គតិបណ្ឌិត២០ឃ្លា​ ប្រកបដោយអត្ថន័យជ្រាលជ្រៅសម្រាប់ការគិតពិចារណា

គតិបណ្ឌិត គឺជាភាពភ្លឺស្វាង និងជាភាពឈ្លាសវៃនៃគំនិត ដែលកើតឡើងពីផលនៃទំនាក់ទំនងរវាងសតិ សម្បជញ្ញៈ បញ្ញា មនសិការ និងឧត្តមគតិរបស់មនុស្ស ដោយឈរលើមូលដ្ឋាន នៃភាពសមតាមទំនង រវាងហេតុនិងផល ក្នុងការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ ដោយមិនបំផ្លើស មិនវិនិច្ឆ័យព្រហើនតាមអស្មិមានះបុគ្គល មិនលម្អៀងតាមអគតិ របស់ខ្លួននោះឡើយ។ ខាងក្រោមនេះ​ គឺជាគតិបណ្ឌិត២០ឃ្លា​ ប្រកបដោយអត្ថន័យជ្រាលជ្រៅ សម្រាប់ពិចារណាសិក្សា៖

១. វាមិនអាចទៅរួចទេដែលគ្រប់ផ្លូវមានតែភាពបរាជ័យ យ៉ាងហោចណាស់ក៏មានផ្លូវមួយខ្សែដែលទទួលជោគជ័យដែរ​។ – Aristotle

២. អ្នកដែលទទួលជោគជ័យ និងមានក្តីសង្ឃឹមពេញខ្លួននោះ មិនមែនជាមនុស្សឆ្លាតលេចធ្លោលើសអ្នកដទៃទេ គ្រាន់តែជាមនុស្សដែលចេះប្រើពេលវេលាបានល្អបំផុត និងជាមនុស្សដែលព្យាយាមស្វែងរកអ្វីថ្មីៗជានិច្ចតែប៉ុណ្ណោះ។ – Socrates

៣. មនុស្សដែលមានចិត្តចង្អៀត តែងតែមើលស្រាលក្តីស្រមៃរបស់អ្នក មនុស្សអស្ចារ្យនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថា អ្នកក៏អាចធ្វើរឿងដែលអស្ចារ្យបានដែរ។ – អនាមិក

៤. ការព្យាយាមស្វែងរកភាពជោគជ័យដោយគ្មានគោលដៅច្បាស់លាស់ក្នុងជីវិត គ្មានអ្វីទទួលបានក្រៅពីភាពបរាជ័យឡើយ។​ – Mary G. Roebling

៥. មនុស្សជាច្រើនរកមើលផ្លូវកាត់ក្នុងការរស់នៅ តែបើឃើញតម្លៃរបស់ទេសភាពដែលនៅសងខាងផ្លូវ ផ្លូវកាត់នោះអាចមិនចាំបាច់សម្រាប់អ្នកតទៅទៀតទេ។ – អនាមិក

៦. បុគ្គលដែលផ្តល់ក្តីសុខដល់អ្នកដទៃ រមែងទទួលបានសេចក្តីសុខនោះត្រលប់មកវិញ។ – ព្រះសម្មាសម្ពុទ្ធ

៧. ភាពជោគជ័យ នឹងកើតឡើងលើយើងឬអត់ នឹងមកយឺតឬលឿនប៉ុណ្ណានោះ អាស្រ័យលើការជ្រើសរើស និងការសម្រេចចិត្តរបស់យើងផ្ទាល់។ – George Eliot

៨. ភាពជោគជ័យ ជាមាត្រដ្ឋានវាស់មិត្តដែលមិនទៀតទាត់ តែភាពក្រីក្រ ជារឿងមួយដែលពិសោធមិត្តភាពបាន។ – Plutarch

៩. ទោះបីជាអ្នកដើរលើផ្លូវដ៏ត្រឹមត្រូវក៏ដោយ អ្នកក៏មានឱកាសបរាជ័យបានដែរ ប្រសិនបើអ្នកឈប់មួយកន្លែងហើយមិនព្រមឈានដើរទៅមុខបន្ត។ – Will Rogers

