ពាក្យជប៉ុន 生き甲斐 ជាភាសាខ្មែរ អ៊ីគីហ្គៃ ឬជាអង់គ្លេស ikigai ដែលថ្មីៗនេះទទួលបានការចាប់អារម្មណ៍ទូទាំងពិភពលោក និងទទួលបានការប្រើប្រាស់យ៉ាងទូលំទូលាយ សំដៅទៅលើចំណង់ចំណូលចិត្តដែលផ្តល់តម្លៃ និងសេចក្តីរីករាយដល់ជីវិត។ អ្នកនិពន្ធដែលបានធ្វើឱ្យមានការពេញនិយមនៃពាក្យនេះ បាននិយាយអំពីភាពទាក់ទាញនៃពាក្យនេះ និងផលប៉ះពាល់ដែលវាមានទៅលើសុខភាពផ្លូវចិត្ត និងផ្លូវកាយ។
សៀវភៅ អ៊ីគីហ្គៃ៖ អាថ៌កំបាំងរបស់ជនជាតិជប៉ុនសម្រាប់ជីវិតយឺនយូរ និងមានសុភមង្គល និពន្ធដោយ Héctor García និង Francesc Miralles គឺជាការសិក្សាករណីមួយលើជីវិតរបស់អ្នកស្រុកដែលរស់នៅបានយូរអង្វែងមកពីភូមិអូហ្គីមិ ដែលជាភូមិតូចមួយនៅកោះអូគីណាវ៉ា។
សៀវភៅនេះ បញ្ចប់ដោយច្បាប់ចំនួន ១០ នៃ អ៊ីគីហ្គៃ ដែលអ្នកនិពន្ធបានចម្រាញ់ចេញពីបញ្ញារបស់អ្នកស្រុកដែលរស់នៅបានយូរអង្វែងទាំងនោះ។ អ្នកអាចបកស្រាយច្បាប់ទាំងនោះថាជាទម្លាប់នៃការរស់នៅដែលអនុញ្ញាតឱ្យអ្នកស្រុកអូហ្គាមិ វ័យចំណាស់រស់នៅបានយូរអង្វែង និងរីករាយជាមួយនឹង អ៊ីគីហ្គៃ របស់ពួកគេ។
របៀបរស់នៅរបស់អ្នក នឹងខុសគ្នាខ្លាំងពីមនុស្សចំណាស់រាប់រយនាក់នៅ អូហ្គាមិ។ អ្នកប្រហែលជាធ្វើការ រស់នៅក្នុងទីក្រុង មានការទទួលខុសត្រូវជាច្រើន ភាពតានតឹងផ្នែកហិរញ្ញវត្ថុ បញ្ហាទំនាក់ទំនង និងរឿងជាច្រើននៅក្នុងចិត្តរបស់អ្នក។ វាអាចពិបាកសម្រាប់អ្នកក្នុងការធ្វើតាមច្បាប់ទាំង ១០ នេះ ប៉ុន្តែច្បាប់មួយចំនួនងាយស្រួលអនុវត្តណាស់។
សូមចងចាំថា ទាំងនេះមិនមែនជាច្បាប់ដែលអ្នកត្រូវតែអនុវត្តតាមដើម្បីសម្រេចបាន អ៊ីគីហ្គៃ ទេ ប៉ុន្តែជាការណែនាំ ឬទម្លាប់ដែលអ្នកអាចអនុវត្តដើម្បីកែលម្អសុខភាព និងសុខុមាលភាពរបស់អ្នក ដូច្នេះអ្នកអាចស្វែងរក និងចិញ្ចឹមបីបាច់ អ៊ីគីហ្គៃ របស់អ្នក។
សំណួរមួយដែលអ្នកអាចសួរខ្លួនឯង គឺ “តើច្បាប់អ្វីខ្លះដែលខ្ញុំអាចអនុវត្តបានយ៉ាងងាយស្រួលដែលនឹងជួយខ្ញុំក្នុងជីវិតប្រចាំថ្ងៃរបស់ខ្ញុំ?”
