
រូបតំណាងបង្កើតឡើងដោយ AI (គង់ ឆាយឡេង)
ឆ្នាំក្រោយខ្ញុំនឹងឈប់លួច
ដឹងថាខុសឆាប់កែប្រែចាត់ទុកថាជាប្រសើរបំផុត។ អ្វីដែលគួរឱ្យសោកស្តាយនោះ គឺការដឹងថាខ្លួនខុស តែមិនព្រមទទួលកំហុស ព្រមទាំងរកវិធីដោះសារឱ្យខ្លួនរួចផុតពីខុស។ មនុស្សប្រភេទនេះ មានច្រើនរាប់មិនអស់។ មូលហេតុ ដោយសារអ្នកទាំងនោះមិនមានភាពក្លាហានគ្រប់គ្រាន់ក្នុងការទទួលកំហុស។ ភាពខ្ពង់ខ្ពស់របស់មនុស្ស មិនមែនសំដៅលើថាអ្នកនោះមិនធ្លាប់ធ្វើអ្វីខុសនោះទេ ការធ្វើខុស វាជារឿងពិបាកនឹងជៀសវាងបំផុត។ តែចំពោះមនុស្សល្អ មានគុណធម៌ គេនឹងមានសេចក្តីក្លាហានគ្រប់គ្រាន់ក្នុងការទទួលស្កាល់កំហុស ហើយព្យាយាមកែសម្រួលខ្លួនឯងសាជាថ្មី។
ក្នុងសម័យឈុនឈីវ គ្រាមួយនោះ តែយិងជឺ ជាមន្រ្តីនគរសុង បានពិភាក្សាពីបញ្ហាគ្រប់គ្រងប្រទេសជាមួយនឹងម៉ឹងជឺ។ ម៉ឹងជឺ បានលើកយកបញ្ហាអត់ឃ្លានរបស់ប្រជាជនមកវែកញែកដោះស្រាយ ដោយនិយាយថា៖ “ក្រៅពីគ្រោះភ័យធម្មជាតិ ការរាំងស្ងួត ដែលធ្វើឱ្យប្រជារាស្រ្តជួបប្រទះនឹងភាពលំបាកទៅហើយនោះ ពន្ធអាករ ក៏នៅតែជាភារៈដ៏ធ្ងន់ធ្ងរផងដែរ” ។
អត្ថបទទាក់ទង៖ អំពីក្រ ៥ យ៉ាង ក្រកិច្ច ក្រកល ក្រដឹង ក្រយល់ ក្រវៃច្នៃទាស់
ក្រោយពីការជជែកវែកញែកមួយស្របក់ធំមក តែយិនជឺ ក៏យល់ព្រមទទួលយកការពិតត្រង់ចំណុចនេះ ហើយសន្យាថានឹងកាត់បន្ថយពន្ធអាករខ្លះ តែមិនអាចកាត់ផ្តាច់ភ្លាមៗនោះទេ គឺរង់ចាំទាល់ដល់តែឆ្នាំខាងមុខ ទើបកាត់ផ្តាច់បាន។ ចំណែកក្នុងឆ្នាំនេះ បានគ្រាន់តែបន្ធូរបន្ថយខ្លះៗប៉ុណ្ណោះ។
ស្តាប់យោបល់របស់ តែយិនជឺ ហើយ ម៉ឹងជឺ អង្គុយស្ងៀមមួយសន្ទុះ។
គេយល់ក្នុងចិត្តថា តែយិនជឺ គ្រាន់តែនិយាយឱ្យរួចពីមាត់តែប៉ុណ្ណោះ។ គេមិនមានចេតនាកែលម្អដោយពិតប្រាកដទេ។ ហេតុនេះ ម៉ឹងជឺ ក៏និទានរឿងមួយឱ្យ តែយិនជឺ ស្តាប់៖
មានបុរសម្នាក់ តែងដើរលួចមាន់អ្នកស្រុកជារៀងរាល់ថ្ងៃ។ ថ្ងៃមួយ អ្នកជិតខាងម្នាក់ ដឹងថាបុរសនេះជាអ្នកលួចមាន់របស់ខ្លួន គេមានក្តីខឹងសម្បារជាខ្លាំង។ កន្លងមកទៀត មានអ្នកភូមិម្នាក់បានទៅជួយដាស់តឿនបុរសជាចោរនោះថា៖ “ការលួចទ្រព្យសម្បត្តិអ្នកដទៃ គឺជាអំពើថោកទាបគួរឱ្យអាម៉ាស់បំផុត!… ឯងលួចមាន់អ្នកស្រុក ចាត់ទុកថាជាមនុស្សខ្វះសីលធម៌ ហេតុនេះឯងត្រូវកែខ្លួនឱ្យបានល្អឡើងវិញ ហើយចាប់ពីពេលនេះតទៅ ត្រូវឈប់ចេញទៅលួចមាន់គេទៀត!”
