បោះបង់ចោលទម្លាប់អាក្រក់ទាំង៩នេះចោល ដើម្បីធ្វើឱ្យ​ជីវិត​រីករាយ​ និង​ជោគជ័យ

ការកែទម្លាប់មិនល្អ ទម្លាប់ដែលនាំឱ្យបរាជ័យ មកជាទម្លាប់គិតវិជ្ជមាន ឧស្សាហ៍ព្យាយាម ស្មោះត្រង់ និងការខិតខំប្រឹងប្រែងជានិច្ច គឺជាគន្លឹះ​សំខាន់​បំផុត​មួយ​ ដើម្បី​ឱ្យ​ជីវិត​មាន​ភាពរីករាយ និង​ជោគជ័យ។ ខាងក្រោមនេះ ជាទម្លាប់​ដែល​អ្នក​គួរតែ​បោះបង់​ចោល ដើម្បីកែជោគវាសនារបស់អ្នក៖

១. បោះបង់​ចោល​ការគិត​អវិជ្ជមាន​ចំពោះ​អ្នក​ដទៃ

ដូចគ្នា​នឹង​ជំងឺ​ផ្ដាសាយដែរ ភាព​អវិជ្ជមាន​​ឆ្លង​ដូច​ជំងឺ​ដែរ។ ជួនកាល វាពិបាក​ក្នុង​ការ​បំបាត់​ចោល​ទាំងស្រុង​នូវ​ការគិត​អវិជ្ជមាន​អំពី​មនុស្ស គំនិត និង​ស្ថានភាព ប៉ុន្តែ អ្នក​អាច​ជ្រើសរើស​ថា​ គួរ​បោះចោល​នូវ​អ្វី​ដែល​ធ្វើ​ឱ្យ​ជីវិត​យើង​ធ្លាក់​ចុះ មិន​សប្បាយចិត្ត ដោយ​ជំនួស​មក​វិញនូវ​ការ​ប្រមូលផ្ដុំ​ថាមពល​ផ្ដោត​លើ​អ្វី​ដែល​ធ្វើ​ឱ្យយើង​រីករាយ និង​រីកចម្រើន។ អ្នក​អាច និង​គួរតែ​សេព​គប់​ជាមួយ​មនុស្ស​ពូកែៗដែលអ្នក​គោរព​និង​កោត​សរសើរ​ និង​ចង់​យក​គំរូតាម ពីព្រោះ​មនុស្ស​ទាំង​នេះ​នឹង​ជ្រោង​អ្នក​ឡើង ជាជាង​ទាញ​អ្នក​ទម្លាក់។

២. បោះបង់ចោល​គំនិត​រឹងត្អឹងពេក

ការប្ដេជ្ញា​ និងការតាំង​ចិត្ត​ទៅ​លើ​គោលដៅ​មួយ​ គឺ​ជា​រឿង​ល្អ​បំផុត​ហើយ។ ប៉ុន្តែ ចូរ​កុំ​យល់​ច្រលំ​រវាង​ការតាំងចិត្ត និង​ឆន្ទៈ​ក្នុង​ការ​ផ្លាស់ប្ដូរ។ ជួនកាល ផែនការដើម​របស់​អ្នក​មិននាំ​អ្នក​ទៅ​រក​ជោគជ័យ​បាន​ទេ ដូច្នេះ អ្នក​ត្រូវ​ចេះ​បត់បែន ដោយ​កែសម្រួល​ផែនការ​នោះ​ ដើម្បី​ឱ្យ​បាន​ជោគជ័យ​វិញ បើ​ទោះ​បី​ជា​ខុស​ពី​គម្រោង​​ដើម​ក៏​ដោយ។

៣. បោះបង់​ការ​ប្រកាន់​ជំហរ​ការពារ

ជា​ការពិត មិន​សូវ​សម្បូរ​អ្នក​ដែល​ចូលចិត្ត​ស្ដាប់​អ្នក​ដទៃ​រិះគន់​ខ្លួន​ឡើយ។ ពាក្យចាស់​ថា ពាក្យ​ពិត​រែង​ស្លែង គឺ​ការរិះគន់​ពិត​ជាពិបាក​ទទួល​យក​បន្តិច​ហើយ។ ប៉ុន្តែ បើ​អ្នក​ចង់​ជោគជ័យ អ្នក​ចាំបាច់​ត្រូវ​ចេះ​ទទួល​យក​ការរិះគន់។ ជាជាង​ខ្លាច​ការរិះគន់ និង​​ប្រកាន់​ជំហរ​ការពារ អ្នក​គួរ​សាកល្បង​ចង់ដឹង​អំពី​ទស្សនៈ​របស់​អ្នក​ដទៃ​ច្រើន​នាក់​ទៀត​អំពី​ស្នាដៃ​ការងារ​របស់​អ្នក។ ព័ត៌មាន​នេះ អាច​ផ្ដល់​ពន្លឺ​ដល់​អ្នក​​ក្នុង​ការ​ឈាន​ទៅ​សម្រេច​គោលដៅ​របស់​អ្នក។

