សម្រង់គតិបណ្ឌិតចំនួន ៤៥ ឃ្លា ពីក្នុងសៀវភៅស្រីហិតោបទេស
ស្រីហិតោបទេស ជាសៀវភៅមួយដែលប្រមូលផ្ដុំនូវរឿងនិទានដ៏ល្អៗ ដើម្បីជាគតិអប់រំ និងផ្ដល់ជាពុទ្ធិដោះស្រាយរាល់បញ្ហា ការប្រៀនប្រដៅជាប្រយោជន៍ និងជួយពង្រីកគំនិតឱ្យទូលំទូលាយ ហើយក៏ជាគន្លឹះមួយអាចនាំអ្នកសិក្សាឆ្ពោះទៅសម្រេចគោលដៅផងដែរ។ សៀវភៅនេះបកសំរាយមកជាភាសាខ្មែរដោយ ភិក្ខុ ប៉ាង ខាត់ វីរិយបណ្ឌិតតោ។
ខាងក្រោមនេះជាសម្រង់គតិបណ្ឌិតចំនួន ៤៥ ឃ្លា ដែលយើងអាចពិចារណាក្នុងជីវិត៖
១. នរជនដូចម្តេច កាលក្រឡេកមើលទៅខាងក្រោមឃើញជនទាបជាងខ្លួនមិនជោរអួតអាងថា ខ្លួនធំមហិមា តែកាលក្រឡេកមើលទៅខាងលើឃើញជនជាន់លើខ្ពស់ជាងខ្លួន ទើបដឹងថាខ្លួនជាអ្នកកំសត់ក្រៃលែង។
២. នរជនណាមានទ្រព្យច្រើន ជននោះសូម្បីសម្លាប់ព្រះព្រហ្មមួយ ក៏នៅតែមានគេគោរពបូជា ឯនរជនក្រីក្រសូម្បីមានវង្សត្រកូលខ្ពង់ខ្ពស់យ៉ាងណាក៏នៅតែគេ មើលងាយ។
៣. សំណាងទ្រព្យសម្បត្តិ មិនរត់ទៅរកជនណាដែលឥតសេចក្តីប្រឹងប្រែង ខ្ជិលច្រអូស វង្វេងជឿព្រេងវាសនា និងមិនព្យាយាមទេ ដូចប្រពន្ធក្មេងមិនអើពើប្តីចាស់ជរាដូច្នោះ។
៤. ភាវៈជាបុគ្គលខ្ជិល១ ការសេពគប់ស្ត្រីផ្កាមាស១ ភាវៈជាបុគ្គលមានរោគច្រើន១ ជាប់ចិត្តនឹងស្រុកកំណើតមួយ ចិត្តសន្តោស១ ភាវៈជាបុគ្គលខ្លាចច្រើន១ ទោស៦ប្រការនេះ ជាគ្រឿងទម្លាយបង់នូវភាវៈនៃខ្លួនជាធំ។
៥. នរជនណាមានទ្រព្យសម្បត្តិតិចតួច សំគាល់ថាខ្លួនមានទ្រព្យច្រើន មិនខិតខំរកតទៅទៀត ព្រះព្រហ្មដែលជាអ្នកសាងទ្រព្យសម្បត្តិ មិនព្រមចម្រើនទ្រព្យសម្បត្តិឲ្យនរជននោះទេ។
៦. កូនមិនឧស្សាហ៍ មិនជាទីគាប់ចិត្ត មិនមានវីរិយៈ ជាទីឡកឡឺយនៃសត្រូវ សូមកុំឲ្យស្រ្តីណាបង្កើតកូនបែបនេះឲ្យសោះ។
៧. បុគ្គលគប្បីស្វែងរកទ្រព្យដែលមិនទាន់បាន គប្បីរក្សាទ្រព្យដែលរកបានហើយ កុំឲ្យបាត់បង់អស់ទៅវិញ គប្បីកពូនទ្រព្យសម្បត្តិដែលដែលរក្សាទុកនោះ ឲ្យចម្រើនឡើងដោយប្រពៃ។
៨. ទ្រព្យដែលមិនឲ្យទាន ឬមិនបរិភោគខ្លួនឯង មានប្រយោជន៍អ្វី? រេហ៍ពលដែលគេមិនយកទៅចេញច្បាំងតស៊ូសត្រូវ មានប្រយោជន៍អ្វី? ការចេះចង់គម្ពីធម៌អាថ៌ បើគេមិនប្រតិបត្តិតាម តើមានប្រយោជន៍អ្វី? ខ្លួនយើងបើមិនទូន្មានឥន្ទ្រិយឲ្យបានបទទេ តើមានប្រយោជន៍អ្វី?
