អ្នកប្រកាន់ទស្សនៈអញនិយម អានអត្ថបទនេះហើយនឹងភ្លឺភ្នែកច្បាស់
មានមនុស្សខ្វាក់៦នាក់មិនដែលស្គាល់ដំរីសោះ ហើយបានបបួលគ្នាទៅស្ទាបអង្អែលឱ្យបានស្គាល់នឹងគេបានម្តង។ ពេលនោះហ្មដំរីបានសួរទៅអ្នកទាំងនោះថា “តើសត្វដំរីមានរូបរាងយ៉ាងដូចម្ដេច?” ជនខ្វាក់ដែលស្ទាបជើងដំរីស្រែកឡើងថា “អញស្មានថាសត្វដំរីអស្ចារ្យប៉ុនណា តាមការពិតវាគ្រាន់តែដូចសសរមួយដើមហ្នឹង!”
មនុស្សខ្វាក់ដែលកំពុងស្ទាបកន្ទុយដំរីស្រែកប្រឆាំងថា “នរណាថា? តាមពិតដំរីដូចខ្សែពួរទេតើ!” ជនខ្វាក់ម្នាក់ទៀតដែលស្ទាបចំប្រមោយតបវិញភ្លាមថា “កុហក! សត្វដំរីមានរាងឱ្យទ្រលូដូចបំពង់ឫស្សីទេ។” អ្នកខ្វាក់នៅខាងត្រចៀកដំរីស្រែកឡើងថា៖ “អញថាសត្វដំរីមានរាងដូចផ្លិត!” មនុស្សខ្វាក់ទី៥យកដៃស្ទាបពោះដំរីបណ្ដើរ អស់សំណើចបណ្ដើរ ដោយនិយាយថា “ខុស! ខុសទាំងអស់! ការពិតសត្វដំរីមានរាងដូចជញ្ជាំងព្រះវិហារ។” មនុស្សខ្វាក់ទី៦ ស្រែកជំទាស់ទាំងដៃកំពុងស្ទាបអង្អែលភ្លុកដំរីចុះឡើងថា៖ “បើមិនដឹងខ្យល់អីទេ កុំចេះតែនិយាយផ្ដេសផ្ដាស! សត្វដំរីមានរាងដូចជាខ្សៀរ គ្រាន់តែវាធំជាងខ្សៀរបន្តិចតែប៉ុណ្ណោះ។”
ពេលនោះមនុស្សខ្វាក់ទាំងនោះបានប្រកែកគ្នាឡើងតឹងសរសៃក ទោះជានរណាឃាត់ក៏មិនស្ដាប់ដែរ។ ពួកគេសុទ្ធតែនិយាយពីការពិតអំពីសត្វដំរី ហេតុម្តេចក៏អ្នកដទៃនិយាយថាមិនមែនជាការពិតទៅវិញ?
គំនិតពិចារណា៖
១. កាលណាខ្វះហេតុផលនៃជ្រុងណាមួយធ្វើឱ្យការវិនិច្ឆ័យប្រាសចាកពីការពិត។ បើចំលើអ្នកសរសេរប្រវត្តិសាស្ត្រវិញនោះ គឺជាខុសធ្ងន់ណាស់។
២. ខ្វះអាវយវៈណាមួយនៃផ្នែកខាងក្រៅ វាគ្រាន់តែបង្កភាពលំបាក ឬការរំខាន់ក្នុងការរស់នៅប៉ុណ្ណោះ តែបើពិការចិត្តគំនិត នោះទើបជាបញ្ហា និងមានឈ្មោះថា ពិការពិតប្រាកដ។
៣. អ្វីដែលអ្នកចេះ អ្នកដឹង អ្នកផ្សេងអាចមិនដឹង ប៉ុន្តែអ្វីដែលអ្នកដទៃដឹង មិនប្រាកដថាអ្នកអាចយល់ដូចគេដែរនោះទេ។ ក្នុងមួយជីវិតមនុស្សគ្មាននរណាម្នាក់ចេះដឹងសព្វនោះទេ។ អ្នកដឹង អ្នកចេះ អ្នកយល់ ក៏ព្រោះតែគេបានឆ្លងកាត់ការពិសោធ ឆ្លងកាត់ការរៀនសូត្រច្រើនក្នុងជីវិតរបស់គេ ហើយក៏នៅមិនទាន់ចេះគ្រប់ជ្រុងជ្រោយបានដែរ។
៤. ទោះអ្នកចេះដឹងប៉ុនណាក៏ដោយ ក៏មិនអាចដឹងសព្វគ្រប់បញ្ហាដែរ ព្រោះខួរក្បាលខ្លួនយើងម្នាក់ឯង មិនអាចគិតបានស៊ីជម្រៅស្មើនឹងខួរក្បាលច្រើនគ្នានោះឡើយ។ ដូច្នេះមនុស្សឆ្លាត គឺជាបុគ្គលច្រានចោលគំនិតអវិជ្ជមាន ហើយទទួលយកគំនិតវិជ្ជមានពីអ្នកនៅជុំវិញខ្លួន។
៥. ការប្រកែកគ្នាដោយប្រកាន់ខ្ជាប់ទស្សនៈ “អញនិយម” មិនល្អគាប់ប្រសើរឡើយ ក្នុងការរស់នៅ។
សៀវភៅព្រះត្រៃបិដក ភាគ៥២ ចេញផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ នៅត្រង់ទំព័រ២៨៥