អ្នកគឺជាអ្វីដែលអ្នកបានគិត
មនុស្សបង្កើតទម្លាប់ បន្ទាប់មក ទម្លាប់បង្កើតមនុស្ស។
មនុស្សតែងតែគិតថាគេអាចលាក់ការគិតរបស់ខ្លួន តែតាមការពិតទៅវាមិនអាចបិទបាំងបាននោះទេ។ ការគិតរបស់យើងនឹង ប្រែជាទម្លាប់ ហើយទម្លាប់យើងនឹងប្រែទៅជាស្ថានភាពជីវិត ដែលនាំឲ្យអ្នកដ៏ទៃអាចមើលដឹងពីគំនិតរបស់យើង។ នៅក្នុងសៀវភៅ As the Man Thinketh ដែលនិពន្ធដោយលោក James Allen (1864-1912) បានបកស្រាយពីឥទ្ធិពលនៃការគិតរបស់មនុស្សយើងដូចជា៖
១. ការគិតដូចសត្វតិរច្ឆាននាំឲ្យមនុស្សមានទម្លាប់ចូលចិត្តផឹកស៊ីស្រវឹងនិងមានតណ្ហាខាងកាមគុណខ្លាំងដែលនាំមកនូវជីវិតដែលគ្មានភាពជាក់លាក់ និងពោរពេញទៅដោយជំងឺ។
២. គំនិតមិនបរិសុទ្ធ(គិតអ្វីឡូកឡំចូលគ្នា) នាំឲ្យមនុស្សមានទម្លាប់ធ្វើអ្វីច្របូកច្របល់មិនដាច់ស្រេច ជាហេតុនាំ ឲ្យជីវិតយើង មិនអាចលូតលាស់រុងរឿងថ្កុងថ្កើងទៅមុខបានទេ។
៣. ការគិតដែលប្រកបដោយការសង្ស័យភាពភ័យខ្លាចនាំឲ្យមនុស្សមានទម្លាប់ឬអាចនិយាយថាចរិតបែបទន់ជ្រាយ សង្ស័យលើគ្រប់កាលៈទាសៈ ដែលនាំឲ្យជីវិតដាំក្បាលចុះ ក្រក្រី និងគ្មានឯករាជ្យភាពីអ្នកដ៏ទៃ។
៤. មនុស្សដែលមានគំនិតខ្ចិលច្រអូសតែងមានទម្លាប់ធ្វើអ្វីមិនស្មោះត្រង់ចូលចិត្តកេងប្រវ័ញ្ចនិងគេចពីការងារ ដែលនាំជីវិត គាត់រស់នៅដោយភាពរើសអើង និងភាពក្រីក្រ។
៥. ការគិតដែលពោរពេញទៅដោយការស្អប់ខ្ពើមនិងមិនចុះសម្រុងជាមួយអ្វីៗគ្រប់យ៉ាងនាំឲ្យមនុស្សមានទម្លាប់ប្រើហិង្សា និង ចូលចិត្តប្រព្រឹត្តបទល្មើសដែលធ្វើឲ្យជីវិតគាត់ពោរពេញទៅដោយការដេកពេទ្យនិងការឡើងតុលាការ។
៦. ការគិតបែបអាត្មានិយមគ្រប់បែបនាំឲ្យមានទម្លាប់ធ្វើអ្វីគិតតែពីខ្លួនឯងដែលតិចឬច្រើនធ្វើឲ្យជីវិតរបស់គាត់មានការឈឺចាប់ និងគ្មានអ្នករាប់អានស្រឡាញ់ចូលចិត្ត។ ការគិតរបស់យើងមានឥទ្ធិពលយ៉ាងខ្លាំងចំពោះជីវិតយើង ដូច្នោះអ្នកត្រូវជៀសវាងកុំគិតអវិជ្ជមានជាដាច់ខាត។
ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថា អ្នកនឹងក្លាយជាអ្វីដែលអ្នកបានគិត។