រឿងខ្លី៖ បណ្ឌិត និងអ្នកចែវទូក
ថ្ងៃមួយមានលោកបណ្ឌិតម្នាក់បានទៅកំពង់ទូកចម្លងដើម្បីឆ្លងទៅឯត្រើយម្ខាងទៀត។ ពេលទៅដល់ឃើញទូកមួយកំពុងសំចតក៏ស្រែកហៅម្ចាស់ទូក។
បណ្ឌិត៖ អេ! លោកអ្នកម្ចាស់ទូកនៅទេ ខ្ញុំត្រូវការជួល!
ម្ចាស់ទូក៖ បាទបង! ខ្ញុំនៅនេះ! បងចង់ទៅណាដែរ?
បណ្ឌិត៖ នែលោក! កុំហៅខ្ញុំថាបង! ខ្ញុំនេះទើបបញ្ចប់បណ្ឌិតពីក្រៅស្រុក! ត្រឹមលោកជាអ្នកចែវទូក ហេតុអ្វីមិនចេះគួរសម? ត្រូវហៅខ្ញុំថាលោកបណ្ឌិត!
ម្ចាស់ទូក៖ បាទ សូមគោរពលោកបណ្ឌិត! ពិតជាកិត្តិយសខ្ញុំណាស់ដែលបានជួបលោក! តើលោកបណ្ឌិតចង់ទៅណាដែរ?
បណ្ឌិត៖ ជួយចម្លងខ្ញុំទៅត្រើយម្ខាងបន្តិច ចង់បានប៉ុន្មានដែរ?
ម្ចាស់ទូក៖ មិនអីទេ ចាំទៅដល់ស្រេចតែលោកបណ្ឌិតឱ្យប៉ុន្មានក៏បាន ខ្ញុំមិនហ៊ានកាត់ថ្លៃទេ!
បណ្ឌិតនោះងក់ក្បាល ឡើងទូក ហើយម្ចាស់ទូកក៏ចែវជូនបណ្ឌិតចេញទៅ។ បានដល់ពាក់កណ្ដាលទន្លេបណ្ឌិតអផ្សុកពេក ក៏ជជែកលេងនឹងម្ចាស់ទូក៖
បណ្ឌិត៖ មើលបងម្ចាស់ទូក! បងឯងហេតុអីបានធ្លាក់ខ្លួនមកធ្វើការបែបនេះ? បងមិនដែលចូលសាលារៀនទេមែនទេ? ខ្ញុំសួរបន្តិចមើលបងធ្លាប់រៀនគណិតវិទ្យាទេ?
ម្ចាស់ទូក៖ បាទដោយសារខ្ញុំមិនបានចូលសាលាទើបមិនចេះអ្វី បានត្រឹមតែចែវទូក។ ខ្ញុំមិនចេះសូម្បីគុណចែកលេខផងលោកបណ្ឌិត!
បណ្ឌិត៖ ពុទ្ធោប៉ុណ្ណឹងក៏មិនចេះដែរ! ចុះលោកធ្លាប់រៀនគីមីវិទ្យា ឬរូបវិទ្យាទេ?
ម្ចាស់ទូក៖ អាណឹងសូម្បីឮក៏មិនធ្លាប់ឮផងលោក កុំថាឡើយរៀន!
បណ្ឌិត៖ ខ្ញុំទើបតែដឹងថានៅស្រុកយើងមនុស្សនៅល្ងង់ច្រើនណាស់! ចុះលោកដែលរៀនអក្សរសាស្រ្ដអត់?
ម្ចាស់ទូក៖ លោកបណ្ឌិតអើយ ខ្ញុំមិនដែលរៀនអក្សរសាស្ដ្រអីទេ! ពេលនេះអានក៏មិនដាច់ សរសេរក៏មិនចេញដែរ!
បណ្ឌិត៖ ខ្ញុំពិតជាអាណិតលោកណាស់ មើលទៅជីវិតលោកហាក់ដូចជាបាត់បង់ស្ទើរ ៨០% ហើយ ព្រោះមានតែសម្បកខ្លួនប្រហោងក្នុងគ្មានចំណេះអ្វីសោះ។
ម្ចាស់ទូក៖ លោកបណ្ឌិតនិយាយត្រូវ។ ខ្ញុំសូមសួរលោកវិញ តែមួយសំណួរទេ។
បណ្ឌិត៖ ចង់សួរ ១០០ សំណួរក៏បាន! អ្វីក៏ខ្ញុំចេះដែរ!
ម្ចាស់ទូក៖ តើលោកចេះហែលទឹកទេ?
បណ្ឌិត៖ សួរនេះពិតជាគ្មានបានការមែន! ខ្ញុំជាបណ្ឌិតអ្នករៀនអ្នកសូត្រ ចេះក្បួនតម្រាគ្រប់បែប ទៅមានពេលឯណាខ្ជះខ្ជាយទៅហែលទឹកដូចអ្នកនៅទន្លេនោះ? លោកខ្វះសំណួរសួរឬ? ល្ងង់ហើយសួរបែបល្ងង់ទៀត!
ម្ចាស់ទូក៖ បាទសូមទោសលោកបណ្ឌិត! តែបើតាមមើលទៅលោកបណ្ឌិតអាចនឹងបាត់បង់ជីវិត ១០០% ហើយអ៊ីចឹងព្រោះទូកនេះកំពុងតែជ្រាបទឹកពីក្រោមបាត យ៉ាងយូរមួយនាទីទៀតប្រាកដជាលិច។ សង្ឃឹមថាលោកអាចប្រើប្រាស់ចំណេះឥតព្រំដែនលោកជួយសង្គ្រោះខ្លួន ហើយកុំពឹងខ្ញុំឱ្យសោះ ព្រោះមនុស្សល្ងង់ខ្លៅដូចខ្ញុំមិនសមនឹងជួយមនុស្សឆ្លាតដូចលោកឡើយ!!!
ក្រោយមកវាសនាបណ្ឌិតនោះទៅជាយ៉ាងណា អ្នកអាចនឹងទាយដឹងហើយ!
តាមរយ:សាច់រឿងនេះ អ្នកអាចកាត់យល់ដោយខ្លួនឯងបានថា មនុស្សមិនត្រូវមើលងាយមនុស្សឡើយដោយសារមនុស្សម្នាក់ៗ មានគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន។ បើទោះបីជាបណ្ឌិតចេះកប់មេឃក៏ពេលខ្លះត្រូវពឹងអ្នកចែវទូកដែលមិនចេះអ្វីដែលដូចករណីខាងលើ។
ហេតុនេះត្រូវចេះបន្ទាបបន្ទន់ខ្លួនកុំក្អេងក្អាងពេក ព្រោះថ្ងៃណាមួយយើងប្រាកដជាត្រូវការអ្នកដទៃជួយលើរឿងអ្វីមួយ ហើយគ្មាននរណាគេពេញចិត្តនឹងជួយមនុស្សក្អេងក្អាងឡើយ! វាពិតជាអស្ចារ្យក្នុងការក្លាយជាបណ្ឌិត តែសូមធ្វើជាបណ្ឌិតដែលគេចង់ប្រាស្រ័យរក ចង់ពឹងពាក់ នឹងយកអាសារ ជាទីគោរពស្រឡាញ់ និងអាណិតពីអ្នកផងទាំងពួង!