ចៅកណ្ដូប រឿងខ្លីនិយាយអំពីសមត្ថភាព និងភាពភ័យខ្លាច

មាននេនមួយអង្គនាមថា “ចៅកណ្ដូប”។ ថ្ងៃមួយលោកគ្រូនាំចៅកណ្តូប ចូលក្នុង​បន្ទប់​មួយដែ​លតែង​តែចាក់​សោរ​ជាប់​។ ក្នុង​បន្ទប់​នោះមាន​អាង​ទឹក​មួយ​ទំហំ​ប្រហែល​ ៦​ម៉ែត្រ​ និង​ក្តារ​ឈើជា​ស្ពាន​ឆ្លង​ពីម្ខាងទៅម្ខាង។ លោក​គ្រូ​បាន​ហាម​ចៅ​កណ្តូប​កុំឱ្យ​នៅជិត​មាត់​អាង​ ព្រោះជា​អាង​អាស៊ីត​ រួច​ក៏​បាន​ប្រាប់​ទៅចៅ​កណ្តូបថា៖

៧ថ្ងៃទៀត ​នេនត្រូវ​សាកល្បង​ដើរកាត់អាងអាស៊ីតនេះ ដោយព្យាយាមដើរឱ្យ​ត្រង់​លើ​ក្តារឈើ តែ​ត្រូវប្រយ័ត្ន! នេន​មើលមើល៍? តើឃើញឆ្អឹងនៅបាតអាងទេ? ឆ្អឹងទាំងនេះជាឆ្អឹងរបស់លោកនេនមុនៗ។

លោកគ្រូក៏នាំចៅកណ្តូបចេញពីបន្ទប់ដ៏គួរឱ្យខ្លាចនោះមកខាងក្រៅវិញ។ រួចក៏​រៀប​ចំបន្ទះ​ឈើ​មួយ​មាន​ទំហំ​ដូច​បន្ទះ​ឈើ​ដែល​នៅ​លើអាងអាស៊ីតអ៊ីចឹង តែដាក់បន្តុបលើដុំឥដ្ឋ២ដុំ ដើម្បី​ឱ្យចៅ​កណ្ដូបហ្វឹកហាត់​ដើរលើ​ក្តារបន្ទះឈើនោះ។ ការដើរ​លើ​បន្ទះ​ក្តារ​នោះ​មានភាពងាយ​ស្រួល។ ពោល​ត្រឹមតែពីរបីថ្ងៃ​ប៉ុណ្ណោះ​ ចៅកណ្តូបអាច​ដើរបាន​ឥត​ខ្ចោះ ថែម​ទាំង​អាច​​បិទ​​ភ្នែក​ដើរ​​បាន​យ៉ាង​ងាយ​ថែម​ទៀត។

ថ្ងៃប្រឡងមកដល់ លោកគ្រូបាននាំចៅកណ្តូបចូលទៅក្នុងបន្ទប់នៃអាងអាស៊ីតនោះ។ ចៅកណ្តូប ឡើង​ទៅ​ចុង​ម្ខាង​នៃក្តារ ​ហើយ​សម្លឹង​លោកគ្រូ។ ឆ្អឹងដែលនៅបាតអាងនោះចាំងព្រាកៗ។

ដើរទៅ…! លោកគ្រូបញ្ជា។

ដ្បិតថាបន្ទះក្តារលើអាងអាស៊ីត មានទំហំប៉ុនបន្ទះក្ដារហ្វឹកហាត់ក្ដី តែចៅកណ្ដូប បែរ​ជា​គិត​ថា​បន្ទះ​ក្ដារ​លើ​អាង​អាស៊ីត​តូ​ច​ជាងទៅវិញ។ ចៅកណ្តូបចាប់ផ្តើមដើរ តែជំហានមិនត្រង់ផ្លូវទេ ក៏ចាប់ផ្តើមផ្អៀង។ ដើរ​មិន​ទាន់​ទាំង​បាន​ពាក់​កណ្តាល​ផ្លូវផង ក៏ទ្រេតទ្រោតជាងមុន មើលទៅប្រហែលជាអាចធ្លាក់ចូលក្នុងអាងអាស៊ីត…!

​ចៅកណ្តូបដ៏គួរឱ្យអាណិតនោះអាចរក្សាជីវិតបានដែរឬទេ?

ចៅកណ្ដូប ចាប់ផ្តើមគ្មានជំនឿជឿជាក់លើខ្លួន ឈានជើងយ៉ាងទ្រេតទ្រោត បន្ទាប់មកក៏ធ្លាក់ចូលក្នុងអាងនោះ…

ទេ…!

លោកគ្រូផ្ទុះសំណើច ពេលឮសំឡេងចៅកណ្តូបធ្លាក់ក្នុងអាងអាស៊ីតនោះ។ ធាតុពិត​ទឹក​នោះ​ពុំមែន​ជា​អាស៊ីតទេ វាគ្រាន់តែជាទឹកធម្មតាសោះ។ ឆ្អឹងនៅក្នុងអាងនោះគឺជារបស់សិប្បនិម្មិត។ លោកគ្រូបានបោកប្រាស់ចៅកណ្តូប ហើយក៏បានបោកអ្នកកំពុងអានដែរ។

លោកគ្រូសួរទៅចៅកណ្តូបតូចយ៉ាងម៉ឺងម៉ាត់៖

អ្វីទៅដែលធ្វើឱ្យនេនធ្លាក់ទឹក?

​នោះគឺភាពភ័យខ្លាច ពុំមែនសមត្ថភាពនោះទេ… ព្រោះពេលហ្វឹកហាត់ ចៅកណ្ដូប អាចដើរលើបន្ទះក្ដារនោះដោយល្អ ស្ទាត់ជំនាញ និងថែមទាំងអាចដើរដោយបិទភ្នែកបាន។

​ភាពភ័យខ្លាច បានលេបត្របាក់​សក្ដានុពលដ៏មហស្ចារ្យ​ដែលអ្នកមាន…

ចូរ​កុំ​បណ្ដោយ​ឱ្យសេចក្ដីភ័យខ្លាចឃុំគ្រងចិត្តវិញ្ញាណយើងឱ្យសោះ… ផ្ទុយទៅវិញ សូម​ផ្ដល់​សេរី​ភាព​ចំពោះ​សេចក្ដី​ក្លាហាន ​ដោយ​កុំរស់​ស្ថិតក្នុងគុកនៃសេចក្ដីភាពខ្លាច។

ចូរចាំថា ​​លោកនេះពោរពេញដោយរូបភាពបោកបញ្ឆោតដ៏ចាក់ស្រែះ និងសម្បូរបែបបំផុត…

 

តើអ្នកនឹងធ្វើដូចម្ដេចដើម្បីលក់ក្រាសសិតសក់ឱ្យព្រះសង្ឃ?

 

Leave a Reply

Your email address will not be published. Required fields are marked *