សេដ្ឋកិច្ច និង សេដ្ឋសាស្ត្រ
យោងតាមវចនានុក្រមខ្មែររៀបរៀងដោយ សម្តេចសង្ឃរាជ ជួន ណាត (១៩៦២) ដែលខាងវិទ្យាស្ថានភាសាជាតិបានអំពាវនាវឲ្យប្រើប្រាស់ជាគោលនោះ បានពន្យល់ពាក្យសេដ្ឋកិច្ចថាបានមកពីបន្សំរវាងពាក្យ សេដ្ឋ + កិច្ចការ ក្នុងនោះពាក្យ “សេដ្ឋ” មានន័យថា ប្រសើរ ឧត្តុង្គឧត្តម។ រួមសេចក្តីមក សេដ្ឋកិច្ចមានន័យថាជាកិច្ចការដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ឬក៏ជាកិច្ចការទាំងឡាយដែលធ្វើឲ្យប្រទេសជាតិរីកចម្រើន។ សំណេរក្រោយមកមានការប្រើប្រាស់ពាក្យនេះក្នុងន័យប្រាសចាកពីន័យដើមរបស់វា ពោលគឺនៅពេលដែលពាក្យនេះត្រូវបានយកទៅប្រើឲ្យសមន័យទៅនឹងពាក្យបារាំង ឬអង់គ្លេសថា អេកូនូមី (Economy)។ លោក រ. គោវិទ (១៩៦៧) បានពន្យល់ពាក្យសេដ្ឋកិច្ច នេះថា ជាការសន្សំទុកឲ្យចម្រើនឡើង ឬជាកិច្ចការរាជការដែលទាក់ទងនឹងពាណិជ្ជកម្ម និងឧស្សាហកម្មទូទៅ។ ចំណែកលោក ហ៊ាន សាហ៊ីប និងហ៊ីង ថូរ៉ាក់ស៊ី (២០០៤) បាន បញ្ជាក់ពីការប្រើប្រាស់ពាក្យនេះសំដៅទៅលើអត្ថន័យបីជាសំខាន់៖
១. សេដ្ឋកិច្ច គឺជាសំណុំនៃទំនាក់ទំនងផលិតកម្មសង្គម និងជាខឿនទៃទំនាក់ទំនងនេះ
២. សេដ្ឋកិច្ច ក្នុងន័យជាវិស័យ ផ្នែក ឬទំហំសេដ្ឋកិច្ចដូចជា៖ សេដ្ឋកិច្ចឧស្សាហកម្ម សេដ្ឋកិច្ចកសិកម្ម
៣. សេដ្ឋកិច្ចក្នុងន័យកម្មវត្ថុសិក្សា (សេដ្ឋសាស្ត្រ)។
ចំណែកឯពាក្យថា សេដ្ឋសាស្ត្រ វិញគ្រាន់តែសំដៅទៅលើសាស្ត្រា ឬវិជ្ជាដែលពន្យល់អំពីរបៀបរបប ឬបែបផែននៃសេដ្ឋកិច្ច។ តែយ៉ាងណា ន័យរបស់ពាក្យសេដ្ឋកិច្ច និងសេដ្ឋសាស្ត្រនៅក្នុងពេលបច្ចុប្បន្ននេះ គឺជាន័យដែលផ្តល់ឲ្យដោយលោក រ. គោវិទ ជាចម្បង។
បើវិភាគពាក្យតាមនិរុត្តិសាស្ត្រ(Etymology) ពាក្យថាសេដ្ឋកិច្ច គឺបានមកពីពាក្យក្រិច (ភាសាក្រិច) οίκω [oeko=ផ្ទះ] និង νέμω [nemo=ការបែងចែក] ពោលគឺសំដៅទៅ លើការចាត់ចែងទាំងឡាយនៅក្នុងផ្ទះដោយមេគ្រួសារ។ ន័យដើមរបស់ពាក្យនេះដូចជាមានលក្ខណៈចំឡែកបន្តិចបើប្រៀបធៀបទៅនឹងវិសាលភាពនៃអត្ថន័យ របស់ពាក្យដែលកំពុងត្រូវបានប្រើប្រាស់នាពេលបច្ចុប្បន្ន ពោលគឺយើងច្រើននិយាយសំដៅទៅដល់ន័យថាជាកិច្ចការសង្គមជាធំ។ ប៉ុន្តែបើគិតឲ្យល្អិតបន្តិចនោះ គ្រួសារ និងសង្គមមានលក្ខណៈរួមគ្នាច្រើននៅក្នុងការចាត់ចែងកិច្ចការ និងធនធាន។ គ្រួសារប្រឈមមុខនឹងការសម្រេចចិត្តជាច្រើនដូចជាថាតើសមាជិកក្នុងគ្រួសារនីមួយៗត្រូវធ្វើអ្វីខ្លះ? អ្នកណាជាអ្នកបោកគក់? អ្នកណាជាអ្នកដាំស្ល? តើចំណូលដែលរកបានត្រូវសន្សំប៉ុន្មាន និងចាយវាយប៉ុន្មាន? តើត្រូវចាយវាយលើអ្វីខ្លះ រាប់ចាប់តាំងពីការចំណាយប្រចាំថ្ងៃ ការចំណាយលើការសិក្សារបស់កូនៗ ការដាក់ទុនរកស៊ី ។ល។ និយាយអោយខ្លី គ្រួសារនីមួយៗត្រូវបែងចែកធនធានរបស់ខ្លួនក្នុងចំណោមសមាជិកដោយផ្អែកលើសមត្ថភាព ការខិតខំប្រឹងប្រែង ចំណង់ចិត្តរបស់ពួកគេម្នាក់ៗ និងត្រូវធ្វើយ៉ាងណាដើម្បីរក្សាលំនឹងស្ថានភាពគ្រួសារផងដែរ។ យើងតែងតែប្រើប្រាស់ពាក្យថា “សេដ្ឋកិច្ចគ្រួសារ” សម្រាប់សំដៅទៅដល់កិច្ចការដែលបានរៀបរាប់មកខាងលើនេះ។ សង្គមក៏ដូចជាគ្រួសារមួយដែរ គឺតែងជួបប្រទះការសម្រេចចិត្តជាច្រើនដូចជាតើត្រូវផលិតអ្វី? ផលិតដោយរបៀបណា? ផលិតសម្រាប់អ្នកណា? និងដើម្បីអ្វី?
ជាទូទៅពាក្យសេដ្ឋសាស្ត្រសំដៅទៅលើកិច្ចការសង្គមជាជាងកិច្ចការគ្រួសារ ពីព្រោះថាទ្រឹស្តីដែលនឹងលើកយកមកអធិប្បាយនៅទីនេះមានឫសគល់ជាការដោះស្រាយបញ្ហាសង្គមជាចម្បង។ ទោះជាយ៉ាងណាក៏ដោយ គោលគំនិតសេដ្ឋសាស្ត្រអាចយកទៅប្រើប្រាស់បានយ៉ាងទូលំទូលាយលើគ្រប់បញ្ហាដែលចោទមានឡើង សូម្បីតែបញ្ហាផ្ទាល់ខ្លូន។ ហើយក៏មានសេដ្ឋវិទូខ្លះបានសិក្សាលើប្រធានបទសង្គមដូចជាអាពាហ៍ពិពាហ៍ ទោសប្រហារជីវិត រហូតដល់ស្ថាប័ននយោបាយ។ យើងនឹងពិនិត្យទៅលើការឲ្យនិយមន័យ ដល់ពាក្យសេដ្ឋសាស្ត្រដោយបណ្តាសេដ្ឋវិទូនៅគ្រប់មជ្ឈដ្ឋាន និងពីអ្វីៗដែលពួកគេនិយាយអំពីសេដ្ឋសាស្ត្រ។ តែសូមបញ្ជាក់ថាសេដ្ឋវិទូមិនដែលពេញចិត្តនឹងនិយមន័យណាមួយដែលខ្លួនបានផ្តល់ឲ្យនោះទេ ពួកគេមានអារម្មណ៍ថាវាមានន័យច្រើនជាងនេះទៅទៀត។
លោក Jean-Baptiste Say បានសរសេរថា៖ “កម្មវត្ថុសិក្សាស្តីពីសេដ្ឋសាស្ត្រ គឺធ្វើឲ្យដឹងថា តើធនធានធម្មជាតិនានាកកើតឡើងដូចម្តេច? និងប្រើប្រាស់ដូចម្តេច? ដើម្បីបំពេញសេចក្តីត្រូវការរបស់សង្គមជាតិ។” ផ្អែកលើនិយមន័យនេះ យើងអាចយល់បានថា សេដ្ឋវិទូព្យាយាមយល់ឲ្យកាន់តែច្បាស់នូវដំណើរការបម្លែងធនធានដែលមាន រហូតទៅដល់ការប្រើប្រាស់ចុងក្រោយ ហើយបំណងសំខាន់បំផុតនោះ គឺបំពេញតម្រូវការនៃបណ្ដុំមនុស្ស ។ ទោះបីយ៉ាងណានិយមន័យនេះនៅតូចចង្អៀតណាស់សម្រាប់វិសាលភាពសេដ្ឋកិច្ចក្នុងពេលបច្ចុប្បន្ន ។
