កំពូលទ្រឹស្ដីក្នុងរឿង សាមកុក ១១ឃ្លា ដែលអាចប្រើប្រាស់បានដល់ពេលបច្ចុប្បន្ន!

បើនិយាយដល់រឿងសាមកុក (នគរ ៣) ទោះបីជាអ្នកមិនធ្លាប់មើល ក៏អ្នកធ្លាប់បានលឺឈ្មោះរបស់វាដែរ ដោយសាររឿងនេះបានឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តរបស់ប្រទេសចិនក្នុងសម័យសង្គ្រាមបែងចែកអំណាច។

រឿងសាមកុក (រឿងសាមកុកទុកជាយុទ្ធសាស្ត្រអ្នកវាងវៃឆ្លាត បើបានអាន នឹងចេះឧបាយកលចំណានទាំងមានសន្ដានស្នេហាជាតិ) ជារឿងរ៉ាវមួយផ្នែក កាលពីរវាងចុងសតវត្សទី ២ និងដើមសតវត្សទី ៣ នៃគ្រិស្តសករាជ។ គេមិនបានកត់ត្រាជាអក្សរទុកមកតាំងពីដំបូងទេ គ្រាន់តែជារឿងនិយាយតំណាលតៗគ្នាមក ដល់សម័យតមកក្រោយទៀត ប្រជាជនចិននិយមយករឿងសាមកុកនេះទៅលេងល្ខោន ដែលយើងហៅថាលេងហ៊ី ទើបនាំឲ្យរឿងសាមកុកនេះសាយភាយចេញទៅ មានអ្នកចេះដឹងរឿងរ៉ាវនេះកាន់តែច្រើនឡើងៗ ទើបអ្នកប្រាជ្ញចិនរួបរួមចងក្រងកត់ត្រាទុកជាអក្សរតមក។ ដល់សម័យស្រុកចិនចេះឆ្លាក់ពុម្ពអក្សរហើយគេបានបោះពុម្ពផ្សាយរឿង សាមកុកនេះជាសៀវភៅឡើង ជាដើមហេតុនាំឲ្យរឿងសាមកុកសាយភាយទូទៅក្នុងប្រទេសចិន រហូតដល់ប្រទេសនានាផង។

រឿងនេះមានអត្ថន័យអប់រំដ៏ច្រើនរាប់មិនអស់ ជាពិសេសទាក់ទងទៅនឹងការគ្រប់គ្រងមនុស្ស យុទ្ធសាស្រ្តសង្គ្រាម ក៏ដូចជាទ្រឹស្តីជីវិតមួយចំនួនដែលធ្វើឲ្យអ្នកមើលរៀនសូត្របានយ៉ាងច្រើនពីរឿងប្រវត្តិសាស្រ្តមួយនេះ។ ក្នុងនោះ មានឃ្លាមួយចំនួនដែលត្រូវបានលើកឡើងដោយតួអង្គនីមួយៗដែលមានន័យបង្កប់យ៉ាងជ្រៀលជ្រៅ អាចឲ្យអ្នកយកមកពិចារណា ដើម្បីគ្រប់គ្រងនូវដំណើរជីវិតរបស់អ្នក។

១. “មិត្តភក្ដិគ្មានអ្វីគួរឱ្យខ្លាច សត្រូវក៏គ្មានអ្វីគួរឱ្យខ្លាចដែរ តែមនុស្សដែលជាមិត្តផង ជាសត្រូវផងទើបគួរឱ្យខ្លាចបំផុត!”

មិនខុសទេ រាល់ថ្ងៃសម្បូរណាស់មនុស្សប្រភេទវ៉ៃអែបស៊ីអប និងចាំប៉ែងជើងផ្ដួលពេលដែលយើងភ្លេចខ្លួនឬលែងមានប្រយោជន៍សម្រាប់គេទៀត។

មនុស្សប្រភេទនេះជាមនុស្សបែបមិត្តផងសត្រូវផង ដែលគេអាចចូលកៀកយើងនិងបង្កគ្រោះថ្នាក់ដល់យើងសាហាវជាងសត្រូវពិតរបស់យើងទៀត ព្រោះសត្រូវពិតយើងអាចដឹងខ្លួនមុន និងតែងប្រុងប្រយ័ត្នចំពោះគេមិនងាយឱ្យមកក្បែរបានឡើយ។

ហេតុនេះត្រូវដឹងឱ្យច្បាស់នរណាជាមិត្តពិត នរណាជាសត្រូវពិត និងនរណាជាមិត្តក្លែងក្លាយ!