៤. បោះបង់​ចោល​ការ​និយាយ​អវិជ្ជមាន​អំពី​ខ្លួន​ឯង

តាម​ការសិក្សា មួយថ្ងៃៗ​យើង​និយាយ​ច្រើន​ណាស់​អំពី​ខ្លួន​ឯង ដូច្នេះ ចូរ​ជៀសវាង​ដាច់​ខាត​ការ​និយាយ​អវិជ្ជមាន​អំពី​ខ្លួន​អ្នក។ ឧទាហរណ៍ រៀងរាល់ព្រឹក អ្នក​ត្រូវ​និយាយ​ប្រាប់​ខ្លួន​អ្នក​ថា ថ្ងៃ​នេះ​ខ្ញុំ​នឹង​សម្រេច​បាន​ជោគជ័យ ថ្ងៃនេះ​ការងារ​ខ្ញុំ​នឹង​រលូន ថ្ងៃនេះ​ខ្ញុំ​នឹង​ជួប​រឿង​ល្អ ។ល។ និង​ ។ល។ នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​វិជ្ជមាន។ ប្រសិន​បើ​អ្នក​ជួប​បញ្ហា​បន្តិចបន្តួច ចូរ​សម្រាក​មួយ​ភ្លែត ដើរ​ចេញ​ក្រៅ និង​និយាយ​រំឭក​អំពី​អ្វីៗ​ដែល​វិជ្ជមាន​ទៅ​កាន់​ខ្លួន​ឯង។

៥. បោះបង់​នូវ​ការរង់ចាំ​ការ​កោត​សរសើរ​ពី​អ្នក​ដទៃ

គ្មាន​អ្នក​ណា​មាន​ពេល​វេលា​ចាំ​តែ​កោត​សរសើរ​អ្នក​នោះ​ទេ។ មែនទែន​ទៅ បើ​យើង​ធ្វើខុស​ គេ​នឹង​បន្ទោស​អ្នក ឬ​គេ​នឹង​ចំណាយ​ពេល​ជាមួយ​អ្នក​ប្រសិន​បើ​គេ​ចង់​ឱ្យ​អ្នក​ធ្វើ​អ្វី​មួយ។ ដូច្នេះ ចូរ​កុំ​រង់ចាំ​អ្នក​ដទៃ​កោត​សរសើរ​អ្នក។ នៅ​ពេល​អ្នក​ធ្វើ​កិច្ចការ​នានា​បាន​ល្អ ចូរ​ចំណាយ​ពេល​ទទួលស្គាល់​និង​កោត​សរសើរ​ស្នាដៃ​របស់​អ្នក។ រៀងរាល់​ល្ងាច ពេល​ចប់​ការងារ ចូរ​កត់ត្រា​កិច្ចការ​បី​យ៉ាង​ដែល​អ្នក​បាន​សម្រេច​នៅ​ថ្ងៃ​នេះ។ វា​មិន​ចាំបាច់​ជា​កិច្ចការ​ធំ​ដុំ​នោះទេ ឲ្យ​តែ​រឿង​ល្អ ដែល​ស័ក្ដិសម​នឹង​ទទួល​ការ​កោត​សរសើរ។ អាន​កំណត់ត្រា​ទាំង​នេះ​រៀងរាល់ព្រឹក ដើម្បី​ទម្លាប់​ខ្លួន​អ្នក​ឱ្យ​មាន​ទំនុកចិត្ត​លើ​ខ្លួន​អ្នក។ ធ្វើ​បែបនេះ​យូរៗ​ទៅ អ្នក​នឹង​មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង​កាន់​តែ​ខ្លាំង និង​មាន​ចិត្ត​រីករាយ។

៦. បោះបង់ចោល​គំនិត​កំណាញ់ ឬ​អាត្មានិយម

ក្នុងសម័យ​ប្រកួតប្រជែង​ខ្លាំង​ដូច​បច្ចុប្បន្ន មនុស្ស​ច្រើន​គិត​ថា អ្នក​នេះ​ ឬ​អ្នក​នោះ​ជោគជ័យ​ដោយសារ​លួច​ពី​ភាព​ជោគជ័យ​របស់ខ្លួន។ ចូរ​បើក​ចិត្ត​ឱ្យ​ទូលាយ ត្រូវ​គិត​ថា ជោគជ័យ​របស់​អ្នក​ផ្សេង​មិន​មក​លេប​ត្របាក់​ជោគជ័យ​របស់​ខ្លួន​យើង​ឡើយ។ ដូច្នេះ អ្នក​គួរ​បើក​ទូលាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ជាមួយអ្នកដទៃ​ក្នុង​វិស័យ​ដូចគ្នា ឬ​លើក​ស្ទួយ​មិត្ត​រួម​ក្រុម​ការងារ​ឱ្យឡើងខ្ពស់ តាម​សមត្ថភាព​របស់​គេជាដើម។