លោក Lionel Robbins បានផ្តល់និយមន័យថា “សេដ្ឋសាស្ត្រជាវិទ្យាសាស្ត្រសិក្សាពីឥរិយាបថ របស់មនុស្សឈរលើទំនាក់ទំនងរវាងសេចក្តីត្រូវការចុងក្រោយ និងធនធានកម្រ ដែលមានជម្រើសក្នុងការប្រើប្រាស់។” ជានិយមន័យដែលបន្ថែមន័យបន្តិចទៅលើនិយមន័យខាងលើ ដោយបញ្ជាក់ពីជម្រើសនៃសេចក្តីនេះ ដោយយោង ទៅលើការគ្របគ្រងនូវធនធាន ដោយផលិតជាវត្ថុប្រើប្រាស់ចុងក្រោយតាមវិធីប្រសើរបំផុតទៅតាមសេចក្តីត្រូវការរបស់សង្គម។ ក្នុងន័យនេះសេដ្ឋសាស្ត្រមិនចាប់អារម្មណ៍លើទំនិញពាក់កណ្ដាលសម្រេចទេ ដោយធ្វើយ៉ាងណាឲ្យតែបានទំនិញចុងក្រោយគ្រប់គ្រាន់នឹងបំពេញសេចក្តីត្រូវការ។
លោក Karl Mark បានឲ្យនិយមន័យថា “សេដ្ឋសាស្ត្រជាវិទ្យាសាស្ត្រសិក្សាអំពីក្រិត្យក្រម មុខងារ និងការអភិវឌ្ឍន៍ទំនាក់ទំនងរវាងមនុស្ស និងមនុស្សតាមរយៈផលិតកម្ម ការបែងចែក ការផ្លាស់ប្តូរ និងការប្រើប្រាស់ធនធាននានាក្នុងតំណាក់កាលនៃការអភិវឌ្ឍន៍សង្គម។” សេដ្ឋវិទូរូបនេះ បានផ្តល់និយមន័យដ៏ទូលាយមួយដែលរួមមានការសិក្សាពីសមាសភាគនៅក្នុងសេដ្ឋកិច្ច ទំនាក់ទំនងរវាងសមាសភាគទាំងនោះ ផលិតកម្ម ការបែងចែកផលិតផលសម្រេច និងការបែងចែកផលនៅក្នុងសង្គមផងដែរ។ សមាសភាគសេដ្ឋកិច្ចនៅទីនេះ បញ្ជាក់តាមរយៈទំនាក់ទំនងរវាងមនុស្ស និងមនុស្សដែលមានដូចជាផលិតករ អ្នកប្រើប្រាស់ និងរដ្ឋាភិបាលជាដើម។ តែសេដ្ឋសាស្ត្រមិនគ្រាន់តែចាប់អារម្មណ៍តែក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍សង្គមទេតែសម្រាប់ជីវិតសេដ្ឋកិច្ចពីដើមដល់ចប់ ។
លោក Paul Samuelson បានសរសេរថា “កម្មវត្ថុសិក្សាស្តីពីសេដ្ឋសាស្ត្រ គឺជាការប្រើប្រាស់ធនធាន ភោគទ្រព្យដែលមានកំណត់សម្រាប់ផលិតទំនិញ និងសេវា រួចបែងចែករបស់ទាំងនោះទៅឲ្យវណ្ណៈ និងក្រុមមនុស្សផ្សេងៗគ្នា។” និយមន័យនេះខ្លីនិង មានន័យគ្រប់គ្រាន់ដែលបញ្ជាក់ពីកម្មវត្ថុនៃសេដ្ឋសាស្ត្រ ហើយងាកចេញពីន័យ បែបសង្គមសាស្ត្រដែលសេដ្ឋវិទូទាំងបីខាងលើបានផ្តល់ដោយរក្សាខ្លឹមសារដែលជាកម្មវត្ថុនៃសេដ្ឋសាស្ត្រ។