២. “បរាជ័យមានអ្វីគួរអោយខ្លាច អ្វីគួរអោយខ្លាចគឺមិនដឹងថាខ្លួនឯងបរាជ័យនៅត្រង់ណា”

មានសុភាសិតទូន្មានជាច្រើនបាននិយាយថា បរាជ័យមិនមែនជារឿងសំខាន់នោះទេ អ្វីដែលសំខាន់គឺយើងនៅតែតស៊ូមិនបោះបង់ចោល។ ត្រឹមត្រូវណាស់ដែលគេលើកលើងដូចនេះ ប៉ុន្តែដើម្បីអោយប្រាកដថាយើងមិនបរាជ័យនៅក្នុងរឿងដដែលៗ យើងត្រូវសិក្សាអោយច្បាស់ពីឬសគល់នៃការបរាជ័យរបស់យើង ព្រោះបើមិនដូច្នេះទេ យើងនឹងនៅតែធ្វើខុសហើយខុសទៀត ហើយប្រសិនយើងនៅតែបង្កើតកំហុសដែលយើងធ្លាប់បានខុសហើយនោះ វាមានន័យថាយើងគ្មានការអភិវឍ្ឍ និងមិនចេះរៀនពីកំហុស។ ហើយអ្វីដែលយើងទទួលបានពីការបរាជ័យ មិនមែនជាមេរៀននោះទេ ប៉ុន្តែជាការបាត់បង់ពេលវេលា និងថវិការដែលយើងចំនាយទៅហើយមិនបានអ្វីប្រសើរត្រលប់មកវិញ។

៣. “សម្ដីរាប់ពាន់ម៉ាត់ ក៏មិនមានប្រយោជន៍ដូចពាក្យពិតដែរ”

ជាការពិតណាស់ សម្តីមួយឃ្លានេះបាននិយាយន័យដែលខ្លួនចង់បង្កប់យ៉ាងច្បាស់ទៅហើយ។ ធ្វើជាមនុស្ស យើងមិនអាចចេះតែនិយាយកុហកនោះទេ ដោយសារនៅពេលដែលយើងនិយាយការពិត ប្រហែលជាដល់ពេលដែលគេលែងជឿយើងដូចគ្នា។ ទោះបីជាការនិយាយកុហកគឺជារឿងដែលមិនអាចជៀសផុត ប៉ុន្តែអ្នកគួរព្យាយាមធ្វើវាអោយបានតិចបំផុត ទើបពេលដែលយើងនិយាយអ្វីទៅ សម្តីរបស់យើងមានតម្លៃ និងគួរអោយគោរពពីសំនាក់មនុស្សទូទៅ។

៤. “ទេវតាមានភ្នែក ជញ្ជាំងមានត្រចៀក! បើមិនចង់ឱ្យគេដឹង លុះត្រាតែខ្លួនកុំប្រព្រឹត្តិ!”

សង្គមសព្វថ្ងៃជាសង្គមបច្ចេកវិទ្យា និងមានការតាមដានសន្តិសុខខ្ពស់ ហេតុនេះយើងដាច់ខាតមិនត្រូវប្រព្រឹត្តិអំពើពុំគប្បីណាមួយដែលខុសចាកនឹងច្បាប់ឡើយ ព្រោះមុននឹងក្រោយវាគង់តែបែកធ្លាយ ដោយសារភស្ដុតាងណាមួយ ឬដោយសារមនុស្សជំនិតទម្លាយវាចេញ។

មានតែវិធីម្យ៉ាងគត់ដែលកុំឱ្យបែកការ គឺកុំប្រព្រឹត្តទង្វើខុសឆ្គងទាំងនោះ!

៥. “បើអ្នកគួរទៅ ទៅបាត់ ទើបអ្នកគួរមក អាចមកបាន!”

បើសិននរណាម្នាក់ចាកចេញពីជីវិតអ្នក មិនចាំបាច់យំសោកបោកខ្លួនសោកស្ដាយគេទេ ព្រោះការដែលគេចេញទៅវាជាការផ្ដល់ឱកាសឱ្យមនុស្សដែលគួរចូលមកអាចចូលមកបាន។ ចូរបើកផ្លូវឱ្យអ្នកដែលមិនសាកសមនឹងនៅជាមួយអ្នកចេញទៅ និងទទួលអ្នកដែលសាកសមជាងនោះ។

៦. “ប្រសិនបើខ្ញុំរកម្ចាស់ល្អមិនបាន ខ្ញុំសុខចិត្តធ្វើជាម្ចាស់របស់ខ្លួនឯង”

ឃ្លានេះស្តាប់ទៅដូចជារាងកាចបន្តិច ប៉ុន្តែវាគឺជាការពិត។ ពេលខ្លះក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗ អ្វីដែលពួកគេប៉ងប្រាថ្នា មិនប្រាកដថាអ្នកសម្រេចនោះទេ ដូចនេះប្រសិនជាអ្នកគិតថាស្ថានភាពរាល់ថ្ងៃនេះមិនស័ក្តសមនឹងសមត្ថភាពរបស់អ្នក អ្នកគួរបង្កើតអ្វីដែលស័ក្តសមសម្រាប់ខ្លួនឯង។

៧. “បើមិនអាចរកចៅហ្វាយល្អឱ្យខ្លួនបាន បង្កើតចៅហ្វាយល្អមួយឱ្យខ្លួនឯងទៅ!”

បើធ្វើការឱ្យគេចាំបាច់ណាស់ត្រូវមានចៅហ្វាយល្អដើម្បីទទួលបានលក្ខខណ្ឌការងារសមរម្យ និងការអភិវឌ្ឍខ្លួនកាន់តែខ្លាំង។ បើពុំមានចៅហ្វាយបែបនេះទេ ធ្វើការឯករាជ្យជាចៅហ្វាយខ្លួនឯងវាប្រសើរជាង។

៨. “បើមានអ្នកសម្ដែងល្ខោន គឺត្រូវតែមានអ្នកមើលល្ខោន!”

សព្វថ្ងៃមិនខ្វះទេ ការសម្ដែងបំភ័នភ្នែកធ្វើល្អនៅនឹងមុខតែក្រោយខ្នងយ៉ាងម៉េចខ្លះយើងមិនដឹង។ តែពេលខ្លះបើទោះបីយើងដឹងថាគេសម្ដែង ក៏យើងអាចក្លែងធ្វើជាអ្នកទស្សនាបានដែរ ដោយបណ្ដោយឱ្យគេសម្ដែងតាមចិត្តចុះ កុំតែបណ្ដោយខ្លួនឱ្យចូលអន្ទាក់គេបានហើយ។

បែបនេះគេអាចហៅម្យ៉ាងទៀតថា “ចារកម្មឡង” ដែលយើងធ្វើពុតជាចាត់ល្បិចគេ ហើយបញ្ឆោតគេឱ្យចូលអន្ទាក់យើងវិញ។

៩. “គេក្បត់ខ្ញុំជារឿងរបស់គេ ប៉ុន្តែខ្ញុំមិនក្បត់នឹងគុណធម៌របស់ខ្លួនឯងទេ”

ពាក្យមួយឃ្លានេះចង់ក្រើនរំលឹកអោយដឹងថា អ្នកណាធ្វើអ្វីមកលើយើងមិនសំខាន់នោះទេ សំខាន់យើងត្រូវរក្សាគុណធម៌ដែលយើងមាន ហើយថ្ងៃណាមួយទង្វើដែលយើងធ្វើច្បាស់ជាតបស្នងមកយើងវិញ។

១០. “ការចរចារបែងចែកជាពីរប្រភេទ គឺការចរចារ និងការសុំចរចារ”

ប្រសិនបើយើងយកឃ្លានេះមកគិត យើងប្រាកដជាមើលឃើញថា រឿងអ្វីក៏ដោយក៏អាចធ្វើទៅបានដែរប្រសិនជារឿងខំប្រឹង។ ហេតុអ្វី? ការចរចាប្រៀបបានដូចជាឳកាសមួយអ៊ីចឹងដែរ ប្រសិនជាយើងរងចាំគេមកចរចា រឺចាំឳកាសមកដល់ វាមិនអាចគ្រប់ពេលដែលយើងសំណាងបែបនេះនោះទេ។ ផ្ទុយទៅវិញ ដើម្បីសម្រេចបំណង យើងគួរបង្កើតឳកាសអោយខ្លួនឯង ដូចជាយើងទៅសុំគេចរចាអ៊ីចឹងដែរ។ ធ្វើជាមនុស្សខ្លាំង អ្នកត្រូវតែចេះបង្កើតឳកាស និងផ្លូវសម្រាប់ដើរអោយខ្លួនឯង ព្រោះប្រសិនបើអ្នកមិនធ្វើបែបនេះទេ គ្មានអ្នកណាធ្វើអោយអ្នកនោះទេ ព្រោះអ្នកប្រហែលមានគេជួយម្តងជាពីរដង ប៉ុន្តែអ្នកមិនអាចមានគេតាមជួយមួយជីវិតនោះទេ។

១១. “ខ្ញុំសុខចិត្តក្បត់មនុស្សមួយពិភពលោក ក៏មិនអោយមនុស្សមួយពិភពលោកក្បត់ខ្ញុំ”

មួយឃ្លានេះស្តាប់ទៅមានអារម្មណ៍ថាអាត្មានិយមបន្តិច ប៉ុន្តែទន្ទឹមនឹងនេះ វាបង្រៀនគំនិតជាច្រើនដល់យើង។ នៅក្នុងពិភពមួយដែលសំបូរទៅដោយការប្រកួតប្រជែង ប្រសិនជាយើងនៅតែគិតពីអ្នកដទៃមុនខ្លួនឯង យើងនឹងក្លាយជាជនរងគ្រោះនៃការប្រកួតមួយនេះ។ ប៉ុន្តែបើចង់យកឃ្លានេះមកប្រើប្រាស់ឲ្យត្រូវនឹងបរិបទ អ្នកមិនត្រូវគិតតែពីខ្លួនឯងសុទ្ធនោះទេ ដោយសារមនុស្សយើងម្នាក់រស់នៅត្រូវប្រាស្រ័យពឹងពាក់គ្នាទៅវិញទៅមក ដូច្នេះអ្វីដែលអ្នកគួរធ្វើ គឺក្រៅពីជួយខ្លួនឯងឲ្យបានល្អ ហើយអ្នកក៏គួរតែជួយជ្រោមជ្រែងអ្នកដែលនៅជុំវិញខ្លួនផងដែរ។

សូមបញ្ជាក់ផងដែរថា សៀវភៅរឿងសាមកុក ប្រែចេញពីភាសាសៀម មកជាភាសាខ្មែរដោយ អ្នកឧកញ៉ាវិបុលរាជសេនា នូ កន នៅទីក្រុងភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៣៣ ដែលត្រូវបានបោះពុម្ពផ្សាយឡើងវិញជាបន្តបន្ទាប់។ លោក នូ កន ជាអ្នកប្រើពាក្យថា “ប្រលោមលោក” មុនគេ សម្រាប់បកប្រែភាសាបារាំងថា Roman សំដៅដល់ប្រភេទរឿងជាពាក្យរាយធម្មតា មិនមែនជារឿងដែលខ្មែរយើងពីបុរាណ តែងតែសរសេរជាពាក្យកាព្យ។

អត្ថបទទាក់ទង

សម្រង់សម្តីសំខាន់ៗ ៥០ឃ្លា ពីក្នុងរឿងសាមកុក

 

Leave a Reply