មើលឃើញមិនដូចគ្នា

សត្វអណ្តើកនិងសត្វអូដ្ឋកវែង បានជួបគ្នាដោយចៃដន្យនៅពេលពួកវាកំពុងដើរលេងហើយសត្វទាំងពីរបានស្រុះស្រួលគ្នាដើរលេងនៅក្នុងព្រៃល្បោះជាមួយគ្នា។​ នៅតាមផ្លូវ ពួកវាក៏បានជួបដំបូកដ៏ធំមួយនៅពាំងពីមុខ។

“ម៉េចក៏មានភ្នំមកនៅក្នុងព្រៃល្បោះនេះអញ្ចឹង?” អណ្តើកឆ្ងល់។ 

“នរណាប្រាប់ឯងថាភ្នំ?… អានេះគេហៅថាដំបូកកណ្តៀរទេតើ! ទាបកញ្រ្ជឹកអញ្ជឹង គេមិនហៅភ្នំទេ!…”​ អូដ្ឋកវែងប្រកែក។ 

អណ្តើកនៅតែមិនអស់ចិត្ត “ប៉ុណ្ណឹងហើយថាទាបទៀត! បើវាខ្ពស់ដល់ម្លឹងទៅហើយ?…”

អូដ្ឋក៏បញ្ជាក់ “ខ្ពស់យ៉ាងម៉េច បើវាទាបជាងកខ្ញុំទៅទៀតនោះ?”

អណ្តើកនៅតែប្រកាន់ដាច់ណាត់… “គឺប្រាកដជាភ្នំមែនហើយខ្ញុំមិនច្រលំទេ!”

អូដ្ឋនៅតែប្រកែក “ខុសហើយអាប្អូន! គឺជាដំបូកទេ!”

“ណ្ហើយចុះ!… ​ យើងមិនគួប្រកែកគ្នាដោយសារតែរឿងកំប៉ិចកំប៉ុកអញ្ចឹងទេ!… “អណ្តើកនិយាយកាត់ ហើយធ្វើដំណើរបន្តទៅមុខទៀត។ អូដ្ឋក៏វែងយល់ស្របទើបដើរតាមអណ្តើកយឺតៗពីក្រោយ។ ប៉ុន្តែកំពុងតែដើរលេងមិនយូប៉ុរន្មាន សត្វទាំងពីរបានជួបនឹងស្វាយមួយដើម។ 

“ដើមស្វាយមួយនេះ មើលទៅមានអាយុមិនតិចទេ វាប្រហែលជាដើមស្វាយដែលគេដាំយូរមកហើយមើលទៅ…” អណ្តើកបញ្ចេញមតិ។

អូដ្ឋក៏ប្រកែក “នរណាប្រាប់ឯង? ដើមស្វាយនេះមានអាយុមិនច្រើនប៉ុន្មានទេ… ឯងមើលទៅដើមវាមើល៍ នៅតូចមួយប៉ុណ្ណោះ!”

អណ្តើកជំទាស់ “ខុសហើយល្បងៗៗ! ដើមវាធំខ្ពស់ប៉ុណ្ណឹងហើយហេតុអីក៏ថាមានអាយុតែប៉ុន្មានឆ្នាំបែបនេះ?”

“ឯងឃើញទេ? ដើមស្វាយនេះទាបជាខ្ញុំទៅទៀត! តើឲ្យថាវាមានអាយុច្រើនម្តេចនឹងបានទៅ?”  សត្វអូដ្ឋកវែងបញ្ជាក់ហេតុផល។ 

“ដើមស្វាយនេះដាំមកយូរហើយ វាអាចលូតលាស់បែកមែកសាខាទៅខាងៗក៏បាន មិនចាំបាច់តែខ្ពស់ទៅលើឯណា? ខ្ញុំគិតថាដើមស្វាយនេះមានកំពស់តាមធម្មតារបស់វាហើយ!…” អណ្តើកពោលង៉ូវៗ។ 

“បានហើយៗ! ឈប់ប្រកែកគ្នាពីរឿងកំប៉ិចកំប៉ុកហ្នឹងទៀតទៅ!”​ សត្វកវែងបញ្ចប់រឿង ហើយធ្វើដំណើរបន្តទៅទៀត។ ឯអណ្តើកក៏ដើរតាមពីក្រោយ ប៉ុន្តែមិនទាន់បានចេញផុតផង ស្រាប់តែមានផ្លែស្វាយទុំដើមមួយផ្លែជ្រុះពីលើដើមមកធ្វើឲ្យអណ្តើកសប្បាយចិត្តក្រៃលែង។ វាប្រញាប់ទៅភ្លក់រស់ជាតិផ្លែស្វាយទុំដើមដែរជ្រុះមកនោះភ្លាម។

“អូហូ! ស្វាយនេះផ្អែមឈ្ងុញឆ្ងាញ់ខ្លាំងណាស់!” អណ្តើកឧទានឡើង។ 

“មែនឬ? អូដ្ឋកវែងស្រែកឡើង រួចហើយក៏ងាកក្បាលទៅខាំយកផ្លែខ្ចីនៅនឹងដើមមកទំពាស៊ី ហើយស្រាប់តែខ្ចាក់មកវិញភ្លាម…

៉​អុឺស!… ឆ្ងាញ់ខ្មោចយក៍ស្អី ជូរចង់លេចនោម!..”

“ជូរស្អី? ផ្អែមឆ្ងាញ់ផស់គេណា៎!”  អណ្តើកប្រកែក។

“ហ៊ឺយ! មិនត្រឹមតែជូរទេ រឹងកញ្រ្ជឹស!…៉​  អូដ្ឋកវែងរអ៊ូ។ 

៉​មិនពិតទេ សាច់ស្វាយទន់ល្អូកសោះហ្នឹងណា៎!” អណ្តើកប្រកែក។ 

អូដ្ឋកវែងសម្តែងការមិនពេញចិត្ត… “ហេតុអីឯងមិនដែលមានគំនិតស្របនឹងខ្ញុំម្តងណាសោះអញ្ចឹង?”

