរបស់ពួកគេ មិនបានចូលរួមចំណែកពេញលេញនៃការងារ អ្នកដឹកនាំជាអ្នកចេញមុខទទួលខុសត្រូវ។ ក្នុងនាមជាអ្នកគ្រប់គ្រង ការទទួលខុសត្រូវ ជារឿងមួយចាំបាច់ ដើម្បីធានាថាសមាជិកក្នុងក្រុមរបស់ពួកគេទាំងអស់គ្នា ត្រូវបំពេញការងារតាមភារកិច្ចគ្រប់យ៉ាង។

២. មានទំនាក់ទំនងល្អជាមួយកូនចៅ

យើងដឹងហើយថា បច្ចុប្បន្នមានអត្រាអ្នកកើតជំងឺបាក់ទឹកចិត្តដោយសារការងារច្រើនណាស់ ហើយបញ្ហានេះធ្វើឲ្យឈានដល់ការធ្វើអត្តឃាតក៏មាន ព្រោះពួកគេតែងទទួលរងសម្ពាធពីថ្នាក់លើ។ ដូច្នេះខណៈអ្នកដឹកនាំម្នាក់ ដឹកនាំកូនចៅខ្លួនបានល្អ ពួកគេជ្រើសយកការប្រាស្រ័យទាក់ទងជាមួយបុគ្គលិកជាបញ្ហាសំខាន់ ដើម្បីមានការរីកចម្រើន ទាំងសមត្ថភាពបុគ្គលិក និងការងារក្រុម ហើយក៏ជះឥទ្ធិពលដល់ការរីកចម្រើនរបស់អង្គភាពទាំងមូលផងដែរ។ 

៣. មានភាពស្មោះត្រង់ត្រឹមត្រូវ

វាត្រូវបានគេកត់សម្គាល់ថា ជាអ្នកដឹកនាំដែលយល់ច្បាស់ថាអ្វីត្រូវ និងអ្វីខុស ជាអ្នកដឹកនាំពោរពេញទៅដោយសីលធម៌ អ្នកដឹកនាំល្អ ដើរតួនាទីជាអ្នកតម្រឹមរៀបចំចាត់ចែកមនុស្សឲ្យបានត្រឹមត្រូវតាមជំនាញ និងទេពកោសល្យរបស់បុគ្គលិកម្នាក់ៗ។ បន្ទាប់ពីការដាក់ចេញនូវផែនការយុទ្ធសម្រាប់ក្រុម អ្នកដឹកនាំប្រភេទនេះមានបំណងធំដើម្បីឃើញបុគ្គលិក និងអ្នកនៅក្រោមបង្គាប់មានការរីកចម្រើន។

៤. មានការលើកទឹកចិត្ត

អ្នកដឹកនាំល្អ ដឹងច្បាស់ថាការលើកទឹកចិត្តបុគ្គលិកជាផ្នែកសំខាន់បំផុតក្នុងការជំរុញទឹកចិត្តឲ្យបុគ្គលិករីកចម្រើន ខឹតខំបំពេញការងារ រៀនសូត្របានច្រើន។ លើសពីនេះអ្នកដឹកនាំដឹងច្បាស់ថា នៅពេលមានការលើកទឹកចិត្តទោះតាមរយៈពាក្យសម្ដី កាយវិការ ហិរញ្ញវត្ថុ ឬមិនមែនហិរញ្ញវត្ថុក្តី ការលើកទឹកចិត្តនោះតែងជះឥទ្ធិពលដល់សកម្មភាព និងលទ្ធផលការងារជាក់ជាមិនខាន។ អ្វីដែលលើសពីការបំពេញចិត្តបុគ្គលិក ការលើកទឹកចិត្តនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញទឹកចិត្តបុគ្គលិក ឬនរណាម្នាក់ឲ្យត្រលប់មកប្រសើរឡើងវិញបាន ពិសេសនៅក្នុងអង្គភាពមួយដែលបុគ្គលិកមានបញ្ហាបាក់ទឹកចិត្តបណ្ដាលមកពីការបំពេញការងារ។

៥. មានភាពអត់ធ្មត់ខ្ពស់

ចង់ធ្វើជាអ្នកដឹកនាំល្អត្រូវចិត្តធ្ងន់បន្តិចទើបបាន បើអ្នកមានចិត្តឆេវឆាវពេកអ្នកមិនអាចគ្រប់គ្រងនរណាម្នាក់បានឡើងព្រោះសូម្បីអារម្មណ៍ខ្លួនឯងអ្នកគ្រប់គ្រងមិនបានផង មានហេតុផលអ្វីដែលអាចគ្រប់គ្រងអ្នកដទៃហើយរំពឹងទទួលបានលទ្ធផលល្អនោះ។ ការអត់ធ្មត់របស់អ្នកដឹងនាំជារឿងសំខាន់ ព្រោះរាល់ការបំពេញការងារគឺសុទ្ធតែជួបបញ្ហា ហើយបញ្ហាទាំងនោះអ្នកដឹកនាំត្រូវចេញមុខជួប និងដោះស្រាយមុនទម្លាក់ឲ្យបុគ្គលិក។ ការអត់ធ្មត់របស់អ្នកដឹកនាំអាចបង្ហាពីមហិច្ឆតាដ៏ធំធេងដែលពួកគេមាន ហើយពួកគេនឹងមិនងាយអស់សង្ឃឹមឡើងក្នុងបេសកកម្មរបស់ពួកគេ ហើយពេលដែលពួកគេជោគជ័យក៏អាចបង្ហាញថាពួកគេមានបទពិសោធន៍គ្រប់គ្រាន់សម្រាប់ភាពជោគជ័យមួយនេះ។

សរុបមក ពាក្យថាអ្នកដឹកនាំល្អ ជាបុគ្គលដែលមានភាពទទួលខុសត្រូវខ្ពស់ ដឹកនាំក្រុមឲ្យបំពេញការងារមួយប្រកបដោយភាពជោគជ័យ និងរីកចម្រើន។ អ្នកដឹកនាំល្អ តែងយឹតយោងសមាជិកក្រុមទាំងអស់ឲ្យរីកចម្រើនជាមួយគ្នា មិនមើលបំណាំ មិនទម្លាក់កំហុស និងទាញយកប្រយោជន៍តែម្នាក់ឯង តែអ្វីដែលគេគិត គឺលទ្ធផលរួមចេញពីស្នាដៃរួមទាំងអស់គ្នា។


អត្ថបទទាក់ទង

​កាតព្វកិច្ច​សំខាន់​ចំនួន ៥ ​ដែល​មេដឹកនាំ​ក្រុម​គួរ​មានចំពោះ​ក្រុម​

 

Leave a Reply