៩. ទឹកស្រក់មួយដំណក់ៗ ជាលំដាប់អាចពេញក្អមបាន នេះជាគ្រឿងឧបមានៃការរៀនសព្វវិជ្ជា ការប្រតិបត្តិធម៌ និងការសន្សំទ្រព្យសម្បត្តិ។
១០. ភារៈដូចម្តេចដែលហៅថាធ្ងន់ណាស់សម្រាប់អ្នកមានសមត្ថភាព? ទីណាដែលហៅថាឆ្ងាយណាស់សម្រាប់អ្នកមានព្យាយាមច្រើន? ប្រទេសណាដែលហៅថាបរទេសសម្រាប់អ្នកមានចំណេះវិជ្ជា?
១១. សេចក្តីសង្ស័យ ស្ទាក់ស្ទើរចិត្តជាការអន្តរាយដល់សារពើការងារ បុគ្គលគប្បីលះបង់ចោលឲ្យអស់ស្រឡះទៅ ព្រោះថាបើលះបង់សេចក្តីសង្ស័យស្ទាក់ស្ទើរចិត្តហើយ ការសម្រេចផលប្រយោជន៍ នឹងកើតប្រាកដទៅតាមរបៀប។
១២. សត្វលោកសូម្បីត្រូវសរមួយរយផ្លែបើមិនទាន់ដល់កាលក៏មិន ស្លាប់ បើដល់កាលមរណៈហើយសព្វបើមុតបើស្បូវបន្តិចក៏មិនរស់ដែរ។
១៣. ចៅហ្វាយនាយ តែងក្រឡេកសម្លឹងមើលការខុសឆ្គងមិនបរិសុទ្ធជាប្រក្រតីនៃខ្ញុំ បំរើ ដោយភ្នែកណា អ្នកបំរើតែងរំពៃមើលភ្នែកនោះនៃម្ចាស់ដោយច្រើន។
១៤. បើនៅទ្រឹងមិននិយាយគេថាល្ងង់ បើនិយាយគេថាច្រើនពេក ឬថាឆ្កួត បើចេះអត់ធ្មត់គេថាខ្លាច បើជេរមិនឈឺគេថាត្រកូលថោកទាប បើនៅជិតគេថាហ៊ានពេក បើនៅឆ្ងាយដោយវិន័យ គេថាញញើតញញើមពេក សូម្បីព្រះឥសូរ ក៏ផ្គាប់ចិត្តម្ចាស់ឲ្យពេញបរិបូណ៌មិនបានដែរ។
១៥. ធម្មជាតិឆ្កែ បានឆ្អឹង សូម្បីអស់សាច់រលីងហើយនៅសល់តែសរសៃរខ្លាញ់វាវបន្តិចបន្តួច ក៏ត្រេកអរកខិបកខុប មែនពិតឆ្អឹងនោះមិនអាចបន្សាត់បង់សេចក្តីស្រេកឃ្លានឡើយ រីឯសីហៈសូម្បីបានចចកមួយនៅក្នុងក្រញ៉ាំក្រចកខ្លួនហើយ ក៏នៅតែបោះបង់ចោលហើយស្ទុះទៅចាប់សម្លាប់ដំរីសារមួយទៀត ជនទាំងពួងទោះតោកយាកលំបាកយ៉ាងណាក្តី តែងមានសេចក្តីប្រាថ្នាចង់បានផលទៅតាមទំនងភាពខ្លួនជាសត្វលោក។
១៦. មានប្រយោជន៍អ្វីដោយជនភក្តីតែមិនមានសមត្ថភាព មានប្រយោជន៍អ្វីដោយជនអង់អាចតែមិនធ្វើឲ្យកើតប្រយោជន៍។
១៧. ពាក្យដែលត្រឹមត្រូវ គួរដល់ការងារ សូម្បីជាសំដីកូនក្មេង អ្នកមានប្រាជ្ញាក៏គួរកាន់យក បើមិនមានពន្លឺព្រះអាទិត្យទេ ពន្លឺប្រទីប នឹងមិនមានគុណប្រយោជន៍ឬអ្វី?
