បង្កើតភាពជាអ្នកដឹកនាំតាមរយៈការសួរសំណួរមួយនេះ

ភាពជាអ្នកដឹកនាំ ជាប្រធានបទដែលតែងតែមានគេលើកមកនិយាយ តែមិនសូវមានអ្នកធ្វើ។ អ្នកខ្លះ​គិតថា អ្នកដឹកនាំ ត្រូវនិយាយឲ្យបានច្រើន ហើយត្រូវនិយាយឲ្យឈ្នះគេ។ ការគិតបែបនេះ ក៏មិនខុសទាំងស្រុងដែរ ប៉ុន្តែអ្នកដឹកនាំនៅក្នុងស្ថាប័ននីមួយៗ ត្រូវសួរសំណួរមួយនេះសិន មុនពេលនិយាយ។

តើខ្ញុំនិយាយដើម្បីអ្វី?

ការនិយាយដោយមានគោលបំណង ជាសិល្បៈនិយាយរបស់អ្នកដឹកនាំ។ សម្តី អាចជួយឲ្យពួកគាត់រីកចម្រើន ហើយក៏អាចរុញគាត់ទម្លាក់ទឹកដែរ។ បើនិយាយមិនសមរម្យ អាចនឹងធ្វើឲ្យអ្នកស្តាប់គិតថា គាត់មិនសមធ្វើជាអ្នកដឹកនាំ។

អ្នកដឹកនាំបរាជ័យ និយាយច្រើន រហូតមិនបានស្តាប់ការឆ្លើយតបរបស់អ្នកដទៃ។ ជាលទ្ធផល គាត់មើលឃើញតែជ្រុងនៃគំនិតខ្លួនឯង ហើយនាំទៅរកភាពខ្វះខាត ពេលយកទៅអនុវត្តផ្ទាល់។

បើសិនជាមុនពេលនិយាយ អ្នកបានសួរខ្លួនថា និយាយដើម្បីអ្វី អ្នកនឹងអាចកាត់បន្ថយកំហុសទាំងនេះបាន។ ពេលខ្លះ អ្នកមិនចាំបាច់និយាយអ្វីផង ក៏អាចធ្វើឲ្យគេយល់បានដែរ។​

លោក អោម សេងបូរ៉ា ស្ថាបនិកក្រុមហ៊ុន CEO Master Club បានសួរទៅសមាជិក Club របស់គាត់ថា “តើអ្នកណាខ្លះដែលគិតថា ខ្លួនឯងពូកែនិយាយហើយឥលូវនេះ”? គាត់សូមឲ្យគេលើកដៃ មុននឹងចាប់ផ្តើមពន្យល់ពីរបៀបនិយាយក្នុងនាមជាអ្នកដឹកនាំ។ ក្នុងការបង្រៀនរបស់គាត់ មិនបានលើកឡើងពីការសួរខ្លួនឯងថា និយាយដើម្បីអ្វីនោះទេ។​ ខ្ញុំសង្ឃឹមថា គាត់នឹងបន្ថែមចំណុចនេះនៅពេលណាមួយ។

ម្ចាស់អាជីវកម្ម ដែលគិតតែពីនិយាយ ដោយមិនមូលហេតុ ឬយល់ថាការនិយាយច្រើន ធ្វើឲ្យគេគោរព នឹងទទួលផលមកវិញនៅពេលអនាគត។

បើសិនជាអ្នកនិយាយដើម្បីតែឲ្យគេសរសើរថាខ្លួនឆ្លាតជាងគេ មិនបាច់និយាយទេ។ ការនិយាយបែបនេះ ជាការអួតខ្លួនប៉ុណ្ណោះ។ បើសិនជាអ្នកនិយាយដើម្បីមើលងាយគេ ឬជាន់ពន្លិចលើកំហុសរបស់អ្នកណាម្នាក់ ក៏មិនបាច់និយាយដែរ។

ក្នុងនាមជាអ្នកដឹកនាំ ត្រូវនិយាយឲ្យចេញជាប្រយោជន៍ដល់អ្នកស្តាប់ និង​ត្រូវតាមកាលៈទេសៈ។ បើអ្នកស្តាប់ កំពុងពិបាកចិត្ត អ្នកមិនគួរនិយាយរឿងដែលធ្វើឲ្យគេពិបាកចិត្តថែមទៀតនោះទេ។ បើអ្នកស្តាប់ កំពុងតែវង្វេង អ្នកមិនគួរបន្ទោសគេនោះទេ។ អ្នកដឹកនាំ និយាយដើម្បីជួយបង្ហាញផ្លូវ ឬជួយសម្រួលអារម្មណ៍កុំឲ្យច្របូកច្របល់។​

សំដីរបស់អ្នកដឹកនាំ មានតម្លៃណាស់ ហេតុនេះគួរតែមានការត្រៀមទុក មុននឹងចាប់ផ្តើមនិយាយ។ ការសួរខ្លួនឯង ជាការដាស់តឿន​កុំឲ្យនិយាយខុស ហើយចាំសូមទោសគេតាមក្រោយ។ ពាក្យសម្តីខ្លះ អាចនឹងបំផ្លាញទំនាក់ទំនងអស់មួយជីវិតទៀតផង។

Leave a Reply

Your email address will not be published. Required fields are marked *