សេដ្ឋវិទូ Alfred Marshall បានឲ្យនិយមន័យយ៉ាងសាមញ្ញថា “សេដ្ឋសាស្ត្រ គឺការសិក្សាអំពីជីវិតធម្មតានៃមនុស្សជាតិ។” នេះជានិយមន័យយ៉ាងទូលាយបំផុតដែលជាកម្មវត្ថុសិក្សានៃសេដ្ឋសាស្ត្រសម្រាប់ពេលបច្ចុប្បន្ន ពោលគឺសេដ្ឋសាស្ត្រអាចយកទៅប្រើប្រាស់បានយ៉ាងទូលំទូលាយ នៅក្នុងក្របខ័ណ្ឌជាគោលការណ៍មួយដែលនឹងយកមកបកស្រាយនៅចំណុចជាបន្តបន្ទាប់ខាងក្រោម។ សេដ្ឋវិទូភាគច្រើនកំណត់ឲ្យនិយមន័យសេដ្ឋសាស្ត្រថា “ជាការសិក្សាអំពីរបៀបដែលសង្គមនីមួយៗចាត់ចែងធនធានដ៏កម្ររបស់ខ្លួន” ឬ អាចសរុបមួយទៀតថា “សេដ្ឋសាស្ត្រជាវិទ្យាសាស្ត្រសិក្សាស្រាវជ្រាវរកវិធីដើម្បីដោះស្រាយបញ្ហា ការប្រើប្រាស់ឲ្យចំទីកន្លែង និងចំពេលវេលា និងឲ្យមានប្រសិទ្ធភាពនូវធនធានសេដ្ឋកិច្ច ឬកត្តាផលិតកម្មដែលយើងមានដោយកម្រ និងគ្រប់គ្រងកត្តាទាំងនេះក្នុងទិសដៅបំពេញឲ្យបាននូវតម្រូវការរបស់សង្គមមនុស្ស” (សាហ៊ីប និង ថូរ៉ាក់ស៊ី ២០០៤)។ ពិនិត្យតាមនិយមន័យនេះ មានពាក្យបីសំខាន់ គឺរបៀប វិធីសាស្ត្រចាត់ចែងធនធានកម្រ និងសង្គម អាចប្រែបានថាជាក្បួនខ្នាត ដែលសំដៅទៅលើការរៀបចំធានធានដែលមានកំណត់ ដូចជាផ្ទៃដី ធនធានធម្មជាតិ ប្រជាជន ដោយធ្វើយ៉ាងណាឲ្យទទួលផលមកវិញជាអតិបរមា ហើយមិនមែនសម្រាប់មនុស្សម្នាក់ៗទេ តែសម្រាប់បណ្ដុំមនុស្សទាំងអស់ ឬក៏សង្គមមួយ។
មុខវិជ្ជានេះត្រូវបានបែងចែកជាពីរសាខាគឺ៖ មីក្រូសេដ្ឋកិច្ច ដែលសិក្សាពីបុគ្គលម្នាក់ៗមានដូចជាគេហជន និងអាជីវកម្ម និងម៉ាក្រូសេដ្ឋកិច្ចជាកាសិក្សាពីកិច្ចការរបស់ប្រទេសមួយទាំងមូលដែលជាទូទៅពិចារណាទៅលើការផ្គត់ផ្គង់សរុបនិងតម្រូវការសរុប មូលធន និងទំនិញ។ ចំណុចដែលទទួលការចាប់អារម្មណ៍នៅក្នុងសេដ្ឋកិច្ចមាន ការបែងចែកធនធានកម្រ ផលិតកម្ម ការចាត់ចែង ពាណិជ្ជកម្ម និងការប្រកួតប្រជែង។ មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច ត្រូវបានយកទៅប្រើប្រាស់កាន់តែច្រើនឡើង ដើម្បីដោះស្រាយបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងជម្រើសនៅក្រោមភាពកម្រ ឬការកំណត់តម្លៃសេដ្ឋកិច្ច។
សេដ្ឋកិច្ចទីផ្សារសេរី គឺជាទម្រង់សេដ្ឋកិច្ចមួយដែលមានប្រវិត្តិចេញពីបណ្តាប្រទេសលោកខាងលិច។