ទស្សនៈ និងគំនិត ចំនួន១០ របស់ ស្ទីវ ចបដែលបំផុសភាពច្នៃប្រឌិត និងការបង្កើតថ្មី
ស្ទីវ ចប (Steve Jobs) កើតនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៥៥ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ លោកត្រូវបានគេស្គាល់ជាទូទៅថាជាអ្នកជំនួញដ៏ជោគជ័យ មានលុយរាប់ពាន់លានដុល្លារ ជាអ្នកមានគំនិតច្នៃប្រឌិតខ្ពស់ និងនាំមកនូវបច្ចេកវិទ្យាថ្មីៗជាច្រើន ដែលធ្វើឲ្យមានការផ្លាស់ប្តូរទាំងស្រុងនូវរបៀបរស់នៅ និងរបៀបទំនាក់ទំនងគ្នារបស់យើងស្ទើរគ្រប់គ្នារហូតមកទល់នឹងសព្វថ្ងៃនេះ។
ស្ទីវ ចប ធ្លាប់បានលើកឡើងថា ការធំដឹងក្តីឡើង នៅក្នុងសង្កាត់បច្ចេកវិទ្យា Silicon Valley បានជះឥទ្ធិពលយ៉ាងខ្លាំង ទៅដល់ផ្នត់គំនិតរបស់លោក។ វាធ្វើឲ្យលោកមានគំនិតដក់ជាប់តែនឹងផ្នែកបច្ចេកវិទ្យា ចង់រកស៊ីខាងផ្នែកបច្ចេកវិទ្យា ហើយចង់ក្លាយជាផ្នែកមួយ ក្នុង Silicon Valley នេះ។ ខាងក្រោមនេះ គឺជាសម្រង់ទស្សនៈ និងគំនិតទាំង១០របស់ ស្ទីវ ចប៖
១. ជួនកាល នៅពេលអ្នកបង្កើតអ្វីមួយថ្មី អ្នកនឹងមានកំហុស ហើយវាជាការប្រសើរបំផុតក្នុងការទទួលស្គាល់កំហុសឱ្យបានលឿន ហើយទៅបន្ថែមនៅលើការបង្កើតថ្មីរបស់អ្នកផ្សេងទៀត។
២. ការងាររបស់អ្នក នឹងបំពេញមួយផ្នែកធំក្នុងជីវិតរបស់អ្នក ហើយមធ្យោបាយតែមួយគត់ដើម្បីរីករាយនឹងការងារ គឺត្រូវជឿជាក់ថាការងារដែលអ្នកធ្វើជាការងារអស្ចារ្យ។
៣. ការចងចាំថា ខ្លួនយើងនឹងស្លាប់ ជាមធ្យោបាយល្អបំផុតដែលខ្ញុំប្រើដើម្បីគេចចេញពីអន្ទាក់នៃការគិតថាយើងនៅមានអ្វីទៀតដែលអាចបាត់បង់។ ពួកយើងមានតែខ្លួនទទេរសោះ ដូច្នេះគ្មានហេតុផលអ្វីដែលមិនធ្វើតាមបេះដូងរបស់ខ្លួនឯងនោះទេ។
៤. គ្មានអ្នកណាម្នាក់ចង់ស្លាប់នោះទេ ទោះបីជាអ្នកដែលចង់ទៅរស់នៅឋានសួគ៌ ក៏មិនចង់ស្លាប់ដើម្បីទៅទីនោះដែរ។
៥. ពួកយើងរើសយកមនុស្សដែលចង់បង្កើតរបស់អស្ចារ្យបំផុតនៅក្នុងពិភពលោក។
៦. កុំធ្លាក់ចូលអន្ទាក់របស់គោលការណ៍ទាំងឡាយ ដែលជាការរស់នៅជាមួយនឹងលទ្ធផលនៃការគិតរបស់អ្នកដទៃ។
៧. អ្នកមិនអាចភ្ជាប់ចំណុចទាំងអស់នៅក្នុងជីវិតដោយការមើលទៅកាន់ពេលវេលាខាងមុខនោះទេ អ្នកអាចភ្ជាប់វាបានដោយមើលមកក្រោយវិញប៉ុណ្ណោះ ដូច្នេះអ្នកត្រូវតែជឿថា គ្រប់ចំណុចនឹងភា្ជប់គ្នានៅពេលអនាគត។
៨. មធ្យោបាយតែមួយដើម្បីធ្វើការងារអស្ចារ្យបាន គឺត្រូវស្រលាញ់អ្វីដែលអ្នកធ្វើ។
៩. អ្វីដែលសាមញ្ញ អាចពិបាកជាងអ្វីដែលស្មុគ្រស្មាញ ព្រោះអ្នកត្រូវខិតខំធ្វើការយ៉ាងខ្លាំង ដើម្បីឱ្យការគិតរបស់អ្នកងាយស្រួល និងសាមញ្ញ។
១០. បើសិនថ្ងៃនេះជាថ្ងៃចុងក្រោយនៃជីវិតរបស់អ្នក តើអ្នកនឹងធ្វើអ្វីក្នុងថ្ងៃនេះ?
ស្ទីវ ចប បានទទួលមរណភាព នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១១ ដោយបន្សល់ទុកនូវក្រុមហ៊ុនដ៏ជោគជ័យមួយ ដែលបច្ចុប្បន្នក្លាយជាក្រុមហុនដែលមានតម្លៃខ្ពស់ជាងគេបំផុតនៅលើពិភពលោក ព្រមទាំងបន្សល់ទុកនូវផលិតផល និងបច្ចេកវិទ្យា ដ៏មានឥទ្ធិពលបំផុតមួយ សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅទូទាំងពិភពលោក។