ការរិះគន់បែបស្ថាបនា និង ការរិះគន់បែបជាន់ពន្លិច
ការរិះគន់ គឺពិតជាសំខាន់ ព្រោះថាបើគ្មានការរិះគន់ទេ ក៏គ្មានការកែប្រែ និងអភិវឌ្ឍទៅមុខដែរ។ ប៉ុន្តែគេក៏ត្រូវគិតផងដែរថា តើការរិះគន់នោះជាប្រភេទណា ពោលគឺការរិះគន់បែបស្ថាបនា (Constructive Criticism) ឬជាការរិះគន់បែបជាន់ពន្លិច (Destructive Criticism)?
គេអាចនឹងទទួលយកការរិះគន់បាន លុះត្រាណាវាស្ថិតក្នុងប្រភេទ ការរិះគន់បែបស្ថាបនា (Constructive Criticism)។ ការរិះគន់បែបស្ថាបនា មានន័យថា វាជាការលើកឡើងច្បាស់ៗពីចំណុចខ្សោយ និងចំណុចអវិជ្ជមាននៃការងារ ឬគំនិតអ្វីមួយ ហើយតែងភ្ជាប់ជាមួយនូវគន្លឹះ ដំណោះស្រាយផ្សេងៗ ក៏ដូចជាការលើកទឹកចិត្តផងដែរ។ ប៉ុន្តែផ្ទុយទៅវិញ មនុស្សភាគច្រើនចូលចិត្តរិះគន់បែបជាន់ពន្លិច (Destructive Criticism)។ ការរិះគន់បែបជាន់ពន្លិច គឺគ្មានឡើយហេតុផលច្បាស់លាស់ ហើយក៏គ្មានការបង្ហាញជាដំណោះស្រាយផ្សេងៗ ឬក៍ដូចជាគ្មានការជួយលើកទឹកចិត្ត។ ពោលគឺរិះគន់ដើម្បីឲ្យអ្នកដទៃបាក់ទឹកចិត្ត និងងើបមុខមិនរួចតែម្ដង។ ហេតុដូច្នេះហើយ គេពិតជាមិនអាចទទួលយកការរិះគន់បែបនេះបានឡើយ។
យើងមិនគួរបណ្ដុះវប្បធម៌រិះគន់បែបជាន់ពន្លិចនោះទេ ព្រោះគ្មាននរណាល្អគ្រប់ដប់ឡើយ ហើយការធ្វើបែបនេះ គឺគ្មានចំណេញអ្វីឡើយក្រៅតែពីការឆ្លើយតបមកវិញទាំងក្ដៅក្រហាយ ក្តៅស្លឹកត្រចៀកនោះ។ ផ្ទុយមកវិញ បើការរិះគន់នោះ គឺធ្វើឡើងតាមបែបស្ថាបនា គឺប្រាកជាទទួលបានផលល្អមិនខាន ព្រោះភាគីទាំងសងខាង (អ្នករិះគន់ និងអ្នកដែលត្រូវបានគេរិះគន់) សុទ្ធតែអាចប្ដូរយោបល់គ្នាបាន ហើយអាចសហការគ្នាបានយ៉ាងល្អទៀតផង ព្រោះគ្មាននរណាចង់ខុសទេ។