១៨. ការប្រារព្ធធ្វើការងារដែលមិនគួរធ្វើ១ ការទាស់ទែងខ្វែងគំនិតបងប្អូនឯង១ ការប្រណាំងប្រជែងតស៊ូនឹងអ្នកមានកម្លាំងជាង១ ការទុកចិត្តក្នុងស្រ្តីទាំងឡាយ១ ទាំងបួនប្រការនេះឈ្មោះថាបើកទ្វារឲ្យដល់ម្រឹត្យុទាំងអស់។
១៩. នៅលើដើមចន្ទន៍មានពស់ នៅក្នុងត្រពាំងដែលដេរដាសដោយផ្កាឈូកមានក្រពើ នៅក្នុងភោគទ្រព្យមានជនពាលជាអ្នករុកគួនឈ្នានីស ក្នុងលោកនេះសេចក្តីសុខប្រាសចាកការថ្នាំងថ្នាក់ចិត្តមិនដែលមានសោះ ឡើយ។
២០. ក្នុងកាលខ្លះ សេចក្តីអត់ធន់ជាគ្រឿងលំអនៃបុរស ដូចសេចក្តីខ្មះអៀនជាគ្រឿងលំអនៃស្រ្តីទាំងឡាយ តែសេចក្តីក្លាហានជាគ្រឿងលំអនៃបុរសក្នុងពេលដែលគេមើលងាយ ដូចការមិនអៀនខ្មាសជាគ្រឿងលំអនៃស្ត្រីក្នុងការសេពសន្ថវៈដូច្នោះដែរ។
២១. នរជនណាមើលឃើញការមានកម្លាំង និងការអត់កម្លាំងនៃខ្លួន និងសត្រូវហើយ មិនស្គាល់ប្រភេទផ្សេងគ្នាទៀត នរជននោះត្រូវសត្រូវមើលងាយ។
២២. បុគ្គលមិនគប្បីធ្វើការសេពគប់ពឹងពាក់ ចំពោះជនដែលតូចតាចថោកទាបឡើយ គប្បីធ្វើចំពោះតែឥស្សរជនដែលមានអំណាច ព្រោះថាទឹកដោះ បើនៅក្នុងកណ្តាប់ដៃអ្នកស្រវឹង ក៏បានឡើងឈ្មោះទៅជាគ្រឿងស្រវឹងដែរ។
២៣. ទូតសូម្បីនៅកណ្តាលសស្ត្រាវុធដែលគេលើកច្រូងច្រាង ក៏មិននិយាយអ្វីដទៃក្រៅពីការខ្លួន អាស្រ័យដោយខ្លួនជាទូត គេមិនសម្លាប់ ហេតុនេះទើបទូតចរចារត្រង់ទៅត្រង់មកតាមសេចក្តីពិត។
២៤. ព្រះរាជា១ មនុស្សឆ្កួត១ កូនក្មេង១ អ្នកបរិភោគកាម១ ចង់បានរបស់ដែលខ្លួនមិនទាន់បាន ចាំបាច់និយាយអ្វីដល់របស់ដែលខ្លួនបានហើយ។
២៥. មនុស្សទុជ៌នប្រព្រឹត្តអំពើអាក្រក់ ផលអាក្រក់តែងធ្លាក់ទៅលើមនុស្សល្អវិញ ដូចរាពណ៍លួចនាងសេតា (ផលអាក្រក់់របស់រាពណ៍ធ្លាក់មកលើសមុទ្រ) គឺសមុទ្រត្រូវព្រះរាមចងថ្នល់។
