គន្លឹះសំខាន់ៗ ចំនួន៤ ដើម្បីកំណត់គោលដៅជីវិត
តើទិដ្ឋភាពគន្លឹះសំខាន់ៗអ្វីខ្លះ ដែលយើងត្រូវសិក្សា និងចងចាំ ពេលដែលយើងត្រូវស្រាវជ្រាវ និងសរសេរគោលដៅរបស់យើង? ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗ ចំនួន៤ ក្នុងការកំណត់គោលដៅ និងវិធីសាស្រ្តដែលអ្នកអាចធ្វើឱ្យវាមានប្រសិទ្ធភាព និងអាចអនុវត្តបាន៖
១. វាយតម្លៃ និងឆ្លុះបញ្ចាំង (Evaluate and Reflect)
ផ្លូវតែមួយគត់ដែលអាចឲ្យយើងសម្រេចចិត្តត្រឹមត្រូវថា យើងចង់បានអ្វីនាពេលអនាគត ហើយយើងធ្វើដំណើរទៅទីនោះដោយរបៀបណា គឺការដឹងថាយើងកំពុងនៅទីណានាពេលបច្ចុប្បន្ន ហើយយើងពេញចិត្តស្ថានការណ៍ថ្ងៃនេះកម្រិតណា។ ដូចនេះ ជាដំបូង ចូរចំណាយពេលវេលាសម្រាប់ពិចារណា និងសរសេរលើក្រដាសអំពីស្ថានការណ៍បច្ចុប្បន្នរបស់អ្នក។ បន្ទាប់មក ត្រូវលើកសំណួរលើ ចំណុចនីមួយៗថា តើវាត្រឹមត្រូវដែរឬទេ?
គោលបំណងនៃការវាយតម្លៃមានពីរចំណុចសំខាន់ ៖ ទី១) វាជួយអ្នកក្នុងការក្រឡេកមើលសមិទ្ធផលរបស់អ្នកកន្លងមក និងការសម្លឹងមើលគោលដៅអនាគតរបស់អ្នកឲ្យបានល្អិតល្អន់។ ទី២) វាប្រាប់អ្នកថាអ្នកនៅទីណា ហើយអ្នកត្រូវធ្វើដំណើរចម្ងាយប៉ុន្មាន។ ការវាយតម្លៃប្រាប់អ្នកអំពីចំណុចត្រូវចាប់ផ្តើម។
ចូរចំណាយពេលពីរបីម៉ោងក្នុងសប្តាហ៍នេះ ដើម្បីវាយតម្លៃនិងឆ្លុះបញ្ចាំង។ ចូរសរសេរលើក្រដាសថាអ្នកនៅទីណាពេលនេះ ហើយក្រោយពេលវេលា កន្លងផុតទៅបានច្រើនខែ អ្នកត្រូវចាប់ផ្តើមវាយតម្លៃឡើងវិញ អ្នកនឹងដឹងថាអ្នកបាន ធ្វើដំណើរបានចម្ងាយណាហើយ។ ធ្វើរបៀបនេះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍រីករាយ។
២. កំណត់ក្តីសុបិន និងគោលដៅជីវិតអ្នក (Define Your Dreams and Goals)
ក្នុងភាពជាមនុស្ស ធម្មជាតិបានផ្តល់ភាពអស្ចារ្យមួយឲ្យ គឺការចេះគិត មានសេចក្តីប្រាថ្នានិងក្តីសុបិនសម្រាប់ជីវិតមួយឲ្យប្រសើរឡើង ព្រមទាំងសមត្ថភាពបំពេញការងារដើម្បីសម្រេចក្តីសុបិននោះ។ យើងអាចសុបិនចង់បានជីវិតមួយដែលប្រសើរផ្នែកហិរញ្ញវត្ថុ ផ្នែករាងកាយ ផ្នែកអារម្មណ៍ និងផ្នែកស្មារតី។ យើងក៏ត្រូវបានបំពាក់ដោយសមត្ថភាពក្នុងការគិតដើម្បីដេញតាមក្តីសុបិន ហើយបន្ថែមពីនោះ ក៏មានសមត្ថភាពអាចរៀបចំផែនការនិងយុទ្ធសាស្រ្ត ដើម្បីធ្វើដំណើរឆ្ពោះទៅរកក្តីសុបិនផងដែរ។ ទំាងនេះជារឿងដ៏ល្អប្រពៃណាស់ ដែលកើតមកជាមនុស្ស។
