ហេតុអ្វីលក្ខណៈពិសេស​របស់​មនុស្ស គឺ​ភាសា?

អ្នកសិក្សាស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា និង​នរវិទ្យា​បាន​ព្រមព្រៀង​គ្នា​ជាទូទៅ​ថា មនុស្ស​ដើមដំបូង ដែល​មាន​លក្ខណៈ​ជាមនុស្ស ពិសេស​ខុសប្លែក​ពីសត្វ​ មាន​វត្តមាន នៅលើ​ផែនដី កាល​ពី​ប្រមាណ ៥ម៉ឺន​ឆ្នាំមុន។ ហើយ​​លក្ខណៈពិសេស​ ដែល​បែងចែក​ខុសគ្នា​ស្រឡះ​រវាង​មនុស្ស និង​សត្វ គឺ​មិនមាន​ស្ថិត​នៅ​ត្រង់​ការ​ដើរជើងពីរ ការ​ចេះយក​វត្ថុ​មក​ប្រើ​ជាឧបករណ៍​ប្រើប្រាស់ ឬ​ការ​មាន​មនោសញ្ចេតនា​នោះទេ។ លក្ខណៈពិសេស​របស់​មនុស្ស គឺ​ភាសា។

សត្វ​ ថ្វីដ្បិត​តែ​មាន​សំឡេង មាន​សម្រែក​ខុសៗគ្នា ដែល​អាច​ឲ្យ​ពួកគេ​យល់គ្នា​បាន​ខ្លះៗ ក៏ប៉ុន្តែ វា​មិនមែន​ជា​ភាសា​ ដែល​មាន​លក្ខណៈ​ជឿនលឿន ​អាច​ឲ្យ​មាន​ការ​និយាយ​យល់គ្នា​បាន​ដូចជា​ភាសា​របស់​មនុស្ស​នោះទេ។ ការ​ដែល​មិនមាន​ភាសា​និយាយ​គ្នា​បាន​នេះ​ ធ្វើ​ឲ្យ​សត្វ មាន​ការវិវឌ្ឍ​ជឿនលឿន​ទៅមុខ​យ៉ាង​យឺតបំផុត។

ឆ្កែ សេះ ខ្លា ឬ​តោ​ចំណាស់ មាន​បទពិសោធន៍​ច្រើន​ ពី​មេរៀន​ក្នុង​ជីវិត ក៏ប៉ុន្តែ នៅពេល​សត្វ​ទាំងនេះ​ស្លាប់ទៅ បទពិសោធន៍​ទាំងនេះ​នឹង​ត្រូវ​បាត់បង់​ទៅ​ជាមួយទាំងអស់ ដោយសារ​តែ​គ្មាន​ភាសា ដើម្បី​អាច​និយាយ​ពន្យល់ ផ្ទេរ​បទពិសោធន៍​នេះ​បាន​ ហើយ​សត្វ​ជំនាន់ថ្មី​ត្រូវ​ចាប់ផ្តើម​រៀនសូត្រ​ពីជីវិត​សាជាថ្មី​ ពីចំណុច​សូន្យ​សុទ្ធសាធ។

មនុស្សវិញ គឺ​ផ្ទុយ​ពីនេះ! ដោយសារ​តែមនុស្ស​មាន​ភាសា ដែល​អាច​និយាយ​រ៉ាយរ៉ាប់​រឿង​ប្រាប់គ្នា​បាន មនុស្ស​ចាស់ ដែល​មាន​បទពិសោធន៍​ក្នុង​ជីវិត អាច​រៀបរាប់​ពីបទ​ពិសោធន៍​របស់​ខ្លួន ទៅ​ឲ្យ​ក្មេងៗ​ជំនាន់ក្រោយ​អាច​រៀនសូត្រ​ពីបទពិសោធន៍​នេះ​បាន។ ​ផ្អែក​លើ​មេរៀន និង​បទពិសោធន៍ ដែល​ទទួលបាន​ពី​មនុស្ស​ចាស់​ជំនាន់មុន ក្មេងជំនាន់ក្រោយ​អាច​សិក្សា​ស្វែងយល់​និង​រកឃើញ​នូវ​បទពិសោធន៍​កាន់តែ​ថ្មីៗ និង​កាន់តែ​​ជឿនលឿន​ជាង​មនុស្ស​ជំនាន់មុន​ រួចហើយ​​​ផ្ទេរ​បទពិសោធន៍​អស់ទាំងនេះ​​ទៅ​ឲ្យ​ក្មេង​ជំនាន់ក្រោយៗ​ជា​បន្ត​ទៅទៀត។

ដូច្នេះ ភាសា, ការប្រាស្រ័យទាក់ទង, ​ចែកចាយ និង​ផ្ទេរបទពិសោធន៍, ទំនាក់ទំនង​គ្រូ និង​សិស្ស គឺ​ជា​លក្ខណៈ​ពិសេស​​របស់​មនុស្ស ដែល​គេ​មិនឃើញ​មាន នៅ​ក្នុង​ចំណោម​ពពួកសត្វ។ ដោយសារ​​តែ​ភាសានេះ​ហើយ ដែល​ជួយ​ឲ្យ​​មនុស្ស​មាន​ការ​វិវឌ្ឍ​ទៅមុខ​យ៉ាងលឿន​បំផុត បើ​ធៀប​នឹង​ការ​វិវឌ្ឍ​របស់​សត្វ។ ការវិវឌ្ឍ​របស់​សត្វ គឺ​ជា​ការ​វិវឌ្ឍ​តាមបែប “ធម្មជាតិ”។ ចំណែក​ការវិវឌ្ឍ​របស់​មនុស្ស គឺ​ជា​ការ​វិវឌ្ឍ​តាមបែប “វប្បធម៌” ពោលគឺ ការ​វិវឌ្ឍ​ តាមរយៈ​ចំណេះដឹង, បទពិសោធន៍, វិទ្យាសាស្រ្ត, សិល្បៈ និង​បច្ចេកវិទ្យា។

 

ដកស្រង់ចេញពី៖ RFI World History 

Leave a Reply