២៦. ពាក្យដែលទុជ៌នពោល សូម្បីនិយាយញញឹមស្រស់ពីរោះផ្អែមដូចផ្ការីកពុំជួកាល ក៏អាចនឹងញ៉ាំងភ័យឲ្យកើតឡើងបាន។
២៧. គួរគប្បីឲ្យមួយរយ តែមិនគួរធ្វើឲ្យកើតវិវាទមួយទេ នេះជាមតិអ្នកប្រាជ្ញ សូម្បីមិនមានមូលហេតុអ្វីជាមាំមួន ហើយក៏ធ្វើវិវាទដែរ នេះជាលក្ខណៈមនុស្សល្ងង់ទេ។
២៨. បុគ្គលមិនគប្បីអាចគាស់លើកដុំថ្មតាន់ ដោយកម្លាំងមនុស្សបានស្មើដោយការប្រើកំណាត់ឈើទេយ៉ាងណា ដោយប្រើឧបាយតែបន្តិច គេបានសម្រេចប្រយោជន៍ធំយ៉ាងនោះ។
២៩. ភ័យនៅឆ្ងាយមានក្តីខ្លាច ភ័យមកដល់ជិតមានក្តីក្លៀវក្លា នេះជាគុណលក្ខណៈមហាបុរស។
៣០. នរជនដឹងនីតិសាស្ត្រ (នយោបាយ) ត្រូវនៅក្នុងគ្រឿងការពារដូចអណ្តើកក្នុងស្នូក ហើយត្រូវចេះអត់ធន់គ្រឿងប្រហារនៃសត្រូវផង កាលបើកាលមកដល់ហើយ គប្បីលោតឡើងតស៊ូ ដូចពស់មានអសិរពិស។
៣១. បើសត្រូវស្គាល់ចំនុចខ្សោយយើង និងសេចក្តីក្លៀវក្លាយើងហើយ គេនឹងចូលទៅរហូតដល់ចិត្តគំនិតយើងខាងក្នុងទៀតហើយសម្លាប់យើងចោល បង់សៀត ដូចភ្លើងឆេះឈើស្ងួតតែងឆេះរូងរហូតដល់ខ្លឹមខាងក្នុង។
៣២. ជនដទៃតែជាអ្នកធ្វើប្រយោជន៍ឲ្យយើង ទុកជាផៅពង្ស ឯផៅពង្សពិត តែជាអ្នកមិនធ្វើប្រយោជន៍ឲ្យយើង ក៏ទុកជាអ្នកដទៃ រោគកើតក្នុងរាងកាយយើងពិតៗ រកប្រយោជន៍គ្មាន ថ្នាំកើតក្នុងព្រៃធ្វើប្រយោជន៍ឲ្យយើង។
៣៣. លោភ ទ្រនង់យង់ឃ្នង ខ្ជិល មិនពោលពាក្យសត្យ ធ្វេសប្រហែស ខ្លាច មិនម៉ឹងម៉ាត់ ល្លង់ខ្លៅ មើលងាយយោធា ទាំងអស់នេះជាលក្ខណៈសត្រូវដែលបរបក្សយកជ័យជំនះបានដោយងាយ។
៣៤. ក្រពើដ៏កាចសាហាវពន្លឹក បើចេញផុតពីទឹកហើយ ក៏អន់អំណាច សីហៈសូម្បីសាហាវយង់ឃ្នង បើចេញផុតពីព្រៃហើយក៏ដូចគា្ននឹងសត្វចចក។
៣៥. នរជនណាដែលធ្លាក់ខ្លួនក្នុងគ្រោះកាច តែងតែបន្ទោសព្រេងវាសនា មនុស្សល្ងង់មិនព្រមទទួលកំហុសដែលខ្លួនធ្វើទេ។
៣៦. ពាក្យសំដីបុគ្គលគាប្បីរក្សាទុកគ្រប់កាលទាំងពួង ព្រោះសេចក្តីវិនាសមកពីពាក្យសំដី។
