តើ ក្រុម (Team) គឺជាអ្វី?

ក្រុម (Team) គឺជាក្រុមមនុស្សដែលត្រូវបានចាត់តាំងឡើងដើម្បីធ្វើការរួមគ្នា ឬក្រុមមនុស្សដែលធ្វើការស្រដៀងៗគ្នា ឬក្រុមមនុស្សដែលស្ថិតនៅក្រោមអ្នកបង្គាប់បញ្ជាតែម្នាក់។ ប៉ុន្តែប្រភេទរបស់ធីមដែលអ្នកជាអ្នកដឹកនាំនោះមានភាពលើសពីធីមផ្សេងៗដែលអធិប្បាយខាងលើនេះ។
អ្នកធ្វើការរួមគ្នាជាធីម អាចធ្វើកិច្ចការឲ្យសម្រេចជោគជ័យបានជាច្រើន ខណៈពេលដែលមនុស្សតែម្នាក់មិនអាចធ្វើកិច្ចការទាំងនោះបានសម្រេច។ – ហ្រ្វែងគ្លីន ដេឡាណូ រ៉ូសឺវេល (Franklin Delano Roosevelt)
ប្រភេទនៃក្រុម (Team)៖ ធីមមានភាពខុសប្លែកគ្នាទៅតាមគោលបំណង ឬតម្រូវការរបស់សមាជិកនៅក្នុងធីម ហើយប្រភេទនៃធីមមានភាពស្មុគស្មាញជាច្រើនទៀតដែលធីមមួយចំនួនត្រូវគេហៅថា «ធីម» តាមពិតវាមិនមែនជាធីមទេ ហើយមានធីមមួយចំនួនមានឈ្មោះផ្សេង តែបែរជាពេលខ្លះដើរតួដូចធីមទៅវិញ។
ខាងក្រោមនេះជាគំរូនៃធីមផ្សេងៗដែលមាននៅក្នុងអង្គភាព ៖
  • ក្រុមមុខងារ (Functional Team)៖ ជាក្រុមមនុស្សតាមរចនាសម្ពន្ធដែលមានអ្នកបង្គាប់បញ្ជាតែម្នាក់ដោយមនុស្សធីមនេះអាចធ្វើការរួមគ្នាឬមិនរួមគ្នាក្នុងការសម្រេចគោលដៅរបស់ធីមក៏បាន។
  • ក្រុមឆ្លងមុខងារ (Cross-Functional Team)៖ ជាក្រុមមនុស្សដែលរួមផ្សំដោយសមាជិកការងារជាច្រើនផ្នែកដែលឧទ្ទិសពេលវេលាការងារមួយផ្នែកដើម្បីធ្វើការងារឲ្យធីមនេះ និងចំណាយពេលមួយផ្នែកទៀតសម្រាប់ការទទួលខុសត្រូវតាមតួនាទីការងារផ្សេងៗ។
  • ក្រុមខ្លា (Tiger Team)៖ ជាក្រុមមនុស្សដែលមានជំនាញពិសេសក្នុងការឆ្លើយតបចំពោះបញ្ហាដោយផ្ទាល់ដែលរួមផ្សំដោយសមាជិកពីធីមការងារផ្សេងទូទាំងអង្គភាព ដោយមនុស្សនៅក្នុងធីមនេះចំណាយពេលទាំងអស់ក្នុងការធ្វើការងាររបស់ធីម។
  • ក្រុមពិសេស (Ad-hoc Team)៖ ជាក្រុមមនុស្សដែលចាត់តាំងមួយរយៈដើម្បីដោះស្រាយបញ្ហាមួយចំនួន ឬដើម្បីរិះរកឱកាសថ្មីៗខាងពាណីជ្ជកម្ម។
  • គណៈកម្មាធីការ (Committee)៖ ជាមនុស្សដែលដំណើរការងារជាបន្តបន្ទាប់ដើម្បីអភិវឌ្ឍនិងតាមដានមើលការខុសត្រូវគោលការណ៍នយោបាយ ឬបែបបទនែការប្រតិបត្តការណាមួយ។
យើងឃើញថា ក្រុមមុខងារ (Functional Team) អាចគ្រាន់តែជាក្រុមមួយដែលមានការប្រជុំជារយៈៗ ប៉ុន្តែពុំមានទំនាក់ទំនងធ្វើការរួមគ្នាជាក្រុមទេ។ ផ្ទុយទៅវិញ ក្រុមខ្លា ឬធីមពិសេស (Tiger or Ad-hoc Team) ត្រូវនឹងនិយមន័យនៃ ក្រុម (Team) ដែលមានស្នាដៃឆ្នើម (High Performance) ដោយមានកិច្ចការផ្សេងៗរួមគ្នា និងមានគោលដៅដូចគ្នា។

Leave a Reply