១១ ឃ្លា ពីលោក Bertrand Russell អ្នកប្រាជ្ញអង់គ្លេស
លោក Bertrand Russell ជាទស្សនវិទូ អ្នកគណិតសាស្ត្រ អ្នកសង្គមសាស្ត្រអង់គ្លេស តក្កវិទូ ប្រវត្តិវិទូ កវីនិពន្ធ សកម្មជននយោបាយ និងជាម្ចាស់ពានរង្វាន់ណូបែលផ្នែកអក្សរសាស្ត្រប្រចាំឆ្នាំ១៩៥០ ដែលមានភាពល្បីល្បាញខ្លាំងនៅសតវត្សទី២០ សម្រង់សម្ដី និងទស្សនៈរបស់លោកត្រូវបានចុះផ្សាយដោយ មជ្ឈមណ្ឌលផ្សព្វផ្សាយរបស់អង់គ្លេស (BBC)។
ខាងក្រោមនេះជាសម្រង់សម្ដីមួយចំនួនរបស់លោក Russell ៖
១. ភាពភ័យខ្លាច គឺជាប្រភពដ៏ចម្បងនៃការជឿលើអប្បិយជំនឿ និងមួយនៅក្នុងចំណោមប្រភពដ៏ចម្បងនៃភាពសាហាវឃោរឃៅ។ ការដែលអាចយកឈ្នះលើភាពភ័យខ្លាច គឺជាចំណុចចាប់ផ្ដើមនៃបញ្ញា។
២. មនុស្សដែលមិនធ្លាប់បានដឹងអំពីភាពស្និទ្ធស្នាលដែលស៊ីជម្រៅ និងមិត្តភាពដ៏ខ្លាំងក្លានៃសេចក្ដីស្រឡាញ់ដ៏រីករាយដែលមានចំពោះគ្នាទៅវិញទៅមកនោះទេ គឺបានរំលងរឿងដ៏អស្ចារ្យបំផុតដែលជីវិតបានផ្ដល់ឲ្យហើយ។
៣. ពួកយើងកំពុងតែប្រឈមមុខជាមួយការពិតយ៉ាងចម្លែកមួយថា ការអប់រំបានក្លាយជាមួយនៅក្នុងចំណោមឧបសគ្គដ៏ធំដែលបានរារាំងភាពវៃឆ្លាត និងសេរីភាពនៃការគិត។
៤. ប្រសិនបើមនុស្សម្នាក់ត្រូវបានផ្ដល់ឲ្យនូវការពិតមួយដែលប្រឆាំងទៅនឹងសភាវគតិរបស់គាត់ គាត់នឹងពិនិត្យវាយ៉ាងល្អិតល្អន់ ហើយរហូតទាល់តែភស្តុតាងរឹងមាំគ្រប់គ្រាន់ ពុំនោះទេ គាត់នឹងបដិសេធជឿទៅលើវា។ ផ្ទុយទៅវិញ ប្របើសិនជាគាត់ត្រូវបានផ្ដល់ឲ្យនូវហេតុផលមួយសម្រាប់ឲ្យគាត់ធ្វើស្របតាមសភាវគតិរបស់គាត់ នោះគាត់នឹងទទួលយកវាបើទោះជាមានភស្តុតាងយ៉ាងតិចតួចបំផុតក៏ដោយ។ ដើមកំណើតនៃជំនឿយល់ខុស គឺត្រូវបានបកស្រាយបានដោយរបៀបនេះឯង។
៥. របស់ដែលមានតម្លៃបំផុតនៅក្នុងជីវិត មិនមែនត្រូវបានវាស់វែងនៅក្នុងខ្នាតលុយនោះឡើយ។ របស់ដែលពិតជាមានសារសំខាន់ពិតមែន មិនមែនជាផ្ទះ និងដី ភាគហ៊ុន រថយន្ត និងអចលនទ្រព្យឡើយ ប៉ុន្តែគឺជាមិត្តភាព ការទុកចិត្ត ភាពជឿជាក់ សេចក្ដីមេត្តា ការអភ័យទោស សេចក្ដីស្រឡាញ់ និងជំនឿ។
៦. អត់ធន់នឹងភាពមិនទៀងទាត់ គឺជារឿងពិបាក ប៉ុន្តែគុណធម៌ភាគច្រើនដទៃទៀតក៏ដូច្នេះដែរ។
៧. មនុស្សកើតមកល្ងង់ខ្លៅ មិនមែនល្ងីល្ងើនោះឡើយ ពួកគេត្រូវបានធ្វើឲ្យល្ងីល្ងើដោយការអប់រំ។
៨. លទ្ធិនិយម គឺជាឧបសគ្គដែលធំបំផុតសម្រាប់ឆ្ពោះទៅកាន់សេចក្ដីសុខរបស់មនុស្ស។
៩. គឺជាការរវល់មមាញឹកជាមួយនឹងកម្មសិទ្ធិជាងអ្វីៗផ្សេងទៀតដែលរារាំងមនុស្សមិនឲ្យរស់នៅមានសេរីភាព និងប្រកបដោយកិត្តិយស។
១០. វាគឺជាភាពខ្ជះខ្ជាយនៃថាមពលដែលទៅខឹងជាមួយមនុស្សដែលមានអាកប្បកិរិយាមិនល្អ ដូចទៅនឹងការដែលទៅខឹងជាមួយឡានដែលវាមិនទៅមុខដូច្នោះដែរ។
១១. ការរស់តាមក្ដីស្រលាញ់ និងការដឹកនាំជីវិតដោយប្រើប្រាស់ចំណេះ គឺជាអត្ថន័យជីវិត។
អត្ថបទទាក់ទង