វិធីសាស្រ្ត ៤​ យ៉ាង ​ក្នុង​ការ​តាមដាន​ការងារ​បុគ្គលិក​ដែល​អ​សកម្ម​​ប្រកបដោយប្រសិទ្ធភាព

ការគ្រប់គ្រង​មិនបាន​គ្រប់​ជ្រុងជ្រោយ នឹង​ក្លាយ​ជា​វិបត្តិ​​រ៉ាំរ៉ៃ​ដែល​ជះឥទ្ធិពល​ដល់​អង្គភាព​គ្រប់​លំដាប់ គ្រប់​វិស័យ គ្រប់​ទម្រង់​ និង​ទំហំ​។ ភាគច្រើន ​គេ​សម្គាល់​អ្នកគ្រប់គ្រង​ម្នាក់ៗ​ថា ​ធ្វើការ​បាន​ល្អ​អាស្រ័យ​លើ​ថា គេ​ក្តាប់​ការងារ​ក្នុង​ក្រុមហ៊ុន​បាន​ណែន​កម្រិតណា ​ឬ​ជិះសេះ​លែងដៃ​?

អ្នកគ្រប់គ្រង​ខ្លះ​រអ៊ូ ​និង​មាន​អារម្មណ៍​ថា មិនមាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​តាមដាន​ការ​រីក​ចម្រើន​របស់​និ​យោ​ជិត​នីមួយៗ​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​ ដែល​ការពិតគឺថានេះ​ជា​កាតព្វកិច្ច​ និង​ពេលវេលា​ចាំបាច់​ត្រូវ​ចំណាយដើម្បី​ឲ្យ​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​។​

ខាងក្រោមនេះជាវិធីសាស្រ្ត ៤​ យ៉ាង ​ក្នុង​ការ​តាមដាន​ការងារ​បុគ្គលិក​ដែល​អ​សកម្ម​​ប្រកបដោយប្រសិទ្ធភាព៖

១. ប្រមូល​ព័ត៌មាន​

ប្រមូល​ព័ត៌មាន​អំពី​ការងារ​កូនចៅ​យើង​អាច​ធ្វើ​បាន​ផង​ដែរ​តាមរយៈ​ការ​សួរនាំ​អតិថិជន អ្នកលក់ អ្នក​រួមការ​ងារ ​និង​អ្នកគ្រប់គ្រង​ផ្សេងៗ​ទៀត​អំពី​ការងារ​រួម​របស់​ពួកគេ​ជាមួយ​និយោជិ​ត​ម្នាក់​នោះ​ដោយ​មិន​ស្នើសុំ​ការវាយតម្លៃ​ប៉ុន្តែ​ស្នើសុំ​ការ​ពិពណ៌នា​។ កុំ​សួររក​ចំណាប់អារម្មណ៍​ពី​គាត់​ ប៉ុន្តែ​សួរ​ព័ត៌មាន​លំអិត​ពី​សកម្មភាព​គាត់ ហើយ​កុំ​ជឿ​អ្វីៗ​ដែល​ឮ មុន​ពេល​ដែល​អាច​រក​បាន​ប្រភព​ណា​ល្មម​ជាទី​ទុក​ចិត្ត​សិន​។

២. ជួយ​បុគ្គលិក​ឲ្យ​ចេះ​ត្រួតពិនិត្យ​វាយតម្លៃ​ខ្លួនឯង​

និ​យោ​ជិត​គ្រប់រូប​គួរ​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ឲ្យ​ប្រើ​ឧបករណ៍​ត្រួតពិនិត្យ​ខ្លួនឯង​ជាប្រចាំ​ដូចជា មាន​ផែនការ​គម្រោង ធ្វើបញ្ជី​ត្រួតពិនិត្យ​មួយ​ណា​រួច មួយ​ណា​ជំពាក់ មួយ​ណា​មិន​ដំណើរការ និង​មាន​កំណត់ហេតុ​សកម្មភាព​ជាក់លាក់ និយោជិត​អាច​ដឹង​ខ្លួនឯង​ថា តើ​ពួកគេ​កំពុង​បំពេញ​គោលដៅ​និង​ប្រើ​ពេល​វេលា​កំណត់​ដែល​បាន​ដាក់​ចេញ​នៅ​ក្នុង​ផែនការ​គម្រោង​ល្អ​ ឬ​មិនល្អ​ដោយសារ​ហេតុ​ផល​អ្វី​?