ក្រោយពីបានស្តាប់ហើយ បុរសលួចមាន់ ក៏ឆ្លើយថា៖ “ខ្ញុំដឹងថា… ខ្ញុំបានធ្វើខុសមែន! ឥឡូវនេះ អញ្ចេះទៅចុះ! ខ្ញុំនឹងលួចឱ្យកាន់តែតិចជាងមុន។ ពីមុន លួចរាល់ថ្ងៃ ឥឡូវនេះខ្ញុំនឹងលួចមួយខែម្តង ហើយលួចតែមាន់មួយទេ… ដល់ឆ្នាំខាងមុខ ខ្ញុំនឹងឈប់លួចមែនទែនហើយ!…”…?
ដឹងច្បាស់ថាខ្លួនខុស បែរជាមានចេតនាបន្លាយពេលវេលា មិនព្រមកែប្រែភ្លាមៗ។ មនុស្សប្រភេទនេះ មិនត្រឹមតែមិនអាចលុបលាងកំហុសបាននោះទេ គេកាន់តែធ្លាក់ទៅក្នុងគន្លងនៃអំពើអាក្រក់រហូតគ្មានទីបញ្ចប់ ដោយសារតែការបន្ថែមអំពើបាបមកឱ្យខ្លួនកាន់តែច្រើនឡើងៗនោះឯង។
តាមឧទាហរណ៍ខាងលើ ប្រសិនបើទទួលស្គាល់ថា ការលួចជាអំពើដែលមិនត្រឹមត្រូវ ក៏គួរតែឈប់ប្រព្រឹត្តជាដាច់ខាត កែប្រែខ្លួនជាបន្ទាន់ ហេតុអ្វីត្រូវចាំដល់ឆ្នាំខាងមុខ? មនុស្សមិនមែនជាទេវតាឯណា? មានអ្នកណាដែលមិនធ្លាប់ធ្វើខុស? ធ្វើខុសមិនមែនគួរឱ្យខ្មាសទេ អ្វីដែលគួរឱ្យខ្មាសនោះគឺការដែលដឹងថាខុសហើយនៅតែបំពាន។ ខុសដដែលៗ ខុសហើយខុសទៀត ថែមទាំងខំរកល្បិចគ្រប់យ៉ាងមកដោះសា បោកប្រាស់ទាំងខ្លួនឯង បោកប្រាស់ទាំងអ្នកដទៃ។
ម៉ៅឡៃ អ្នកនិពន្ធម្នាក់ បានទុកពំនោលដ៏ល្អមួយថា៖
សូមកុំមានការអៀនខ្មាស នៅពេលទទួលស្គាល់កំហុស ព្រោះការទទួលស្គាល់កំហុសបញ្ជាក់ឱ្យដឹងថា ចាប់ពីពេលនេះទៅ អ្នកឆ្លាតជាងមុនហើយ”
ធ្វើខុស មិនមានអ្វីគួរខ្មាសនោះទេ… តែបើដឹងថាខុសហើយ ចេះកែប្រែខ្លួនជាមនុស្សថ្មី បង្កើតស្នាដៃថ្មី ដែលត្រឹមត្រូវ ល្អធំធេងជាងមុន ប្រសើរជាជាងធ្វើមនុស្សល្ងង់ដែលមិនព្រមកែប្រែ។
សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ
