មាគ៌ា​ឆ្ពោះ​ទៅ​កាន់​ភោគ​សម្បត្តិ​ ដោយ Benjamin Franklin

យោងតាមសៀវភៅ​ The Way to Wealth ដោយ Benjamin Franklin បានលើកឡើង៤ចំណុច ដែលជាមាគ៍៏ាឆ្ពោះទៅកាន់ភោគទ្រព្យ។

១. សេចក្តី​ឧស្សាហ៍​ព្យាយាម ជា​គ្រឹះ​នៃ​ការ​ពូន​ផ្តុំ​ទ្រព្យ​សម្បត្តិ​ 

សេចក្តី​ខ្ជិល​ច្រអូស​ គឺ​ជា​សត្រូវ​បំផ្លាញ​ជីវិត​មនុស្ស​ ប្រៀប​បាន​ដូច​នឹង​ច្រេះ​ដែល​ស៊ី​ដែក​បន្តិច​ម្តង​ៗ​រហូត​រលាយ​គ្មាន​សល់​ដោយ​មិន​ដឹង​ខ្លួន​។ បុគ្គល​ដែល​ប្រាថ្នា​ទ្រព្យសម្បត្តិ​និង​ជោគ​ជ័យ​ក្នុង​ឆាក​ជីវិត​ ត្រូវ​តែ​ជម្នះ​ឲ្យ​បាន​នូវ​សេចក្តី​ខ្ជិល​ច្រអូស​ ត្បិត​សេចក្តី​ខ្ជិល​ច្រអូស​ធ្វើ​ឲ្យ​​កិច្ច​ការទាំង​ពួង​ប្រែ​ជា​លំបាក​។ ពេល​វេលា​គ្រប់​នាទី​សុទ្ធ​តែ​មាន​តម្លៃ​ក្នុង​ជីវិត​ ដូច្នេះ​គេ​មិន​គួរ​ខ្ជះ​ខ្ជាយ​ពេល​វេលា​ចោល​ដោយ​ឥត​ប្រយោជន៍​ឡើយ។ ពេល​វេលា​ដែល​បាត់​បង់​ទៅ​ហើយ​មិន​អាច​រក​ត្រឡប់​មក​វិញ​បានឡើយ។ បុគ្គល​ដែល​ឧស្សាហ៍​ព្យាយាម​ បង្កើត​ឱកាស​ដល់​ខ្លួន​ឯង​ បុគ្គល​ដែល​ពឹង​តែ​លើ​ព្រេង​វាសនា​ ហាក់​ដូច​ជា​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួន​ខ្លី​ទៅ​ៗ។ លុះ​ត្រា​តែ​គេ​ខិត​ខំ​ធ្វើ ទើប​គេ​ទទួល​បាន​ផល​។ មិន​ដែល​មាន​ផល​ដែល​កើតឡើង​ដោយ​ឥត​អំពើ​នោះ​ទេ។ សេចក្តី​ក្រខ្សត់​មិន​ហ៊ាន​ចូល​ក្នុង​ផ្ទះ​ មនុស្ស​ឧស្សាហ៍​ទេ។ សេចក្តី​ព្យាយាម​ គឺ​ជា​មាត្តា​នៃ​សំណាង​ល្អ​។ គេ​គួរ​ប្រឹង​ប្រែង​ធ្វើ​កិច្ច​ការ​ឲ្យ​ពេញ​ទំហឹង​នៅ​ថ្ងៃ​នេះ ត្បិត​ថ្ងៃ​នេះ​មាន​តម្លៃ​ជាង​ថ្ងៃ​ស្អែក​។ កិច្ច​ការ​ណា​ដែល​អាច​បញ្ចប់​ក្នុង​ថ្ងៃ​នេះ​បាន ចូរ​កុំ​ទុក​ដល់​ថ្ងៃ​ស្អែក​។

២. ប្រុង​ប្រយ័ត្ន​ 

ព្រម​ជាមួយ​គ្នា​នឹង​សេចក្តី​ឧស្សា​ហ៍​ព្យាយាម​ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​ប្រុង​ប្រយ័ត្ន​មើល​ថែ​ទាំ​មុខ​របរ​របស់​យើង​ដោយ​ភ្នែក​របស់​យើង​ផ្ទាល់​ កុំ​ទុក​ចិត្ត​អ្នក​ដទៃ​ខ្លាំង​ពេក។  យើង​ត្រូវ​មើល​ថែ​ទាំ​ ហាង​របស់​យើង​ឲ្យ​បាន​ល្អ បន្ទាប់​មក​ហាង​របស់​យើង​នឹង​ថែ​ទាំ​ យើង​វិញ។ ភ្នែក​ទាំ​ងគូ​របស់​យើង​ ត្រូវ​តែ​រវាស​ជាង​ដៃ​ទៅ​ទៀត​។ ការ​ប្រគល់​ទំនុក​ចិត្ត​ឲ្យ​អ្នក​ដទៃ​ច្រើន​ពេក នាំ​ឲ្យ​វិនាស​ច្រើន​ប្រការ។ អ្នក​បម្រើ​ដែល​ល្អ​បំផុត​ក្នុង​លោក​នេះ គឺ​មាន​តែ​ខ្លួន​យើង​​បម្រើ​ខ្លួន​ឯង​​។

៣. សន្សំ​សំចៃ​ 

ដើម្បី​ឲ្យ​សេចក្តី​ព្យាយាម​របស់​យើង​ទទួល​បាន​ជោគ​ជ័យ​ យើង​មិន​ត្រឹម​តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​មុខ​របរ​​របស់​យើង​ទេ​ យើង​ត្រូវ​តែ​សន្សំ​សំ​ចៃ​បន្ថែម​ទៀត។ ជន​ដែល​ចង់​ក្លាយ​ជា​អ្នក​មាន​ ត្រូវ​គិត​ទាំង​ការ​រក​ប្រាក់​ និង​ការ​សន្សំ​ប្រាក់។​ គេ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​សន្សំ​តាំង​ពី​រឿង​កំប៉ិច​កំប៉ុក​ឡើង​។ សូម​កុំ​ភ្លេច​ថា​ នាវា​ធំ​ៗ​អាច​នឹង​លិច​លង់​បាន​ដោយ​សារ​តែ​ការ​លេច​ធ្លាយ​រន្ធ​តូច​ៗ​។ ជន​ដែល​ចំណាយ​ប្រាក់​ទិញ​របស់​ដែល​មិន​ចាំ​បាច់ នឹង​ត្រូវ​លក់​របស់​ចាំ​បាច់​នៅ​ថ្ងៃ​ណាមួយ​ដើម្បី​ដូរ​យក​ប្រាក់​ជាក់​ជា​ពុំ​ខាន។ ប្រសិន​បើ​អ្នក​ចង់​ដឹង​ថា​ប្រាក់​មាន​តម្លៃ​កម្រិត​ណា ចូរ​សាក​ល្បង​ទៅ​ដើរ​ខ្ចី​គេ​មើល​ទៅ​ អ្នក​នឹង​ដឹង​មិន​ខាន។

៤. វិន័យ​ផ្ទាល់​ខ្លួន​

ក្បួន​ខាង​លើ​ទោះ​បី​ជា​ល្អ​យ៉ាង​ណា​ក៏​ដោយ ក៏​ឥត​ប្រយោជន៍​ដែរ ដរាប​ណា​គ្មាន​ការ​​តាំង​ចិត្ត​អនុវត្ត​ន៍​តាម​ពិត​ប្រាកដ​​។ គេ​អាច​ប្រាប់​ផ្លូវ​ឲ្យ​ដើរ​បាន ប៉ុន្តែ​យើង​ខ្លួន​ឯង​ជា​អ្នក​ដើរ។​

Leave a Reply