អ្វីទៅជាក្តីសុបិននិងគោលដៅជីវិត? វាមិនមែនជាអ្វីដែលអ្នកមានហើយ ឬអ្នកបានធ្វើហើយទេ តែជាអ្វីមួយដែលអ្នកចង់បាន។ តើអ្នកមានដែលបានអង្គុយគិតពិចារណាឲ្យបានស៊ីជម្រៅថា អ្វីជាគុណតម្លៃនៃជីវិតអ្នក ហើយអ្នកចង់ក្លាយជាអ្វីដែរឬទេ? តើអ្នកមានដែលចំណាយពេលវេលាឆ្លុះបញ្ចាំងដោយស្មោះត្រង់ ស្តាប់សំឡេងបេះដូងអ្នក ថាអ្វីទៅជាក្តីសុបិនធំសម្រាប់ជីវិតអ្នកឬទេ? ក្តីសុបិនរបស់អ្នកគឺនៅទីនោះ យើងគ្រប់គ្នាសុទ្ធតែមានក្តីសុបិននៅក្នុងខ្លួន អ្នកអាចរកឃើញក្តីសុបិន ដោយងាយស្រួល ឬវាអាចលាក់ទុកក្នុងទីដ៏សែនជ្រៅក្នុងខ្លួនអ្នក។
ចូរចំណាយពេលវេលានៅកន្លែងស្ងប់ស្ងាត់។ នេះជាអ្វីដែលយើងមិនបានធ្វើគ្រប់គ្រាន់ នៅពេលដែលយើងកំពុងរស់នៅក្នុងពិភពលោកមួយដែលមមាញឹកខ្លាំង។ យើងប្រញាប់ ប្រញាប់ និងប្រញាប់ និងតែងស្តាប់ឮជាប្រចាំនូវសំឡេងទាំងឡាយនៅខាងក្រៅខ្លួនយើង។ បេះដូងមនុស្សត្រូវការភាពស្ងប់ស្ងាត់ ដើម្បីស្តាប់សំឡេងចេញពីខាងក្នុង។ មានតែធ្វើបែបនេះទេទើបបេះដូងយើងបើកទ្វាចំហ ដើម្បីឲ្យយើងអាចឮសំឡេងនៅខាងក្នុងខ្លួនយើង។ ចូររៀបចំពេលវេលារកកន្លែងស្ងប់ស្ងាត់ក្នុងសប្តាហ៍នេះ ដោយពុំមានមនុស្សម្នាទំាងឡាយ គ្មានទូរស័ព្ទ គ្មានកុំព្យូទ័រ នៅក្បែរខ្លួន។ មានតែប៉ិក ក្រដាស និងការគិតរបស់អ្នក។
គិតអំពីអ្វីមួយដែលធ្វើឲ្យអ្នករំភើប។ នៅពេលអ្នកនៅទីស្ងាត់ ចូរគិតអំពីរឿងដែលជំរុញចិត្តអ្នក។ គិតអំពីអ្វីដែលអ្នកចូលចិត្តធ្វើបំផុត ដើម្បីក្តីសប្បាយ ឬដើម្បីចិញ្ចឹមជីវិត។ អ្វីដែលអ្នកចង់សម្រេចខ្លាំងជាងគេក្នុងជីវិតនេះ? តើអ្នកហ៊ានសាកល្បងឬទេ បើអ្នកដឹងថាវាជោគជ័យ? តើការគិតរឿងណាមួយដែលធ្វើឲ្យបេះដូងអ្នករំភើបនិងរីករាយ? នៅពេលអ្នកឆ្លើយសំណួរទាំងនេះ អ្នកនឹងមានអារម្មណ៍អស្ចារ្យ នៅពេលនោះអ្នកកំពុងស្ថិតនៅក្នុងតំបន់នៃក្តីសុបិនហើយ។ ទាល់តែយើងទៅដល់ចំណុចនោះ ទើបយើងមានបទពិសោធន៍ពិតនៃក្តីសុបិនក្នុងជីវិតយើង។
ចូរសរសេរក្តីសុបិនទាំងឡាយដែលអ្នកមាន។ ចូរកុំគិតថា វាចម្លែកជ្រុល ឬភ្លីភ្លើខ្លាំង នេះគ្រាន់តែជាក្តីសុបិនរបស់អ្នក។ ទុកឲ្យក្តីសុបិនវាហោះហើរតាមចិត្តចុះ រួចហើយកត់ត្រាវាទុក។
ឥឡូវនេះ ចូរដាក់អាទិភាពដល់ក្តីសុបិនទាំងនោះ។ មួយណាវាសំខាន់ខ្លាំង? មួយណាវាទំនង? មួយណាដែលអ្នកចូលចិត្តជាងគេបំផុត។ ចូររៀបវាតាមលំដាប់ ដែលអ្នកចង់សម្រេចវា។ ចូរចងចាំជានិច្ចថា យើងត្រូវតែធ្វើសកម្មភាព មិនមែនគ្រាន់តែសុបិនទេ។
៣. គោលដៅត្រូវតែអាចវាស់បាន (Make Your Goals S.M.A.R.T)
ពាក្យកាត់ជាភាសាអង់គ្លេសថា S.M.A.R.T. មានន័យថា៖
- Specific ៖ ច្បាស់លាស់
- Measurable ៖ អាចវាស់វែងបាន
- Attainable ៖ អាចសម្រេចបាន
