ធម៌ ៥ យ៉ាង មាតាបិតា​សង្គ្រោះ​បុត្រធីតា​

ធម៌ (សំ, បាលី: Dhamma) ជាសភាវៈ​ដែល​ទ្រទ្រង់​សត្វ​លោក គឺ បុណ្យ, បាប, សុចរិត, ទុច្ចរិត។ ពាក្យ​នេះ ខ្មែរ​យើង​ធ្លាប់​ប្រើ​ជា​ធម្មតា​មក គឺ​សំដៅ​យក​ពាក្យ​ឱវាទ​របស់​ព្រះ​ពុទ្ធ និង​អត្ថបទ​ទួទៅ​ដែល​ទាក់ទង​ដោយ​ពុទ្ធ​សាសនា : រៀន​ធម៌, សូត្រ​ធម៌, ចេះ​ធម៌, ចាំ​ធម៌, ស្ដាប់​ធម៌, ធម៌​អាថ៌ អត្ថបទ​របស់​ធម៌។

មាតា​បិតា​ គឺ​ជា​ទេវតា​ប្រចាំ​ផ្ទះ​របស់​កូន ជា​ទេវតា​ថែរក្សាកូន​ទាំង​យប់​ទាំង​ថ្ងៃ ។ ពេល​ព្រលប់ ពេល​យប់ ពេល​អធ្រាត្រ មាតាបិតា​កំពុង​អស់​កំម្លាំង​ក្តី កំពុង​ងងុយ​ក្តី កំពុង​សម្រាន្ត​លក់​ក្តី​កំពុង​ក្តៅ​ក្តី កំពុង​រងា​ក្តី ទោះ​ជា​កំពុង​ឈឺ​ខ្លួន​ឯង​ក្តី កាល​បើកូន​តូច​ស្រែក​យំ​ឡើង មាតាបិតា​រមែង​ស្ទុះ​ស្ទា បើកំពុង​លង់​លក់​ក៏​ភ្ញាក់​ក្រញាង មក​ឳប​កូន មក​បបោស​អង្អែល​កូន​យក​ចិត្ត​កូន…។

មាតាបិតា​សង្គ្រោះ​បុត្រធីតា​ដោយ​ធម៌ ៥ យ៉ាង គឺ៖

១. មាតាបិតា តែងតែហាម​ប្រាម​កូន​ឲ្យ​វៀរចាក​អំពើ​បាប​ទាំង​ឡាយ​ទាំង​ពួងដែល​សង្គម​ស្អប់ខ្ពើម ពោល​គឺវៀរចាក​ការ​សម្លាប់សត្វ បៀតបៀន​ព្យាបាទ​អ្នក​ដទៃ លួចឆក់ប្លន់​ កេងប្រវ័ញ្ចទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​ការប្រព្រឹត្តិ​ល្មើស​រំលោភ​ប្រពៃណីលើប្រពន្ធកូន​អ្នក​ដទៃ ការ​និយាយកុហក ឆបោក​អ្នកដទៃ ព្រមទាំង​វៀរចាក​ការ​សេពគ្រឿងស្រវឹង ឬគ្រឿងញៀន​ផ្សេងៗមាន អាភៀន យ៉ាម៉ា មួយអន្លើ​ដោយល្បែងពាលា អាវាសែគ្រប់ប្រភេទ ដែលនាំមកនូវ​សេចក្ដីវិនាសអន្តរាយ​ដល់​ខ្លួន និងសង្គម​ជាតិ។

២. មាតាបិតា តែង​តែ​ដឹងនាំ​កូនឲ្យ​ធ្វើអំពើ​បុណ្យ​កុសល អំពើ​សុចរិត​យុត្តិធម៌ ដូចជាការ​ធ្វើទាន រក្សាសីល ការចេះគោរព​ម្ដាយឪពុក ព្រះសង្ឃ ចាស់ទុំ ឧត្ដមព្រឹទ្ធាចារ្យ ត្រកូលរៀមច្បង​ជាដើម។

៣. កាល​បើកូនមានវ័យ​ល្មម​នឹង​សម​នឹង​សិក្សា ឪពុកម្ដាយ តែងតែ​ខ្នះខ្នែង​បញ្ជូន​កូន​ឲ្យ​ទៅរៀន​សូត្រ​តាម​សាលានានា និងជួយ​ជំរុញ​លើក​ទឹកចិត្ត​ឲ្យ​កូន​ស្រឡាញ់​ពេញ​ចិត្តចំពោះ​ការសិក្សា ទាំង​ផ្នែក​ពុទ្ធចក្រ និងអាណាចក្រ ជាពិសេសមុខវិជ្ជា​ដែល​សង្គម​ត្រូវ​ការ​នា​បច្ចុប្បន្ន​នេះ។ មិនតែប៉ុណ្ណោះ​ គាត់​ថែម​ទាំង​ពន្យល់​អំពីផលវិបាក​នៃភាពល្ងង់ខ្លៅ ដែលជាមាគ៌ា​មួយឈាន​ទៅរក​ឱនភាព ភាពថោកទាប មិនអាច​ថែរក្សា ឬលើកស្ទួយ​ជីវភាពគ្រួសារឲ្យរុងរឿង​ថ្កុំថ្កើង​បាន​ឡើយ។ មានតែចំណេះ​ចេះ​ដឹង​ប៉ុណ្ណោះ ដែល​ឲ្យ​ធ្វើ​យើង​មានកិត្តិយស​ថ្លៃថ្លា មានគេគោរព​រាប់អាន និងអាច​ជួយ​លើកស្ទួយ​វង្ស​ត្រកូល​ ជាតិ សាសនាឲ្យបានរុងរឿងសម្រើនជា​ភិយ្យោភាព។

៤. មាតាបិតា កាលបើ​ដឹង​ថា កូនរបស់​ខ្លួន​ចម្រើនវ័យ​ធំល្មម​មានគូស្រករ​ហើយ គាត់​តែង​តែ​រៀប​ចំ​ទុកដាក់​កូន​ចៅ​ឲ្យ​មាន​ភរិយា ស្វាមី ទៅតាម​សមត្ថភាព ធនធាន​ពូជពង្ស​វង្សត្រកូល និងតាមប្រពៃណី​របស់​ខ្លួន។

៥. មាតាបិតា តែងចែក​ចាយទ្រព្យ​សម្បត្តិ​កេរមត៌ករបស់​ខ្លួន​តាម​សម័យ​កាល គឺ​ចែក​ឲ្យ​កូនជានិច្ច និងជារឿយៗ​មិនដែល​ខាន។ កាល​សម័យ គឺមាតាបិតាចែកទ្រព្យ​ឲ្យកូន​តាមកាល នៅ​ពេល​ដែល​កូន​បែក​មានក្រុម​គ្រួសារ​ហើយ។

សូមចាំជាក់​ក្នុង​ចិត្ត​ថា មាតាបិតា ជាអ្នក​មានព្រហ្មវិហារធម៌ ៤ និង សង្គហធម៌ ៥ ចំពោះ​បុត្រធីតាគ្រប់រូប ព្រោះថាលោក​ទាំងទ្វេ​បាន​ចិញ្ចឹមបីបាច់​ថែរក្សា ជាអ្នក​មានឧបការគុណ​ដ៏ធំធេង ពុំ​អាច​គណនា​បានឡើយ គឺមានអនន្តគុណ គុណធ្ងន់​ដ៏ក្រៃលែង អនេកប្បគុណ គុណ​ច្រើនរាប់​មិនអស់ អសមគុណ គុណប្រៀបស្មើពុំបាន អប្បមាណគុណ គុណប្រមាណ​មិនបាន។

សម្រួលពីសៀវភៅ អមិសទាន និងធម្មទាន


អត្ថបទទាក់ទង់

វិន័យទាំង ១២ ដែលគ្រប់គ្នាត្រូវតែដឹងក្នុងការរស់នៅក្នុងសង្គមសព្វថ្ងៃ

 

Leave a Reply

Your email address will not be published. Required fields are marked *