ប្រភពនៃការស្វែងរកបេក្ខជន (Source of Applicants search)
ប្រភពនៃការស្វែងរកបេក្ខជន អាចត្រូវបានគេជ្រើសរើសចេញពីមជ្ឈដ្ឋានចំនួនពីរ គឺ៖
- មជ្ឈដ្ឋានខាងក្នុង (Internal)
- មជ្ឈដ្ឋានខាងក្រៅ (External) នៃក្រុមហ៊ុន ឬអង្គភាពអាជីវកម្ម។
ការប្រការជ្រើសរើសខាងក្នុង (Internal Recruitment)
បណ្ដាអង្គភាពអាជីវកម្មភាគច្រើន មានគោលបំណងឲ្យនិយោជិតរបស់ខ្លួនពីឱកាសនៃការងារមុនពេលដែលគេឈានទៅដល់ការប្រកាសជ្រើសរើសពីខាងក្រៅ ហើយវាគឺជាការលើកទឹកចិត្តដល់អ្នកស្នើសុំដែលមានសក្តានុពលឲ្យដាក់ពាក្យសុំសម្រាប់កន្លែងការងារដែលទំនេរ។ នៅក្នុងនោះ ដំណើរការត្រូវបានធ្វើឡើងជាការប្រកាស ជម្រាបដល់និយោជិត ដែលមានបំណងដាក់ពាក្យសុំក្នុងករណីដែលយល់ថាខ្លួនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទៅតាមតម្រូវការនៃការងារដែលបានកំណត់។
គុណសម្បត្តិ និងគុណវិបត្តិនៃការជ្រើសរើសបុគ្គលិកខាងក្នុង
គុណសម្បត្តិ
- ស្ថាប័នបានស្គាល់ចំណេះដឹង និងភាពប៉ិនប្រសប់របស់បុគ្គលិកស្រាប់
- បុគ្គលិកមានការយល់ដឹងអំពីស្ថាប័នស្រាប់
- មានការចំណាយតិចតួចក្នុងការបណ្ដុះបណ្ដាល
- ផ្ដល់ឱកាសក្នុងការលើកទឹកចិត្តដល់អ្នកនៅក្នុងស្ថាប័ន
- ចំណេញពេលវេលាក្នុងការបណ្ដុះបណ្ដាល និងបំពេញភារកិច្ចបានឆាប់រហ័ស។
គុណវិបត្តិ
- ធ្វើឲ្យបុគ្គលិកបាក់ទឹកចិត្ត ក្រមសីលធម៌ធ្លាក់ចុះ នៅពេលពួកគេបរាជ័យក្នុងការទទួលបានការងារនោះ
- មិនមានគំនិតថ្មី ឬបទពិសោធន៍ថ្មីនាំពីខាងក្រៅមកចូលក្នុងស្ថាប័ន
- មិនសូវមានការបណ្ដុះបណ្ដាលល្អដល់បុគ្គលិកដែលមានសមត្ថភាពការងារខ្ពស់
- អាចកើតមានឡើងនូវការប្រកាន់បក្សពួកនិយម
- គំនិតតូចចង្អៀត។
ការប្រកាសជ្រើសរើសពីខាងក្រៅ (External Recruitment)
ការប្រកាសជ្រើសរើសបុគ្គលិកពីប្រភពខាងក្រៅ គឺជាជាដំណើរការក្នុងការស្វែងរកមនុស្សដែលមានសមត្ថភាព ជំនាញឯកទេស និងបទពិសោធន៍ស្របទៅតាមការចង់បានរបស់ក្រុមហ៊ុន។ ចំណែកឯការផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ កាសែត ទីភ្នាក់ងារការងារឯកជន ការិយាល័យការងារសាធារណៈ សាលារៀន មហាវិទ្យាល័យ ជាកន្លែងដែលអាចប្រមូលបាននូវបេក្ខជនពូកែៗ។
គុណសម្បត្តិ និងគុណវិបត្តិនៃការជ្រើសរើសបុគ្គលិកខាងក្រៅ
គុណសម្បត្តិ
- មានភាពបើកទូលាយ និងអាចជ្រើសរើសបេក្ខជនមកពីក្រុមមនុស្សដែលមានសមត្ថភាព
- បុគ្គលិកថ្មីនាំមកនូវបទពិសោធន៍ថ្មី
- បេក្ខជនមានចំណេះដឹង អាចធ្វើការប្រកួតប្រជែងបាន
- អាចបំពេញបានភ្លាមៗនូវកន្លែងដែលទំនេរប្រសិនបើនិយោជិតខាងក្នុងមិនអាចបំពេញបាន។
គុណវិបត្តិ
- ពិបាកប៉ាន់ស្មានទៅលើជំនាញ និងសមត្ថភាពរបស់បេក្ខជនដែលយើងមិនទាន់ដឹង ឬស្គាល់ប្រសិនបើយើងជ្រើសរើសយកមកមិនត្រឹមត្រូវប៉ះចំបេក្ខជនមិនមានសមត្ថភាពសមរម្យនាំឲ្យមានកំហុសការងារច្រើន និងមានការចំណាយច្រើន
- ចំណាយច្រើនលើការតម្រង់ទិស និងណែនាំក្នុងរយៈពេលសាកល្បង
- មានការច្រណែនពីអ្នកខាងក្នុង
- ការចាប់ផ្ដើមការងារមានភាពយឺតយ៉ាវជាងអ្នកខាងក្នុង។