៣៧. ជនណាកែខៃក្តីអន្តរាយដែលកើតឡើងភ្លាមៗបាន ជននោះទើបមានឈ្មោះថាអ្នកមានប្រាជ្ញា។
៣៨. នរជនណាស្និទ្ធស្នាលចំពោះសត្រូវ ដោយការរាប់អានក្តី ដោយយល់ឧបការៈក្តី នរជននោះ ទុកដូចជាមនុស្សដេកលក់លើដើមឈើ ហើយភ្លាត់ធ្លាក់មកដល់ដីទើបភ្ញាក់ដឹងខ្លួន។
៣៩. ជនណាមួយត្រេកអរមុន ចំពោះប្រយោជន៍ដែលមិនទាន់មកដល់តាមគំនិតដែលខ្លួនគិតទុក ជននោះនឹងត្រូវប្រសព្វសេចក្តីក្តៅក្រហាយស្តាយក្រោយ។
៤០. ស្រីភាព ដែលអត់ឃ្លានហើយ សូម្បីកូនឯងក៏បោះបង់ចោល ពស់ដែលអត់ឃ្លានហើយសូម្បីពងឯងក៏ស៊ី នរណាហ្ន៎! ដែលត្រូវទុក្ខវេទនាដោយអត់ឃ្លាន នឹងមិនហ៊ានធ្វើបាប? ជនទាំងឡាយដែលអត់ឃ្លានហេវកម្លាំងហើយ នឹងត្រឡប់ទៅជាមនុស្សឥតករុណា។
៤១. មនុស្សស្រវឹងស្រា មនុស្សឆ្កួត មនុស្សកាចកំរោល មនុស្សអស់កម្លាំង មនុស្សក្រោធ មនុស្សអត់ឃ្លាន មនុស្សល្មោភ មនុស្សខ្លាច និងមនុស្សបរិភោគកាម មនុស្សទាំងអស់នេះមិនចេះធម៌ទេ។
៤២. ការឲ្យផែនដី ការឲ្យមាសប្រាក់ ការឲ្យគោ ការឲ្យបាយទឹក លោកមិនទាន់ហៅមហាទានទេ បណ្តាទានទាំងឡាយនេះ អភយទានទើបលោកចាត់ថាជាមហាទាន។
៤៣. អ្នកប្រាជ្ញ បើមានកិច្ចការណាមួយដែលត្រូវធ្វើខានមិនបាន សូម្បីសត្រូវក៏ត្រូវតែទូលលើក្បាលដែរ។
៤៤. សតិគឺការចាំបាន១ ការប៉ិនត្រិះរិះសមហេតុផលក្នុងប្រយោជន៍ដ៏សំខាន់១ ការដឹងប្រាកដ១ ការម៉ឹងម៉ាត់១ ការចេះរក្សាការប្រឹក្សាសម្ងាត់១ ទាំងប្រាំប្រការនេះជាគុណសម្បត្តិនៃមន្រ្តី។
៤៥. ជនគប្បីយកចិត្តមនុស្សល្មោភដោយឲ្យទ្រព្យ មនុស្សមានស្តុកស្តម្ភដោយការគោរពសំពះ មនុស្សល្ងង់ដោយបណ្តោយតាមចិត្ត បណ្ឌិតដោយការពោលពាក្យសច្ចៈ។
ដកស្រង់ពីសៀវភៅ ស្រីហិតោបទេស ប្រែពីបាលីដោយ ភិក្ខុ ប៉ាង ខាត់ វីរិយបណ្ឌិតោ ព.ស ២៥៣៧
អត្ថបទទាក់ទង