របៀបដោះស្រាយនៅពេលមានអារម្មណ៍ធុញ តានតឹង ក្នុងអំឡុងពេលមានការរកឃើញករណីកូវីដ-១៩ (COVID-19)

ជាការឆ្លើយតបទៅនឹងស្ថានភាពនៃការផ្ទុះរាតត្បាតករណីកូវីដ-១៩ អង្គការសុខភាពពិភពលោក (WHO) និងក្រសួងសុខាភិបាលបានណែនាំអំពី វិធីសាស្រ្តជាគន្លឹះមួយចំនួន ដើម្បីជួយប្រជាជនរស់នៅលើសកលលោកឱ្យកាត់បន្ថយអារម្មណ៍ធុញថប់ ដោះស្រាយភាពតានតឹងក្នុងបរិបទនៃការរស់នៅបែបថ្មីដំណាក់កាលផ្ទុះរាតត្បាតជំងឺកូវីដ ១៩នេះ ដែលមានខ្លឹមសារដូចខាងក្រោម៖

១. អំឡុងពេលមានវិបត្តិ ជាធម្មតាអ្នកមានអារម្មណ៍ទុក្ខព្រួយសោកសៅ តានតឹងផ្លូវចិត្ត ច្របូកច្របល់ ភ័យខ្លាច ឬខឹងមួរម៉ៅជាដើម។ សូមនិយាយជជែកជាមួយមនុស្សដែលអ្នកទុកចិត្ត ដូចជា មិត្តភក្តិ និងក្រុមគ្រួសារ។

២. ប្រសិនបើអ្នកត្រូវតែសម្រាកនៅផ្ទះ សូមរក្សារបៀបរស់នៅប្រកបដោយសុខភាពល្អ រួមមាន បរិភោគអាហារឱ្យបានត្រឹមត្រូវ គេងឱ្យបានគ្រប់គ្រាន់ ហាត់ប្រាណឱ្យបានទៀងទាត់ ហើយរក្សាទំនាក់ទំនងក្នុងសង្គមជាមួយមនុស្សជាទីស្រលាញ់នៅផ្ទះរបស់អ្នក ឬតាមរយៈសារអ៊ីម៉ែល ទូរសព្ទ និងបណ្តាញសង្គមនានាជាមួយក្រុមគ្រួសារនិងមិត្តភក្តិដទៃ។

៣. សូមកុំពិសាបារី គ្រឿងស្រវឹង ឬសារធាតុញៀនផ្សេងៗ ដើម្បីដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់អ្នក។

៤. សូមស្វែងរកព័ត៌មានពិត ដែលអាចជួយអ្នកធ្វើការសម្រេចចិត្តទៅលើហានិភ័យដោយភាពត្រឹមត្រូវ ដូចជា គេហទំព័រ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ឬ ហ្វេសប៊ុករបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឬ ហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ឬ គេហទ័ព័ររបស់អង្គការសុខភាពពិភពលោក។

៥. កាត់បន្ថយការព្រួបារម្ភ និងភាពឡេះឡាស់ ដោយកាត់បន្ថយការមើល ឬស្ដាប់ប្រព័ន្ធផ្សព្វផ្សាយនានាដែលអ្នកយល់ថា ធ្វើឱ្យអ្នកកាន់តែពិបាកចិត្ត។

៦. សូមប្រើប្រាស់ជំនាញក្នុងការជួយដោះស្រាយ រឿងរ៉ាវ បញ្ហា ជីវិតមិនល្អកន្លងមក ហើយប្រើជំនាញ ឬរបៀបដោះស្រាយទាំងនោះ មកដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់អ្នកក្នុងអំឡុងពេលនៃការផ្ទុះរាតត្បាតជំងឺកូវីដ១៩នេះ។

យ៉ាងណាមិញ យោងតាមព័ត៍មាននាពេលថ្មីៗនេះ យើងសង្ឃឹមថា ថ្នាំ និងវ៉ាក់សាំងព្យាបាលជំងឺកូវីដ ១៩នេះ នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលដ៏ឆាប់ៗខាងមុខនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *