ឧបសគ្គដែលរារាំងការសម្រេចបាន ពុទ្ធិ 

មាគ៌ាឆ្ពោះទៅកាន់ពុទ្ធិមិនរលូនទេ ហើយមានឧបសគ្គទាំងឡាយដែលត្រូវជំនះ ពុះពារជាមុនសម្រាប់អ្នកស្រាវជ្រាវ ដើម្បីរកសច្ចភាពណាមួយដែលយល់ថា អាចឈានដល់គោលដៅរបស់ខ្លួន។ ឧបសគ្គដែលអាចធ្វើឱ្យទស្សនវិទូវង្វេង ឬទទួលឥទ្ធិពលតាមរយៈការយល់ដឹង ឬទស្សនៈរបស់គេដែលឃ្លាតចេញពីភាពដើម។

ក.បុរេនិច្ឆ័យ ៖ គឺជាទស្សនៈអមិត្ដ ឬទស្សនៈមិនសមស្រប ដែលបង្កើតឡើងគ្មានមូលដ្ឋានត្រឹមត្រូវ ឬជាទស្សនៈមានមុនពុទ្ធិពេញលេញស្ដីអំពីបញ្ហាដែលទទួលបាន​។ មនុស្សម្នាក់មានបុរេនិច្ឆ័យមានការចោទប្រកាន់ខាងអារម្មណ៍ ហើយគិត និងពិចារ​ណា​យោងតាមផលប្រយោជន៍ មោទនភាព និងសេចក្ដីរីករាយរបស់ខ្លួន។ មនុស្សមានបុរេនិច្ឆ័យ មិនទំនងជាទាញយកជាការសន្និដ្ឋានបរានុម័ត និងត្រឹមត្រូវបានឡើយ។ ភាពងាយទទួលឥទ្ធិពលពីការឃោសនា មានគោលបំណងបញ្ចុះបញ្ចូលយ៉ាងទូលំទូលាយ ដោយចេតនា និងមានលក្ខណៈជាប្រព័ន្ធ មានន័យថា សំដៅ ជះឥទ្ធិពល ឬត្រួតត្រាទស្សនៈ ហើយវាអាចអនុវត្ដបានឆ្លងតាមរយៈវិទ្យុ ទូរទស្សន៍ ការបោះពុម្ពផ្សាយ និងភាពយន្ដ។ ដើម្បីឱ្យមានប្រសិទ្ធភាពអ្នកឃោសនាប្រើប្រាស់មធ្យោបាយមួយចំនួន៖

  • ភាពច្រំដែល ៖ គឺនៅទីណាដែលគំនិតមួយបានបង្ហាញដដែលៗ រហូតដល់គំនិតនោះជ្រួតជ្រាបជាក់ស្ដែងក្នុងញាណរបស់យើងដោយកម្លាំងជម្រុញស្ថិតស្ថេរ។
  • ការប្រើប្រាស់ភាសាមួលបង្កាច់ ឬបន្ដុះបង្អាប់ ៖ គឺនៅទីណាដែលគំនិតមួយ ត្រូវបានសង្ខេបមកជាពាក្យមួយដែលនាំមកនូវន័យពិសេស។
  • ការអះអាងទាក់ទាញមិនគ្រប់គ្រាន់ ៖ គឺនៅទីណាដែលពាក្យសម្ដីមានន័យមិន​ច្បាស់លាស់ មានចេតនាប្រើប្រាស់ដើម្បីបង្កើតជាអារម្មណ៍ជាជាងឆ្លើយតបតាម វិចារណញ្ញាណ។
  • ភ័ស្ដុតាង ៖ គឺនៅទីណាដែលមនុស្សគួរឱ្យគោរព បានសន្មតស្គាល់អ្វីដែលល្អ បានធ្វើការយល់ព្រម ឬគាំទ្រការឃោសនា និងគាំទ្រគោលបំណងនៃការឃោសនានោះ។
  • មនុស្សមានជីវភាពសាមញ្ញ ៖ គឺនៅទីណាដែលការឃោសនាទាក់ទងដល់មនុស្សសាមញ្ញ ដែលក្នុងវប្បធម៌ខ្លះត្រូវបានគេគោរពចូលចិត្ដ។
  • ការរៀបចំជើងព្រួលជាមុន ៖ គឺនៅកន្លែងណាដែលព័ត៌មានខ្លះត្រូវបានជ្រើសរើសដោយយកចិត្ដទុកដាក់ ដោយគាំទ្របញ្ហាតែមួយជ្រុងត្រូវបានផ្សព្វផ្សាយដោយចាប់បង្ខំតាមដែលអាច។
  • ទំនោរពេញនិយម ៖ គឺនៅទីណាដែលមនុស្សភាគច្រើន សន្មតថាត្រឹមត្រូវជានិច្ច គេគួរតែចូលរួម ឬគាំទ្រ។

