រឿងខ្លីនៃប្រជុំនិទានជាតក៖ ភេពីររកសុីចូលគ្នា
យោងតាមសៀវភៅប្រជុំនិទានជាតក ដែលរៀបរៀងដោយសិទ្ធត្ថបណ្ឌិត សុង ស៊ីវ ជាមួយនឹងព្រះមហា សំ សុខ សាស្រ្តាចារ្យសាលាបាលីវត្តលង្កា ទំព័រ៨៥៩ មានរឿងមួយតំណាលថា៖
កាលពីអតីតកាល មានសត្វភេពីរក្បាលរកស៊ីចូលគ្នា ភេមួយរកចាប់ត្រីតាមមាត់ច្រាំង ហើយភេមួយមុជចាប់ត្រីក្នុងទឹកជ្រៅ ចាប់បានត្រីឆ្ពិនដ៏ធំមួយបម្រុងនឹងចែកគ្នា ភេមួយថាអញមុជទឹកជ្រៅត្រូវបានចំណែកខាងក្បាល ឯងត្រូវបានខាងកន្ទុយ។ ភេមួយពុំយល់ព្រមកំពុងតែអង្គុយជជែកគ្នា ភេទាំងពីរបានឃើញចចកដើរតម្រង់មក ក៏និយាយអង្វរថាបពិត្រលោកធំ សូមលោកមេត្តាចែកត្រីនេះដល់យើងខ្ញុំផងមើល៍…!
ចចកនិយាយថា បើអ្នកទាំងពីរឱ្យខ្ញុំធ្វើជាមេចំណែកត្រូវតែស្តាប់បង្គាប់ខ្ញុំ…។ ភេទាំងពីរក៏យល់ព្រម ហើយប្រគល់ត្រីឱ្យទៅចចក។ ចចកទទួលយកត្រីមកវាស់កាត់ជាបីកំណាត់ ហើយវាយចំណែកដោយពាក្យថា អ្នកដើរតាមមាត់ច្រាំងត្រូវបានកន្ទុយ អ្នកលុយទឹកជ្រៅត្រូវបានក្បាល ឯសាច់កណ្តាលត្រូវបានមកខ្ញុំ ជាមេចំណែក។ ចចកកាត់ក្ដីរួចក៏យកចំណែកសាច់កណ្តាលដើរចេញទៅ។ ភេទាំងពីរស្តាយជាពន់ពេកបានត្រឹមតែឈរមើលមុខគ្នាមិនដឹងគិតធ្វើយ៉ាងណា។
តាមរយៈសាច់រឿងនេះ អ្នកនិពន្ឋចង់បង្ហាញឱ្យឃើញថា សង្គមមនុស្សមិនខុសពីសង្គមសត្វឡើយ តែងតែប្រខាំគ្នាដើម្បីរស់ ឬដើម្បីដណ្ដើមផលចំណេញគ្នា។ ក៏ប៉ុន្តែប្រហែលជាគេមិនដឹងទេថា ផលចំណេញពិតប្រាកដបានទៅលើសត្វចចកដែលដើរតួជាអាជ្ញាកណ្តាលបានកេងផលប្រយោជន៍ពីលើភេទាំងសងខាងមិនតិចនោះទេ។ ក្នុងវេលាដែលអ្នកប្រខាំគ្នា ដើម្បីផលប្រយោជន៍ ផលចំណេញ… អ្នកឈ្នះមិនមែនជារូបអ្នកទេ។ អ្នកឈ្នះដែលទទួលបានផលចំណេញពិតប្រាកដបានទៅលើបុគ្គលទី៣។
បើមនុស្សពីរនាក់គ្មានសេចក្តីទៀងត្រង់ កេងចំណេញផលប្រយោជន៍ ដណ្ដើមលាភគ្នា មិនថាមិត្តភាព ទំនាក់ទំនង សូម្បីសុភមង្គលក៏ត្រូវបាត់បង់ដែរ។ ព្រោះពេលវេលានៃទំនាស់ផលប្រយោជន៍នោះគ្មានអ្នកឈ្នះ ហើយក៏គ្មានអ្នកចាញ់ដែរ។ ដូច្នេះលទ្ធផលចុងក្រោយនៃទំនាស់មានតែខាតនិងខាត ទ្រាំដឹងហួសពេលទៅហើយ ព្រោះប្រយោជន៍នោះបានធ្លាក់ទៅលើបុគ្គលចាំទទួលផល។
អត្ថបទខាងក្រោមនេះ គឺជាវិធីសាស្រ្តចរចាប្រកបដោយប្រសិទ្ឋភាព ដែលអ្នកបន្តស្វែងយល់ ជាពិសេស យុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ ៖ ភាគីទាំង២ ឬភាគីពាក់ព័ន្ធទទួលបានដំណោះស្រាយដែលពេញចិត្តទាំងអស់គ្នា។