អណ្តើកប្រកែកញ៉ាញ “គឺឯងនឹងហើយមិនព្រមមើលអ្វីទៅតាមការពិត ទើបបានចេះតែប្រឆាំងនឹងខ្ញុំរហូតដល់អញ្ចឹងនោះ!” 

នៅពេលកំពុងប្រកែកគ្នានោះ ស្រាប់តែមានសត្វស្វាមួយក្បាលអឺតកបន្លឺសំឡេងស្វាគមន៍ពីលើដើមស្វាយ “សួស្តីអ្នកទាំងពីរ!”

អូដ្ឋសួរទាំងបើកភ្នែកធំៗ “ចុះឯងមកនៅទីនេះតាំងពីថ្មើរណា?”

ស្វានិយាយបណ្តើរ សើចបណ្តើរ… “យើងដើរតាមពួកឯងមកយូរហើយ!”

“តាមធ្វើអី?” អណ្តើកសួរដោយឆ្ងល់។ 

“គឺមកពីពួកឯងគួរឲ្យចា​ប់អារម្មណ៍នោះអី! យើងឃើញពួកឯង ឈ្លោះគ្នាតាំពីនៅកន្លែងដំបូកនោះម៉្លេះ! ហេតុនេះហើយបានជាយើងតាមសង្កេតមើលពួកឯងឈ្លោះគ្នាជាហូរហែរអញ្ចឹងទៅ!”

អូដ្ឋកវែង និងអណ្តើកស្នើរទៅសត្វស្វាព្រមគ្នា… អុឺ! អញ្ចឹងក៏ល្អដែរបើដឹងសាច់រឿងតាំពីដំបូស្រាប់ហើយ ចូរឯងជួយកាត់សេចក្តីឲ្យយើងផងមកមើលថា តើនរណាត្រូវ នរណាខុស?

“អញ្ចឹង ខ្ញុំកាត់ក្តីឲ្យ!” ស្វាព្រមទទួលមុខងារនេះ “កាលដែលពួកឯងទាំងពីរនិយាយមកនោះ… គឺត្រូវទាំងពីរនាក់ហ្នឹង!”

ហ៎ា្អក!… ម៉េចអញ្ចឹង? អូដ្ឋកវែងស្តាប់មិនយល់។

“គឺ អណ្តើកខ្លួនតូចទាបនៅនឹងដី តែងតែឃើញដំបូកធំខ្ពស់ដូចភ្នំ! ឯរូបឯងមានកវែង ខ្ពស់ តែងតែឃើញដំបូកតូចទាបអញ្ជឹងហើយ.. វាក៏មិនខុសគ្នាពីដើមស្វាយអ្វីដែរ … សម្រាប់អណ្តើក ដើមស្វាយមើលទៅធំខ្ពស់ខ្លាំងណាស់ ប៉ុន្តែសម្រាប់សត្វអូដ្ឋកវែងដូចឯង ដើមស្វាយមួយដើមនេះគឺមិនខុសអីពីស្មៅនិងអណ្តើកប៉ុន្មានទេ… ចំណែករឿងផ្លែស្វាយវិញ អណ្តើកវាស៊ីផ្លែស្វាយទុំដែលជ្រុះពីរដើម រសជាតិរបស់វាគឺត្រូវតែផ្អែមឆ្ងាញ់ អញ្ចឹងហើយ ឯអូដ្ឋកវែងឯងស៊ីផ្លែស្វាយខ្ចីនៅនឹងដើម រឿងអីដែលថាមិនជូរ?… ឥឡូវនេះតើពួកឯងយល់ហើយឬនៅថា រវាងអ្នកឯងទាំងពីរ គ្មាននរណាត្រូវនណាខុសនោះទេ គ្រាន់ពួកឯងមើលទៅតាមផ្លូវពីរផ្សេងគ្នាប៉ុណ្ណោះ… បើពួកឯងមិនជឿងទេ ចូរពួកកឯងផ្លាស់ប្តូរផ្លូវដែលខ្លួនឯងគិតឲ្យខុសពីមុនសាកមើល ពួកឯងនឹងឃើញផ្លូវកាន់តែខុសពីមុនជាបន្តទៅទៀត… សូម្បីតែខ្លួនឯងមុននឹងក្រោយក៏អាចមើលផ្ទុយពីខ្លួនឯងដែរ ចុះទម្រាំអ្នកដ៏ទៃ តើឲ្យគេមើលឃើឲ្យដូចខ្លួនឯងគ្រប់យ៉ាងម្តេចនឹងបាន?” …

ស្វាអធិប្បាយឲ្យសត្វទាំងពីរស្តាប់រួចហើយ វាក៏ហក់ឡើងទៅលើមែកស្វាយបាត់ស្រមោលទៅ។

តាមរយៈសាច់រឿងនេះ មនុស្សគ្រប់រូបសុទ្ធតែមានទស្សនៈដោយឡែកៗទៅតាមស្ថានភាព រស់នៅជារបស់ខ្លួនឯងហើយត្រូវគិតថាបើយើងស្ថិតនៅក្នុងស្ថានភាព របស់គេវិញ យើងក៏ប្រហែលជាមានទស្សនៈដូចគេអញ្ចឹងដែរ។ ដូច្នេះចូរកុំសម្រេចថា នរណាត្រូវនរណាខុស ដោយយកទស្សនៈ មួយជ្រុងរបស់ខ្លួនមកធ្វើជាគោលឲ្យសោះ។

Leave a Reply