អ្នកក្រោមបង្គាប់ ១៤ ប្រភេទ យោងតាមទស្សនៈរឿងសាមកុក

ក្នុងការធ្វើជាអ្នកគ្រប់គ្រង និងដឹកនាំ ឬកិច្ចការងារធំៗ គឺដាច់ខាតត្រូវតែមានកូនចៅ ឬអ្នកដែលចុះចូលធ្វើការងារជាមួយ ពីព្រោះអ្នកគ្រប់គ្រង និងដឹកនាំ ត្រូវការជាចាំបាច់ គឺអ្នកដែលទទួលបង្គាប់របស់ខ្លួន ហើយយកទៅអនុវត្ត។

ចំណុចខ្លាំងរបស់មេ គឺពូកែប្រើមនុស្ស មានទស្សនវិស័យ ស្គាល់មនុស្ស ស្គាល់ពេលវេលា និងបានបទបញ្ជារបានល្អ។ ចំណែកចំណុចខ្លាំងរបស់អ្នកថ្នាក់ក្រោម គឺពូកែអនុវត្តកិច្ចការងារ ស្គាល់កាលៈទេសៈ គោរព និងមានភាពបត់បែន។

កូនចៅ ឬថ្នាក់ក្រោមមានច្រើនប្រភេទ ដែលអ្នកត្រូវសង្កេតពិនិត្យ និងស្វែងយល់។ រាល់ការឱនក្បាលដាក់ លើកដៃសំពះ និងសរសើរ មិនមែនសុទ្ធតែល្អស្មោះត្រង់នោះទេ ហើយក៏មិនមែនសុទ្ធតែសម្តែងនោះដែរ។ ខាងក្រោមនេះជាប្រភេទកូនចៅ ១៤ ប្រភេទ ដែលយើងអាចសិក្សាស្វែងយល់៖

សម្រង់សម្តីសំខាន់ៗ ៥០ឃ្លា ពីក្នុងរឿងសាមកុក

១. កូនចៅបែបហួស៊ីង (ជួយឆាវភីបង្ខំស្តេចឱ្យដាក់រាជ្យ)

មនុស្សខ្លះមិនមែនគោរព ឬចុះចូល ព្រោះមានបំណងបម្រើសង្គមជាតិទេ ប៉ុន្តែដើម្បីបានអំណាចបានមុខមាត់បង្អួតគេ និងងាយស្រួលរកស៊ីទាំងផ្លូវល្អខ្លះ និងមិនល្អខ្លះ។ មនុស្សប្រភេទនេះ ខិតខំឱនលំទោនគោរពយកចិត្តយកថ្លើមមេ ដើម្បីបានអំណាចយកមកជិះជាន់ធ្វើបាបអ្នកក្រោម។

២. កូនចៅបែបស៊ឺម៉ាអ៊ី

ស៊ីម៉ាអ៊ី បានលាក់មហិច្ឆតារបស់ខ្លួនយ៉ាងធំមុននឹងចូលបម្រើឆាវឆាវ ដូចដែលឆាវឆាវលាក់មហិច្ឆតារបស់ខ្លួនចូលបម្រើតុងជ័រដែរ។ ស៊ឺម៉ាអ៊ីដែលចូលបម្រើឆាវឆាវ គឺដើម្បីគោលបំណងធ្វើមេដោយខ្លួនឯង។ ក្រុមមនុស្សប្រភេទនេះ គឺដំបូងគេសុខចិត្តធ្វើជាអ្នកបម្រើដ៏ល្អឥតខ្ចោះ ​បន្ទាប់មកបើមានឳកាសធ្វើជារាជគ្រូ គេនឹងឡើងធ្វើជារាជគ្រូ ហើយបើមានឱកាសធ្វើមេបាន គេនឹងឡើងភ្លាម។

សម្រង់សម្តី ២០ឃ្លា របស់ ស៊ឺម៉ា អ៊ី បង្កប់អត្ថន័យអំពីភាពអត់ធ្មត់តស៊ូក្នុងការគ្រប់គ្រង និងដឹកនាំ ដើម្បីសម្រេចគោលដៅ

៣. កូនចៅបែបជូកឺលាង (នាគដេក)

