សិល្បៈនៃការស្តាប់ ក្នុងសម័យកូរ៉ូណា

ដោយសារតែមនុស្សកើតមកមានត្រចៀកពីរ ទើបគេផ្តល់យោបល់ឲ្យយើងស្តាប់ឲ្យបានច្រើនជាងនិយាយ។ ការនិយាយច្រើន មិនជួយយើងឲ្យរៀនអ្វីថ្មីទេ ប៉ុន្តែការស្តាប់អាចជួយយើងដឹងពីរឿងរបស់អ្នកដទៃ។ ការចេះស្តាប់អ្នកដទៃ ជារឿងល្អ ប៉ុន្តែនៅមានរឿងល្អជាងនេះទៀត គឺ ការចេះរើសប្រភពពត៌មានដែលត្រូវស្តាប់។

យើងត្រូវដឹងថា តើអ្នកណាដែលយើងគួរស្តាប់ មុននឹងដាក់ចិត្តស្តាប់។ ការស្តាប់នូវអ្វីដែលខុស ឬគ្មានអំណះអំណាងច្បាស់លាស់ ផ្តល់ផលអាក្រក់ច្រើនជាងការមិនស្តាប់ទៅទៀត។

ជាក់ស្តែងនៅក្នុងបណ្តាញសង្គម យើងមើលឃើញពត៌មានជាច្រើន និង​អ្នកធ្វើពុតជាមានជំនាញជាច្រើន បានផ្សព្វផ្សាយពីពត៌មានក្លែងក្លាយទាក់ទងនឹងជម្ងឺកូរ៉ូណា។ អ្នកដែលមិនដឹង ក៏ធ្វើតាមគេ តើលទ្ធផលនឹងទៅជាបែបណា?

កាលពីប៉ុន្មានសប្តាហ៍មុន ខ្ញុំអង្គុយនៅតុបាយក្នុងក្រុមហ៊ុន ក៏បានលឺបុគ្គលិកជជែកគ្នាពីជម្ងឺកូរ៉ូណានេះ។ ម្នាក់បានលើកឡើងថា តាមពិត ជម្ងឺនេះ គ្មានអ្វីគួរឲ្យខ្លាចទេ ព្រោះវាដូចតែជម្ងឺផ្តាសាយដែរ។ ខ្ញុំឆ្ងល់ណាស់ថា “បើវាមិនគួរឲ្យខ្លាច ហេតុអ្វីក៏មានមនុស្សស្លាប់ច្រើនម្ល៉េះ?” សម្រាប់ខ្ញុំ មេរោគដែលអាចសម្លាប់មនុស្សច្រើនបែបនេះ ជាមេរោគដែលគួរឲ្យខ្លាច។

ដូច្នេះ តើយើងត្រូវធ្វើដូចម្តេច?

សកម្មភាពដែលយើងត្រូវធ្វើ​​គឺ ស្តាប់អ្នកដែលមានជំនាញពិតប្រាកដក្នុងផ្នែកនោះ។ កុំស្តាប់អ្នកណាដែលមិនជាប់ពាក់ព័ន្ធនឹងប្រធានបទដែលពួកគេនិយាយ។ ចំពោះជម្ងឺកូរ៉ូណា ពួកយើងគួរតែយកពត៌មានពីស្ថាប័នសុខាភិបាល មិនមែនស្តាប់តារាហ្វេសប៊ុក ឬយូធូបនិយាយពីយោបល់របស់ពួកគាត់នោះទេ។

Leave a Reply

Your email address will not be published. Required fields are marked *