ការធ្វើការជាក្រុម អត្ថប្រយោជន៍ និងគន្លឹះក្នុងការធើ្វ​ការងារ​ក្រុម​ដ៏​មាន​ប្រសិទ្ធភាព

ការធ្វើការងារ​ជា​ក្រុម​ពិតជា​ទទួលបាន​លិទ្ធ​ផល​ល្អ និង​ប្រសិទ្ធភាព​ខ្ពស់ ប្រសិនបើជា​ការធ្វើការ​ងារ​ក្រុម​នោះ​មាន​ក្បួនខ្នាត និង​មាន​របៀប​ច្បាស់លាស់។ ការធ្វើការងារជាក្រុមត្រូវការជាចាំបាច់នូវចិត្តសាស្ត្រក្នុងការសម្របខ្លួន ការដោះស្រាយបញ្ហា និងការជម្នះកត្តាប្រឈមជាច្រើនទៀតដើម្បីឱ្យគម្រោងនីមួយៗទទួលបានជោគជ័យ ព្រោះថា មនុស្សជាច្រើនដែលពូកែធ្វើការងារតែម្នាក់ឯង តែងតែបរាជ័យនៅពេលដែលធ្វើការងារជាក្រុម។

និយមន័យរបស់ក្រុមដែលមានប្រសិទ្ធភាពខ្ពស់គឺ៖

១. ក្រុមមនុស្សដែលមានជំនាញក្នុងការលើកស្ទួយគ្នា មានទំនាក់ទំនងគ្នាដើម្បីឲ្យសម្រេចគោលដៅរួមគ្នា។

២. ក្រុមមនុស្សដែលមានការបូជាលះបង់ចំពោះចេតនារម្មណ៍ណាមួយរួមគ្នា មានគោលដៅនៃកិច្ចប្រតិបត្តិការរួមគ្នា និងមានមធ្យោបាយក្នុងការដំណើរការងារដែលពួកគេទទួលខុសត្រូវរួមគ្នា។

  • មានទំនួលខុសត្រូវចំពោះការងារនិងលះបង់កម្លាំងកាយចិត្តដើម្បីឲ្យសម្រេចគោលដៅរួមគ្នា។
  • មានការប្រគល់ការងារ (ចែករំលែកតួនាទី ទំនួលខុសត្រូវ និងអំណាចសម្រេចិត្ត) ប្រកបដោយប្រសិទ្ធផលច្រើនឡើង។
  • មានបរិស្ថាននិងបរិយាកាសនៅក្នុងការធ្វើការដែលជួយឲ្យសមាជិកនៅក្នុងធីមមានកម្លាំងជំរុញនិងកម្លាំងចិត្តក្នុងការធ្វើការងារច្រើនឡើង។

លោកប្រធានាធិបតីអាមេរិក រ៉ូសឺវេល បានលើកឡើងថា ការធ្វើការងារជាក្រុម តែងស្តែងចេញនូវលទ្ធផលល្អប្រសើរជាជាងការធ្វើការងារតែម្នាក់ឯង។

ពេលក្រុមធ្វើការងារបានល្អ លទ្ធផលដែលទទួលបានក៏មានប្រសិទ្ធភាពខ្ពស់ដែរ។ ថាមពលនៃការធ្វើការរួមគ្នាដែលកើតចេញពីការរួបរួមជំនាញ បទពិសោធន៍ និងការលើកទឹកចិត្តនៅក្នុងក្រុម ធ្វើឲ្យក្រុមអាចឆ្លើយតបចំពោះការប្រែប្រួលនៃបច្ចេកវិទ្យា សេដ្ឋកិច្ច និងទីផ្សារ ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពស្មុគស្មាញជាច្រើនឡើង។ ក្រុមដែលមានប្រសិទ្ធភាពនឹងអាចធ្វើការសម្រេចចិត្តបានល្អប្រសើរឡើង ដំណើរការបានឆាប់រហ័សឡើង និងដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត ជាងក្រុុំដែលមានជំនាញ និងសមត្ថភាពខ្ពស់តែម្នាក់ៗធ្វើការរៀងៗខ្លួន។ វាជាការពិតណាស់ថា មនុស្សជាច្រើនមានសេចក្តីសុខ និងមានកម្លាំងចិត្តដែលបានធ្វើការជាក្រុម ដោយនោះគឺជាលទ្ធផលធ្វើឲ្យពួកគេមានលទ្ធផលប្រតិបត្តិការការដ៏ឆ្នើម។

អត្ថប្រយោជន៍ផ្សេងៗពីការចាត់តាំងក្រុមមានដូចជា៖

  • ធ្វើឲ្យកិច្ចប្រតិបត្តិការមានផលល្អប្រសើរ ដោយមូលដ្ឋានចំណេះដឹង និងបទពិសោធដែលកាន់តែទូលំទូលាយ។
  • មានគំនិតច្នៃប្រឌិតច្រើនឡើង មានទស្សនៈទូលំទូលាយ និងអាចដោះស្រាយបញ្ហាផ្សេងៗបានយ៉ាងមានប្រសិទ្ធផល។
  • ឆ្លើយតបការប្រែប្រួល និងភាពប្រថុយប្រថានយ៉ាងពេញលេញ …។ល។

តើ​គន្លឹះ​ក្នុងការធើ្វ​ការងារ​ក្រុម​ដ៏​មាន​ប្រសិទ្ធភាពមានអ្វីខ្លះ? ខាងក្រោម​នេះ​ជា​គន្លឹះ​ចំនួន៥ធើ្វ​ការងារ​ក្រុម​ដ៏​មាន​ប្រសិទ្ធភាព៖

១. អ្នកសម្របសម្រួល៖ នៅក្នុង​ក្រុមការងារ​ត្រូវមាន​តំណាង​សមាជិក​ម្នាក់​ដើរតួ​ជា​អ្នកសម្របសម្រួល​សមាជិក​ក្រុម​ឲ្យ​ធ្វើការ​ចុះសម្រុង​គ្នា ដោយ​ជួយ​បែងចែក និង​ត្រួតពិនិត្យ​ការងារ។ ជាពិសេស​ដើរតួ​ជា​អ្នកប្រមូល​គំនិត​យោបល់​របស់​សមាជិក​ម្នាក់ៗមក​បញ្ចូល​គ្នា។

២. បែងចែក​ការងារ និង​សហការគ្នា៖ សមាជិក​ក្រុមម្នាក់ៗត្រូវបំពេញ​ការងារ​តាម​មុខជំនាញ​ និង​ត្រូវ​បែងចែក​ការងារ​ឲ្យ​បាន​ច្បាស់​សម្រាប់​សមាជិក​ម្នាក់ៗ ជាពិសេស​ត្រូវ​សហការគ្នា​ពី​ផ្នែក​មួយ​ទៅ​ផ្នែក​មួយទៀត​នៅក្នុង​ក្រុម។ 

៣. ស្មារតី​ទទួលខុសត្រូវ៖ សមាជិកម្នាក់ៗត្រូវមាន​ទំនួល​ខុសត្រូវ ចំពោះ​ការងារ​ជា​មុខនាទី​ផ្ទា​ស់​ខ្លួន​ដែល​មិនអាច​បោះបង់ចោល​បានឡើយ និង​ត្រូវមាន​ទំនួល​ខុសត្រូវ​ចំពោះ​លិទ្ធ​ផល​របស់​ក្រុម​ទាំងមូល។

៤. ដោះស្រាយ​បញ្ហា​រូ​ម​គ្នា៖ សមាជិក​ក្រុម​ទាំងអស់​ត្រូវ​លើកយក​បញ្ហា​ដែល​កើតមាន​ក្នុង​ក្រុម​ទាំង​បញ្ហា​របស់​សមាជិកម្នាក់ៗ ទាំង​បញ្ហា​ពេលធ្វើ​ការមិនចុះសម្រុង​គ្នា និង​ទាំង​បញ្ហា​ផល​លំបាក​ពេល​បំពេញការងារម្តង។

៥. ចែករំលែក​បទពិសោធ​ន៍​ជីវិត៖ សមាជិកម្នាក់ៗមាន​ជីវប្រវត្តិ មាន​ជំនាញ ទេពកោសល្យ អត្តចរិត និង​ចំណង់​ចំណូលចិត្តផ្សេងៗគ្នា។ ដូច្នេះ​សមាជិក​ក្រុម​ទាំងអស់​ត្រូវ​ចែករំលែក​បទពិសោធន៍​ជីវិត​ឲ្យ​គ្នា​ទៅវិញទៅមក ដោយ​មិនមាន​ការលាក់លៀម​អ្វី​ឡើយ។ ការធ្វើ​បែបនេះ អាចធ្វើ​ឲ្យ​សមាជិក​ក្រុម​ទាំងអស់​ស្គាល់គ្នា​កាន់តែច្បាស់ អាចមាន​មនោសញ្ចេតនា និង​មាន​ភាព​សិ្ន​ទ្ធ​ស្នាល​ស្រឡាញ់គ្នា​ដូច​បងប្អូន​បង្កើត​រប​ស់​ពួកគេ​ជាក់​ជាពុំខាន។

 

Leave a Reply