បណ្តាំខុងជឺ៖ ឧស្សាហ៍ខុសរឿង ៥ប្រការនេះ ទោះប្រឹងប្រែងយ៉ាងណាក៏ឆ្លងមិនផុតពីក្រ និងបរាជ័យ
ទស្សនវិទូចិនដ៏ល្បីល្បាញ ខុងជឺ បានពោលកាលពីជាងពីរពាន់ឆ្នាំមុនថា៖
- មនុស្សឆ្លាតនិងឧស្សាហ៍ គួរតែលើកតម្កើងឲ្យក្លាយជាមេទ័ព
- មនុស្សឆ្លាតនិងខ្ជិល គួរចិញ្ចឹមទុកធ្វើទាហានចាំរៀបគម្រោងការនៅសមរភូមិក្រោយ
- មនុស្សល្ងង់ ហើយខ្ជិលគួរទុកប្រើការតាមប្រើបាន
- តែបើមនុស្សល្ងង់ ហើយឧស្សាហ៍ គឺត្រូវយកទៅកាត់ក្បាលសម្លាប់ចោលភ្លាម ព្រោះអាចនឹងធ្វើឲ្យខូចការ និងបង្កភាពក្ដៅក្រហាយមិនចេះចប់។
លើសពីនេះ ខុងជឺ ក៏បានបន្សល់ទុកនូវបណ្ដាំ ៥ប្រការ ទាក់ទងនឹងឧស្សាហ៍ខុសរឿង ដែលនាំឱ្យយើងនៅតែក្រ (ទ្រព្យសម្បត្តិ និងសេចក្ដីសុខ)៖
ប្រការ១៖ ការប្រឹងប្រែងដោយគ្មានគម្រោង ឬផែនការច្បាស់លាស់
ការប្រឹងប្រែងធ្វើការតែគ្មានផែនការច្បាស់លាស់ ដូចជាគម្រោងវែង និងខ្លី ហាក់ដូចជាទូកដែលរសាត់ទៅមុខគ្មានគោលដៅអញ្ជឹង។ ចុងក្រោយគឺមិនដឹងលទ្ធផលនៅឯណា ទេបានត្រឹមតែហត់អត់អំពើ។
ហេតុនេះគួរចេះរៀបចំបែងចែកលំដាប់ថ្នាក់ ឬភាពសំខាន់នៃការងារ និងរៀបចំផែនការទៅតាមសភាពជាក់ស្ដែង។
ប្រការ២៖ ធ្វើការឥតពេលសម្រាក
មនុស្សជាច្រើនក្នុងយុគសម័យទំនើបនេះ ព្យាយាមប្រណាំងប្រជែងគ្នាការធ្វើការរំលងអាធ្រាត្រ ចូលគេងយឺតដល់យប់ជ្រៅ តែបែរជាប្រញាប់ក្រោក។ ការខិតខំហួសប្រមាណនេះ តាមពិតមិនសូវមានគុណភាពទេ គឺមានតែបរិមាណ។ នោះព្រោះតែ ការបង្ខំខួរក្បាលសម្រាកមិនគ្រប់គ្រាន់ នឹងបំផ្លាញសមត្ថភាពច្នៃប្រឌិតថ្មីៗ ហើយក៏ធ្វើឱ្យប៉ះពាល់ដល់សុខភាពផងដែរ។
ប្រការ៣៖ ការខិតខំប្រឹងប្រែង តែខុសពេលខុសវេលា
ការខំប្រឹងធ្វើការក៏មិនមែនចេះតែធ្វើទៅខុសពេលវេលាដែរ គឺត្រូវយល់ដឹងពីកាលៈទេសៈឱ្យច្បាស់លាស់ ព្រោះពេលខ្លះការងារល្អតែពេលវេលាមិនអំណោយផលក៏លទ្ធផលមិនល្អទៅតាមនោះដែរ។
ប្រការ៤៖ ខំប្រឹងទាំងមិនមានឆន្ទៈ
ការខំប្រឹងប្រែងធ្វើការដោយមិនមានឆន្ទៈ ដោយសារយើងគ្មានចំណង់ ឬគ្មានការចូលចិត្តនឹងការងារក៏មិនអាចទទួលបានលទ្ធផលល្អដែរ។ ហេតុនេះដំបូងបំផុតត្រូវដឹងថាការងារដែលយើងធ្វើជាការងារដែលយើងចង់ និងមានប្រយោជន៍ចំពោះខ្លួន អ្នកដទៃ និងសង្គម។
ប្រការ៥៖ ធ្វើការលែងស្គាល់គ្រួសារ បងប្អូនមិត្តភក្ដិ
ធ្វើការជារឿងចាំបាច់ តែបើឧស្សាហ៍ដល់ថ្នាក់ភ្លេចប្រពន្ធកូន គ្រួសារ សាច់ញាតិ មិត្តភក្ដិហើយនោះ គឺកំពុងតែនាំខ្លួនទៅផ្លូវខុសហើយ ព្រោះជោគជ័យនៃការងារត្រូវផ្សារភ្ជាប់នឹងសេចក្ដីសុខជាមួយមនុស្សដែលយើងស្រឡាញ់។ ពេលយើងឈឺ អ្នកដែលមកថែទាំយើងទេ គឺមានតែគ្រួសារ និងមិត្តភក្ដិនេះហើយ។
អត្ថបទទាក់ទង