ស្រីហិតោបទេស ប្រែសម្រួលដោយ ភិក្ខុ ប៉ាង ខាត់ វីរិយបណ្ឌិតតោ បង្កប់នូវគតិបណ្ឌិត និងទស្សនៈដ៏មានអត្ថន័យ សម្រាប់ជនប្រុសស្រីពិចារណា

ស្រីហិតោបទេស ជាសៀវភៅមួយដែលប្រមូលផ្ដុំនូវរឿងនិទានដ៏ល្អៗ ដើម្បីជាគតិអប់រំ និងផ្ដល់ជាពុទ្ធិដោះស្រាយរាល់បញ្ហា ការប្រៀនប្រដៅជាប្រយោជន៍ និងជួយពង្រីកគំនិតឱ្យទូលំទូលាយ ហើយក៏ជាគន្លឹះមួយអាចនាំអ្នកសិក្សាឆ្ពោះទៅសម្រេចគោលដៅផងដែរ។ សៀវភៅនេះបកសំរាយមកជាភាសាខ្មែរដោយ ភិក្ខុ ប៉ាង ខាត់ វីរិយបណ្ឌិតតោ។

១. នារីណាប្ដីជេរប្រទេចក្ដី ឬប្ដីសម្លឹងសម្លក់ដោយក្ដីក្រោធក្ដី នៅតែធ្វើទឹកមុខស្រស់ស្រាយញញឹម នារីនោះទើបឈ្មោះថា ស្រីមានលក្ខណ៍។

២. មានតែអ្នកប្រាជ្ញទេដែលបុគ្គលគម្បីឱ្យឧបទេសបាន ឯមនុស្សល្ងង់ក្នុងកាលណាក៏ដោយ បុគ្គលមិនគម្បីឱ្យឧបទេសឡើយ សត្វបក្សីកាលឱ្យឧបទេសដល់ស្វាល្ងង់ ត្រូវស្វាបោចរោចសំបុកចោលហិនហោចអស់។

៣. សំបុកដែលយើងជ្រកនេះ គឺធ្វើខ្លួនឯងដោយស្មៅ ដែលយើងពាំយកមកគ្រាន់តែដោយចំពុះ ចុះបងពានរឯង មានដៃមានជើងដូចមនុស្សដែរ ម្ដេចក៏មកអង្គុយទ្រាំលំបាករងារញ័រទទ្រើតដូច្នេះ?។

៤. សេចក្ដីអត់ធន់ជាគ្រឿងលម្អនៃបុរស សេចក្ដីអៀនខ្មាស់ជាគ្រឿងលម្អនៃស្ត្រីទាំងឡាយ តែក្ដីក្លាហានជាគ្រឿងលម្អនៃបុរសក្នុងពេលដែលគេមើលងាយ ដូចការមិនអៀនខ្មាសជាគ្រឿងលម្អនៃស្ត្រីក្នុងការសេពសន្ថវៈដូច្នោះដែរ។

៥. បើសត្រូវស្គាល់ចំណុចខ្សោយយើង និងសេចក្ដីក្លៀវក្លាយើងហើយ គេនឹងចូលទៅរហូតដល់ចិត្តគំនិតយើងខាងក្នុងទៀត ហើយសម្លាប់យើងចោលបង់សៀត ដូចភ្លើងឆេះឈើស្ងួតតែងឆេះរូងរហូតដល់ខ្លឹមខាងក្នុង។

៦. ម្ចាស់ណាគិតតែពីខ្លួនឯង ឥតពិចារណា កាចទ្រនង់ មិនដឹងឧបការៈគេ ម្ចាស់នោះត្រូវអ្នកបម្រើដែលប្រសើរលះបង់ចោល។