ខ. ការប្រើប្រាស់អ្នកឯកទេសដោយងងឹតងងុលការប្រើប្រាស់អ្នកឯកទេស ដោយគ្មានការត្រួតពិនិត្យ រិះគន់ពីអ្វីដែលតំណាង​ឱ្យ ឬជំរុញ គឺគ្មានលក្ខណៈវិទ្យាសាស្ដ្រទេ វាមិនមែនជាវិធីបែបទស្សនវិជ្ជាឡើយ ក្នុងការសម្រេច ឬទទួលបានពុទ្ធិ។ ការទទួលស្គាល់អ្នកឯកទេសដោយគ្មានការរិះគន់ គេហៅថា ឯកទេសនិយម ដែលគេជឿជាក់ថា ពុទ្ធិធានាបាន ឬមានតម្លៃតាមរយៈអ្នកឯកទេស។ ពេលមនុស្សម្នាក់ទទួលស្គាល់អ្នកឯកទេសដោយគ្មានការរិះគន់ គេឈប់មានការខិតខំឯករាជ្យដើម្បីស្វែងរកអ្វីពិត ឬមិនពិតទៀតហើយ។

គ. ឯកទេសនិយមមានចំណុចខ្សោយ និងគ្រោះថ្នាក់ ដែលអ្នកប្រើប្រាស់គួរតែយល់ច្បាស់។ ចំណុចខ្សោយខាងក្រោមនេះត្រូវបានគេគូសបញ្ជាក់ ដោយ Titus និង Smith ៖

១. ក្នុងឋានៈជាឥរិយាបថមួយ ត្រួតត្រាឯកទេសនិយម មានបំណងរារាំងការរីកចម្រើន និងជំនួសឱ្យការគិត និងស៊ើបអង្កេតបន្ថែម។

២. ពេលអ្នកឯកទេសមិនយល់ស្រប ឬមានជម្លោះក្នុងខណៈដែលវាប្រព្រឹត្ដឡើងជាញឹកញាប់ យើងចាកផុតពីភាពច្របូកច្របល់បាន លុះត្រាតែយើងមានប្រភពផ្សេងទៀត ដើម្បីងាកទៅរក។

៣. យើងហាក់ដូចជាវង្វេងដោយកិត្យានុភាពនៃអ្នកឯកទេសរបស់យើង និងមិនយល់ពីវាពេលគេនិយាយទៅក្រៅក្របខ័ណ្ឌសមត្ថភាពរបស់ខ្លួន។

៤. យើងអាចវង្វេងដោយប្រការថា ជំនឿមួយស្ថិតស្ថេរ និងសុះសាយ។

កម្លាំងជំរុញ និងទម្លាប់ជាមនុស្សជាតិ យើងជះឥទ្ធិពលលើកម្លាំងជំរុញ ពោលគឺយើងត្រូវជំរុញឱ្យមានប្រតិកម្មឆាប់រហ័សចំពោះរំញោចខាងក្រៅដោយគ្មានគំនិតញាណ។ យើងក៏មានបំណងធ្វើអំពើចេញផុតពីទម្លាប់ មានន័យថា ជាវិធីធម្មតាដែលយើងធ្វើ ជាពិសេសក្នុងស្ថានភាពដែលធ្លាប់ស្គាល់ ខណៈដែលទម្លាប់មានផលប្រយោជន៍ក្នុងការយកចិត្ដទុកដាក់ ភាពដោយឡែកប្រចាំថ្ងៃរបស់ជីវិតវាមិនបានជួយ និងជួនកាលរារាំងយើងប្រឈមមុខជាមួយស្ថានភាពថ្មី និងមិនធ្លាប់ស្គាល់ទៀតផង។ កំហុសឆ្គងក្នុងការពិចារណាកំហុសឆ្គងមួយ គឺការអះអាងបោកបញ្ឆោតមួយ ពី​ព្រោះថាវាហាក់ដូចជាមានលក្ខណៈជាការសន្និដ្ឋាន ប៉ុន្ដែជាការពិតវាមិនមានល​ក្ខ​​ណៈ​​សន្និដ្ឋានទេ។ មានកំហុសឆ្គងមួយចំនួនដែលជួនកាលគេប្រមូលផ្ដុំជាពីរប្រ​ភេទ៖

  • កំហុសផ្លូវការ ឬកំហុសខាងភាសា ដែលផ្អែកលើរចនាសម្ព័ន្ធ ឬអះអាងមិនប្រែប្រួល ដូចជាកំហុសទាក់ទងទៅនឹងការសម្ដែងជាពាក្យសម្ដី ឬរំលោភលើភាសា។ ឧទាហរណ៍ ៖ ប្រភេទកំហុសឆ្គងនេះ ដូចជាពេលគេអះអាងថា រោមសត្វភ្លឺ ហើយភ្លឺមានពីព្រះអាទិត្យ ដូច្នេះរោមសត្វនេះភ្លឺ គឺមកពីព្រះអាទិត្យ។
  • កំហុសខាងឯកសារ ដែលជាកំហុសផ្អែកលើខ្លឹមសារនៃការអះអាង ដូចជាកំហុស ឬភ័ស្ដុតាងខ្វះខាត ឬការប្រើប្រាស់មនោសញ្ចេតនាជំនួសឡូហ្សិក។ ការធ្វើឱ្យមានភាពជាទូទៅដោយផ្អែកលើភ័ស្ដុតាងគ្រប់គ្រាន់ អាចជាឧទាហរណ៍នៃប្រភេទកំ​ហុសក៏ថាបាន។

អត្ថបទទាក់ទង

ខូរក្បាល និងការគិត

 

Leave a Reply

Your email address will not be published. Required fields are marked *