វិធីសាស្រ្តនៃភាពជាអ្នកដឹកនាំ
Warren G. Bennis បានលើកឡើងថា “ភាពជាអ្នកដឹកនាំ គឺបំផុសស្មារតី និងសាងកម្លាំងចិត្តដល់អ្នកក្រោមបង្គាប់។”
ភាពជាអ្នកដឹកនាំ ត្រូវបានគេយល់គឃើញថា ជាបញ្ញត្តិមួយដែលកើតមានមកតាំងពីកំណើតដោយសារវាតែងបង្ហាញឲ្យគេឃើញយ៉ាងជាក់ចាស់តាមរយៈបុគ្គលដែលជាវរីជនប្រវត្តិសាស្រ្តទាំងឡាយ។ ហេតុនេះទើបគេយល់ឃើញថា ភាពជាអ្នកដឹកនាំ គឺជាការរួមផ្សំគ្នារវាងក្តីក្លាហាន អំណាចបារមី និងសមត្ថភាពពីសេសផ្សេងៗជាច្រើនទៀត ដូចដែល ល្វីស អាមស្រ្តង (Louis Armstrong) តន្រ្តីករ ហ្សាស់ស៍ (Jass) ឈានមុខគេកម្រិតពីភពលោកធ្លាប់បានពោលថា “បើអ្នកនៅតែសួរថា ភាពជាអ្នកដឹកនាំគឺជាអ្វី អ្នកក៍ពុំមានថ្ងៃរកចម្លើយឃើញដែរ។”
សព្វថ្ងៃ មនុស្សមានភាពវៃឆ្លាតជាងមុន ព្រោះតែយើងស្ថិតនៅក្នុងស្ថានភាពជំនួញ ដែលពោរពេញទៅដោយការប្រកួតប្រជែង និងមានភាពស្មុគស្មាញជាងសម័យមុន ហេតុនេះហើយទើបវាក្លាយជាបទពិសោធន៍ និងជាមេរៀនដ៍មានតម្លៃសម្រាប់ភាពជាអ្នកដឹកនាំ។ ជាការពិតណាស់ ភាពជាអ្នកដឹកនាំ រួមមានភាពក្លាហាន និងការសម្រេចចិត្តប្រកបដោយប្រសិទ្ឋិភាពពេលប្រឈមជាមួយនឹងឧបសគ្គ ឬការប្រកួតប្រជែង។
ឧទាហរណ៍៖ កំណែទម្រង់ធនធានមនុស្ស ថវិកា សម្ភារៈ និងពេលវេលា តែងបង្កឲ្យមានការឈឺចាប់ ឬការលំបាកលំបិនក្នុងរយៈពេលខ្លី។ ប៉ុន្តែអំពើទាំងនេះ គឺជាហេតុផលដែលត្រូវតែធ្វើ ដើម្បីផលប្រយោជន៍រយៈពេលវែង (នេះគឺជាកត្តាមួយដ៍សំខាន់បំផុតនៃភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ឋិភាព)។
លើសពីនេះទៅទៀត ការប្រែប្រួលនៃរចនាសម្ព័ន្ឋនៃអង្គភាពនានា ការរីកធំធាត់របស់ក្រុមសម្ព័ន្ឋ និងការចូលហ៊ុនរវាងអង្គភាពនានា ព្រមទាំងបម្រែបម្រួលនៃប្រព័ន្ឋធ្វើការងារផងនោះ គឺកាន់តែត្រូវការភាពជាអ្នកដឹកនាំដែលអាចប្រតិបត្តិបានយ៉ាងពិតប្រាកដ និងមានមធ្យោបាយចម្រុះកាន់តែច្រើន ដើម្បីយកមកដោះស្រាយបញ្ហាទាំងនោះ។