- Realistic ៖ មានភាពប្រាកដនិយម
- Time ៖ មានកាលកំណត់
ច្បាស់លាស់ ៖ គោលដៅល្អត្រូវឲ្យច្បាស់លាស់ មិនត្រូវស្រពិកស្រពិលទេ។ គោលដៅមិនច្បាស់លាស់នឹងបង្កើតលទ្ធផលមិនជាក់លាក់។ គោលដៅមិនពេញលេញនឹងបង្កើតលទ្ធផលមិនពេញលេញ។
អាចវាស់វែងបាន ៖ ចូរកំណត់គោលដៅទាំងឡាយណាដែលអាចវាស់បាន។ ខ្ញុំចង់និយាយថា “វាស់បានដោយច្បាស់លាស់” ដើម្បីផ្គុំជាមួយគោលការណ៍ច្បាស់លាស់។
អាចសម្រេចបាន ៖ រឿងមួយក្នុងចំណោមរឿងឥតប្រយោជន៍ជាច្រើន ដែលមនុស្សចូលចិត្តធ្វើ គឺការកំណត់គោលដៅដែលនៅហួសពីការពិតជាក់ស្តែង ដែលមិនអាចសម្រេចបានសោះឡើយ។
មានភាពប្រាកដនិយម ៖ ពាក្យប្រាកដនិយមវាចេញមកពីពាក្យ “ប្រាកដ”។ គោលដៅវាត្រូវតែជាអ្វីមួយដែលប្រាកដជាអាចធ្វើបាន នៅក្នុងជីវិតរបស់យើង។ វាមានគោលដៅជាច្រើនដែលគ្មានភាពប្រាកដនិយម ដែលនៅហួសពីការពិតជាក់ស្តែង។ ភាពប្រាកដនិយមអាចឲ្យអ្នកស្មានបានថា បើអ្នកធ្វើសកម្មភាព ក, ខ, គ អ្នកនឹងបានលទ្ធផល ឃ, ង រួចហើយអ្នកនឹងទៅដល់គោលដៅមួយ។ វាមិនមានន័យថា កុំកំណត់គោលដៅឲ្យធំពេកទេ។ គោលដៅជីវិតកាន់តែធំ កាន់តែប្រសើរ តែត្រូវឲ្យមានភាពប្រាកដថាអាចសម្រេចបានជាមួយស្ថានការណ៍ជាក់ស្តែង។
មានកាលកំណត់ ៖ រាល់គោលដៅទាំងឡាយត្រូវមានពេលវេលាកំណត់ច្បាស់លាស់។ ទិដ្ឋភាពសំខាន់មួយនៃគោលដៅអស្ចារ្យទំាងឡាយគឺការមានកាលកំណត់ចុងបញ្ចប់មួយថា អ្នកអាចធ្វើដំណើរទៅដល់នៅពេលមួយនោះ។ នៅពេលអ្នកធ្វើការ អ្នកប្រឹងដើរសំដៅទៅដោយយល់ដឹងអំពីពេលវេលា អ្នកប្រឹងធ្វើការដោយរួសរាន់ ព្រោះអ្នកមិនចង់ឲ្យដំណើររបស់អ្នកហួសពេលកំណត់។ អ្នកអាចបែងចែកគោលដៅធំៗ ជាចំណែកតូចៗ ឬជាកង់ៗ សម្រាប់ងាយស្រួលវាស់និងកំណត់ពេលវាលា។ ចូរកំណត់គោលដៅតូចៗទាំងនោះជាមួយពេលវេលាច្បាស់លាស់។ គោលដៅមួយដ៏ល្អគឺការមានកាលកំណត់ច្បាស់លាស់។
៤. មានគណនីភាព (Have Accountability)
នៅពេលនរណាម្នាក់ដឹងអំពីគោលដៅរបស់អ្នក គេនឹងជួយអ្នកឲ្យមានគណនីភាពដោយលើកសំណួរថា អ្នកមានការទទួលខុសត្រូវអ្វីខ្លះក្នុងការធ្វើដំណើរសម្រេចគោលដៅ។ គណនីភាពជាកម្លាំងរុញអ្នកក្នុងដំណើរការឆ្ពោះទៅគោលដៅ។ ប្រសិនបើគោលដៅត្រូវបានកំណត់ ហើយមានតែអ្នកតែម្នាក់គត់ដឹង វានឹងពុំមានថាមពលខ្លាំងទេ។ គោលដៅនឹងមានកម្លាំងរុញកាន់តែខ្លាំងបើមានមនុស្សជាច្រើនជំរុញអ្នកឲ្យមានការទទួលខុសត្រូវខ្ពស់។
ប្រភព៖ Jim Rohn, Success, “4 Tips for Setting Powerful Goals”
អត្ថបទទាក់ទង
One thought on “គន្លឹះសំខាន់ៗ ចំនួន៤ ដើម្បីកំណត់គោលដៅជីវិត”