៧. បោះបង់​ចោល​នូវ​ស្តង់ដារ​នៃ​ភាព​ឥតខ្ចោះ​ដែល​គ្មាន​ភាព​ជាក់ស្ដែង

ពិត​ណាស់ យើង​មិន​ត្រូវ​ខ្ជីខ្ជា​ក្នុង​កិច្ចការងារ​ ឬ​ធ្វើ​ឱ្យ​មាន​កំហុស​ដោយ​ការ​ធ្វេស​ប្រហែស​ឡើយ ប៉ុន្តែ អ្នក​ក៏​មិនត្រូវ​រំពឹង​ថា ខ្លួន​អ្នក​នឹង​អាច​ល្អ​ឥត​ខ្ចោះ​ ២៤ម៉ោង​លើ​២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​ ៧ថ្ងៃ​ក្នុង​មួយសប្ដាហ៍​ដែរ។ ដូច្នេះ កុំ​ខ្លាច​ខុស! អ្នក​ជោគជ័យ​គឺ​ជា​មនុស្ស​ដែល​អាច​កែច្នៃ​បរាជ័យ​ឱ្យ​ក្លាយជា​ការ​ដក​ពិសោធន៍​ ដើម្បី​សម្រេច​បាន​ទស្សនវិស័យ​វិជ្ជមាន។

៨. បោះបង់​គំនិតគិត​ខ្លី

ចូរ​កុំ​ធ្វើការសម្រេចចិត្ត​ទៅតាម​អារម្មណ៍​មួយ​ឆាវ​របស់​អ្នក។ មនុស្ស​ជា​ច្រើន​ងាយ​នឹង​បោះបង់​ចោល​អ្វី​ដែល​គេ​គិតគូរ​រាប់​ឆ្នាំ​មក​ហើយ ដោយសារ​តែ​អារម្មណ៍​ខឹង កើត​ទុក្ខ ក្រេវក្រោធខ្លាំង។ ប៉ុន្តែ អ្នក​ជោគជ័យ គឺ​ដាច់​ខាត​មិន​ធ្វើសកម្មភាព ឬ​ធ្វើ​ការសម្រេចចិត្ត​នៅ​ពេល​ស្ថិត​ក្នុង​អារម្មណ៍​អស់​ទាំង​នេះ​ឡើយ។

៩. បោះបង់​ចោល​នូវ​ការ​ខ្លាច​មិន​ហ៊ាន​បោះ​ចោល​ឱកាស

មនុស្ស​យើង​ភាគច្រើន​ ច្រើន​តែ​ខ្លាច​បាត់​ឱកាស​មួយ​នេះ​ នឹង​គ្មាន​ឱកាស​លើក​ក្រោយ​ទៀត ដូច្នេះ​ហើយ​រារែក​មិន​​ហ៊ាន​បោះបង់​ឱកាស​ដែល​មាន​ចំពោះ​មុខ​ខ្លួន បើ​ទោះ​បី​ជា​ឱកាស​នោះ​មិន​សូវ​គាប់​ចិត្ត និង​​មិន​មែន​ជា​អ្វី​ដែល​ខ្លួន​ស្រលាញ់​មែន​ក្ដី។ មនុស្ស​ជោគជ័យ​ល្បីៗ​នៅ​លើ​ពិភព​លោក ដឹង​ថា ធនធាន​ និង​ពេល​វេលា​របស់​ខ្លួន​មាន​កំណត់ ដូច្នេះ គេ​វាយ​តម្លៃ​ឱកាស​នីមួយៗ​ដែល​មាន​ចំពោះ​មុខ​ដោយ​ហ្មត់ចត់។ ពួកគេ​មិន​ខ្លាច​នឹង​បាត់​ឱកាស​នោះ​ទេ ប្រសិន​បើ​មិន​មែន​ជា​អ្វីដែល​គេ​​ពិត​ជា​ត្រូវការ ព្រោះ​តែ​គេ​មាន​ជំនឿ​ថា ឱកាស​ថ្មី​មួយ​ទៀត​នឹង​កើត​មាន​នៅ​ពេល​ខាងមុខ​ជាក់​ជា​មិន​ខាន។

——————

សូមណែនាំសៀវភៅ គោលការណ៏ទម្លាប់ (ជាភាសាអង់គ្លេស) 
តម្លៃ ៖ ២៨,០០០៛ ($7)
ទំនាក់ទំនងលេខ ៖ ០៩៦ ២៧០ ៦៥៦៥ / ០៩៦ ៨០៩ ៤០៦៨

Leave a Reply

Your email address will not be published. Required fields are marked *