​ជូកឺលាង​ រហ័សនាម “នាគដេក” ជាមនុស្សដែលធ្វើខ្លួនត្រឹមត្រូវ ថ្លៃថ្នូរ ស្មោះត្រង់ ចេះរំលែកកិច្ចការងារ លើកតម្កើងម្ចាស់ និងធ្វើការងារដោយប្រុងប្រយ័ត្នបំផុត។

សម្តី២០ឃ្លារបស់ជូកឺលាង ដែលអាចដាស់តឿនគំនិតរបស់អ្នក

៤. កូនចៅបែបចាវជឺឡុង

ជឺឡុង ស្រលាញ់ម្ចាស់ គោរពម្ចាស់ ខ្លាំងក្លាស្មោះត្រង់ ស្រលាញ់យុត្តិធម៌ ប៉ុន្តែមិនសូវមានគំនិតធ្វើអ្វីៗដោយខ្លួនឯង ក្រៅពីរងចាំការបញ្ជារនោះទេ។ ស្មោះត្រង់ ខ្លាំងក្លា តែល្ងង់។ (ខ្ញុំចូលចិត្តតួចរិតរបស់គាត់)។

៥. កូនចៅបែបស៊ីងអុី (ទីប្រឹក្សាឆាវឆាវ)

សុីងអុី បម្រើម្ចាស់ មិនមែនព្រោះតែម្ចាស់ជាមនុស្សល្អឥតខ្ចោះទេ ប៉ុន្តែគឺដើម្បីជួយបញ្ចប់សង្គ្រាម ជួយនគរ ជួយប្រជាជន និងទឹកដី។

៦. កូនចៅបែបចូវអុី

ចូវអុី បម្រើម្ចាស់ ប៉ុន្តែតែងតែទុកខ្លួនឯងខ្លាំងជាងម្ចាស់ ចេះដឹងច្រើនជាងម្ចាស់ និងមិនសូវគោរពម្ចាស់ សម្រេចកិច្ចការងារដោយចិត្តឯង។

៧. កូនចៅបែបអ៊ូយាន

អ៊ូយាន គោរពខ្លាចម្ចាស់តែនៅចំពោះមុខ ប៉ុន្តែក្រោយខ្នងរិះគន់ថ្កោសទោស និងចរិតរឹងរុស។

៨. កូនចៅបែបជីងកាង (ទីប្រឹក្សាឆាវឆាវដែលទៅបញ្ចុះបញ្ចូលចូវអុីមិនបានសម្រេច តែត្រូវចូវអ៊ីប្រើល្បិចបោក)

ជីងកាង ជាកូនចៅដែលបានតែអួត បានតែសម្តី ប៉ុន្តែគ្មានបានការ។

៩. កូនចៅបែបផាន់ថុង (កូនហង្ស)

ផានថុង រហ័សនាម “កូនហង្ស” ធ្វើកិច្ចការមិនចេះស៊ាំញ៉ាំ ប្រញាប់សាងគុណសម្បត្តិ។ មើលឃើញម្ចាស់ស៊ាំញ៉ាំទើសចិត្ត តែមិននិយាយបញ្ចុះបញ្ចូលច្រើនដងនាំឱ្យម្ចាស់ទើសចិត្ត សុខចិត្តលះបង់ខ្លួនដើរផ្លូវកាត់ (យកវិធីសាស្ត្រស្លាប់) ដើម្បីជួយម្ចាស់។

១០. កូនចៅបែបចាងសុង

ចាងសុង ជាកូនចៅខ្វះការគោរព និងប្រើល្បិចបោកប្រាស់ម្ចាស់ឱ្យអន្តរាយ។ គោរពតែម្ចាស់ខ្លាំង និងម្ចាស់ឆ្លាតតែប៉ុណ្ណោះ។

១១. កូនចៅបែបស៊ីយ៉ូវ

សុីយ៉ូវ ជាកូនចៅដែលទើសចិត្ត និងតមាត់ជាមួយម្ចាស់ជានិច្ច។ កូនចៅមានគំនិតខ្លាំងជាងម្ចាស់។

១២. កូនចៅបែបឈិនអុី

ឈិនអុី មិនខ្វល់ថាម្ចាស់យ៉ាងណានោះទេ ឱ្យតែឱ្យប្រយោជន៍ខ្លួន គឺស្របតាមទាំងអស់ និងស្ម័គ្រចិត្តបម្រើរហូត។

