ទស្សន១០ឃ្លា របស់ លី ស៊ាវឡុង ដែលអ្នកគួរស្វែងយល់
Lee Jun-fan ដែលត្រូវបានគេស្គាល់ជាឈ្មោះអាជីពថា Bruce Lee ចំណែកឯប្រជាជនខ្មែរយើងតែងតែហៅថា លី ស៊ាវឡុង កើតនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៤០ និងបានទទួលមរណភាពនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៧៣។ គាត់ គឺជាតារាសម្តែងហុងកុង-អាមេរិកាំង អ្នកដឹកនាំ អ្នកសិល្បៈក្បាច់គុន អ្នកបង្ហាត់ក្បាច់គុន ហើយក៏ជាទស្សនវិទូផងដែរ។ ខាងក្រោមនេះ គឺជាទស្សនចំនួន១០ឃ្លា របស់ លី ស៊ាវឡុង ដែលលោកអ្នកគួរស្វែងយល់៖
១. ចំណេះដឹង ផ្តល់ឲ្យអ្នកនូវអំណាច តែអត្តចរិត ផ្តល់ឲ្យអ្នកនូវការគោរព។
២. ត្រឹមតែចេះមិនគ្រប់គ្រាន់ទេ យើងត្រូវយកមកប្រើផង ត្រឹមតែចង់មិនគ្រប់គ្រាន់ទេ ត្រូវធ្វើផង។
៣. ខ្ញុំមិនខ្លាចមនុស្សដែលបានហាត់ទាត់ ១០០០ ក្បាច់ទេ ខ្ញុំខ្លាចតែអ្នកដែលហាត់ទាត់១ក្បាច់ ១០០០ដង។
៤. ការភ័យខ្លាច កើតចេញមកពីភាពមិនច្បាស់លាស់ ដូច្នេះដើម្បីបំបាត់ការភ័យខ្លាច យើងត្រូវស្គាល់ខ្លួនយើងឲ្យបានច្បាស់លាស់។
៥. ខ្ញុំមិនមែនកើតមកដើម្បីការរំពឹងរបស់អ្នក ហើយអ្នកក៏មិនកើតមកដើម្បីការរំពឹងរបស់ខ្ញុំដែរ។
៦. បើសិនជាយើងឲ្យតម្លៃទៅលើសម្ភារៈកាន់តែច្រើនប៉ុណ្ណា យើងនឹងឲ្យតម្លៃខ្លួនឯងតិចប៉ុណ្ណោះដែរ។
៧. មនុស្សម្នាក់អាចរៀនពីសំណួររបស់មនុស្សល្ងង់ ច្រើនជាងមនុស្សល្ងង់រៀនពីចម្លើយរបស់មនុស្សឆ្លាត។
៨. កំហុស តែងតែត្រូវបានលើកលែងឲ្យ បើសិនជាអ្នកមានភាពក្លាហានទទួលស្គាល់វា។
៩. បើអ្នកស្រលាញ់ជីវិតរបស់អ្នក សូមកុំខ្ជះខ្ជាយពេលវេលា ព្រោះជីវិត កើតឡើងបានដោយសារពេលវេលា។
១០. ចាក់ទឹកក្នុងពែងអ្នកចេញសិន ដើម្បីឲ្យវាអាចទទួលទឹកបានទៀត។