រឿង បុរសពីរនាក់លើវាលខ្សាច់

“ចូររៀនសរសេរការឈឺចាប់នៅលើខ្សាច់ និង​ឆ្លាក់សេចក្ដីល្អរបស់អ្នកនិងអ្វីដែលមានប្រយោជន៏នៅលើថ្ម។”

មានមិត្តសម្លាញ់ពីរនាក់កំពុងដើរឆ្លងកាត់វាលខ្សាច់ដ៏ធំល្វឹងល្វើយមួយ។ កំលុងពេលធ្វើដំណើរ ពួកគេបានឈ្លោះទាស់ទែងសម្ដីគ្នា ស្រាប់តែមិត្តម្នាក់បានទះកំផ្លៀងមិត្តម្នាក់ទៀត។ អ្នកដែលត្រូវបានគេទះកំផ្លៀងរងរបួសឈឺចាប់ក៏ពិតមែន ប៉ុន្តែមិនបានហាមាត់និយាយស្ដីអ្វីនោះទេ គាត់បានសរសេរទៅលើដីខ្សាច់យ៉ាងស្ងៀមស្ងាត់ថា «ថ្ងៃនេះមិត្តដ៏ល្អរបស់ខ្ញុំបានទះខ្ញុំមួយកំផ្លៀង។»

ពួកគេទាំងពីរនៅតែបន្តដំណើរទៅមុខទៀតជាមួយគ្នា រហូតរកឃើញកន្លែងជ្រកកោនមានទឹកមួយ ដែលអាចឲ្យពួកគេងូតទឹកជម្រះកាយបាន។ ខណៈពេលនោះ មិត្តដែលត្រូវបានគេទះកំផ្លៀងបានជាប់ផុងក្នុងដីភក់សើម​ដោយមិនអាចដកខ្លួនចេញបានឡើយ។

នៅពេលដែលគាត់ប៊ិះតែនឹងលិចលង់បាត់ទៅហើយ មិត្តសម្លាញ់របស់គាត់ក៏បានជួយគាត់ឲ្យរួចផុតទាន់ពេលវេលា។ បន្ទាប់ពីគាត់បានជាសះស្បើយស្រួលបួល គាត់បានសរសេរនៅលើដុំថ្មថា «ថ្ងៃនេះមិត្តដ៏ល្អរបស់ខ្ញុំបានជួយជីវិតខ្ញុំ។»

មិត្តរបស់គាត់មានចម្ងល់ជាខ្លាំងហើយបានសួរទៅគាត់ថា៖ «ក្រោយពេលដែលខ្ញុំបានវាយឯង ឯងបានសរសេរវានៅលើដីខ្សាច់។ ចុះហេតុអ្វីបានជាលើកនេះឯងសរសេរវាលើដុំថ្មទៅវិញ?»

គាត់បានតបវិញថា៖ «នៅពេលដែលនរណាម្នាក់ធ្វើទោសលើយើង យើងគួរតែសរសេរវាលើដីខ្សាច់ដែលជាកន្លែងសម្រាប់ខ្យល់នៃការលើកលែងទោសអាចបក់ផាយផាត់វាឲ្យរលុបទៅតាមខ្យល់បាន។ ប៉ុន្តែនៅពេលដែលមាននរណាម្នាក់ធ្វើគុណមកលើយើង យើងត្រូវតែឆ្លាក់វាទុកលើថ្មដែលគ្មានខ្យល់ណាអាចលុបវាបាននោះទេ។»

Leave a Reply