រឿងខ្លី៖ “កង្កែបមួយក្រុម” បង្កប់អត្ថន័យអំពីឥទ្ឋិពលនៃពាក្យសម្តីរបស់អ្នកនៅជុំវិញខ្លួនយើង
មានក្រុមកង្កែបមួយហ្វូង កំពុងធ្វើដំណើរឆ្លងកាត់ព្រៃមួយ មានកង្កែបពីរក្បាលបានធ្លាក់ចូលទៅក្នុងរណ្តៅដ៏ជ្រៅមួយ។ នៅពេលនោះកង្កែបផ្សេងទៀតផ្តុំគ្នាកកកុញនៅជុំវិញរណ្តៅ ហើយមើលឃើញថាវាជ្រៅណាស់ហើយគិតថាកង្កែបទាំងពីរនោះគ្មានសង្ឃឹមទេសម្រាប់ពួកគេដើម្បីឡើងមកវិញ។ ពួកគេបានប្រាប់កង្កែបទាំងពីរថាអស់សង្ឃឹមហើយ។ ទោះជាយ៉ាងណាក៏ដោយកង្កែបទាំងពីរ មិនបានអើពើនឹងអ្វីដែលអ្នកផ្សេងទៀតកំពុងនិយាយនោះឡើយ ហើយពួកគេបានបន្តព្យាយាមលោតចេញពីរណ្តៅ។
ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក្រុមកង្កែបដែលស្ថិតនៅខាងលើរណ្តៅនៅតែនិយាយថាពួកឯងគួរតែបោះបង់ចោលទៅ ព្រោះវាគ្មានសង្ឃឹមថាពួកឯងនឹងលោតចេញពីរណ្តៅបានឡើយ ពួកឯងធ្វើមិនបានទេ។
នៅទីបំផុត សត្វកង្កែបមួយក្បាលបានយកចិត្ដទុកដាក់នឹងអ្វីដែលអ្នកផ្សេងទៀតកំពុងនិយាយ ហើយគាត់បានបោះបង់ចោលដោយផ្តេកផ្ដួល និងរងចាំការស្លាប់របស់វា។ កង្កែបមួយទៀតបន្តលោតយ៉ាងខ្លាំងតាមដែលអាចធ្វើទៅបាន។ ជាថ្មីម្តងទៀតហ្វូងកង្កែបបានស្រែកដាក់វា ឱ្យបញ្ឈប់ការឈឺចាប់នេះទៅហើយគ្រាន់តែរងចាំការតែស្លាប់។
កង្កែបមួយក្បាលនោះលោតកាន់តែខ្លាំងពេញទំហឹងដោយអស់ពីសម្មត្ថភាព ហើយទីបំផុតវាក៏បានចេញរួចពីរណ្តៅ។ នៅពេលដែលវាចេញមកក្រៅរួចពីរណ្តៅ កង្កែបផ្សេងទៀតបាននិយាយថា ”តើឯងមានស្តាប់លឺនូវអ្វីដែលពួកយើងស្រែកប្រាប់ដែរឬទេ?”
កង្កែបនោះបានពន្យល់ពួកគេថា វាជាមនុស្សថ្លង់។ វាគិតថាពួកគេកំពុងតែលើកទឹកចិត្តដល់វាគ្រប់ពេល ឲ្យខំប្រឹងលោតឡើង។
សីលធម៌អប់រំរបស់អ្នកនិពន្ឋនៃរឿងនេះគឺ៖
- ពាក្យសំដីរបស់មនុស្សអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតអ្នកដទៃ។ គិតអំពីអ្វីដែលអ្នកនិយាយមុនពេលវាចេញពីមាត់អ្នក។ វាមានភាពខុសគ្នាយ៉ាងខ្លាំងរវាងភាពមានជីវិតរស់និងសេចក្តីស្លាប់។
- ពាក្យលើកទឹកចិត្ត និងការគិតវិជ្ជមានទើបជាកម្លាំងពិតប្រាកដ។
- មិនត្រូវបោះបង់ងាយជាដាច់ខាត រហូតដល់ដង្ហើមចុងក្រោយ។
- ពេលខ្លះត្រូវចេះធ្វើជាមនុស្សថ្លង់ និងលើកទឹកចិត្តដល់ខ្លួនឯងឲ្យបានច្រើន ដើម្បីដើរទៅមុខដល់គោលដៅរបស់ខ្លួន។