១០. នៅពេលដែលអ្នកចង់ជោគជ័យដូចអ្នកចង់បានខ្យល់ដកដង្ហើម នោះអ្នកនឹងទទួលបានជោគជ័យជាក់ជាមិនខាន។ – Eric Thomas

១១. ភាពជោគជ័យជាប់ទាក់ទងជាមួយនឹងសកម្មភាព។ មនុស្សជោគជ័យបន្ដសកម្មភាពរបស់ពួកគេទៅមុខ បើទោះបីជាពួកគេបង្កើតកំហុសក៏ដោយ ពួកគេមិនដែលបោះបង់ឡើយ។ – Conrad Hilton

១២. អ្នកមិនអាចហែលឆ្លងសមុទ្របានទេ បើសិនអ្នកគ្រាន់តែឈរហើយសម្លឺងមើលទឹក។ – Rabindranath Tagore

១៣. ជីវិតចាប់ផ្ដើមនៅពេលដែលអ្នកចាកចេញពីភាពស្រណុកស្រួល។ – Neale Donald Walsh

១៤. ឪកាសមិនកើតឡើងនៅចំពោះមុខអ្នកនោះទេ អ្នកត្រូវតែបង្កើតវា។ – Chris Grosser

១៥. ខ្ញុំមិនទទួលជោគជ័យដោយការប្រាថ្នាឬការទន្ទឹងរង់ចាំនោះទេ ប៉ុន្តែតាមរយៈការធ្វើការដើម្បីសម្រេចវា។ – Estée Lauder

១៦. កុំបណ្ដោយឲ្យសេចក្ដីភ័យខ្លាចនៃបរាជ័យមានអំណាចជាងភាពរីករាយក្នុងភាពជោគជ័យ។ – Robert Kiyosaki

១៧. ខ្ញុំមិនមែនបរាជ័យនោះទេ ខ្ញុំគ្រាន់តែរកឃើញ១០ ០០០វិធីដែលមិនដំណើរការប៉ុណ្ណោះ។ – Thomas Edison

១៨. ផ្លាស់ប្ដូរជីវិតរបស់អ្នកថ្ងៃនេះ កុំប្រថុយនឹងអនាគត។ ធ្វើសកម្មភាពឥលូវនេះ កុំពន្យាពេល។ – Simone de Beauvoir

១៩. បរាជ័យមិនអាចយកឈ្នះខ្ញុំបាននោះទេ ប្រសិនបើការតាំងចិត្តដើម្បីជោគជ័យមានឥទ្ធិពលខ្លាំងក្លាជាង។ – Og Mandino

២០. សេចក្តីសុខពិតប្រាកដ អាចខុសពីសេចក្តីសុខដែលយើងស្វែងរក…ចូរកុំវង្វេងផ្លូវ។ – Blaise Pascal

គតិបណ្ឌិត នាំឲ្យមានចិត្តស្មោះសរ រក្សាខ្ជាប់ខ្ជួននូវគុណធម៌ កុសលធម៌ ស្គាល់គុណស្គាល់ទោស ស្គាល់ខុសស្គាល់ត្រូវ ស្គាល់ខ្មៅស្គាល់ស ស្គាល់ល្អស្គាល់អាក្រក់ ក៍ដូចជានាំមនុស្សឲ្យចេះរស់នៅសាមញ្ញ សុភាពរាបសារ មិនអួតមិនអាង មិនជោរស្រវឹងវង្វេង មានសច្ចៈធម៌ មានសេរីភាព មានឥស្សរភាព ហើយមិនបណ្តោយឲ្យជីវិតរស់នៅវិលវល់ស្ថិតក្រោមឥទ្ធិពលនៃតណ្ហានោះឡើយ។


អត្ថបទទាក់ទង

សម្រង់សម្តីចំនួន១៥ឃ្លា សម្រាប់ស្វែងយល់អំពីការអានសៀវភៅ

 

Leave a Reply