ធ្វើជាអ្នកដឹកនាំគេ អ្នកត្រូវដឹងរឿងសំខាន់ៗទាំងនេះ

ការ​ចាប់ផ្ដើម​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​​ភាព​ជា​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​​ម្នាក់ អ្នក​ត្រូវ​ហ៊ាន​ប្រឈមមុខ​ទៅ​នឹង​ការ​ពិត​មួយ​ចំនួន​​ដែល​អ្នក​មិន​ចង់​ស្ដាប់ ឬ​មិន​ចង់​ធ្វើ ហើយ​ត្រូវ​តែ​ទទួល​យក។ អ្នកដឹកនាំពិតប្រាកដសាងនូវទំនុកចិត្ត និងថាមពលតាមរយៈគោលដៅដ៏មោះមុតរបស់ពួកគេ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ។ ក្នុងនាមជាអ្នកដឹកនាំដ៏ល្អម្នាក់ អ្នកត្រូវមានសមត្ថភាពបំផុសឡើងនូវការព្រមព្រៀងដែលល្អប្រសើរ ព្រមទាំងប្រសិទ្ធភាពការងារដែលរីកចម្រើនពីមនុស្សជុំវិញខ្លួនអ្នកផងដែរ។ លើសពីនេះ ជាអ្នកដឹកនាំដ៏អស្ចារ្យ ក៏ត្រូវយល់ច្បាស់ពីបញ្ហា ដែលត្រូវនឹងប្រឈមមុខ ត្រូវចេះដោះស្រាយនូវរាល់បញ្ហាបានភ្លាមៗ និងចេះធ្វើឲ្យគេគោរពផងដែរ។

ខាងក្រោម​នេះ​ គឺជាចំណុចសំខាន់ៗ ចំនួន៦​ ​អាច​ជា​អ្វី​ដែល​អ្នកដឹកនាំ​​​​ត្រូវ​ធ្វើ​​ដើម្បី​ក្លាយ​ជា​អ្នកដឹកនាំ​ដ៏​​ល្អ និង​មាន​ការ​ទទួលខុសត្រូវ​ម្នាក់៖ ​​

​១. ផ្ដល់​ក្តី​ស្រលាញ់ និង​ការយកចិត្ត​ទុកដាក់​បុគ្គលិក​ក្រោម​បង្គាប់​​ជា​អតិបរមា 

នៅ​ក្នុង​ពិភពលោក​ដែល​លាយឡំ​ទៅ​ដោយ​ការ​សន្យា​ខ្យល់ ការ​បោកបញ្ឆោត និង​ការ​បោកប្រាស់ អ្នកដឹកនាំ​ល្អ​ម្នាក់​​យកចិត្ត​ទុកដាក់​​ខ្លាំង​បំផុត​ដល់​សុខទុក្ខ​របស់​បុគ្គលិក ព្រម​ទាំង​ធានា​​​ការពារ​​ផលប្រយោជន៍​របស់​បុគ្គលិក​។  ភាសា​ “ស្រលាញ់” ​​របស់​អ្នកដឹកនាំមិន​មែន​​បាន​ត្រឹមតែ​និយាយ​នោះ​ទេ ពោល​គឺ​ត្រូវ​បង្ហាញ​សកម្មភាព​ដែល​បញ្ជាក់​ពី​ក្តី​ស្រលាញ់​ផង​ដែរ។ អ្នកដឹកនាំ​ត្រូវ​បញ្ជាក់​ថា ខ្លួន​បាន​ផ្ដល់​ធនធាន​គ្រប់គ្រាន់​សម្រាប់​បុគ្គលិក​បំពេញ​ការងារ ត្រួសត្រាយ​ផ្លូវ​ពួកគេ​ឲ្យ​រួច​ផុត​ពី​ឧបសគ្គ​នានា និង​ផ្ដល់​សិទ្ធ​អំណាច​គ្រប់គ្រាន់​ឲ្យ​ពួកគេ​​​​​បំពេញ​ការងារ​ប្រកបដោយ​ភាព​ជោគជ័យ។ ក្តីស្រលាញ់​ប្រភេទ​នេះ​ទើប​ស័ក្ដិសម​ធ្វើ​​ជា​អ្នកដឹកនាំ​កម្រិត​ពិភពលោក​បាន។