អត្ថបទទាក់ទង៖ លក្ខណៈទាំង ៥ របស់មនុស្សដែលរឹងមាំពិតប្រាកដដែលធ្វើឲ្យអ្នកដទៃកោតខ្លាច
១. រក្សាភាពសកម្ម កុំចូលនិវត្តន៍
ក្នុងវប្បធម៌ អ៊ីគីហ្គៃ គ្មានពាក្យថា “ឈប់ធ្វើការ” នោះទេ។ ទោះបីជាយើងឈប់ធ្វើការងារធំដុំ ឬរកលុយបានច្រើនក៏ដោយ ក៏យើងត្រូវបន្តធ្វើអ្វីដែលមានតម្លៃសម្រាប់ខ្លួនឯង និងសង្គម ដូចជាការដាំដើមឈើ ជួយការងារសហគមន៍ ឬរៀនជំនាញថ្មីៗ។ ការឈប់ធ្វើអ្វីសោះ គឺជាការសម្លាប់ថាមពលជីវិត។
២. ធ្វើអ្វីមួយសន្សឹមៗកុំបំបោល
សូមបន្តទៅមុខក្នុងល្បឿនបែបសម្រាក និងមិនប្រញាប់ប្រញាល់។ វាលើកទឹកចិត្តឱ្យមានការអត់ធ្មត់ ចៀសសវាងការប្រញាប់ប្រញាល់ធ្វើកិច្ចការ ឬការសម្រេចចិត្ត និងការពារការអស់កម្លាំង។ ការប្រញាប់ប្រញាល់ពេក ធ្វើឱ្យយើងបាត់បង់សេចក្តីសុខនៅក្បែរខ្លួន។ សូមរៀនរស់នៅដោយមានសតិ មិនថាការដើរ ការហូប ឬការនិយាយស្តីនោះទេ។ នៅពេលអ្នកមិនប្រញាប់ នោះអ្នកនឹងអាចដោះស្រាយរឿងដែលនៅចំពោះមុខដោយស្មារតីរឹងមាំ។
៣. កុំបរិភោគរហូតដល់ឆ្អែតពេក៖ ច្បាប់ “ហារ៉ា ហាជី ប៊ុ” (Hara Hachi Bu)
សូមឈប់បរិភោគនៅពេលអ្នកមានអារម្មណ៍ថាឆ្អែត ៨០%។ ការមិនផ្ទុកអាហារច្រើនលើសលប់ ជួយឱ្យរាងកាយស្រាលស្រួល ជួយដល់ការរំលាយអាហារ និងកាត់បន្ថយជំងឺ។
៤. រស់នៅក្បែរមិត្តល្អ
មិត្តភក្តិ គឺជាថ្នាំទិព្វ។ ការមានទំនាក់ទំនងល្អក្នុងសង្គម ការជួបជុំគ្នានិយាយលេងសើច និងការជួយគ្នាក្នុងគ្រាលំបាក គឺជាអាវុធដ៏ស័ក្តិសមបំផុតដើម្បីកម្ចាត់ភាពតានតឹង និងភាពឯកោ។
៥. ហាត់ប្រាណសម្រាប់ខួបកំណើតបន្ទាប់
រាងកាយប្រៀបដូចជាឡាន បើមិនបញ្ឆេះសោះ វានឹងខូច។ មិនចាំបាច់ហាត់ខ្លាំងដូចកីឡាករទេ គ្រាន់តែដើរឱ្យបានច្រើន ធ្វើចលនាពត់ខ្លួន ឬធ្វើការងារផ្ទះ ក៏ជាការថែរក្សាម៉ាស៊ីនជីវិតឱ្យដើរស្រួលដែរ។
៦. ញញឹម
ស្នាមញញឹម មិនត្រឹមតែធ្វើឱ្យអ្នកមើលទៅគួរឱ្យស្រលាញ់ទេ តែវាជួយបន្ធូរអារម្មណ៍តានតឹងបានយ៉ាងល្អ។ សូមញញឹមដាក់ខ្លួនឯង និងមនុស្សជុំវិញខ្លួន ទោះបីជាថ្ងៃខ្លះមិនសូវល្អក៏ដោយ។
៧. ផ្សារភ្ជាប់ឡើងវិញជាមួយធម្មជាតិ
មនុស្ស គឺជាផ្នែកមួយនៃធម្មជាតិ។ សូមចំណាយពេលដើរកាត់សួនច្បារ មើលពន្លឺថ្ងៃ ឬប៉ះពាល់ដីខ្សាច់ខ្លះ។ ធម្មជាតិ នឹងជួយបញ្ចូលថាមពលដល់ផ្លូវចិត្តរបស់អ្នកឱ្យស្រស់ថ្លាឡើងវិញ។
៨. ពោលពាក្យអរគុណ
សូមដឹងគុណដល់អ្វីៗដែលអ្នកមាន ចាប់តាំងពីខ្យល់ដង្ហើម អាហារ មិត្តភក្តិ រហូតដល់បទពិសោធន៍អាក្រក់ៗដែលធ្វើឱ្យអ្នករឹងមាំ។ ការដឹងគុណ នឹងធ្វើឱ្យ “ធុងនៃសេចក្តីសុខ” របស់អ្នករីកធំជានិច្ច។
៩. រស់នៅក្នុងខណៈពេលបច្ចុប្បន្ន
ឈប់សោកស្តាយអតីតកាល និងឈប់បារម្ភជ្រុលពីអនាគត។ អ្វីដែលសំខាន់បំផុត គឺ “ពេលនេះ”។ សូមធ្វើអ្វីដែលយើងកំពុងធ្វើឱ្យបានល្អបំផុត និងរីករាយជាមួយវាឱ្យអស់ពីបេះដូង។
១០. ដើរតាមអ៊ីគីហ្គៃ
មនុស្សម្នាក់ៗ សុទ្ធតែមាន “អំណោយទាន ឬទេពកោសល្យ” រៀងៗខ្លួន។ សូមស្វែងរកវាឱ្យឃើញ ហើយប្រើប្រាស់វាដើម្បីបម្រើដល់ខ្លួនឯង និងពិភពលោក។ ប្រសិនបើអ្នកមិនទាន់រកឃើញទេ នោះបេសកកម្មរបស់អ្នក គឺ “បន្តស្វែងរកវា” ។
ច្បាប់ទាំង ១០ នេះ មិនមែនជាបន្ទុកដែលត្រូវអនុវត្តឱ្យបានល្អឥតខ្ចោះក្នុងថ្ងៃនេះទេ ប៉ុន្តែវាគឺជា “ទម្លាប់តូចៗ” ដែលអ្នកគួរដាំដុះបន្តិចម្តងៗ ដើម្បីឱ្យជីវិតរបស់អ្នកប្រែជាស្រស់បំព្រង និងមានន័យជានិរន្តន៍។
សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ

