បញ្ហាចម្បងៗចំនួន ៤ ដែលធ្វើឲ្យបុគ្គលិកល្អៗលាឈប់ពីការងារ

ហេតុអ្វីបុគ្គលិកល្អៗលាឈប់ពីការងារ? ជាការពិត មានហេតុផលច្រើនណាស់ដែលធ្វើឲ្យបុគ្គលិកល្អៗ លាឈប់ពីការងារ ហើយស្វែងរកទ្រនំថ្មី។ 

ក្រោយពីប្រឹងប្រែងធ្វើការ និងមានជំនាញខ្ពស់ច្រើនឆ្នាំមក អ្នកក៏បានឡើងតំណែងក្លាយទៅជាអ្នកគ្រប់គ្រង ឬមេដឹកនាំក្នុងស្ថាប័នមួយ។ ក្នុងពេលដែលមានការិយាល័យកាន់តែធំ និងប្រាក់ខែកាន់តែច្រើន ពេលនេះ ក្រុមហ៊ុនរំពឹងចង់ឱ្យអ្នកដឹកនាំក្រុមការងារ ដើម្បីសម្រេចបានលទ្ធផលកាន់តែប្រសើរនៅពេលអនាគត។ ជាមួយគ្នានេះដែរ អ្នកក៏គួរតែដឹងដែរថា តួនាទីកាន់តែធំ ទំនួលខុសត្រូវក៏កាន់តែច្រើនដែរ ហើយទំនួលខុសត្រូវទាំងនោះ ក៏មានទាំងការគ្រប់គ្រង និងការអភិវឌ្ឍមនុស្សដែលរាយការណ៍ឱ្យអ្នកផងដែរ។ 

ជោគជ័យរបស់ក្រុមការងារ ក៏ជាជ័យជម្នះរបស់អ្នកដែរ ហើយកំហុសរបស់គេ ក៏ជាបរាជ័យរបស់អ្នកដែរ។ ដូច្នេះហើយ អ្នកអាចធ្វើជាចៅហ្វាយនាយល្អ ឬអាក្រក់ដែលមនុស្សគ្រប់គ្នា មិនចង់ធ្វើការជាមួយ។ បើចង់រក្សាក្រុមការងារល្អៗឲ្យនៅធ្វើការជាមួយគ្នាបានយូរអង្វែង ខាងក្រោមនេះជាបញ្ហាមួយចំនួនដែលអ្នកត្រូវដឹង និងកែលម្អ៖

១. មិនព្រមសរសើរ ឬផ្តល់រង្វាន់លើកទឹកចិត្ត

ចិត្តវិទូលោកអាប្រាហាម ម៉ាស្លូវ (Abraham Maslow) រំឮកយើងថា ក្រោយពីមានតម្រូវការខាងអាហារ និងកន្លែងស្នាក់នៅហើយ មនុស្សយើង នៅចង់បានការទទួលស្គាល់ និងការស្រឡាញ់ថែមទៀត។ មនុស្សយើងទាំងអស់ ប្រាថ្នាចង់ឱ្យក្រុមគ្រួសារ ក្រុមហ៊ុន និងសង្គមទាំងមូលផ្តល់តម្លៃឱ្យ។ ចៅហ្វាយនាយល្អ ដឹងរឿងនេះច្បាស់ណាស់។ ផ្ទុយទៅវិញ ចៅហ្វាយនាយអាក្រក់ យល់ថាការប្រឹងប្រែងធ្វើការរហូតទទួលបានលទ្ធផលល្អជាថ្នូរនឹងប្រាក់ខែដែលបុគ្គលិកទទួលបាន គឺគ្មានអ្វីលើសពីការដោះដូរនេះទេ។ 

២. ដាក់បន្ទុកការងារច្រើនពេក

អ្នកមានការងារច្រើនត្រូវធ្វើពីព្រោះក្រុមហ៊ុនរបស់អ្នកចង់សម្រេចសមិទ្ធផលខ្ពស់នៅចុងឆ្នាំ។ ប៉ុន្តែហេតុផលទាំងនេះមិនបានផ្តល់សិទ្ធិឱ្យអ្នកគ្រប់គ្រាន់ដើម្បីទម្លាក់បន្ទុកការងារច្រើនលើសលប់ឱ្យក្រុមការងារដោយមិនបានថ្លឹងថ្លែងជាមុននោះទេ។ ការដាក់ទំនួលខុសត្រូវការងារច្រើនពេកនឹងរុញច្រានឱ្យក្រុមការងារល្អៗរបស់អ្នកចាត់ទុកថាជារឿងអវិជ្ជមាន ដែលនាំទៅរកការបាត់បង់ផលិតភាពទៅវិញ។ 

៣. មិនខ្វល់ខ្វាយរឿងជីវិតផ្ទាល់ខ្លួន

នៅក្នុងកន្លែងធ្វើការ យើងទាំងអស់គ្នាតែងតែមានព្រំដែនជាក់លាក់រវាងរឿងផ្ទាល់ខ្លួននិងរឿងការងារ។ ប៉ុន្តែការកំណត់ព្រំដែនបែបនេះមិនមែនមានន័យថាគ្មានអ្វីទាក់ទងនឹងរឿងផ្ទាល់ខ្លួនសោះនោះទេ។ ចៅហ្វាយនាយអាក្រក់ជាមនុស្សមិនខ្វល់រឿងបុគ្គលសោះ។ គេយល់ថាការសួរដេញដោលអំពីជីវិតនៅពេលចុងសប្តាហ៍ជារឿងផ្ទាល់ខ្លួនពេក។ ពេលខ្លះគេសង្ស័យរឿងសុំច្បាប់ច្រើនពេករបស់បុគ្គលិកដែលប្រើមូលហេតុឈឺ។   

៤. ធ្វើជាមនុស្សដែលចេះគ្រប់យ៉ាង

ការធ្វើការជាមួយចៅហ្វាយនាយដែលអ្នកយល់ថាមិនសមនឹងតំណែង ជាពិសេសនៅពេលគេគិតថាគេចេះធ្វើការគ្រប់យ៉ាងក្នុងពេលដែលការពិតផ្ទុយស្រឡះ ជារឿងដែលពិបាកណាស់។ ចៅហ្វាយនាយអាក្រក់មិនព្រមទទួលយកការរៀនថាជាផ្លូវដែលមានទៅមានមកទេ។ គេមិនចូលចិត្តប្រឹក្សាយោបល់ពីមនុស្សនៅក្រោមបង្គាប់ទេ ដោយគិតថារបៀបនេះធ្វើឱ្យគេបាត់បង់ឥទ្ធិពល។ 


អត្ថបទទាក់ទង

គុណសម្បត្តិចំនួន ៥ ដើម្បីអភិវឌ្ឍភាពជាអ្នកដឹកនាំឆ្ពោះទៅរកវឌ្ឍនភាព

 

Leave a Reply