៣. ប្រជុំ និង​អង្កេត​

ការ​ត្រួតពិនិត្យ​និ​យោ​ជិត​ដោយ​ជោគជ័យ​បាន​ចាប់ផ្តើម​ជាមួយ​នឹង​ការបង្កើត​ទម្លាប់ ​នៃ​កិច្ចប្រជុំ​ទៀង​ទាត់ ​និង​អាច​ប្រជុំ​តទល់​មួយ ​និង​មួយ​ឬ​ជា​ក្រុម​។ របៀបនេះ​នឹងធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​របស់​អ្នកគ្រប់គ្រង​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ល​ម្អិត​ក៏​បង្ហាញ​ពី​អ្នកណា​ធ្វើ​អ្នកណា​លំៗ បង្កើន​ការ​ទទួល​ខុសត្រូវ​ម្នាក់ៗ​រៀងខ្លួន​។

ប៉ុន្តែ​អ្នកគ្រប់គ្រង​ក៏ត្រូវ​តែ​ចេះ​របៀប​លួច​អង្កេត​ពី​ក្រៅ និង​មាន​ទម្លាប់​ពិនិត្យមើល​ការងារ​របស់​និ​យោ​ជិត​ដោយ​មិនបាច់​សន្ទនា​ផងដែរ​។ វិធី​មួយ​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​តាមដាន​ការអនុវត្ត​ការងារ​របស់​និ​យោ​ជិ​ត ​គឺ​ដោយផ្ទាល់​ភ្នែក​កុំ​ប្រើ​ត្រចៀក​។ ការមើល​ភាសា ​និង​របៀប​ដែល​បុគ្គលិក​យើង​កំពុង​ច​ចារ​ដោះស្រាយ​ជាមួយ​អតិថិជន​ត្រឹមតែ​រយៈពេល​ពីរ​បី​នាទី ​នឹង​ប្រាប់​យើង​បន្ថែមទៀត​អំពី​ចំណុច​ខ្វះ​ឬ​ខ្លាំង ​នៃ​ការអនុវត្ត​សេវាកម្ម​អតិថិជន​របស់​ក្រុមហ៊ុន​បាន​។​

​នោះ​ហើយ​ជា​មូល​ហេតុ​ដែល​អង្គការ​ជាច្រើនលើក​ទឹកចិត្ត​ដល់​អ្នកគ្រប់គ្រង​របស់​ពួកគេ​ឲ្យ​នៅ​បន្ទប់​ផ្ទាល់​ជាមួយ​អ្នកលក់ ឬ​ដើរ​ចុះឡើង​ស្ដាប់ ដើម្បី​អាច​មើល​របៀប​បុគ្គលិក​ធ្វើការ​ងារ​ហើយ ករណី​ពួក​គេ​មានការ​លំបាក​ និង​ជោគជ័យ​ ជាមួយនឹង​ភារកិច្ច​ដោះស្រាយ​តឹងតែង​យើង​អាច​ចូល​ជួយ​ភ្លាមៗ​។​

៤. ត្រូវ​សុំ​ភស្តុតាង​លទ្ធផល​ជាក់ស្ដែង​

​នៅ​ក្នុង​ការសន្ទនា​មួយ​ទល់នឹង​មួយ​ជាមួយ​និ​យោ​ជិ​ក​គ្រប់រូប សូម​សួរ​នូវ​អ្វីដែល​បុគ្គល​នោះបាន​ធ្វើ​សម្រេច ចាប់តាំង​ពី​«​វិធានការ​»«​ការវិនិច្ឆ័យ​»​និង​តួលេខ​លទ្ធផល​ ។ល។ ​ការ​ស្នើសុំ​សូចនាករ ​គឺជា​វិធី​ទី​មួយ​សម្រាប់ឲ្យ​នុស្ស​ម្នាក់ៗ​បន្ថែម​ស្មារតី​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​ខ្លួន ហើយ​លែង​ទម្លាប់​អួត​អាង​ដែល​គ្មាន​មូលដ្ឋាន​។ ដរាបណា​អ្នកគ្រប់គ្រង​អនុវត្ត​ការសន្ទនា​គ្រប់​បែបយ៉ាង​ជាមួយ​មនុស្ស​គ្រប់រូប​ជាប្រចាំ ធាតុ​នៃ​ការអនុវត្ត​ការងារ​សកម្ម និង​ការ​ត្រួតពិនិត្យ​វាយតម្លៃ ប្រាកដជា​ក្លាយ​ជា​ទម្លាប់។​


អត្ថបទទាក់ទង

៣ ចំណុចដែលអ្នកដឹកនាំជំរុញមនុស្សឲ្យធ្វើសកម្មភាព

Leave a Reply