២. ផ្ដល់​​សុវត្ថិភាព​នៅ​កន្លែង​ការងារ 

ការ​ស្រាវជ្រាវ​មួយ​ស្តី​ពី​សុវត្ថិភាព​ខាង​ចិត្តសាស្ត្រ​​ដែល​ធ្វើ​ឡើង​ដោយ​លោកស្រី សាស្ត្រាចារ្យ Amy Edmondson ប្រចាំ​​សាកលវិទ្យា​ល័យ ហាវើដ​ (Harvard University) បាន​បង្ហាញ​ថា​  នៅពេល​អ្នកដឹកនាំ​លើកកម្ពស់​វប្បធម៌​សុវត្ថិភាព​ខ្ពស់​នៅ​កន្លែង​ការងារ នេះ​មានន័យថា  បុគ្គលិក​មាន​សេរីភាព​​គ្រប់គ្រាន់​ក្នុង​​ការ​បញ្ចេញ​មតិ ​ផ្តល់​យោបល់ លើក​ជា​គំនិត និង​ស្នើ​សុំ​ជំនួយ​ជាដើម​​ដែល​នាំ​មក​នូវ​ការ​សិក្សា​រៀនសូត្រ​ និង​​ផ្ដល់​លទ្ធផល​ការងារ​​កាន់តែ​ល្អ​ប្រសើរ​ឡើង​។ សូម​ចងចាំ​ថា នៅ​ពេល​​អវត្តមាន​សុវត្ថិភាព​ផ្លូវចិត្ត​  វត្តមាន​​ភាព​ភ័យខ្លាច​នឹង​ចូល​មក​ជំនួស ហើយ​ភាព​ភ័យខ្លាច​នេះ​នឹង​ធ្វើ​​ឲ្យ​ប៉ះពាល់​ដល់​សក្ដានុពល​របស់​ក្រុមហ៊ុន។

៣. ប្រឈមមុខ​ទៅ​នឹង​​ជម្លោះ​ផ្សេងៗ​ ដើម្បី​ដោះស្រាយ​បញ្ហា​បាន

ការប៉ះទង្គិច ឬ​ភាព​ខ្វែង​គំនិត​គ្នា គឺ​មិន​អាច​ជៀស​ផុត​បាន​ឡើយ​​នៅ​ពេល​​មនុស្ស​កាន់តែ​ច្រើន​​ចូលរួម​ធ្វើ​ការងារ​ជាមួយ​អ្នក​។ ជាជាង​ឆ្លើយ​តប​ដោយ​កំហឹង​ក្រេវក្រោធ អ្នកដឹកនាំ​ពិតប្រាកដ​​ដឹង​ថា ការ​ចូល​ទៅ​អន្តរាគមន៍​ដោះស្រាយ​ជម្លោះ​ដោយ​​ការ​ស្ដាប់​ហេតុផល និង​ស្វែងយល់​ស្ថានភាព​​គ្រប់​ភាគី គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​ដោះស្រាយ​ភាព​​ខ្វែងគំនិត​គ្នា​ទាំង​នោះ ហើយ​​​នាំ​មក​នូវ​កិច្ចសហការ​មួយ​​នៅ​ទីបំផុត។

៤. ​រីករាយ​ក្នុង​ការ​​ស្តាប់​មតិ​រិះគន់​ស្ថាបនា​ឲ្យ​អស់​ពី​ចិត្ត​ពី​ថ្លើម

មាន​អ្នកដឹកនាំ​ច្រើន​ណាស់​ដែល​មិន​ចង់​ស្តាប់​ គំនិត មតិ​យោបល់ និង​មតិ​រិះគន់​ស្ថាបនា​ត្រឡប់​មក​វិញ​ពី​អ្នកដទៃ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដឹកនាំ​របស់​ខ្លួន​ឡើយ។ អ្នកដឹកនាំ​ប្រភេទ​នេះ​ ជា​ប្រភេទ​មនុស្ស​ដែល​ងប់ងុល និង​ឲ្យ​តម្លៃ​តែ​គំនិត​​ខ្លួនឯង ហើយ​យល់​ថា អ្វី​ដែល​​ខ្លួន​ធ្វើ​សុទ្ធតែ​ត្រឹមត្រូវ​ទាំងអស់។ តាម​ពិត​ទៅ​ចង់​ធ្វើ​ជា​អ្នកដឹកនាំ​​ដែល​ពិតប្រាកដ ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ​ក្នុង​ការ​ទទួល​យក​គំនិត​រិះគន់​ពី​មជ្ឈដ្ឋាន​នានា​ ជា​ពិសេស​បុគ្គលិក​របស់​ខ្លួន។ អ្នក​ដឹកនាំប្រភេទ​នេះ លើកឡើង​ជា​សំណួរផ្សេងៗ ចេះ​ស្នើ​សុំ​យោបល់ ជំនួយ និង​ស្វែងយល់​ពី​អ្វី​ដែល​​មនុស្ស​ក្រោម​បង្គាប់​យល់​ឃើញ​ចំពោះ​ការ​ដឹកនាំ​របស់​ខ្លួន ដោយ​ផ្ដោត​លើ​ភាព​រីកចម្រើន​នៅ​ពេល​អនាគត​ជា​រឿង​សំខាន់។