៧. បុគ្គលកុំគម្បីស្ថិតនៅ ឬដើរទៅជាមួយមនុស្សអាក្រក់ សូម្បីមួយរំពេចឱ្យសោះ ព្រោះថាការសេពគប់មនុស្សអាក្រក់ឈ្មោះថាសេចក្ដីស្លាប់ ការសេពគប់អ្នកសប្បុរសឈ្មោះថាសន្តិភាព។

៨. ត្រូវចូលទៅប្រយុទ្ធកុំឱ្យបែកទ័ព ហើយប្រយ័ត្នមើលគ្នីគ្នា បើកងទ័ពណាទន់ខ្សោយកម្លាំង ត្រូវប្រមូលមកទុកកណ្ដាលក្បួនទ័ព។

៩. ត្រូវព្យាយាមបំបែកសត្រូវឱ្យបែកបាក់គ្នា វិធីបំបែកនេះមិនមានអ្វីដទៃក្រៅពីញុះញង់ព្រះរាជទាហានក្នុងរាជ្យសត្រូវទេ ព្រោះហេតុនោះ ត្រូវព្យាយាមតាំងរាជទាយាទរបស់ប្រទេសសត្រូវឱ្យទាល់តែបាន។

១០. អ្នកប្រាជ្ញគម្បីលះបង់នូវទ្រព្យផង នូវជីវិតផង ដើម្បីជាប្រយោជន៍ដល់ជនដទៃ ថាបើសេចក្ដីស្លាប់ជាធម៌ទៀង គួរលះបង់អត្តភាពខ្លួនទើបប្រសើរ។

១១. ព្រះរាជាអង្គណា មានទ្រព្យ រាជគ្រូ និងមន្ត្រីសុទ្ធតែជាអ្នកបញ្ជោរ ព្រះរាជាអង្គនោះ នឹងស្គមព្រះសរីរៈ ថយគុណធម៌ នឹងអន្តរាយឃ្លាំងដោយឆាប់រហ័ស។

១២. ជនទាំងឡាយដែលមិនធ្លាប់ចូលសង្រ្គាម តែងអួតអាងថាខ្លួនក្លៀវក្លា នរណាមួយដែលមិនទាន់ឃើញសមត្ថភាពនៃសត្រូវទេ ម្ដេចឡើយនឹងមិនឡើងចិត្តទ្រនង់។

១៣. នរជនណា មិនទាន់ដល់កាលគួរ ហើយធ្វើសង្រ្គាម អ្នកនោះឈ្មោះថាជាមនុស្សល្ងង់ ព្រោះការច្បាំងតនឹងអ្នកមានកម្លាំងប្រាកដនោះ ដូចជាប្រើស្លាបរុយហោះដូច្នោះដែរ។

១៤.ក្រពើដ៏កាចហានពន្លឹក បើចេញផុតពីទឹកហើយ ក៏អន់អំណាច សីហៈ សូម្បីសាហាវយង់ឃ្នង បើចេញផុតពីព្រៃហើយ ដូចគ្នានឹងសត្វចចក។

១៥. វីរជនជាតិអ្នកចម្បាំង ដែលសត្រូវឡោមព័ទ្ធជាប់ហើយ គេបំណងប្រហារជីវិតបង់ក្នុងទីណាក៏ដោយ មិនតក់ស្លុតលះបង់ឋានៈជាកូនប្រុសនឹងបានទៅដល់អមរលោក។


សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត  មានទស្សនៈ១០ឃ្លាដ៏មានតម្លៃ ​ដែល​ភាគច្រើនចាស់ៗ​ជំនាន់​មុន​តែង​សរសេរ​ដាក់​លើធ្នឹម

 

One thought on “ស្រីហិតោបទេស ប្រែសម្រួលដោយ ភិក្ខុ ប៉ាង ខាត់ វីរិយបណ្ឌិតតោ បង្កប់នូវគតិបណ្ឌិត និងទស្សនៈដ៏មានអត្ថន័យ សម្រាប់ជនប្រុសស្រីពិចារណា

Leave a Reply

Your email address will not be published. Required fields are marked *