១៣. កូនចៅបែបឆិនកុង

ឆិនកុង ជាកូនចៅបញ្ជារម្ចាស់ និងក្រអើតក្រទមចង់ឱ្យម្ចាស់យល់ស្រប និងធ្វើតាមខ្លួនជានិច្ច។​

១៤. កូនចៅបែបយ៉ាងស៊ីង (បញ្ជារឱ្យដកទ័ពដោយគ្រាន់តែឆាវឆាវយកទ្រូងមាន់ធ្វើជាសញ្ញាទ័ព)

យ៉ាងសុីង និយាយរឿងម្ចាស់មិនចេះលាក់លៀម ចេះអីនិយាយនោះ ដឹងប៉ុន្មាននិយាយប៉ុណ្ណោះ និងសម្រេចចិត្តមុនបទបញ្ជារច្បាស់លាស់តាមការស្មាន។ ឆ្លាត តែមិនស្គាល់កាលៈទេសៈ និយាយអួត ដើម្បីឱ្យគេយល់ថាខ្លួនពូកែអស្ចារ្យ។

សូមបញ្ជាក់ផងដែរថា “ប្រលោមលោកសាមកុក” គឺជាប្រលោមលោកបុរាណចិនខ្នាតវែងចែកជាវគ្គៗមួយរឿង ហើយវាក៏ជាស្នាដៃប្រលោមលោកប្រវត្តិសាស្ត្រដំបូងគេផងដែរ។ អ្នកនិពន្ធប្រលោមលោកនេះ ឡ គាន់ចុង (Luo Guanzhong ប្រហែលឆ្នាំ១៣៣០ ដល់ ១៤៤០) គឺជាអ្នកនិពន្ធប្រលោមលោក អ្នកនិពន្ធភ្លេងល្ខោនដ៏ល្បីល្បាញមួយរូបនាចុងសម័យរាជង្សយៀន និងដើមសម័យរាជវង្សម៉េង ហើយក៏ជាស្ថានិកនៃប្រលោមលោកចែកជាវគ្គៗរបស់ចិនផងដែរ។

រឿងសាមកុកនេះត្រូវបានផ្សព្វផ្សាយយ៉ាងមានប្រជាប្រិយភាពខ្លាំងណាស់ក្នុងសង្គមចិនកាលពីសម័យបុរាណ។ នៅក្នុងសម័យរាជង្សយៀន វាត្រូវបានគេយកទៅសម្តែងនៅលើឆាក ហើយនៅក្នុងសម័យរីកចម្រើនកំពូលក្នុងរាជង្សយៀន ល្ខោនសម្តែងរឿងសាមកុកនេះ មានរហូតដល់ទៅជាង៣០ប្រភេទឯណោះ។ នៅចុងសម័យរាជង្សយៀន និងដើមសម័យរាជវង្សម៉េង ឡ គាន់ចុង បានចងក្រងប្រមូលយករឿងព្រេងល្ខោនប្រជាប្រិយ និងអត្ថបទរឿង និងបូកបញ្ចូលជាមួយនឹងឯកសារប្រវត្តិសាស្ត្រ “កំណត់ត្រាសាមកុក” របស់ឈិនថោវ និង “កំណត់ត្រាសាមកុក” របស់ហ្វីសុង និងយោងតាមការយល់ឃើញពីជីវិតផ្ទាល់ខ្លួនរបស់លោកនៅក្នុងសង្គមនោះ បាននិពន្ធទៅជា “ប្រលោមលោកប្រវត្តិសាស្ត្រសាមញ្ញសាមកុក”។ នៅក្នុងរជ្ជកាលរបស់អធិរាជខាងស៊ីនៃរាជវង្សឆេង ឪពុកកូនឈ្មោះ ម៉ៅ គាន់ និង ម៉ៅ ចុងកាង បានធ្វើការផ្ទៀងផ្ទាត់ប្រវត្តិសាស្ត្រ និងបានលុប ព្រមទាំងបន្ថែមខ្លឹមសារខ្លះទៀត និងកែតម្រូវបានជា “ប្រលោមលោកសាមកុក” ចំនួន១២០វគ្គ ដែលបានបោះពុម្ពផ្សាយជាទូទៅសព្វថ្ងៃនេះ។

អត្ថបទទាក់ទង

កំពូលទ្រឹស្ដីក្នុងរឿង សាមកុក ១១ឃ្លា ដែលអាចប្រើប្រាស់បានដល់ពេលបច្ចុប្បន្ន!

Leave a Reply