រឿង មេអណ្ដើកប្រដៅកូន

មានអណ្ដើកមួយហ្វូងរស់នៅក្នុងល្អាងភ្នំដែលខ្សោះទឹកមួយកន្លែង។ ពួកកូនអណ្ដើកទាំងឡាយមិនចង់រស់នៅទីនោះទេ ព្រោះវាគ្មានទឹក ទើបពួកកូនអណ្ដើកទាំងនោះតែងតែលួចគេចពីមេវា ចូលទៅរកស៊ីតាមមាត់បឹងមួយនៅឆ្ងាយពីល្អាងភ្នំ ដែលសម្បូរចំណីអាហារគ្រប់បែបយ៉ាង។

មេអណ្ដើកតែងព្រមានដាស់តឿនដល់កូនៗជាញឹកញាប់ថា៖ “ពួកឯងមិនត្រូវទៅទីនោះទេ! មានមនុស្សចាំចាប់ពួកឯង…! បើគេចាប់បាន គេនឹងយកឯងទៅចិញ្ច្រាំជាមិនខាន!…” កូនអណ្ដើកស្ដាប់ពីត្រចៀកម្ខាង ធ្លុះទៅត្រចៀកម្ខាង មិនព្រមយកចិត្តទុកដាក់ស្តាប់ដំបូន្មានរបស់មេបាខ្លួនទេ។

ថ្ងៃមួយ ពួកវាក៏ណាត់គ្នាចេញពីរូងភ្នំឆ្ពោះទៅកាន់បឹងនោះម្ដងទៀត។ វាដើរចាប់ចំណីស៊ី ប្រឡែងគ្នាលេង សើចក្អាកក្អាយសប្បាយភ្លេចខ្លួន ពុំមានចាប់ភ្លឹកថា នាយព្រានមកសំងំចាំលើដើមឈើ តាំងពីពេលមុនមកហើយនោះទេ។ គេយកអន្ទាក់លួសមកទាក់កកូនអណ្ដើកម្ដងមួយៗ មានតែកូនអណ្ដើកដែលសំងំពួនក្នុងកន្លៀតថ្មប៉ុណ្ណោះដែលសល់រស់រួចជីវិត។ ពេលឃើញកូនរបស់ខ្លួនត្រឡប់មកវិញតែពីរបីក្បាល មេអណ្ដើកភិតភ័យជាខ្លាំង សួរទៅកូនៗថា៖ “ពួកឯងនាំគ្នាទៅលេងបឹងនោះទៀតហើយឬ? ប្រាកដជាជួបនឹងនាយព្រាននោះហើយមែនទេ?”

កូនអណ្ដើកនិយាយបណ្តើរ យំបណ្តើរ… “ពួកយើងមិនបានជួបនឹងនាយព្រាននោះទេ! ឃើញមានតែខ្សែលួសវែងៗដេញតាមពួកយើង!…”
មេអណ្ដើកស្រែកទាំងកំហឹង៖ “ពុទ្ធោអ្ហើយ! ពួកអាល្ងើ! អាខ្សែលួសវែងៗ ហ្នឹងហើយដែលសម្លាប់យកជីវិតដូនតារបស់ពួកឯងតាំងពីដើមមកនោះ!…”

ទស្សនៈក្នុងរឿងនេះ គឺពួកកូនអណ្ដើកដែលជាក្មេងទាន់សម័យ… គេមានទស្សនៈថា អ្វីៗទាល់តែឃើញជាក់ស្ដែងនឹងភ្នែករបស់ខ្លួនទើបគេព្រមជឿ ដែលទោះបីជាដឹងថា បងប្អូនជីដូនជីតារបស់ខ្លួនត្រូវគេប្រហារជីវិតអស់ជាច្រើនមកហើយក៏ដោយ ក៏គេនៅតែមិនដឹងអ្វីដែរ មិនព្រមដឹងថាអន្ទាក់លួសនោះជាឧបករណ៍របស់នាយព្រានឡើយ។ នៅក្នុងជីវិតពិត មនុស្សខ្លះក៏មិនខុសពីកូនអណ្ដើកប៉ុន្មានដែរ ដែលមើលមិនឃើញទំនាក់ទំនងពីរឿងមួយទៅរឿងមួយ មើលឃើញតែអ្វីដែលនៅចំពោះមុខ ងាប់ក្រឡាទើបឈានទៅចំផ្លូវខុសជាញឹកញាប់ ហើយក៏មិនព្រមតាំងសតិភ្ញាក់រឭកដើម្បីកែលម្អអ្វីដែរ។

Leave a Reply