៥. ត្រូវ​​គិត​ថា ការ​ឲ្យ​តម្លៃ​បុគ្គលិក ​គឺ​ជា​រឿង​អាទិភាព​មុន​​អតិថិជន

មាន​ទស្សនៈ​ជាច្រើន​លើកឡើង​ថា អតិថិជន​ គឺ​ជា​ស្តេច។ ក៏ប៉ុន្តែ​អ្នក​មិន​អាច​ឲ្យ​តម្លៃ​អតិថិជន​ខ្លាំង​រហូត​ដល់​មើល​រំលង​បុគ្គលិក​របស់​អ្នក​ឡើយ។ ​តួនាទី​របស់​អ្នកដឹកនាំ​​ល្អ​ម្នាក់​​គួរតែ​ផ្ដោត​ជា​សំខាន់​ការ​បម្រើ​​បុគ្គលិក​ក្នុង​ស្ថាប័ន​ជាមុន​សិន​ ពីព្រោះ​ពួកគេ​ជា​អ្នក​ធ្វើ​ការ​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​អតិថិជន។ ប្រសិនបើ​​អ្នក​ចេះ​ថែរក្សា​​បុគ្គលិក​របស់​​អ្នក ​បណ្ដុះបណ្ដាល​ពួកគេ​ និង​ផ្ដល់​អំណាច​ដល់​ពួកគេ​ឲ្យ​បាន​កាន់តែ​ច្រើន នោះ​ពួកគេ​នឹង​ចូលរួម​យ៉ាង​​សកម្ម​នូវ​ការងារ​ដែល​ពួកគេ​កំពុង​ធ្វើ​។ នេះ​នឹង​ធ្វើ​ឲ្យ​​ពួកគេ​បង្កើន​សមត្ថភាព​កាន់តែ​ល្អ​ក្នុង​ការ​បង្កើន​ទំនាក់ទំនង​ជាមួយ​អតិថិជន​ដែល​ជា​មនុស្ស​សំខាន់​ទី២​របស់​អ្នក​​​សម្រាប់​ផ្តល់​​សេវាកម្ម ឬ​​ផលិតផល​ប្រកបដោយ​គុណភាព។ 

៦. ធ្ធ្វើ​ឲ្យ​មនុស្ស​ក្រោម​បង្គាប់​រីកចម្រើន​ដូចខ្លួន​

អ្នកដឹកនាំ​​ប្រកបដោយ​សច្ចភាព​ត្រូវ​យល់​ថា ​​ការ​សិក្សា​ស្វែងយល់​ពី​មនុស្ស​ក្រោម​បង្គាប់​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​លាស់​ជាទីបំផុត ​គឺ​ជា​រឿង​អាទិភាព​​ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​មាន​ការ​អភិវឌ្ឍ​កាន់តែ​ប្រសើរ​ឡើង។ ​​អ្នក​ដឹកនាំ​បែប​នេះ ត្រូវ​ចំណាយ​ពេល​វេលា​ច្រើន​បន្តិច​ហើយ​​​ក្នុង​ការ​លះបង់​​​ឲ្យ​កូនចៅ​របស់​ខ្លួន​​តាមរយៈ​ការ​ផ្តល់​យោបល់ ប្រឹក្សា បណ្ដុះបណ្ដាល និង​បង្ហាញ​ឲ្យ​ពួកគេ​នូវ​ភាពទទួល​ខុសត្រូវ​ថ្មីៗ​ដែល​នាំ​មក​នូវ​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​ពួកគេ​។ ប្រសិន​បើ​​អ្នកដឹកនាំ​ណា​ម្នាក់​​ខ្វះ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​​ធ្វើ​ឲ្យ​មនុស្ស​ក្រោម​បង្គាប់​របស់​ខ្លួន​រីកចម្រើន​ នោះ​ទំនង​នឹង​ជួប​ភាព​បរាជ័យ​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​យូរអង្វែង​​ និងអាច​ប៉ះពាល់​ដល់​ផលិតភាព​ការងារ​។

សរុបមក ប្រសិន​បើ​អ្នក​​ធ្លាប់​ធ្វើ​ការ​ជា​មួយ​អ្នកដឹកនាំ​ដ៏​ល្អ​ពិតប្រាកដ​ម្នាក់ អ្នក​ទំនង​ជា​ចងចាំ​ថា បុគ្គល​នោះ​​​បាន​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​​​កក់ក្ដៅ​បែប​ណា​​នៅ​ក្នុង​ជីវិត​ការងារ​របស់​អ្នក។ ដូច​អ្វី​ដែល​លោកស្រី Maya Angelou សកម្មជន​នយោបាយ​ដ៏ល្បីល្បាញ​របស់​អាមេរិក​ធ្លាប់​បាន​លើកឡើង​ដូច្នេះ​ថា “ពួកគេ​នឹង​ភ្លេច​អ្វី​ដែល​អ្នក​និយាយ ពួកគេ​​នឹង​ភ្លេច​អ្វី​ដែល​អ្នក​បាន​ធ្វើ ប៉ុន្តែ​ពួកគេ​មិន​​​​ភ្លេច​ឡើយ​​​នូវ​អារម្មណ៍​ដែល​អ្នក​បាន​ធ្វើ​ចំពោះ​ពួកគេ​ទេ។”

ប្រែសម្រួលពី៖ Inc.


អត្ថបទទាក់ទង

កំហុសឆ្គង ចំនួន៧ ដែលអ្នកគ្រប់គ្រងគួរចៀសវាង

Leave a Reply